លក្ខណៈពិសេសបីយ៉ាង

ដេរេក ព្រីនស៍
Published: 1979
Last Updated: September 2026
Read Time: 9
ការឮសំឡេងរបស់ព្រះមិនមែនគ្រាន់តែជាបញ្ហានៃទម្រង់សាសនា ឬបទពិសោធន៍ពីអតីតកាលនោះទេ ប៉ុន្តែវាគឺជាទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះអម្ចាស់ដ៏មានព្រះជន្មរស់។ ការបង្រៀននេះបង្ហាញថា ទំនាក់ទំនងនោះគឺជាលក្ខណៈផ្ទាល់ខ្លួន ដែលហួសពីការរៀបចំសាសនាដែលមើលឃើញ និងត្រូវបានរស់នៅយ៉ាងពិតប្រាកដក្នុងពេលបច្ចុប្បន្ន។ ព្រះបន្ទូលរបស់ព្រះយេស៊ូវអំពីហ្វូងចៀមរបស់ទ្រង់ និងព្រះនាមរបស់ព្រះគឺ «តថាគតជា» បង្ហាញឱ្យឃើញថា ហេតុអ្វីបានជាអ្នកជឿត្រូវតែឮសំឡេងរបស់ទ្រង់ ដើម្បីដើរតាមទ្រង់។
Transcript
រីករាយណាស់ដែលបានមកជួបលោកអ្នកជាថ្មីម្តងទៀត ខណៈដែលយើងបន្តសិក្សារួមគ្នាអំពីប្រធានបទដ៏គួរឲ្យរំភើបរបស់យើងសម្រាប់សប្តាហ៍នេះ គឺ «ការស្តាប់ព្រះសូរសៀងរបស់ព្រះ»។
វគ្គមុនៗរបស់ខ្ញុំនៅក្នុងសប្តាហ៍នេះ ខ្ញុំបានពន្យល់ថា លក្ខខណ្ឌគ្រឹះដ៏អស្ចារ្យ មិនប្រែប្រួល សម្រាប់ទំនាក់ទំនងជានិរន្តជាមួយព្រះ គឺស្ដាប់ព្រះសូរសៀងរបស់ព្រះ ។ ក្នុងចំណុចផ្សេងៗទៀត របៀបទំនាក់ទំនងរបស់ព្រះជាមួយមនុស្ស បានផ្លាស់ប្តូរ តាមការប្តូរសម័យកាល ប៉ុន្តែលក្ខខណ្ឌនៃការស្តាប់ព្រះសូរសៀងរបស់ព្រះនេះ នៅតែមិនប្រែប្រួល គ្រប់សម័យទាំងអស់ ។
ខ្ញុំបានលើកឡើងនៅក្នុងមេរៀនម្សិលមិញថា លក្ខខណ្ឌនេះត្រូវបានសង្ខេបយ៉ាងច្បាស់នៅក្នុងគម្ពីរហោរាយេរេមា ជំពូក ៧ ខ ២៣ ដែលព្រះទ្រង់មានបន្ទូលទៅកាន់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ តាមរយៈលោកយេរេមា ថា៖
«ចូរស្ដាប់តាមពាក្យយើង នោះយើងនឹងធ្វើជាព្រះដល់អ្នករាល់គ្នា» ។
ខ្ញុំជឿថា បទគម្ពីរប្រាប់អំពីលក្ខខណ្ឌច្បាស់ហើយ។ នោះជាអ្វីដែលព្រះទាមទារចង់បានពីប្រជារាស្ត្ររបស់ព្រះអង្គ នៅគ្រប់សម័យទាំងអស់ ដែលមានវប្បធម៌ និងជីវប្រវត្តិផ្សេងៗគ្នា ។ ការជាច្រើនប្រហែលជា ផ្លាស់ប្តូរ ប៉ុន្តែការមួយនេះ មិនផ្លាស់ប្តូរទេ ។ ព្រះទ្រង់មានបន្ទូលថា៖ «តើអ្នកចង់ឲ្យយើងធ្វើជាព្រះរបស់អ្នក ឬទេ? ចូរស្ដាប់បង្គាប់តាមព្រះសូរសៀងរបស់យើង នោះយើងនឹងធ្វើជាព្រះរបស់អ្នក» ។
គ្រិស្តបរិស័ទជាច្រើនមិនដឹងច្បាស់ថា លក្ខខណ្ឌគ្រឹះនៅក្នុងសញ្ញាថ្មី នៅដដែលនោះទេ។ លក្ខខណ្ឌនោះមិនផ្លាស់ប្តូរទេ ។ នៅក្នុងយ៉ូហាន ជំពូក ១០ ខ ២៧ ព្រះយេស៊ូមានបន្ទូលថា៖
«ចៀមរបស់ខ្ញុំ ស្ដាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ»។
តើអ្វីដែលដៅសម្គាល់អ្នកដើរតាមព្រះយេស៊ូពិតប្រាកដ? មិនមែនជាឈ្មោះនិកាយ មិនមែនជារបៀប ថ្វាយបង្គំ មិនមែនជាការកាន់តាមគោលលទ្ធិណាមួយនោះទេ ប៉ុន្តែគឺជាការស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ ។ «ចៀមរបស់ខ្ញុំ គឺអស់អ្នកដែលជារបស់ខ្ញុំ តែងស្ដាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ពួកគេ ហើយពួកគេមកតាមខ្ញុំ» ។ ការទាំងបីនេះដើរព្រមជាមួយគ្នា ប៉ុន្តែចាប់ផ្តើមឡើងដោយការស្តាប់ព្រះសូរសៀងរបស់ព្រះយេស៊ូ ។ នៅពេលដែល យើងស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ ព្រះអង្គស្គាល់យើង ព្រះអង្គមើលឃើញយើង ព្រះអង្គទទួលស្គាល់ថា យើងជារបស់ព្រះអង្គ បន្ទាប់មកយើងដើរតាមព្រះអង្គ ។ ខ្ញុំបានចង្អុលបង្ហាញពីម្សិលមិញថា របៀបរបស់ គង្វាល និងចៀមរបស់គាត់ នៅទឹកដីក្នុងព្រះគម្ពីរ គឺចៀមដើរតាមគង្វាល ។ គង្វាលមិនដេញពួកគេពីក្រោយ ទេ ។ ចៀមដើរតាមគង្វាល ហើយពួកវាដើរតាម ពីព្រោះពួកវាឮសំឡេងរបស់គង្វាល ។ ប្រសិនបើពួកវាមិន បានឮសំឡេងរបស់គាត់ទេ ពួកវាមិនអាចដើរតាមបានទេ ហើយខ្ញុំជឿថា ការនេះក៏ដូច្នោះដែរនៅក្នុងទំនាក់ទំនងរវាងព្រះយេស៊ូ និងយើង ។ ប្រសិនបើយើងមិនស្ដាប់ឮព្រះសូរសៀងរបស់ព្រះអង្គទេ យើងមិនអាចដើរតាមព្រះអង្គបានទេ ។ យើងត្រូវស្ដាប់ឮព្រះសូរសៀងរបស់ព្រះអង្គសិន មុនពេលដែលយើងអាចដើរតាមព្រះអង្គបាន ។ នោះជាអ្វីដែលធ្វើឲ្យយើងក្លាយទៅជាចៀមរបស់ព្រះអង្គ ។ ចៀមរបស់ព្រះអង្គ ស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ។ ព្រះអង្គស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះដើរតាមព្រះអង្គ ។
ថ្ងៃនេះ ខ្ញុំនឹងជម្រាបជូនពីលក្ខណៈពិសេសបីនៃការស្តាប់ព្រះសូរសៀងរបស់ព្រះ ជាលក្ខណៈបីដែលខុសប្លែក យ៉ាងខ្លាំងពីអ្វីដែលគេទទួលស្គាល់យូរមកហើយថាជាឥរិយាបថ ឬជាសកម្មភាពបែបសាសនា ។
រាជសាររបស់ខ្ញុំ មានលក្ខណៈបែបបដិវត្ត តាមរបៀបជាច្រើន។ រាជសារនេះ ស្ដាប់មើលទៅសាមញ្ញ ប៉ុន្តែនៅពេលដែលលោកអ្នកពិចារណាពិតប្រាកដ ហើយចាប់ផ្តើមអនុវត្តរាជសារនេះ លោកអ្នកនឹងឃើញថា រាជសារនេះនឹងផ្លាស់ប្តូរកិច្ចការជាច្រើនដែលលោកអ្នកកំពុងធ្វើ នៅក្នុងជីវិតរបស់លោកអ្នក ។ រាជសារនេះនឹង ផ្លាស់ប្តូរខ្នាតរបស់លោកអ្នក គុណតម្លៃរបស់លោកអ្នក ហើយប្រហែលជាផ្លាស់ប្តូររបៀបដែលលោកអ្នករស់នៅ ទៀតផង ។ លក្ខណៈពិសេសទាំងបីនៃការស្ដាប់ព្រះសូរសៀងរបស់ព្រះ ដែលខ្ញុំចង់ជម្រាបជូន គឺបែបនេះឯង ។ ខ្ញុំនឹង បញ្ជាក់សេចក្ដីទាំងនេះជូន បន្ទាប់មក ខ្ញុំនឹងបរិយាយមួយៗដោយសង្ខេប ។
ទីមួយ ការស្ដាប់ព្រះសូរសៀងរបស់ព្រះ មានលក្ខណៈផ្ទាល់ខ្លួន ។
ទីពីរ ការស្តាប់ព្រះសូរសៀងរបស់ព្រះ អរូប (គ្មានរូបរាង) ។
ទីបី ការស្ដាប់ព្រះសូរសៀងរបស់ព្រះ គឺពេលឥឡូវនេះ មិនមែនអតីតកាល មិនមែនអនាគតកាល តែជារឿងបច្ចុប្បន្នកាលឥឡូវនេះ ។
សូមចាប់យកលក្ខណៈពិសេសទាំងបីនេះឲ្យបាន គឺផ្ទាល់ខ្លួន អរូប និងនៅពេលឥឡូវនេះ ។
ឥឡូវ សូមគិតបន្តិចអំពីអ្វីដែលចង្អុលបង្ហាញ ។ ទីមួយ ការស្ដាប់ព្រះសូរសៀងរបស់ព្រះ មានលក្ខណៈផ្ទាល់ខ្លួន ។ គ្រប់ទាំងសំឡេងមានលក្ខណៈផ្ទាល់ខ្លួន និងពិសេសដាច់ដោយឡែក ។ គ្មានសំឡេងពីរដែលដូចគ្នា សុទ្ធសាធនោះទេ ។ សំឡេងគឺជាលក្ខណៈផ្ទាល់ខ្លួនបំផុតមួយ នៅក្នុងបុគ្គលិកលក្ខណៈរបស់មនុស្ស ។ នោះហើយ ជាមូលហេតុដែលព្រះយេស៊ូមានបន្ទូលអំពីចៀមរបស់ព្រះអង្គថា៖ «ចៀមទាំងនោះមិនដើរតាមមនុស្សបម្លែកទេ ពីព្រោះសំឡេងរបស់មនុស្សចម្លែក គឺផ្សេង» ។ លោកអ្នកឃើញទេ ការការពាររបស់យើង គឺជាការស្ដាប់ព្រះ សូរសៀងរបស់ព្រះអម្ចាស់ មានទំនាក់ទំនងជាមួយព្រះអង្គផ្ទាល់ខ្លួន មិនមែនទំនាក់ទំនងជាមួយបុគ្គលក្នុងប្រវត្តិ សាស្ត្រ ឬចលនា ឬគោលលទ្ធិណាមួយនោះទេ ប៉ុន្តែគឺជាការមានទំនាក់ទំនងជាមួយព្រះអម្ចាស់ផ្ទាល់ តាមរយៈ ព្រះសូរសៀងរបស់ព្រះអង្គ ។
ខ្ញុំបានឮការមួយគួរឲ្យកត់សម្គាល់ ។ ខ្ញុំមិនដែលបានតាមដានមើលរឿងនោះពិតប្រាកដទេ ប៉ុន្តែខ្ញុំឮថា គេបានធ្វើទូដែកសុវត្ថិភាពម្យ៉ាងតាមរបៀបមួយដ៏ពិសេស ប្រហែលជាសម្រាប់ប្រើនៅក្នុងធនាគារ ដោយប្រើសោដែលបើកទូដែកនោះ ជាសំឡេងមនុស្សពិសេសម្នាក់ អាចជាសំឡេងរបស់ប្រធានធនាគារ ឬអ្នកគ្រប់គ្រងធនាគារ ហើយសំឡេងដទៃទៀត មិនអាចធ្វើឲ្យទូដែកនោះបើកបានទេ។ រឿងនេះបង្ហាញយើងថា សំឡេងរបស់មនុស្សមានលក្ខណៈផ្ទាល់ខ្លួន ហើយពិសេសគ្មានពីរ ដែលគ្មានសំឡេងណាអាចមកបន្លំបាន ។ មានតែសំឡេងមួយប៉ុណ្ណោះដែលអាចបើកទូដែកនោះបាន តែសំឡេងដទៃទៀតមិនអាចបើកបានទេ ។ លោកអ្នកដឹងទេ សម្រាប់ខ្ញុំ នោះវាជារឿងប្រៀបប្រដូចមួយ ពីព្រោះខ្ញុំគិតថា ចិត្តរបស់អ្នកជឿគួរតែបែបនោះ ។ ខ្ញុំគិតថា ចិត្តរបស់យើង គួរតែដូចជាទូដែក ជាកន្លែងដែលដាក់របស់ដ៏មានតម្លៃបំផុតដែលយើងមាន ។ ខ្ញុំគិតទៀត ថា គួរតែមានសំឡេងតែមួយគត់ដែលបើកទូដែកនោះបាន គឺសំឡេងរបស់ព្រះអម្ចាស់នៃយើងផ្ទាល់ ។ យើងជួប ទុក្ខព្រួយ និងបញ្ហា ប្រសិនបើយើងបើកទ្វារទូដែកដ៏ជាចិត្តរបស់យើង ឲ្យដល់មនុស្សខុស ។ នោះជាអ្វីដែល បង្កឲ្យមានសោកនាដកម្ម និងបញ្ហាច្រើនបំផុតនៅក្នុងពិភពលោកសព្វថ្ងៃនេះ គឺមនុស្សបើកចិត្តរបស់ពួកគេ ឲ្យទៅមនុស្សខុស ។ ចាប់តាំងពីឥឡូវនេះទៅ ចូរគិតថា ចិត្តរបស់លោកអ្នកគឺជាទូដែក ដែលមានលេខសម្ងាត់ នៅទ្វារ ហើយលេខសម្ងាត់នោះឆ្លើយតបតែនឹងសំឡេងពិសេសមួយប៉ុណ្ណោះ គឺជាសំឡេងរបស់ព្រះអម្ចាស់ ។ លោកអ្នកដឹងទេ នៅពេលដែលលោកអ្នកបើកឲ្យព្រះអម្ចាស់ លោកអ្នកនឹងមិនដែលមានគ្រោះថ្នាក់ មិនដែល ចាញ់បញ្ឆោត និងមិនដែលខកចិត្តឡើយ ។ ប៉ុន្តែលោកអ្នកភាគច្រើន បានរៀនចេញពីបទពិសោធន៍មកថា ប្រសិនបើលោកអ្នកបើកទ្វារឲ្យមនុស្សខុស ប្រសិនបើលោកអ្នកឆ្លើយតបសំឡេងខុស មានបញ្ហាគ្រោះថ្នាក់ជា ច្រើនអាចកើតឡើងបាន ។ លោកអ្នកឃើញទេ នោះហើយជាទំនាក់ទំនងរវាងគង្វាល និងចៀម ។ ព្រះបាទដាវីឌថ្លែងនៅក្នុងទំនុកតម្កើង ជំពូក ២៣ ខ ១ ថា៖
«ព្រះយេហូវ៉ាជាគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ»។
ចេញពីទំនាក់ទំនងផ្ទាល់ខ្លួននោះ គ្រប់ទាំងសេចក្តីត្រូវការរបស់ព្រះបាទដាវីឌត្រូវបានធានាថានឹងផ្គត់ផ្គង់ឲ្យ ។ ប៉ុន្តែព្រះយេស៊ូមានបន្ទូលថា៖ «ចៀមរបស់ខ្ញុំ ស្ដាប់សំឡេងខ្ញុំ» ។ តើព្រះអម្ចាស់អាចធ្វើជាគង្វាលរបស់យើងបានដោយរបៀបណា? គឺប្រសិនបើយើងស្ដាប់តាមសំឡេងរបស់ព្រះអង្គ ។ ប្រសិនបើយើងស្ដាប់តាម សំឡេងរបស់ព្រះអង្គ នោះព្រះអង្គគឺជាគង្វាលរបស់យើង ហើយសេចក្តីត្រូវការទាំងអស់របស់យើង ត្រូវបានផ្គត់ផ្គង់ឲ្យ ។ តើបែបនោះមិនល្អទេឬ? ចូរបណ្តុះការស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ទៅ ។ ខ្ញុំនឹងនិយាយថែម ទៀតអំពីការនេះ នៅក្នុងរាជសារក្រោយៗទៀត ។
លក្ខណៈពិសេសទីពីរនៃការស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ដែលខ្ញុំបានជម្រាបជូនគឺថា៖ សំឡេងគឺអរូប គ្មានរូបរាង ចាប់កាន់មិនបាន ។ តើលោកអ្នកដឹងថា អរូប មានន័យដូចម្ដេច? សំឡេងមិនអាចយកដៃទៅប៉ះពាល់បាន ។ យើងមិនអាចយល់សំឡេងដោយភ្នែករបស់យើងបានទេ ។ យើងមិនអាចយល់សំឡេង ដោយអារម្មណ៍របស់យើងបានទេ ។ មានញាណតែមួយគត់ដែលយល់សំឡេងបាន ញាណនោះគឺការស្ដាប់ ។ លោកអ្នកឃើញហើយ សហគមន៍សាសនាភាគច្រើនរបស់យើង តែងផ្សារភ្ជាប់យើងជាមួយអ្វីដែលមានរូប ។ នៅពេលដែលយើងនិយាយអំពីសាសនា យើងតែងគិតអំពីអ្វីមួយនៅក្នុងលំហ នៅក្នុងពេលវេលា អាគារ ព្រះវិហារ ប្រភេទគ្រឿងសង្ហារិម កៅអី អាសនា ប្រហែលជាកញ្ចក់ដែលស្រអាប់ និងប្រភេទក្រណាត់ជាដើម ។ នៅក្នុងក្រុមជំនុំខ្លះ ពួកគេស្លៀកសម្លៀកបំពាក់ពិសេស។ នៅក្នុងក្រុមជំនុំភាគច្រើន មនុស្សស្លៀកពាក់ស្អាត ខុសពីធម្មតាបន្តិច នៅពេលទៅព្រះវិហារ ។ ក៏មានសៀវភៅពិសេសមួយចំនួន ដូចជាសៀវភៅអធិស្ឋាន សៀវភៅចម្រៀងទំនុកតម្កើង ដែលមានក្របក្រាស់រឹង ហើយនៅសម័យដែលខ្ញុំគ្រាន់តែជាអ្នកទៅព្រះវិហារ សៀវភៅទាំងនោះ ជាធម្មតាមានពណ៌ខ្មៅ ។ ជានិច្ចកាលតែងមានផ្នែកមួយដែលមានរូបរាង មិនថានៅក្នុងលំហ នៅក្នុងពេលវេលា ទីកន្លែង ឬរបស់ផ្សេងៗឡើយ ។ ប៉ុន្តែការស្ដាប់ព្រះសូរសៀងរបស់ព្រះ មិនមានលក្ខណៈបែប នោះទេ ។ ព្រះសូរសៀងរបស់ព្រះអង្គ មិនបានកំណត់សម្រាប់តែកន្លែងណាមួយទេ ក៏មិនមានឯកសណ្ឋាន ឬ គ្រឿងសង្ហារិម ឬអាគារនោះដែរ ។ សំឡេងពិតជាមានប្រាកដមែន ហើយទាមទារឲ្យមានការយកចិត្តទុកដាក់ ហើយក៏សឹងតែជារឿងគ្រោះថ្នាក់ផង ព្រោះលោកអ្នកគ្មានអ្វីនឹងប៉ះ ដែលអាចយកដៃទៅចាប់តោងបាន ។ គ្រឿងប្រដាប់ទាំងអស់ ឈើច្រត់ទាំងអស់ តាមដែលលោកម៉ាទីនលូធើបានហៅ ត្រូវបានគេយកចេញ ហើយ លោកអ្នកស្ថិតនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួន និងជិតស្និទ្ធជាមួយព្រះអម្ចាស់តែប៉ុណ្ណោះ ជាទំនាក់ទំនងដែលគ្មានរូបរាង ។
លក្ខណៈពិសេសទីបីដែលខ្ញុំចង់ជម្រាបជូនអំពីការស្ដាប់ព្រះសូរសៀងរបស់ព្រះ គឺថា ជានិច្ចកាល ជា ពេលបច្ចុប្បន្ន ។ ការស្ដាប់ព្រះសូរសៀងរបស់ព្រះ មិនស្ថិតនៅក្នុងអតីតកាល ឬអនាគតកាលទេ គឺជានិច្ចកាល នៅពេលឥឡូវនេះឯង ។ មានតែពេលឥឡូវនេះប៉ុណ្ណោះ ដែលយើងអាចស្ដាប់ឮសំឡេងបាន ។ មានសៀវភៅ ដែលយើងយកមកអាន ហើយដាក់ចុះ រួចនិយាយថា ទុកនៅទីនោះហើយ ឬយើងអាចនិយាយថា «ស្អែក ខ្ញុំនឹងមើលទៀត» ។ ប៉ុន្តែសំឡេងមានតែនៅពេលឥឡូវនេះប៉ុណ្ណោះ សំឡេងគ្មានអតីតកាល ក៏គ្មានអនាគតកាល ដែរ ។ សំឡេងមានសម្រាប់យើងតែក្នុងពេលបច្ចុប្បន្នកាលប៉ុណ្ណោះ ។ អ្វីដែលខ្ញុំបានកត់សម្គាល់អំពីអ្នកកាន់ សាសនាគឺថា ពួកគេតែងតែគិតច្រើនអំពីអតីតកាល ឬអនាគតកាល ។ គ្រិស្តបរិស័ទ និយាយអំពីអ្វីដែលបាន កើតឡើងនៅសម័យរបស់លោកម៉ូសេ អ្វីដែលបានកើតឡើងនៅសម័យរបស់ព្រះយេស៊ូ ឬនៅសម័យរបស់លោក ពេត្រុស ។ ទាំងអស់នោះសុទ្ធតែនៅក្នុងអតីតកាល ។ ឬពួកគេនិយាយអំពីអ្វីដែលនឹងកើតឡើង នៅពេលដែល យើងទៅស្ថានសួគ៌ ។ នោះជាការប្រសើរហើយ ។ ខ្ញុំឯកភាពជាមួយនឹងការនោះ ប៉ុន្តែយើងមិនមែនកំពុងរស់ នៅក្នុងអតីតកាល ឬអនាគតកាលនោះទេ ។ យើងកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន ។ អ្នកកាន់សាសនាជាច្រើន ពិតជាពិបាកនឹងរស់នៅ ពីព្រោះអ្វីៗសម្រាប់ពួកគេ បើមិនមែនអតីតកាលទេ នោះជាអនាគតកាល ។ ប៉ុន្តែនៅ ពេលដែលលោកអ្នកដឹងច្បាស់ថា លោកអ្នកត្រូវមានទំនាក់ទំនងជាមួយព្រះ តាមរយៈការស្តាប់ព្រះសូរសៀងរបស់ព្រះអង្គ នោះបង្ខំលោកអ្នកឲ្យចូលមកក្នុងទំនាក់ទំនងបច្ចុប្បន្ន បទពិសោធន៍បច្ចុប្បន្ន ។
ជាការគួរឲ្យចាប់អារម្មណ៍ នៅពេលដែលព្រះអម្ចាស់បានលេចមកឯលោកម៉ូសេ នៅក្នុងទីរហោស្ថាន ហើយចាត់លោកឲ្យត្រឡប់ទៅជួយសង្គ្រោះជនជាតិរបស់លោក ចេញពីស្រុកអេស៊ីព្ទ លោកម៉ូសេមានសំណួរ មួយ ។ សំណួរនេះត្រូវបានកត់ត្រានៅក្នុងគម្ពីរនិក្ខមនំ ជំពូក ៣ ខ ១៣ និង ១៤៖
«ប៉ុន្តែលោកម៉ូសេទូលទៅព្រះថា៖ «ប្រសិនបើទូលបង្គំទៅជួបពួកកូនចៅអ៊ីស្រាអែល ហើយប្រាប់ថា ព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយគេសួរទូលបង្គំថា តើព្រះអង្គមានព្រះនាមអ្វី? តើទូលបង្គំត្រូវប្រាប់គេដូចម្ដេច?» ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងជាព្រះដ៏ជាព្រះ» ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះដ៏ជាព្រះ ទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា»។
លោកអ្នកឃើញទេ ព្រះដ៏ជាព្រះ (I am who I am) គឺជាបច្ចុប្បន្នកាល មិនមែនអតីតកាល ឬ អនាគតកាលទេ ។ ព្រះនាមរបស់ព្រះ គឺបច្ចុប្បន្នកាល ។ ព្រះកំពុងមានព្រះជន្មរស់នៅ នៅពេលឥឡូវនេះ ។ ទំនាក់ទំនងរបស់យើងជាមួយព្រះ ត្រូវតែពេលឥឡូវនេះ ហើយនៅពេលដែលយើងរៀនស្ដាប់ព្រះសូរសៀងរបស់ព្រះ យើងត្រូវមានទំនាក់ទំនងបច្ចុប្បន្នកាលផ្ទាល់ខ្លួនជាមួយព្រះអម្ចាស់ ។
អស់ពេលសម្រាប់ថ្ងៃនេះហើយ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកម្តងទៀតនៅថ្ងៃស្អែក ក្នុងពេលដដែលនេះ។ ថ្ងៃស្អែក ខ្ញុំនឹងពន្យល់អំពីរបៀបដែលការស្តាប់ព្រះសូរសៀងរបស់ព្រះបង្កើតជំនឿ។
កូដ: RP-R057-103-KHM










