រីករាយណាស់ដែលបានមកជួបលោកអ្នកជាថ្មីម្តងទៀត ខណៈដែលយើងខិតជិតដល់ចុងបញ្ចប់នៃសប្តាហ៍មួយទៀត។ ប្រធានបទរបស់យើងពេញមួយសប្តាហ៍នេះគឺ «ការស្តាប់ព្រះសូរសៀងរបស់ព្រះ»។

ការចែកចាយរបស់ខ្ញុំម្សិលមិញ ខ្ញុំបានពន្យល់ពីលទ្ធផលដ៏ជាក់លាក់មួយនៃការស្ដាប់ព្រះសូរសៀងរបស់ព្រះ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ជាលទ្ធផលមួយដែលគ្មានអ្វីអាចផ្ទឹមស្មើ ជាគុណប្រយោជន៍ដ៏អស្ចារ្យ ចំពោះការស្តាប់ព្រះសូរសៀងរបស់ព្រះ ។ លទ្ធផលនោះគឺជំនឿ ។

ថ្ងៃនេះ ខ្ញុំនឹងនិយាយអំពីរបៀបរស់នៅប្លែក ដែលកើតចេញពីការស្ដាប់ព្រះសូរសៀងរបស់ព្រះ ។ មនុស្សដែលរៀនស្ដាប់ព្រះសូរសៀងរបស់ព្រះ រស់នៅក្នុងជីវិតប្លែកពីមនុស្សដទៃទៀត ។ ជីវិតរបស់គេមិនអាច នៅដដែលទេ ។ ខ្ញុំចង់ត្រឡប់ទៅមើលបទគម្ពីរដែលខ្ញុំបានដកស្រង់នៅក្នុងមេរៀនម្សិលមិញ គឺម៉ាថាយ ជំពូក ៤ ខ ៤ ។ ព្រះយេស៊ូតបនឹងសេចក្តីល្បួងរបស់អារក្សសាតាំង ដែលល្បួងឲ្យទ្រង់ធ្វើដុំថ្មក្លាយទៅជានំប៉័ង នៅឯទីរហោស្ថាន ហើយនេះជាសេចក្តីដែលបានកត់ត្រាថា៖

«ប៉ុន្តែព្រះអង្គមានព្រះបន្ទូលតបថា៖ មានសេចក្តីចែងទុកមកដូច្នេះ មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះមកដែរ»។

ព្រះបន្ទូលនៅទីនេះគឺជា រេម៉ា គឺគ្រប់ទាំង រេម៉ា ដែលចេញពីព្រះឱស្ឋរបស់ព្រះ ។ ពាក្យ ចេញពី មាន ទម្រង់ជាបច្ចុប្បន្នកាលកំពុងបន្ត គឺគ្រប់ទាំងព្រះបន្ទូលដែលកំពុងចេញពីព្រះឱស្ឋរបស់ព្រះ ។ លោកអ្នកនៅចាំ ទេ ខ្ញុំបាននិយាយថា ការស្ដាប់ឮព្រះសូរសៀងរបស់ព្រះ បង្ហាញប្រាប់ពីទំនាក់ទំនងដែលជិតស្និទ្ធផ្ទាល់ជាមួយ ព្រះ ។ យើងស្ដាប់ឮព្រះអង្គនៅពេលឥឡូវនេះ មិនមែនអតីតកាល មិនមែនអនាគតកាល គឺនៅពេលឥឡូវនេះ នៅទីនេះ នៅពេលបច្ចុប្បន្ននេះ ។ នោះហើយជាព្រះបន្ទូលដែលកំពុងចេញពីឱស្ឋរបស់ព្រះ សម្រាប់ខណៈពេល នោះ សម្រាប់វេលានោះ សម្រាប់ស្ថានភាពនោះ ។ នោះហើយជាអ្វីដែលធ្វើឲ្យយើងរស់ ។

ព្រះយេស៊ូកំពុងមានបន្ទូលប្រៀបធៀប រេម៉ា ទៅនឹង នំប៉័ង ។ ព្រះអង្គមានបន្ទូលថា៖ «មនុស្សមិន មែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះមក ដែរ» ។ នៅក្នុងន័យម្យ៉ាង ព្រះអង្គកំពុងប្រៀបធៀបព្រះបន្ទូលទៅនឹងអាហារខាងសាច់ឈាម ។ ដូចដែល អាហារខាងសាច់ឈាមចិញ្ចឹមរាងកាយមនុស្សជាយ៉ាងណា ព្រះបន្ទូលដែលកំពុងចេញពីព្រះមក ក៏ចិញ្ចឹមមនុស្ស ខាងវិញ្ញាណជាយ៉ាងនោះដែរ ។ ព្រះបន្ទូលផ្ដល់សារធាតុចិញ្ចឹមដល់វិញ្ញាណរបស់មនុស្ស ។ យើងត្រូវការអាហារ ខាងរូបសាច់ជាយ៉ាងណា អាហារខាងវិញ្ញាណក៏យើងត្រូវការដូចគ្នា ។ ដើម្បីរក្សារូបកាយរបស់យើងឲ្យមាន ជីវិត យើងត្រូវការអាហារខាងសាច់ឈាម ។ ដើម្បីរក្សាវិញ្ញាណរបស់យើងឲ្យមានជីវិត និងមានសុខភាពល្អ យើងត្រូវការអាហារខាងវិញ្ញាណ គឺជាព្រះបន្ទូលផ្ទាល់ខ្លួន ជាព្រះសូរសៀងដែលកំពុងចេញពីព្រះអម្ចាស់ មកកាន់យើង ។ ការនេះកើតឡើងតែតាមរយៈព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ។ លោកអ្នកឃើញទេ ប្រសិនបើលោកអ្នក កាន់ព្រះគម្ពីរនៅពីមុខលោកអ្នក អ្វីដែលលោកអ្នកមាន គ្រាន់តែជាក្រដាសសដែលមានអក្សរពណ៌ខ្មៅនៅលើ ក្រដាសប៉ុណ្ណោះ ។ លោកអ្នកមិនអាចស្ដាប់ឮព្រះគម្ពីរទេ ។ គ្មាននរណាម្នាក់អាចស្ដាប់ឮអក្សរពណ៌ខ្មៅនៅលើ ក្រដាសសបានឡើយ គឺមិនអាចទៅរួចឡើយ ។ តើអក្សរពណ៌ខ្មៅនោះ អាចត្រឡប់ទៅជាសំឡេង ជាសម្ដីដែល លោកអ្នកអាចស្ដាប់ឮបានយ៉ាងដូចម្ដេច? មានអំណាចតែមួយប៉ុណ្ណោះនៅក្នុងសាកលលោក ដែលអាចធ្វើឲ្យ អក្សរពណ៌ខ្មៅនៅលើក្រដាសសទាំងនោះ ទៅជាព្រះសូរសៀងរបស់ព្រះបាន ហើយអំណាចនោះ គឺព្រះវិញ្ញាណ បរិសុទ្ធ ។

ដូច្នេះ លោកអ្នកឃើញហើយ យើងពឹងផ្អែកទាំងស្រុងទៅលើព្រះវិញ្ញាណបរិសុទ្ធ ។ រាល់ស្ថានភាពទាំង អស់ ព្រះវិញ្ញាណបរិសុទ្ធទ្រង់ជាអ្នកដែលនាំយក រេម៉ា ព្រះបន្ទូលរបស់ព្រះមកកាន់យើង ជាអ្នកធ្វើឲ្យព្រះបន្ទូល មានជីវិតរស់ឡើង ធ្វើឲ្យព្រះបន្ទូលត្រឡប់ជាសំឡេងដែលមានជីវិត ។ ដូច្នេះ តាមរយៈការស្ដាប់ឮព្រះបន្ទូល របស់ព្រះនោះ យើងមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកដែលកំពុង ណែនាំយើង និងកំពុងដឹកនាំយើងរាល់ថ្ងៃ ដោយសារ រេម៉ា ដែលព្រះអង្គប្រទានមកយើង ។

សូមមើលអ្វីដែលលោកប៉ុលមានប្រសាសន៍នៅក្នុងគម្ពីររ៉ូម ៨:១៤៖

«ហើយអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះដឹកនាំ អ្នកទាំងនោះជាកូនរបស់ព្រះ»។

ដូច្នេះ តើអ្វីទៅដែលធ្វើឲ្យយើងត្រឡប់ជាកូនរបស់ព្រះ? គឺការដែលមានព្រះវិញ្ញាណរបស់ព្រះកំពុង ដឹកនាំ ។ មានរបៀបផ្សេងៗជាច្រើនដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងជីវិតរបស់យើង ប៉ុន្តែខ្ញុំចង់ បកស្រាយបង្ហាញជូននូវរបៀបពីរ ។

ទីមួយ យើងកើតមកពីព្រះវិញ្ញាណបរិសុទ្ធ ហើយយ៉ាងនោះធ្វើឲ្យយើងត្រឡប់ជាទារកដែលទើបនឹង កើត ។ លោកពេត្រុសបានថ្លែងនៅក្នុងសំបុត្រទីមួយរបស់លោកថា៖ «ត្រូវសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណ វិញ ដូចទារកដែលទើបនឹងកើត» ។ ប៉ុន្តែកំណើតនោះមិនបានធ្វើឲ្យយើងក្លាយជាកូនរបស់ព្រះដែលពេញវ័យ ទេ ។ តើយើងអាចក្លាយជាកូនដែលពេញវ័យបានដោយរបៀបណា? គឺដោយសារតែព្រះវិញ្ញាណបរិសុទ្ធកំពុង ដឹកនាំ ។ អស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះកំពុងដឹកនាំ អ្នកទាំងនោះជាកូនរបស់ព្រះ មិនមែនជាកូនតូច មិន មែនជាទារក ប៉ុន្តែជាកូនដែលពេញវ័យ។ សូមកត់សម្គាល់ នោះគឺជាបច្ចុប្បន្នកាលកំពុងបន្ត គឺអស់អ្នកដែល ព្រះវិញ្ញាណរបស់ព្រះកំពុងដឹកនាំ ។ នោះមិនមែនជាអ្វីដែលកើតឡើងតែមួយដង ឬមួយដងក្នុងមួយសប្តាហ៍ មិន មែនតែនៅព្រះវិហារក្នុងថ្ងៃអាទិត្យ ឬនៅថ្ងៃផ្សេងដែលលោកអ្នកទៅព្រះវិហារនោះទេ ប៉ុន្តែជាអ្វីដែលកំពុងតែ កើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ នោះហើយជាអាហារប្រចាំថ្ងៃរបស់យើង ។ នោះហើយជាការ ស្ដាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយនៅពេលដែលយើងស្ដាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់ នោះយើងបានទទួលការដឹកនាំហើយ ។

ប្រពន្ធខ្ញុំ និងខ្ញុំ អធិស្ឋានជាទៀងទាត់ ពេលណាដែលយើងចេញទៅធ្វើកិច្ចការអ្វីមួយ ។ ការអធិស្ឋាន របស់យើង គឺសូមឲ្យយើងបាននៅកន្លែងដែលត្រឹមត្រូវ តាមពេលវេលាដែលត្រឹមត្រូវជានិច្ច។ យើងបានរក ឃើញថា ការធ្វើបែបនោះ ធ្វើឲ្យមានភាពខុសប្លែកយ៉ាងច្រើន ។ យើងចំណាយពេលច្រើននៅក្នុងក្រុង យេរូសាឡិម ហើយនៅក្រុងយេរូសាឡិម មធ្យោបាយទំនាក់ទំនងជាច្រើនដែលយើងមាននៅអាមេរិក មិន មាននៅទីនោះទេ ។ មនុស្សជាច្រើនមិនមានទូរសព្ទទេ ។ មនុស្សជាច្រើនមិនមានឡានទេ ។ ប្រព័ន្ធប្រៃសណីយ៍ មិនធម្មតាទេ ។ ខ្ញុំចាំថា ពេលមួយយើងបានផ្ញើសំបុត្រចេញពីអសយដ្ឋានមួយនៅក្រុងយេរូសាឡិម ទៅកាន់ អសយដ្ឋានមួយទៀត ។ ការផ្ញើសំបុត្រនោះត្រូវប្រើពេលដប់ប្រាំពីរថ្ងៃ ទើបសំបុត្រនោះទៅដល់ ។ ដូច្នេះ តើ លោកអ្នកអាចទំនាក់ទំនងជាមួយមនុស្សបានយ៉ាងដូចម្ដេច? ដំណោះស្រាយមួយរបស់យើង គឺអធិស្ឋានឲ្យបាន នៅកន្លែងដែលត្រឹមត្រូវ តាមពេលដែលត្រឹមត្រូវជានិច្ច ។ អស្ចារ្យណាស់ ជាញឹកញាប់ ដោយមិនបានគ្រោង ទុក យើងជួបមនុស្សដែលយើងត្រូវជួបនៅពេលដែលយើងត្រូវនិយាយជាមួយពួកគេ ពីព្រោះយើងនៅកន្លែងដែលត្រឹមត្រូវ តាមពេលដែលត្រឹមត្រូវ ។ តើនរណារៀបចំការនោះ? គឺព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះអង្គ បណ្តាលចិត្តយើង ។ ព្រះអង្គមានបន្ទូលថា៖ «ថ្ងៃនេះជាថ្ងៃទៅធនាគារ» ។ លោកអ្នកទៅធនាគារ ហើយមាន មនុស្សម្នាក់ឈរពីមុខលោកអ្នក នៅក្នុងជួរដើម្បីបើកលុយ ។ ឬថា «កុំទាន់ជិះឡានក្រុងនេះ ចាំជិះឡានក្រុង មួយទៀត» ។ នោះគឺជា រេម៉ា ។ នោះជាពាក្យដែលទ្រង់មានបន្ទូលចេញមក ។ នោះជាការដឹកនាំជាប់ជាបន្ត របស់ព្រះវិញ្ញាណបរិសុទ្ធ ។ នោះជាអ្វីដែលធ្វើឲ្យយើងក្លាយជាកូនរបស់ព្រះដែលពេញវ័យ ។ យើងបានកើតជាថ្មី ដោយសារព្រះវិញ្ញាណរបស់ព្រះ ជាទារកតូច ប៉ុន្តែ ដើម្បីធំពេញវ័យឡើង យើងត្រូវស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ។ យើងត្រូវមានព្រះវិញ្ញាណបរិសុទ្ធដឹកនាំជាដរាប ។

ដើម្បីបញ្ចប់មេរៀនរបស់ខ្ញុំថ្ងៃនេះ ខ្ញុំចង់បង្ហាញលោកអ្នកថា របៀបរស់នៅដែលខ្ញុំកំពុងនិយាយនេះ គឺ ស្ដាប់ព្រះបន្ទូលរបស់ព្រះ ទុកដូចជាអាហារប្រចាំថ្ងៃ គឺជាការបើកឲ្យព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់យើង ផ្ទាល់ខ្លួន និងជារៀងរាល់ថ្ងៃ គឺជារបៀបរស់នៅរបស់ព្រះយេស៊ូ ។ ព្រះអង្គមិនមែនគ្រាន់តែប្រកាសព្រះបន្ទូល ទេ គឺព្រះអង្គអនុវត្តព្រះបន្ទូល ។

នៅក្នុងគម្ពីរហោរាអេសាយ ៥០:៤-៧ មានរូបភាពមួយជាសេចក្ដីទំនាយយ៉ាងល្អអំពីរបៀបរស់នៅ របស់ព្រះអម្ចាស់យេស៊ូនៃយើងនៅលើផែនដី អំពីព័ន្ធកិច្ចរបស់ព្រះអង្គ ជាពិសេសទំនាក់ទំនងប្រចាំថ្ងៃជាប់ជាបន្ត របស់ព្រះអង្គ ជាមួយព្រះវរបិតា ។ នេះជាសេចក្ដីដែលបទគម្ពីរបានចែង ។ អេសាយ ៥០ ខ ៤ ដល់ខ ៧៖

«ព្រះអម្ចាស់យេហូវ៉ាបានប្រទានឲ្យខ្ញុំមានវោហារ (នេះព្រះយេស៊ូកំពុងមានបន្ទូល) ដូចជាអ្នកដែល បានរៀន ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដី និងជ្រោងមនុស្សគ្រាកចិត្តឡើង (លោកអ្នកដឹងថា ព្រះ យេស៊ូអាចមានបន្ទូលពាក្យនោះដែលជ្រោងមនុស្សគ្រាកចិត្តឡើង។ តើការនោះបានកើតឡើងយ៉ាង ដូចម្ដេច? សូមស្ដាប់) ព្រះអង្គដាស់ខ្ញុំរាល់តែព្រឹក គឺព្រះអង្គដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្ដាប់ ដូចជា អ្នកដែលកំពុងតែរៀនសូត្រ (នោះគឺជាអាថ៌កំបាំងរបស់ព្រះយេស៊ូវ គឺព្រះវរបិតាដាស់ត្រចៀកព្រះអង្គ រាល់តែព្រឹក ដើម្បីឲ្យព្រះអង្គស្ដាប់ព្រះសូរសៀងរបស់ព្រះវរបិតាមានបន្ទូល ណែនាំ ដឹកនាំ បង្រៀន ប្រទានកម្លាំងឲ្យសម្រាប់ថ្ងៃនោះ។ ព្រះអង្គបន្តទៀតថា) ព្រះអម្ចាស់យេហូវ៉ាបានបើកត្រចៀកខ្ញុំហើយ ខ្ញុំមិនបានរឹងចចេស ឬបែរក្រោយឡើយ (នេះជារូបភាពបែបទំនាយមួយយ៉ាងច្បាស់អំពីព្រះយេស៊ូវ)។ ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិន បានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ (ហេតុអ្វីបានជាព្រះយេស៊ូវព្រមឆ្លងកាត់ ការទាំងអស់ដែលព្រះអង្គបានឆ្លងកាត់? តើព្រះអង្គអាចធ្វើបានយ៉ាងដូចម្ដេច? តើព្រះអង្គបានទទួល កម្លាំងយ៉ាងដូចម្ដេច? ចម្លើយគឺដោយសារការស្ដាប់ព្រះសូរសៀងរបស់ព្រះវរបិតា។ រៀងរាល់ព្រឹក ព្រះអង្គបានឮពីព្រះវរបិតារបស់ព្រះអង្គ មុនពេលដែលព្រះអង្គប្រាស្រ័យទាក់ទងជាមួយមនុស្ស។ ព្រះអង្គបន្តទៀតថា) ព្រះយេហូវ៉ានឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ ហើយដោយហេតុ នោះ ខ្ញុំបានរក្សាទឹកមុខរឹងមាំ ខ្ញុំដឹងថា ខ្ញុំមិនត្រូវខ្មាសឡើយ» ។

លោកអ្នកឃើញហើយ ព្រះយេស៊ូបានចាប់ផ្ដើមរាល់ថ្ងៃដោយស្ដាប់ព្រះវរបិតា ហើយនេះជាលទ្ធផលខ្លះ ដែលកើតចេញពីការដែលព្រះអង្គស្ដាប់ព្រះវរបិតារាល់ថ្ងៃបែបនោះ ។ ទីមួយ ព្រះអង្គមានពាក្យលើកទឹកចិត្ត សម្រាប់អ្នកដទៃ ។ ទីពីរ ព្រះអង្គបានទទួលការដឹកនាំរាល់ថ្ងៃសម្រាប់ព្រះអង្គផ្ទាល់ ។ ទីបី ព្រះអង្គបានទទួល ការស្ដាប់បង្គាប់ ។ លោកអ្នកដឹងទេ ការស្ដាប់ព្រះសូរសៀងរបស់ព្រះ បង្កើតការស្ដាប់បង្គាប់ ។ ទីបួន ព្រះអង្គ បានទទួលកម្លាំងដើម្បីឆ្លងកាត់ការដែលព្រះអង្គត្រូវឆ្លងកាត់ ។ ព្រះអង្គត្រូវការលើសពីកម្លាំងខាងសាច់ឈាម ទៅទៀត ។ ព្រះអង្គត្រូវការកម្លាំងដែលអស្ចារ្យ ហើយព្រះអង្គបានទទួលកម្លាំងនោះ តាមរយៈការស្ដាប់ព្រះ សូរសៀងរបស់ព្រះវរបិតា ។ ទីប្រាំ ព្រះអង្គបានទទួលការតាំងចិត្ត ។ ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំបានរក្សាទឹកមុខរឹងមាំ ខ្ញុំមិនបែរក្រោយទេ» ។ ព្រះយេស៊ូបានទទួលការទាំងអស់នោះ តាមរយៈការស្ដាប់ព្រះសូរសៀងរបស់ព្រះវរបិតា ហើយការស្ដាប់ព្រះសូរសៀងរបស់ព្រះ ក៏នឹងធ្វើសម្រាប់យើង ដូចដែលបានធ្វើសម្រាប់ព្រះយេស៊ូដែរ ។ យើងត្រូវបណ្តុះទម្លាប់បើកឲ្យព្រះអម្ចាស់ដាស់ត្រចៀករបស់យើងរៀងរាល់ព្រឹក ដើម្បីឲ្យយើងស្ដាប់ឮព្រះសូរសៀងព្រះអង្គមុនគេបង្អស់ ។

អស់ពេលសម្រាប់ថ្ងៃនេះហើយ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកម្តងទៀតនៅសប្តាហ៍ក្រោយ ក្នុងពេលដដែលនេះ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។ ខ្ញុំនឹងបន្តប្រធានបទ «ការស្តាប់ព្រះសូរសៀងរបស់ព្រះ»។ ខ្ញុំនឹងចែករំលែកការណែនាំសំខាន់ៗដែលអាចអនុវត្តបាន អំពីរបៀបធ្វើឲ្យវាដំណើរការ។

សប្តាហ៍នេះ ខ្ញុំសូមផ្តល់ជូនជាពិសេសនូវសៀវភៅរបស់ខ្ញុំ ដែលមានចំណងជើងថា «ការជ្រមុជក្នុងព្រះវិញ្ញាណបរិសុទ្ធ»។ សៀវភៅនេះពន្យល់អំពីការផ្គត់ផ្គង់ខាងវិញ្ញាណដ៏ចាំបាច់មួយពីព្រះសម្រាប់អ្នកជឿរបស់ព្រះអង្គ ដែលលើសពីបទពិសោធន៍តែមួយណាផ្សេងទៀត អាចបើកត្រចៀកខាងវិញ្ញាណរបស់លោកអ្នកឲ្យស្ដាប់ឮព្រះសូរសៀងរបស់ព្រះ។

លើសពីនេះ សុន្ទរកថាទាំងមូលរបស់ខ្ញុំក្នុងសប្តាហ៍នេះអំពី «ការស្តាប់ព្រះសូរសៀងរបស់ព្រះ» ក៏មាននៅក្នុងខ្សែអាត់កាសែតតែមួយ ដែលបានកែសម្រួលយ៉ាងយកចិត្តទុកដាក់ផងដែរ។ សូមបន្តស្តាប់ ដើម្បីទទួលបានព័ត៌មានលម្អិត។