រីករាយណាស់ដែលបានមកជួបលោកអ្នកជាថ្មីម្តងទៀត ខណៈដែលយើងបន្តសិក្សារួមគ្នាអំពីប្រធានបទដ៏គួរឲ្យរំភើបរបស់យើងសម្រាប់សប្តាហ៍នេះ គឺ «ការស្តាប់ព្រះសូរសៀងរបស់ព្រះ»។

នៅក្នុងមេរៀនរបស់យើងក្នុងសប្តាហ៍នេះ ខ្ញុំបានពន្យល់ថា តាមរយៈសម័យកាលផ្សេងៗគ្នាទាំងអស់ដែល ព្រះទ្រង់ប្រព្រឹត្តនឹងមនុស្ស លក្ខខណ្ឌគ្រឹះដ៏អស្ចារ្យមួយដែលមិនប្រែប្រួលសម្រាប់ទំនាក់ទំនងជានិរន្តជាមួយព្រះ គឺការស្តាប់ព្រះសូរសៀងរបស់ព្រះ ។

ម្សិលមិញ ខ្ញុំបានជម្រាបជូនអំពីលក្ខណៈពិសេសបីនៃការស្ដាប់ព្រះសូរសៀងរបស់ព្រះ ដែលខុសប្លែក យ៉ាងខ្លាំងពីអ្វីដែលគេទទួលស្គាល់យូរមកហើយ ថាជាការប្រព្រឹត្ត ឬសកម្មភាពបែបសាសនា ។ លក្ខណៈពិសេស ទាំងបីដែលខ្ញុំបានលើកឡើងរួមមាន៖ ទីមួយ ការស្ដាប់ព្រះសូរសៀងរបស់ព្រះ មានលក្ខណៈផ្ទាល់ខ្លួន ។ នេះជា ទំនាក់ទំនងផ្ទាល់ និងយ៉ាងជិតស្និទ្ធជាមួយព្រះ ។ ទីពីរ ការស្ដាប់ព្រះសូរសៀងរបស់ព្រះ អរូប គ្មានរូបរាង ។ យើងមិនអាចមើលឃើញសំឡេងព្រះអង្គនៅក្នុងអាគារបានទេ ។ យើងមិនអាចចងភ្ជាប់សំឡេងព្រះអង្គ ទៅនឹង ស្ថានភាពណាមួយបានទេ ។ នោះមិនមែនជាអ្វីដែលយើងអាចយល់ដោយភ្នែករបស់យើងបានទេ ក៏មិនមែនជា អ្វីដែលយើងអាចមានអារម្មណ៍ដឹង ដោយដៃរបស់យើងបានដែរ ។ ញាណតែមួយគត់ដែលអាចយល់សំឡេង ព្រះអង្គបាន គឺជាញាណនៃការស្ដាប់ ហើយសំឡេងព្រះអង្គមិនចងភ្ជាប់ទៅនឹងពេលវេលា ឬទីកន្លែងឡើយ ។ ទីបី ការស្ដាប់ព្រះសូរសៀងរបស់ព្រះ ស្ថិតនៅពេលបច្ចុប្បន្ន មិនមែនអតីតកាល ឬអនាគតកាល ។ សំឡេង ដែលឮ មិនមែនជាអតីតកាល មិនមែនជាអនាគតកាល ។ សំឡេង ជានិច្ចកាលជាពេលឥឡូវនេះ ។ ដូច្នេះ នៅ ពេលដែលយើងមានទំនាក់ទំនងជាមួយព្រះ តាមរយៈការស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ យើងកំពុងទំនាក់ទំនងជាមួយព្រះអង្គ នៅពេលឥឡូវនេះឯង។ ព្រះទ្រង់បានប្រាប់លោកម៉ូសេ អំពីឈ្មោះដែលអ៊ីស្រាអែលត្រូវ ស្គាល់ព្រះអង្គ គឺ «យើងជាព្រះដ៏ជាព្រះ» ។ នោះជាសេចក្តីពិតជានិច្ច ព្រះទ្រង់មានព្រះជន្មគង់នៅជានិច្ច ។ មានន័យថា ព្រះអង្គគង់នៅពីអតីតកាល ហើយព្រះអង្គក៏គង់នៅអនាគតកាលដែរ ។ ប៉ុន្តែ សំខាន់នោះ យើង ដឹងថា ព្រះតែងតែគង់នៅបច្ចុប្បន្ន អស់កល្បជានិច្ច គឺ«យើងជាព្រះ (I Am)» ។ នោះហើយជាផ្នែកនៃអ្វី ដែលមាននៅក្នុងការស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ គឺជាបច្ចុប្បន្នកាលជានិច្ច ។

ថ្ងៃនេះ ខ្ញុំនឹងជម្រាបជូនអំពីលទ្ធផលមួយនៃការស្ដាប់ព្រះសូរសៀងរបស់ព្រះ ដែលមានតម្លៃមិនអាចប៉ាន់ស្មានបាន ។ គ្មានវិធីណាដែលយើងអាចវាស់ស្ទង់តម្លៃបានទេ ហើយលទ្ធផលនេះគឺ ជំនឿ ។ ការស្ដាប់ព្រះសូរសៀងរបស់ព្រះ បង្កើតឲ្យមានជំនឿ ។

មនុស្សជាច្រើនចង់បានជំនឿ ខំតស៊ូឲ្យបានជំនឿ រត់ទៅមកស្វែងរកឲ្យបានជំនឿ ប៉ុន្តែពួកគេមិន ទទួលបានទេ ពីព្រោះពួកគេរកមិនឃើញអាថ៌កំបាំងនៃជំនឿ ។ ជំនឿកើតឡើងដោយសារការស្ដាប់ឮព្រះសូរសៀងរបស់ព្រះ ។

សេចក្តីនេះមានចែងនៅក្នុងគម្ពីររ៉ូម ជំពូក ១០ ខ ១៧៖

«ដូច្នេះ ជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្ដីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ (ឬចេញពីពាក្យរបស់ព្រះគ្រីស្ទ)»។

ដូច្នេះ «ជំនឿកើតឡើងដោយសេចក្តីដែលបានឮ ហើយសេចក្តីដែលបានឮនោះ ចេញពីព្រះបន្ទូលរបស់ ព្រះគ្រីស្ទ» ។ យើងត្រូវយល់ថា នៅក្នុងសញ្ញាថ្មី (ភាសាក្រិក) មានពាក្យពីរផ្សេងគ្នា ហើយពាក្យនីមួយៗបក ប្រែមកជាភាសាខ្មែរថា ព្រះបន្ទូល ។ ពាក្យក្រិកពីរផ្សេងគ្នានោះគឺ ឡូហ្គោស និង រេម៉ា ។ ប្រសិនបើយើង មើលមិនឃើញភាពខុសប្លែកគ្នានេះទេ យើងនឹងមិនយល់អត្ថន័យដែលខ្ញុំកំពុងនិយាយនេះទេ ។

ឥឡូវនេះ សូមយើងមើលទៅពាក្យ ឡូហ្គោស ជាមុន។ ឡូហ្គោស គឺជាគោលគំនិតមួយដ៏ធំនៅក្នុង ភាសាក្រិក ។ ខ្ញុំសូមជម្រាបថា ខ្ញុំបានសិក្សាភាសាក្រិក តាំងពីខ្ញុំនៅអាយុដប់ឆ្នាំ ហើយខ្ញុំមានលក្ខណៈសម្បត្តិបង្រៀនភាសាក្រិកនៅមហាវិទ្យាល័យបាន ។ ខ្ញុំប្រាប់ដូច្នេះ ដើម្បីឲ្យលោកអ្នកដឹងថា ខ្ញុំយល់អ្វីដែលខ្ញុំកំពុង និយាយ ។ ឡូហ្គោស គឺជាគោលគំនិតមួយដ៏ធំនៅក្នុងភាសាក្រិក ។ ពាក្យនេះមានអត្ថន័យច្រើនយ៉ាង ជាអាទិ៍ ដូចជា៖ គំនិត ឱវាទ ហេតុផល ។ ពាក្យនេះទូលំទូលាយណាស់ ។ ប្រាកដមែន ឡូហ្គោស នៅក្នុងព្រះគម្ពីរ គឺជាគំនិតរបស់ព្រះ ជាឱវាទរបស់ព្រះ ជាគោលបំណងទាំងមូលរបស់ព្រះ ។ ឧទាហរណ៍ សូមស្ដាប់អ្វីដែលស្ដេច ដាវីឌបានថ្លែងអំពីសេចក្តីនេះ នៅក្នុងទំនុកតម្កើង ១១៩ ខ ៨៩៖

«ឱ ព្រះយេហូវ៉ាអើយ ព្រះបន្ទូលរបស់ព្រះអង្គបានតាំងជាប់នៅស្ថានសួគ៌រហូតអស់កល្បជានិច្ច»។

ការបកប្រែមួយផ្សេងទៀត ចែងថា៖

«ឱ ព្រះយេហូវ៉ាអើយ ព្រះបន្ទូលរបស់ព្រះអង្គ នៅអស់កល្បជានិច្ច។ ព្រះបន្ទូលរបស់ព្រះអង្គ តាំងយ៉ាងមាំនៅស្ថានសួគ៌»។

នោះគឺជាឡូហ្គោសរបស់ព្រះ ជាឱវាទទាំងមូលរបស់ព្រះអង្គ។ ឡូហ្គោសមិនផ្លាស់ប្តូរទេ មិនប្រែប្រួលតាមពេលវេលាទេ គឺស្ថិតនៅអស់កល្បជានិច្ចនៅឯស្ថានសួគ៌។ ឡូហ្គោសតាំងនៅជាប់ តាំងពីដំបូងរហូតអស់កល្ប។ ឡូហ្គោសជាគំនិត ជាព្រះឱវាទ និងជាគោលបំណងរបស់ព្រះ។ ឡូហ្គោសនេះ ព្រះឱវាទរបស់ព្រះនេះ ត្រូវបានបង្រួមមកនៅក្នុងអង្គបុគ្គលមួយ។ យ៉ូហាន ១:១-២ ចែងដូច្នេះថា៖

«កាលដើមដំបូង មានព្រះបន្ទូល (ឡូហ្គោស) ព្រះបន្ទូលគង់នៅជាមួយព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។ ព្រះអង្គគង់នៅជាមួយព្រះតាំងពីដំបូង»។

ដូច្នេះ ព្រះយេស៊ូ ក៏ជាតួអង្គ ឡូហ្គោស ព្រះអង្គជាព្រះឱវាទ ជាគោលបំណង និងជាគំនិតទាំងមូល របស់ព្រះ ។ លោកអ្នកនៅចាំទេ ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះក៏បាន ឃើញព្រះវរបិតាដែរ ។ ខ្ញុំតំណាងឲ្យព្រះវរបិតាគ្រប់យ៉ាង គ្រប់កិច្ចការដែលព្រះវរបិតាធ្វើ គ្រប់កិច្ចការដែល ព្រះអង្គគិត គ្រប់ផែនការ គ្រប់គោលបំណងទាំងអស់ គឺខ្ញុំជាតំណាង» ។ នោះហើយជា ឡូហ្គោស ហើយ ឡូហ្គោស តាំងជាប់នៅអស់កល្បជានិច្ច នៅឯស្ថានសួគ៌ ។ ឡូហ្គោសមិនផ្លាស់ប្តូរទេ ។ ឡូហ្គោសស្ថិតនៅអស់កល្បជានិច្ច ។

រីឯពាក្យ រេម៉ា មានន័យផ្សេង ទោះបីជាពាក្យទាំងពីរនេះ ទោះច្រើនដងជាន់គ្នាក៏ដោយ។ រេម៉ា មានន័យជាក់លាក់ ជាព្រះបន្ទូលដែលនិយាយចេញ ។ ប្រសិនបើមិនបានពោលចេញមកទេ នោះមិនមែនជា រេម៉ា ទេ ។ ព្រះបន្ទូលរបស់ព្រះ ព្រះឱវាទរបស់ព្រះ បានតាំងជាប់នៅស្ថានសួគ៌រហូតអស់កល្បជានិច្ច ទោះជា មានបន្ទូល ឬមិនមានបន្ទូលចេញមកក៏ដោយ ។ ព្រះបន្ទូលគង់នៅទីនោះអស់កល្បជានិច្ច ។ ប៉ុន្តែ រេម៉ា គឺជា ព្រះបន្ទូលដែលពោលចេញមក ។ ឥឡូវនេះ សូមស្ដាប់អ្វីដែលព្រះយេស៊ូមានបន្ទូល នៅក្នុងម៉ាថាយ ជំពូក ៤ ខ ៤ ហើយព្រះអង្គប្រើពាក្យ រេម៉ា ។

«ប៉ុន្តែព្រះអង្គមានព្រះបន្ទូលតបថា៖ មានសេចក្ដីចែងទុកមកដូច្នេះ មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះមកដែរ»។

គឺគ្រប់ទាំង រេម៉ា ដែលចេញពីព្រះឱស្ឋរបស់ព្រះមក គឺគ្រប់ទាំងព្រះបន្ទូលដែលនិយាយចេញ ។ ប្រសិនបើលោកអ្នកអាចស្រមៃមើលរូបភាពនេះបាន គឺថា មានព្រះឱវាទរបស់ព្រះដែលនៅអស់កល្បជានិច្ច មិនប្រែប្រួល ពេញលេញ នៅឯស្ថានសួគ៌ ។ ប៉ុន្តែ យើងមិនស្គាល់ព្រះឱវាទទាំងមូលរបស់ព្រះអស់ទេ ។ យើងមិនអាច យល់ព្រះឱវាទទាំងមូលរបស់ព្រះជាម្ចាស់ ដោយគំនិតដែលមានដែនកំណត់របស់យើងបានទេ ។ ប៉ុន្តែព្រះទ្រង់ រំលែកព្រះឱវាទនោះមកកាន់យើង នៅក្នុង រេម៉ា នៅក្នុងពាក្យដែលនិយាយចេញមកកាន់យើង នៅក្នុងពាក្យ ដែលមានលក្ខណៈផ្ទាល់ខ្លួន នៅក្នុងពាក្យដែលយើងខ្លួនឯងផ្ទាល់ទទួលបាន ។ ដូច្នេះ មនុស្សរស់ដោយសារគ្រប់ ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះមក ។ ព្រះឱវាទទាំងមូលរបស់ព្រះ បានប្រទានមកឲ្យយើងជា ចំណែកៗ នៅពេលដែលយើងទទួលបាន រេម៉ា មួយហើយ មួយទៀត។ សេចក្ដីដែលព្រះយេស៊ូមានបន្ទូល បង្ហាញប្រាប់ថា ព្រះទ្រង់មាន រេម៉ា សម្រាប់យើងរាល់ថ្ងៃ «មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ ប៉ុន្តែរាល់ថ្ងៃព្រះបន្ទូលរបស់ព្រះដែលចេញមក គឺ រេម៉ា ដែលចេញពីព្រះឱស្ឋរបស់ព្រះមក នឹងបានជាចំណែក របស់គេសម្រាប់ថ្ងៃនោះ» ។ នោះហើយជាការខុសប្លែកគ្នារវាង ឡូហ្គោស និង រេម៉ា ។ ឡូហ្គោស នៅអស់កល្បជានិច្ច នៅស្ថានសួគ៌ មិនប្រែប្រួល រីឯ រេម៉ា ចុះមកឯយើង មានលក្ខណៈផ្ទាល់ខ្លួន ជាពាក្យដែលយើងស្ដាប់ឮ ជាអ្វីមួយដែល ព្រះមានបន្ទូលមកយើង ។ ដូច្នេះ លោកអ្នកឃើញហើយ នៅក្នុងរ៉ូម ១០:១៧ នោះប្រាកដជា រេម៉ា ។ ជំនឿ កើតឡើងដោយសេចក្តីដែលបានឮ ហើយសេចក្តីដែលបានឮនោះ ចេញពី រេម៉ា ជាព្រះបន្ទូលរបស់ព្រះគ្រិស្ត ។ ប្រសិនបើព្រះបន្ទូលនោះមិនបាននិយាយចេញមកទេ យើងមិនអាចស្ដាប់ឮបានទេ ។ យើងមិនអាចស្ដាប់ឮ ឡូហ្គោស បានទេ ។ ឡូហ្គោស គឺជាព្រះឱវាទរបស់ព្រះ ដែលតាំងនៅស្ថានសួគ៌អស់កល្បជានិច្ច ។ ប៉ុន្តែយើង ស្តាប់ឮ រេម៉ា ដែលនាំយកចំណែកតូចមួយនៃឱវាទរបស់ព្រះ ដែលយើងត្រូវការផ្ទាល់នៅពេលនោះ ។ នោះ ហើយជារបៀបដែលជំនឿកើតឡើង ។

ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនធ្វើឲ្យលោកអ្នកអន់ចិត្តទេ ប៉ុន្តែសូមស្តាប់ ព្រះគម្ពីរមិនបានប្រាប់ថា ជំនឿកើត ចេញពីការអានព្រះគម្ពីរ ដូចជាមនុស្សជាច្រើនគិតនោះទេ ។ ហេតុអ្វីបានជាមិនកើតចេញពីការអានព្រះគម្ពីរ? និយាយដោយស្មោះត្រង់ ជាច្រើនដង លោកអ្នកអានព្រះគម្ពីរ ប៉ុន្តែយើងមិនស្ដាប់ឮអ្វីសោះ ។ អ្វីដែល លោកអ្នកមាន គឺត្រឹមជាអក្សរពណ៌ខ្មៅនៅលើក្រដាសពណ៌សនៅពីមុខលោកអ្នក ហើយលោកអ្នកបើកអាន មួយម៉ោង ប៉ុន្តែមិនទទួលបានជំនឿទេ ។ ប៉ុន្តែពេលមួយទៀត លោកអ្នកអាចយកព្រះគម្ពីរមកបើកអាន ហើយ មានប្រយោគមួយលោតចេញពីក្រដាសមក រួចលោកអ្នកពោលថា៖ «ហ្នឹងហើយ នេះជាអ្វីដែលព្រះកំពុង មានបន្ទូលមកកាន់ខ្ញុំនៅពេលនេះ» ។ ខ្ញុំអាចប្រាប់លោកអ្នកបានថា រឿងបែបនោះបានកើតឡើងច្រើនដង ណាស់នៅក្នុងជីវិតខ្ញុំ ។ បែបនេះ គេអាចហៅបានថា ព្រះទ្រង់បើកសម្ដែងតាមរយៈការអានព្រះគម្ពីរ ។ ពេល ខ្លះ ខ្ញុំគ្រាន់តែបើកព្រះគម្ពីរ ព្រះវិញ្ញាណបរិសុទ្ធនាំភ្នែកខ្ញុំសម្លឹងចំខគម្ពីរមួយ ហើយព្រះទ្រង់មានបន្ទូលថា៖ «នេះជា រេម៉ា របស់យើង» ។ នៅពេលដែលលោកអ្នកស្ដាប់ឮ រេម៉ា នោះ នោះវាលើសជាងការអានព្រះគម្ពីរ ទៅទៀត ។ នោះហើយជាព្រះបន្ទូលរបស់ព្រះសម្រាប់លោកអ្នកផ្ទាល់ ។ នោះហើយជាព្រះសូរសៀងរបស់ព្រះ ដែលទ្រង់មានបន្ទូលមកកាន់លោកអ្នក ហើយជំនឿកើតឡើងដោយសារការស្ដាប់ឮព្រះបន្ទូលរបស់ព្រះដែល ពោលចេញមក ។ នេះហៅថា ព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះ ។ លោកអ្នកឃើញទេ ទាំងអស់ផ្ដោត ជុំវិញការស្ដាប់ឮព្រះសូរសៀងរបស់ព្រះ ។ «ចូរស្ដាប់បង្គាប់តាមពាក្យរបស់យើង នោះយើងនឹងធ្វើជាព្រះរបស់ អ្នក» «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ា នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នា កើតមានជំងឺរោគាណាមួយទេ» ។

ខ្ញុំចង់ត្រឡប់ទៅរ៉ូម ១០:១៧ បន្តិច៖

«ជំនឿកើតឡើងដោយសេចក្តីដែលបានឮ ហើយសេចក្តីដែលបានឮនោះចេញពីរេម៉ារបស់ព្រះគ្រីស្ទ»។

ខ្ញុំចង់ពន្យល់ប្រាប់លោកអ្នកបន្តិច ពីអ្វីដែលខ្ញុំបានរៀន និងមានបទពិសោធន៍ផ្ទាល់ ហើយមានសារៈសំខាន់ខ្លាំងណាស់ ប្រសិនបើលោកអ្នកយល់ ដ្បិតនេះជារបៀបដែលជំនឿកើតឡើង ។

លោកអ្នកដឹងស្រាប់ហើយ ខ្ញុំដេកពេទ្យអស់រយៈពេលមួយឆ្នាំ ក្នុងនាមជាគ្រិស្តបរិស័ទ ។ ក្រុម វេជ្ជបណ្ឌិតព្យាបាលខ្ញុំមិនជាទេ ។ ខ្ញុំដឹងថា ខ្ញុំមានសេចក្តីសង្ឃឹមតែមួយគត់ គឺមានតែព្រះប៉ុណ្ណោះ ។ ខ្ញុំតែងតែ គិតថា៖ «បើខ្ញុំមានជំនឿ ខ្ញុំដឹងថាព្រះនឹងប្រោសខ្ញុំឲ្យជា» ។ តែពេលនោះ ខ្ញុំចេះតែគិតថា៖ «ខ្ញុំមិនមាន ជំនឿទេ» ។ ក្រោយមក ថ្ងៃមួយ គម្ពីររ៉ូម ១០:១៧ បានមកដល់ខ្ញុំ គឺ«ជំនឿកើតឡើងដោយសេចក្ដីដែលបាន ឮ» ។ ពេលនោះវិញ្ញាណខ្ញុំកញ្ជ្រោលឡើង ។ ពេលនោះ ជំនឿក៏កើតឡើង បើខ្ញុំគ្មានជំនឿ ខ្ញុំអាចរកជំនឿ បាន ។ រួចខ្ញុំក៏មើលខនោះបន្តទៀត ហើយខ្ញុំក៏សញ្ជឹងគិត ខ្ញុំអធិស្ឋាន ហើយស្វែងរកព្រះ ។ បន្តិចម្តងៗ ព្រះ ទ្រង់បើកឲ្យខ្ញុំយល់ខគម្ពីរនោះ ហើយនៅពេលដែលព្រះអង្គបានបើកឲ្យខ្ញុំយល់ខគម្ពីរនោះ អំពីរបៀបដែល ជំនឿកើតឡើង ខ្ញុំក៏ទទួលបានជំនឿសម្រាប់ការប្រោសខ្ញុំឲ្យជា ។ ខ្ញុំអរព្រះគុណដល់ព្រះសម្រាប់កិច្ចការរបស់ ក្រុមវេជ្ជបណ្ឌិត និងក្រុមគិលានុបដ្ឋាយិកា ប៉ុន្តែពួកគាត់មិនអាចព្យាបាលខ្ញុំឲ្យជាបាន ។ នៅពេលនោះ ខ្ញុំបាន ទទួលការប្រោសឲ្យជាដោយផ្ទាល់មកពីព្រះ ហើយការប្រោសឲ្យជាបានកើតឡើង នៅពេលដែលខ្ញុំបានស្ដាប់ឮ រេម៉ា ជាព្រះបន្ទូលរបស់ព្រះ ដែលពោលចេញមក ។ រេម៉ា បាននាំមកនូវជំនឿ ។

ដូច្នេះ លោកអ្នកឃើញហើយ មានដំណើរការដែលជំនឿកើតឡើង ។ ចូរចាប់យកសេចក្តីនេះចុះ ។

មានបីដំណាក់កាលនៅក្នុងដំណើរការនេះ ។ ទីមួយ៖ ព្រះបន្ទូលរបស់ព្រះ រេម៉ា របស់ព្រះ ព្រះទ្រង់មានបន្ទូល ។ ទីពីរ៖ ការឆ្លើយតបរបស់លោកអ្នក គឺការស្ដាប់ ។ លោកអ្នកបើកចំហចិត្តចំពោះព្រះបន្ទូលរបស់ព្រះ ។ វគ្គក្រោយៗទៀត ខ្ញុំនឹងពន្យល់ថែមទៀតអំពីការស្ដាប់ ។ ទីបី៖ ជំនឿកើតចេញពីការស្ដាប់ឮព្រះបន្ទូលរេម៉ា ។ ជាធម្មតា មានកត្តាពេលវេលាមួយនៅក្នុងការស្តាប់ឮ ។ ការស្តាប់ឮ មិនមែនជាអ្វីដែលកើតឡើងភ្លាមៗ ទេ ។ យើងត្រូវមានឥរិយាបថម្យ៉ាង ។ យើងអាចអង្គុយអានព្រះគម្ពីរ ឬស្ដាប់សេចក្ដីអធិប្បាយ ប៉ុន្តែនោះគ្រាន់ តែជាពាក្យហោះហើរកាត់យើងប៉ុណ្ណោះ ។ បន្ទាប់មក យើងសម្រួលឥរិយាបថខាងក្នុងឲ្យនៅស្ងៀម ហើយឲ្យ គំនិតរបស់យើងសម្រាក ។ ដំណើរការដ៏មមាញឹកនៅក្នុងគំនិតរបស់យើង ផ្អាកបន្តិចសិន ។ ព្រោះយើងកំពុង ស្ដាប់ ហើយនៅពេលដែលយើងស្ដាប់ឮ នោះជំនឿក៏កើតឡើង ។

ខ្ញុំសូមជួយគំនិតលោកអ្នកថា ចូរបណ្តុះសមត្ថភាពស្ដាប់។ ចូរបើកចំហចិត្តទទួលយកអ្វីដែលព្រះទ្រង់ មានបន្ទូលមកកាន់លោកអ្នកផ្ទាល់ខ្លួន សេចក្តីនោះនឹងស្របជាមួយបទគម្ពីរ ។ សេចក្តីដែលយើងឮពីព្រះ មិន ដែលផ្ទុយនឹងបទគម្ពីរទេ ប៉ុន្តែជាបទគម្ពីរដែលត្រឡប់ជាមានជីវិត ដោយសារព្រះវិញ្ញាណបរិសុទ្ធ ។ នោះហើយ ជារបៀបដែលជំនឿកើតឡើង គឺដោយសារការស្ដាប់ឮព្រះសូរសៀងរបស់ព្រះ ។

អស់ពេលសម្រាប់ថ្ងៃនេះហើយ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកម្តងទៀតនៅថ្ងៃស្អែក ក្នុងពេលដដែលនេះ។ ថ្ងៃស្អែក ខ្ញុំនឹងពិពណ៌នាអំពីរបៀបរស់នៅប្លែកដែលកើតចេញពីការស្តាប់ព្រះសូរសៀងរបស់ព្រះ។