លក្ខខណ្ឌបួនយ៉ាង

ដេរេក ព្រីនស៍
Published: 1979
Last Updated: September 2026
Read Time: 9
ការស្ដាប់ឮសំឡេងរបស់ព្រះជាម្ចាស់ ទាមទារឱ្យមានចិត្តដែលងាយទទួលដឹង មិនមែនជាការរំខានដោយភាពប្រញាប់ប្រញាល់ ឬការប្រកាន់ខ្ជាប់នូវទស្សនៈផ្ទាល់ខ្លួនឡើយ។ ផតខាសនេះបង្ហាញពីលក្ខខណ្ឌបួនយ៉ាងសម្រាប់ការស្ដាប់ព្រះអង្គ៖ ការយកចិត្តទុកដាក់ សេចក្ដីបន្ទាបខ្លួន ពេលវេលា និងភាពស្ងប់ស្ងាត់ ដោយបង្ហាញពីមូលហេតុដែលភាពស្ងប់ស្ងាត់ក្នុងការថ្វាយបង្គំ រៀបចំចិត្តឱ្យត្រៀមខ្លួនជាស្រេចដើម្បីស្ដាប់ឮ។
Transcript
ខ្ញុំសូមចាប់ផ្ដើមមេរៀនរបស់ខ្ញុំនៅថ្ងៃនេះ ដោយបរិយាយសង្ខេបអំពីជីវិតរបស់ខ្ញុំផ្ទាល់។ នៅក្នុងជីវិត របស់ខ្ញុំ ខ្ញុំរកឃើញថា ការស្ដាប់ព្រះសូរសៀងរបស់ព្រះយ៉ាងត្រឹមត្រូវ ជាកត្តាគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាន ជោគជ័យពិតប្រាកដខាងវិញ្ញាណ។ នៅពេលនេះ ខ្ញុំគិតថា គ្មានអ្វីសំខាន់សម្រាប់ខ្ញុំក្នុងការដើរជាមួយព្រះ ជាជាងការរៀនស្ដាប់ព្រះសូរសៀងរបស់ព្រះ និងការស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គបានត្រឹមត្រូវនោះឡើយ។
ម្សិលមិញ ខ្ញុំបានពន្យល់ថា យើងស្ដាប់ព្រះសូរសៀងរបស់ព្រះ មិនមែនដោយត្រចៀកខាងសាច់ឈាម របស់យើងទេ ប៉ុន្តែដោយចិត្តរបស់យើងវិញ។ ម្សិលមិញ យើងបានទទួលការជំរុញចិត្តដោយការអធិស្ឋានរបស់ ស្ដេចសាឡូម៉ូនថា «សូមប្រទានឲ្យទូលបង្គំមានចិត្តដែលប្រុងស្ដាប់» ហើយយើងបានអានឃើញថា ព្រះអម្ចាស់ ទ្រង់សព្វព្រះហឫទ័យនឹងសំណូមនោះ។ ម្សិលមិញ ខ្ញុំបានសួរលោកអ្នករួចហើយ ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមសួរលោក អ្នកម្ដងទៀត «តើលោកអ្នកធ្លាប់បានទូលសូមព្រះឲ្យមានចិត្តដែលប្រុងស្ដាប់ឬទេ»។
ផ្ទុយទៅវិញ យើងបានឃើញថា នៅពេលដែលប្រជារាស្រ្តរបស់ព្រះមិនបានស្ដាប់ព្រះសូរសៀងរបស់ ព្រះអង្គ មានពាក្យពីរដែលត្រូវបានប្រើដើម្បីពណ៌នាអំពីស្ថានភាពនៅក្នុងចិត្តរបស់ពួកគេ គឺ រឹងរូស និងស្ពឹក។ នេះមានន័យថា ដើម្បីស្ដាប់ឮព្រះសូរសៀងរបស់ព្រះ យើងត្រូវបណ្ដុះភាពរវាសនៅក្នុងចិត្តរបស់យើង ដូចដែល មនុស្សខ្វាក់អានអក្សរបណ្ដុះភាពរវាសនៅក្នុងម្រាមដៃរបស់គេ។ មនុស្សខ្វាក់ អាចទទួលបានលទ្ធផលចេញពី អក្សរពិសេសនោះដោយសារម្រាមដៃរបស់ខ្លួន ដែលមនុស្សសាមញ្ញមិនអាចទទួលបាន។ ហេតុផលគឺ មនុស្ស ខ្វាក់បានបណ្ដុះភាពរវាសបែបពិសេសម្យ៉ាង ហើយខ្ញុំជឿថា យើងត្រូវបណ្ដុះភាពរវាសបែបស្រដៀងគ្នានោះដែរ នៅក្នុងចិត្តរបស់យើង ប្រសិនបើយើងពិតជាចង់ស្ដាប់ព្រះសូរសៀងរបស់ព្រះឲ្យបានត្រឹមត្រូវពិតប្រាកដ។
ការមួយអំពីព្រះ គឺព្រះអង្គមិនស្រែកនោះទេ។ ពេលលោកអ្នកអានព្រះគម្ពីរ លោកអ្នកកម្រនឹងឃើញ ថាព្រះទ្រង់ស្រែកណាស់។ មនុស្សខ្លះមើលឃើញអំពីព្រះ ថាទ្រង់ដូចជាមនុស្សមានឌធំ ហើយស្រែកយ៉ាងឮ ប៉ុន្តែនោះមិនមែនជាព្រះទាល់តែសោះ។ ប្រាកដមែន យើងនឹងមើលទៅគំរូខ្លះនៅក្នុងមេរៀនរបស់យើង ដែល ព្រះទ្រង់មានបន្ទូលជាព្រះសូរសៀងតិចៗ ដូចនិយាយខ្សឹប។
ថ្ងៃនេះ ខ្ញុំនឹងនិយាយអំពីលក្ខខណ្ឌជាក់លាក់បួន ដើម្បីសម្រេចបានភាពរវាសបែបនេះនៅក្នុងចិត្ត។ លក្ខខណ្ឌពីរដំបូង អមជាមួយគ្នាយ៉ាងប្រកិត ហើយខ្ញុំពណ៌នាលក្ខខណ្ឌទាំងពីរនោះថាជា «ការប្រុងស្ដាប់» និង «ការបន្ទាបខ្លួន»។ ខ្ញុំនិយាយពាក្យទាំងពីរនេះម្ដងទៀត ការប្រុងស្ដាប់ និង ការបន្ទាបខ្លួន ។ លក្ខខណ្ឌទាំងពីរ នេះ ត្រូវបានប្រាប់ជាច្រើនដងនៅក្នុងគម្ពីរសុភាសិត ហើយយើងត្រូវចាំថា គម្ពីរសុភាសិតត្រូវបានសរសេរឡើង ដោយមនុស្សម្នាក់ដែលបានទូលសូមព្រះឲ្យមានចិត្តដែលប្រុងស្ដាប់ គឺព្រះបាទសាឡូម៉ូន។
ខ្ញុំសូមលើកយកបទគម្ពីរបី ចេញពីគម្ពីរសុភាសិត ដែលលក្ខខណ្ឌទាំងពីរដំបូង ត្រូវបានចងភ្ជាប់គ្នា។ សុភាសិត ៤:២០:
«កូនអើយ ចូរប្រុងស្ដាប់អស់ទាំងពាក្យរបស់យើង ហើយផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលយើងពោល ទាំងអមាបាលមា៉ាន» ។
លក្ខខណ្ឌទាំងពីរៈ ប្រុងស្ដាប់ ផ្ទៀងត្រចៀក ។ ផ្ទៀងត្រចៀកមានន័យថាឱនក្បាលចុះ។ ឱនក្បាលចុះ គឺជាសញ្ញាអំពីការបន្ទាបខ្លួនដោយគោរព។ លោកអ្នកមិនមែនកំពុងប្រកែកជាមួយព្រះទេ។ លោកអ្នកមិនមែន កំពុងបង្គាប់ព្រះទេ។ លោកអ្នកកំពុងរង់ចាំស្ដាប់ព្រះ។ ផ្ទៀងត្រចៀក គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការស្ដាប់ ព្រះ។
សុភាសិត ៥:១
«កូនអើយ ចូរផ្ចង់ចិត្តចំពោះប្រាជ្ញារបស់យើង ហើយផ្ទៀងត្រចៀកចំពោះយោបល់របស់យើងដែរ» ។
ម្ដងទៀតហើយ លក្ខខណ្ឌទាំងពីរដដែល គឺដូចគ្នានឹងការប្រុងស្ដាប់ ហើយផ្ទៀងត្រចៀក។
ហើយម្ដងទៀត នៅក្នុងសុភាសិត ២២:១៧:
«ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យសម្ដីនៃមនុស្សដែលមានប្រាជ្ញា ហើយផ្ចង់ចិត្តចំពោះដំរិះរបស់អញចុះ» (KOV)។
ផ្នែកទីមួយរបស់ខគម្ពីរនេះ ប្រាប់ថា «ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យសម្ដីនៃមនុស្សដែលមានប្រាជ្ញា» គឺ ថា ប្រសិនបើយើងមិនផ្ទៀងត្រចៀករបស់យើងទេ យើងនឹងស្ដាប់មិនឮឡើយ។ ប្រសិនបើយើងមិនមាន ឥរិយាបថត្រឹមត្រូវ គឺ ឥរិយាបថបន្ទាបខ្លួន និងគោរពទេ នោះយើងនឹងមិនឮឡើយ ។ «ចូរផ្ទៀងត្រចៀក ស្ដាប់ពាក្យសម្ដីនៃមនុស្សដែលមានប្រាជ្ញា ហើយផ្ចង់ចិត្តចំពោះដំរិះរបស់អញចុះ»។ លោកអ្នកឃើញទេ នេះជា ចិត្តដែលស្ដាប់ព្រះសូរសៀងរបស់ព្រះ ហើយយើងត្រូវតែផ្ចង់ចិត្តជានិច្ច។ យើងត្រូវប្រុងស្ដាប់។ យើងត្រូវ ផ្ដោតអារម្មណ៍។
ខ្ញុំសូមសង្ខេបលក្ខខណ្ឌទាំងពីរនេះ។ ទីមួយ ដើម្បីស្ដាប់ព្រះសូរសៀងរបស់ព្រះ យើងត្រូវផ្ដោតអារម្មណ៍ ចំពោះព្រះអង្គ ប្រុងស្ដាប់ ផ្ចង់ចិត្ត។ បែបនេះផ្ទុយទាំងស្រុងពីវប្បធម៌សម័យបច្ចុប្បន្ន ដែលមនុស្សភាគច្រើន មានទម្លាប់នឹងស្ដាប់រឿងពីរក្នុងពេលតែមួយ។ ខ្ញុំចាំថា ពេលដែលកូនរបស់ខ្ញុំនៅវ័យជំទង់ រៀននៅវិទ្យាល័យ នៅឡើយ ខ្ញុំចាំថា កូនស្រីរបស់ខ្ញុំម្នាក់អង្គុយនៅតុក្នុងផ្ទះបាយ ធ្វើកិច្ចការសាលាបណ្ដើរ មើលកម្មវិធីទូរទស្សន៍ បណ្ដើរ។ ខ្ញុំឆ្ងល់។ ខ្ញុំធ្លាប់ជាសិស្ស ធ្លាប់ជាគ្រូ ធ្លាប់ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ ប៉ុន្តែខ្ញុំមិនអាចធ្វើបែប នោះបានទេ។ ប្រសិនបើខ្ញុំមើលទូរទស្សន៍ ខ្ញុំមិនអាចផ្ចង់អារម្មណ៍ចំពោះកិច្ចការសាលារបស់ខ្ញុំបានទេ។ ប្រសិន បើខ្ញុំចង់ផ្ចង់អារម្មណ៍ចំពោះកិច្ចការសាលារបស់ខ្ញុំ ខ្ញុំមិនអាចមើលទូរទស្សន៍បានទេ។ ខ្ញុំមិនមែនចង់និយាយថា គាត់មិនសម្រេចបានលទ្ធផលនោះទេ តែខ្ញុំដឹងប្រាកដថា គាត់មិនសម្រេចបានផលជាអតិបរិមាឡើយ។
ប៉ុន្តែ នោះជាវប្បធម៌សម័យបច្ចុប្បន្ននៃសង្គមជាតិរបស់យើង ជាពិសេសវប្បធម៌លោកខាងលិច។ មនុស្សខ្លាចភាពស្ងៀមស្ងាត់។ តើលោកអ្នកដឹងរឿងនោះទេ? ពួកគេតែងតែចង់ឲ្យមានសំឡេងឮជាប់រហូត ដូចជាសំឡេងតន្រ្ដីកំដរ ជាអ្វីមួយដែលបន្លប់អារម្មណ៍ពួកគេ។ ប៉ុន្តែប្រសិនបើលោកអ្នកចង់ស្ដាប់ព្រះសូរសៀង ព្រះ លោកអ្នកមិនអាចឲ្យមានអ្វីមកបន្លប់លោកអ្នកនោះឡើយ។ លោកអ្នកត្រូវផ្ចង់ត្រចៀកទាំងពីរ និងគំនិត របស់លោកអ្នកទៅរកព្រះ។ លោកអ្នកត្រូវបណ្ដុះការប្រុងស្ដាប់។ នោះហើយជាអំណោយទាន ឬជាលក្ខណៈ សម្បត្តិមួយដែលមនុស្សជាច្រើនសព្វថ្ងៃមិនមាន។
ទីពីរ ដូចដែលខ្ញុំបាននិយាយរួចមកហើយ យើងត្រូវផ្ទៀងត្រចៀក។ យើងត្រូវបន្ទាបខ្លួន និងទទួល យកការបង្រៀន។ មនុស្សជាច្រើនអានព្រះគម្ពីរ ឬអធិស្ឋានទៅរកព្រះ ដោយមានគំនិតបា៉ន់ស្មានទុកជាមុនរួច ទៅហើយ។ ពួកគេជឿថា ពួកគេដឹងពីអ្វីដែលព្រះត្រូវមានបន្ទូល។ ពួកគេជឿថា ពួកគេដឹងនូវអ្វីដែលព្រះ នឹងមានបន្ទូល ហើយប្រសិនបើព្រះទ្រង់មានបន្ទូល ឬធ្វើផ្សេង ពួកគេមិនអាចឮបានទេ។ ពួកគេត្រឡប់ជាថ្លង់ ដោយសារតែគំនិតបា៉ន់ស្មានទុកជាមុនរបស់គេ។ មនុស្សភាគច្រើនដែលនៅក្នុងក្រុមខ្លះ អានព្រះគម្ពីរដោយ លម្អៀងទៅតាមគំនិតដែលគេប្រកាន់យក។ ពួកគេគិតថា «ប្រសិនបើការនោះមិនមាននៅក្នុងសេចក្ដីបង្រៀន របស់ក្រុមខ្ញុំទេ ការនោះគ្មាននៅក្នុងព្រះគម្ពីរទ»។ ជឿខ្ញុំចុះ ខ្ញុំគិតថា គ្មានក្រុមណាមួយត្រឹមត្រូវទាំងស្រុងនោះ ទេ។ មានការជាច្រើននៅក្នុងព្រះគម្ពីរ ដែលយើងមិនបានឮច្រើនទេនៅក្នុងក្រុមជំនុំ ហើយបើយើងរំពឹងចង់ឮ ពីព្រះ តាមតែអ្វីដែលយើងបានឮតែក្នុងព្រះវិហារ នោះយើងថ្លង់ខាងវិញ្ញាណហើយ។ យើងនឹងខកខាននូវអ្វី ដែលព្រះកំពុងមានបន្ទូលមកកាន់យើង។ ដូច្នេះ លក្ខខណ្ឌពីរដំបូងសម្រាប់ការស្ដាប់ព្រះគឺ «ការប្រុងស្ដាប់» និង «ការបន្ទាបខ្លួន»។
ឥឡូវនេះ សូមមើលទៅលក្ខខណ្ឌពីរទៀត។ លក្ខខណ្ឌពីរទៀតនោះគឺ ពេលវេលា និងភាពស្ងាត់ស្ងៀម ខ្ញុំសូមនិយាយម្ដងទៀត គឺ ពេលវេលា និងភាពស្ងាត់ស្ងៀម។ ពាក្យទាំងពីរនេះ នៅឆ្ងាយពីវប្បធម៌បច្ចុប្បន្ន របស់យើងណាស់។ ការពីរដែលសឹងតែគ្មាននរណាម្នាក់មាននៅសព្វថ្ងៃនេះ គឺពេលវេលាដើម្បីនៅស្ងៀមស្ងាត់ ប៉ុន្តែការនេះត្រូវបានប្រាប់ជាច្រើនដងនៅក្នុងគម្ពីរទំនុកតម្កើងអំពីការស្ដាប់ព្រះ។ ឧទាហរណ៍ នៅក្នុងទំនុក តម្កើង ៤៦:១០ ប្រាប់ថាៈ
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ...»។
យើងស្ដាប់ព្រះសូរសៀងរបស់ព្រះ ចេញពីភាពស្ងាត់ស្ងៀម។ ការបកប្រែមួយផ្សេងទៀតសម្រាប់ខគម្ពីរ ដដែលនេះ សរសេរថាៈ
«ចូរឈប់ខំប្រឹង ហើយដឹងថា...» (NASB)
សំណៅបកប្រែមួយទៀត គេដាក់សម្គាល់នៅគែមទំព័រថា៖ «ចូរទៅសម្រាក ហើយដឹងថា យើងគឺជា ព្រះ»។ ដាក់សេចក្ដីទាំងនោះចូលគ្នាមកគឺៈ «ចូរស្ងប់ស្ងៀម ហើយដឹង ចូរឈប់ខំប្រឹង ហើយដឹង ចូរទៅ សម្រាក ហើយដឹង»។ តើការនោះប្រាប់លោកអ្នកអំពីអ្វី? សម្រាប់ខ្ញុំ ការនោះប្រាប់អំពីភាពស្ងាត់ស្ងៀម និង ការសម្រាក ហើយការធ្វើបែបនេះ ទាមទារពេលវេលា។ ជាច្រើនដង យើងឮមកពីព្រះ ពេលដែលយើង ចំណាយពេលរង់ចាំព្រះ។ ព្រះជាម្ចាស់ ទ្រង់មិនមានបន្ទូលភ្លាមៗ តាមតែយើងចង់ឮនោះឡើយ។
ទំនុកតម្កើង ៦២:១ និយាយពីការនេះ។ នេះជាពាក្យរបស់ស្ដេចដាវីឌៈ
«ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គដោយស្ងៀមស្ងាត់» ។
នេះជាពាក្យដ៏អស្ចារ្យ «ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គដោយស្ងៀមស្ងាត់»។ លោកអ្នកត្រូវរង់ចាំ។ លោកអ្នកត្រូវស្ងៀមស្ងាត់ ហើយផ្ចង់អារម្មណ៍ទៅរកព្រះតែមួយប៉ុណ្ណោះ។
នៅក្នុងទំនុកតម្កើង ៦២:៥ គឺបួនខទៅមុខ ស្ដេចដាវីឌនិយាយមកកាន់ព្រលឹងរបស់ខ្លួន ហើយប្រាប់ ព្រលឹងរបស់ខ្លួន អំពីរបៀបរង់ចាំ។
«ឱព្រលឹងខ្ញុំអើយ ដ្បិតព្រោះតែមួយព្រះអង្គគត់ ចូររង់ចាំដេយស្ងាត់ស្ងៀមចុះ» ។
តើលោកអ្នកធ្លាប់និយាយបែបនោះមកកាន់ព្រលឹងរបស់លោកអ្នកឬទេ? «ព្រលឹងខ្ញុំអើយ ដ្បិតព្រះតែ មួយព្រះអង្គគត់ ចូររង់ចាំដោយស្ងាត់ស្ងៀមចុះ» ។ ការសង្កត់ធ្ងន់គឺទៅលើការរង់ចាំព្រះ ដោយស្ងាត់ស្ងៀម មានឥរិយាបថប្រុងស្ដាប់ គោរព ស្ងាត់ស្ងៀម សម្រាក ហើយចិត្តគំនិតរបស់យើងផ្ចង់រកព្រះ។
ខ្ញុំចង់និយាយថា គ្មានការប្រុងប្រៀបណាដែលធ្វើឲ្យយើងអាចសម្រេចបានឥរិយាបថនេះ ប្រសើរជាង ការប្រុងប្រៀបដោយការថ្វាយបង្គំនោះឡើយ។ ការនេះត្រូវបានបង្ហាញយ៉ាងល្អនៅក្នុងទំនុកតម្កើងមួយផ្សេង ទៀត គឺទំនុកតម្កើង ៩៥:៦-៨:
«ចូលមក ចូរយើងឱនកាយថ្វាយបង្គំទាំងអស់គ្នា ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ជាព្រះ ដែលបង្កើតយើងមក! ដ្បិតព្រះអង្គជាព្រះនៃយើង ហើយយើងជាប្រជារាស្ត្រនៅក្នុងវលស្មោរបស់ ព្រះអង្គ។ នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងព្រះអង្គ មិនត្រូវតាំងចិត្តរឹងរូសដូចកាលនៅមេរីបា ឬ ដូចកាលថ្ងៃនៅមា៉ាសក្នុងទីរហោស្ថាននេះឡើយ» ។
ជានិច្ចកាល យើងតែងមានការព្រមានបែបនោះចំពោះចិត្តដែលរឹងរូស ប្រសិនបើយើងចង់ស្ដាប់ព្រះសូរ សៀងរបស់ព្រះ។ ដូច្នេះ តើយើងរៀបចំចិត្តយើងយ៉ាងដូចម្ដេច? គ្មានរបៀបរៀបចំណាដែលប្រសើរជាង របៀបដែលបានប្រាប់នៅក្នុងពាក្យទាំងនោះ ដែលខ្ញុំទើបនឹងបានអានជូនលោកអ្នកនេះឡើយ។ ចូរយើងឱន កាយ ចូរយើងថ្វាយបង្គំ ចូរយើងលុតជង្គង់ ចូរយើងមកឯព្រះដោយសេចក្ដីគោរពកោតខ្លាច។ ចូរបើកចិត្ត ថ្វាយព្រះអង្គ។ ចូរយើងថ្វាយបង្គំព្រះអង្គ ទទួលស្គាល់ភាពធំឧត្តម ភាពគួរឲ្យស្ញប់ស្ញែង និងប្រាជ្ញារបស់ព្រះអង្គ បទគម្ពីរប្រាប់ថា៖ «ព្រះយេហូវ៉ាជាព្រះដ៏ធំអស្ចារ្យ»។ យើងត្រូវគោរពកោតខ្លាចព្រះអង្គ គឺការគោរពកោត ខ្លាចទាំងអស់ដែលយើងអាចធ្វើបាន។ យើងត្រូវអរព្រះគុណសម្រាប់ឯកសិទ្ធិដ៏អស្ចារ្យក្នុងការឮពីព្រះ គឺដែល ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះជាអាទិករ និងជាព្រះដែលទ្រទ្រង់ពិភពលោក ទ្រង់មានបន្ទូលមកកាន់យើង ដោយផ្ទាល់។
សព្វថ្ងៃ មានការគោរពតិចតួចដល់អ្នកមានសិទ្ធិអំណាចនៅក្នុងវប្បធម៌បច្ចុប្បន្នរបស់យើង ប៉ុន្តែព្រះនៅ តែតម្រូវឲ្យមានការគោរព។ ប្រសិនបើយើងចូលមកឯព្រះអង្គ យើងត្រូវមកឯព្រះអង្គដោយគោរព ជាការ គោរពដែលបង្ហាញចេញតាមការថ្វាយបង្គំ តាមការបន្ទាបខ្លួននៅចំពោះព្រះអង្គ តាមការលុតជង្គង់នៅចំពោះ ព្រះអង្គប្រសិនបើចាំបាច់ តាមការទទួលស្គាល់ភាពធំឧត្តមរបស់ព្រះអង្គ តាមការបើកចំហចិត្តរបស់យើងថ្វាយ ព្រះអង្គ។ ដូច្នេះ នៅពេលលោកអ្នកចង់ឮពីព្រះ សូមចូលមកឯព្រះអង្គ ដោយការថ្វាយបង្គំ។
កូដ: RP-R058-102-KHM










