រីករាយណាស់ដែលបានមកជួបលោកអ្នកជាថ្មីម្តងទៀត ដើម្បីចែកចាយជូនលោកអ្នកនូវសេចក្តីពិតដ៏មានតម្លៃពីព្រះគម្ពីរ ដែលបានធ្វើឲ្យជីវិតរបស់ខ្ញុំខុសគ្នារវាងជោគជ័យ និងបរាជ័យ ហើយក៏អាចធ្វើដូចគ្នានៅក្នុងជីវិតរបស់លោកអ្នកផងដែរ។

ថ្ងៃនេះ ខ្ញុំនឹងបន្តប្រធានបទដ៏គួរឲ្យរំភើប គឺ «ការស្តាប់ព្រះសូរសៀងរបស់ព្រះ»។

នៅក្នុងសេចក្តីផ្តើមរបស់ខ្ញុំម្សិលមិញ ខ្ញុំបានពន្យល់ថា ព្រះបានប្រព្រឹត្តនឹងមនុស្សជាតិតាមរបៀបផ្សេងៗគ្នា នៅគ្រាផ្សេងៗគ្នាក្នុងប្រវត្តិសាស្ត្រ។ តាមភាសាទេវវិទ្យា យើងហៅគ្រាផ្សេងៗគ្នាដែលព្រះបានប្រព្រឹត្តនឹងមនុស្សថាជា សម័យកាល ។

ខ្ញុំបានបង្ហាញជូនគំរូខ្លីៗមួយចំនួនអំពីសម័យកាលបុព្វបុរស ជាពេលដែលព្រះមានទំនាក់ទំនងជាមួយមនុស្ស និងបុគ្គល តាមរយៈទំនាក់ទំនងផ្ទាល់ខ្លួន ។ បន្ទាប់មក ជាសម័យកាលដែលព្រះបានដាក់ជនជាតិ អ៊ីស្រាអែលនៅក្រោមក្រឹត្យវិន័យ ហើយបានប្រព្រឹត្តនឹងពួកគេ តាមរយៈក្រឹត្យវិន័យ ហើយពួកគេមានព្រះវិហារ និងមានពួកសង្ឃ ។ ទីបី សម័យកាលដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ គឺជាសម័យកាលដំណឹងល្អ សម័យកាលប្រកាសអំពីព្រះប្រាប់ដល់មនុស្សជាតិទាំងអស់ ដែលតម្រូវឲ្យមានការឆ្លើយតបផ្ទាល់ខ្លួនពីមនុស្សម្នាក់ៗគ្រប់គ្នា ដែលបានឮដំណឹងល្អ ។

ប៉ុន្តែខ្ញុំក៏បានលើកឡើងផងដែរថា នៅក្នុងចំណោមភាពខុសប្លែកគ្នាទាំងនេះ មានលក្ខខណ្ឌមិនប្រែប្រួល មួយគឺថា៖ ស្ដាប់តាមព្រះសូរសៀងរបស់ព្រះ ។

ទាក់ទងនឹងចំណុចនេះ ខ្ញុំបានចែកចាយប្រាប់លោកអ្នកនូវបទគម្ពីរដ៏មានអំណាចមួយចំនួន ចេញពីសញ្ញាចាស់ ដែលខ្ញុំសូមដកស្រង់ម្តងទៀតដោយសង្ខេប ពីព្រោះបទគម្ពីរទាំងនេះ មានឥទ្ធិពលយ៉ាងខ្លាំង នៅពេលដាក់បញ្ចូលគ្នា ។

បទគម្ពីរទីមួយ នៅក្នុងនិក្ខមនំ ១៥:២៦៖

«ព្រះអង្គមានព្រះបន្ទូលថា៖ បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រព្រះអង្គ ព្រមទាំងផ្ទៀងត្រចៀកស្ដាប់តាមបទបញ្ជាព្រះអង្គ ក៏កាន់តាមច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចជាយើងបានធ្វើឲ្យកើតឡើងដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតយើងជាយេហូវ៉ា ជាព្រះដែលប្រោសអ្នករាល់គ្នាឲ្យជា»។

ប្រសិនបើលោកអ្នកយកចិត្តទុកដាក់ស្ដាប់ព្រះសូរសៀងព្រះអម្ចាស់ ជាព្រះរបស់លោកអ្នក នោះការធានាអះអាង គឺជាសុខភាពល្អពេញលេញជាដរាប ។ ព្រះអម្ចាស់ត្រឡប់ជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់លោកអ្នក ។

បន្ទាប់មក គឺជាពាក្យដែលព្រះអម្ចាស់បានមានបន្ទូលទៅកាន់អ៊ីស្រាអែលពីភ្នំស៊ីណាយ នៅពេលដែលព្រះអង្គបាននាំពួកគេមកដល់ទីនោះ ដើម្បីតាំងសេចក្តីសញ្ញាជាមួយព្រះអង្គ ។ សូមមើលនិក្ខមនំ ១៩:៥ និង ៦:

«ដូច្នេះ បើអ្នករាល់គ្នាស្ដាប់តាមពាក្យ (ព្រះសូរសៀង)របស់យើង ហើយកាន់តាមសេចក្ដីសញ្ញារបស់យើង នោះអ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើងផ្ទាល់ក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជារបស់យើង អ្នករាល់គ្នានឹងបានជានគរនៃពួកសង្ឃ និងជាសាសន៍បរិសុទ្ធដល់យើង»។

ព្រះជាម្ចាស់ចង់តាំងសញ្ញាជាមួយអ៊ីស្រាអែល ដើម្បីនាំពួកគេចូលទៅក្នុងទំនាក់ទំនងមួយដ៏ពិសេស ដើម្បីធ្វើឲ្យពួកគេក្លាយទៅជាប្រជារាស្ត្រដែលពិសេស ជានគរនៃពួកសង្ឃ ជាសាសន៍បរិសុទ្ធ ប៉ុន្តែលក្ខខណ្ឌគឺ៖ បើអ្នករាល់គ្នាស្ដាប់តាមព្រះសូរសៀងរបស់យើង ។

ក្រោយមក មុនពេលដែលអ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យា នៅក្នុងគម្ពីរចោទិយកថា ជំពូក ២៨ លោកម៉ូសេបានរំឭកអំពីលក្ខខណ្ឌរបស់ព្រះ និងអំពីលទ្ធផលដែលនឹងកើតឡើង ប្រសិនបើពួកគេធ្វើតាមលក្ខខណ្ឌរបស់ព្រះ ព្រមទាំងលទ្ធផលដែលនឹងកើតឡើងផងដែរ ប្រសិនបើពួកគេមិនធ្វើតាម ។ ចោទិយកថា ២៨:១ និង ២:

«ប្រសិនបើអ្នកខំប្រឹងស្ដាប់តាមព្រះបន្ទូល(ព្រះសូរសៀង)នៃព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជាដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងលើកអ្នកឡើងជាខ្ពស់ លើអស់ទាំងសាសន៍នៅលើផែនដី។ ព្រះពរទាំងអស់នេះនឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់ ប្រសិនបើអ្នកស្ដាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»

សូមកត់សម្គាល់ថា បទគម្ពីរនេះចាប់ផ្តើម និងបញ្ចប់ដោយការស្តាប់តាមព្រះសូរសៀងព្រះអម្ចាស់ ហើយលទ្ធផលគឺ៖ «ព្រះពរទាំងអស់នេះនឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់» ប៉ុន្តែ សេចក្តីដែលផ្ទុយ គឺចែងនៅក្នុង ចោទិយកថា ២៨:១៥ ៖

«ប៉ុន្តែ ប្រសិនបើអ្នកមិនស្ដាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយមិនប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជា និងច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះទេ នោះអស់ទាំងបណ្ដាសានេះនឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់»

ការមិនស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ នាំបណ្ដាសាទាំងអស់ធ្លាក់មកលើយើង។ ដូច្នេះ មានបន្ទាត់ខណ្ឌញែករវាងព្រះពរ និងបណ្ដាសា ។ ព្រះពរទាំងអស់ មានសម្រាប់អស់អ្នកដែលយកចិត្តទុកដាក់ស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ប៉ុន្តែដូចគ្នានេះដែរ បណ្តាសាទាំងអស់ មានសម្រាប់អស់អ្នកដែលមិនស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ។

ក្រោយមកទៀត តាមរយៈពួកហោរា ព្រះទ្រង់បានរំឭកអ៊ីស្រាអែលអំពីលក្ខខណ្ឌចម្បងនេះ ដែលព្រះអង្គបានកំណត់ជាលើកដំបូងដល់ពួកគេតាមរយៈលោកម៉ូសេ ហើយលក្ខខណ្ឌនោះត្រូវបានសង្ខេបយ៉ាងខ្លី យ៉ាងច្បាស់ យ៉ាងរស់រវើក នៅក្នុងគម្ពីរហោរាយេរេមា ជំពូក ៧ ខ ២២ និង ២៣ ដែលព្រះទ្រង់ស្ដីបន្ទោសអ៊ីស្រាអែល ដែលមិនបានយល់ពីអ្វីដែលព្រះអង្គបានទាមទារពីពួកគេ ហើយគេមិនបានស្តាប់បង្គាប់ព្រះអង្គ ។ ព្រះអង្គមានបន្ទូលយ៉ាងនេះថា៖

«ពីព្រោះនៅគ្រាដែលយើងបាននាំបុព្វបុរសអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះយើងមិនបាន និយាយនឹងគេ ឬបង្គាប់គេពីដំណើរតង្វាយដុត និងយញ្ញបូជាទេ (ព្រះមានបន្ទូលថា អ្នករាល់គ្នារវល់តែ នឹងតង្វាយដុត និងតង្វាយយញ្ញបូជា តែនោះមិនមែនជាការចម្បងដែលយើងទាមទារចង់បានពីអ្នករាល់គ្នានោះទេ គឺមានអ្វីម៉្យាងដែលសំខាន់លើសជាងនោះទៅទៀត។ ព្រះអង្គមានបន្ទូលទៀតថា) គឺយើងបានបង្គាប់សេចក្តីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យយើង នោះយើងនឹងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង»។

ខ្ញុំជឿថា សេចក្តីនោះអាចសង្ខេបមកយ៉ាងសាមញ្ញ និងយ៉ាងច្បាស់ថា៖ «ចូរស្តាប់បង្គាប់តាមព្រះសូរសៀងរបស់យើង នោះយើងនឹងធ្វើជាព្រះរបស់អ្នក» ។

ប៉ុន្តែអ៊ីស្រាអែលមិនបានធ្វើតាមអ្វីដែលព្រះទាមទារចង់បាននោះទេ ។ ដូច្នេះ លោកយេរេមាបន្តនៅក្នុងជំពូក ៧ ខ ២៤ ជាខបន្ទាប់ថា៖

«ប៉ុន្តែគេមិនបានស្ដាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង គឺគេបានដើរតាមតែគំនិតរបស់ខ្លួនគេ និងសេចក្តីរឹងចចេសក្នុងចិត្តអាក្រក់របស់គេវិញ គេបានថយក្រោយឥតជឿនទៅខាងមុខទេ»។

តើបញ្ហាធំរបស់អ៊ីស្រាអែលជាអ្វី? យើងអាចប្រាប់បានពីសញ្ញាណខាងក្រៅជាច្រើនរបស់បញ្ហា ប៉ុន្តែ ចំណុចសំខាន់ខាងក្នុងរបស់បញ្ហា ត្រូវបានប្រាប់នៅទីនេះថា៖ «គេមិនបានស្ដាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង» ។ សូមកត់សម្គាល់អំពីបញ្ហាដែលទាក់ទងនឹងអ្វីដែលពួកគេស្ដាប់ ។ ពួកគេមិនបានស្ដាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង ។ ពួកគេមិនបានស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេទេ ។ ពួកគេមិនបានទទួលយកអ្វីដែលព្រះទ្រង់មានសម្រាប់ពួកគេទេ ពួកគេបានមើលរំលងគោលបំណង និងផែនការទាំងមូលរបស់ព្រះ ។

លោកអ្នកនៅចាំទេ ព្រះទ្រង់មានបន្ទូលនៅក្នុងនិក្ខមនំ ១៩ ថា៖ «ប្រសិនបើអ្នកស្ដាប់បង្គាប់តាម ព្រះសូរសៀងរបស់យើង នោះអ្នកនឹងបានជាទ្រព្យសម្បត្តិដ៏វិសេស អ្នករាល់គ្នានឹងបានជានគរនៃពួកសង្ឃ ជាសាសន៍បរិសុទ្ធ ប៉ុន្តែលក្ខខណ្ឌសំខាន់មួយគឺថា អ្នកត្រូវស្ដាប់ ហើយធ្វើតាមព្រះសូរសៀងរបស់យើង» ។ «ចូរ ស្ដាប់បង្គាប់តាមព្រះសូរសៀងរបស់យើង នោះយើងនឹងធ្វើជាព្រះរបស់អ្នក» ។ ខ្ញុំចង់និយាយទៅកាន់លោកអ្នក ដោយសង្កត់ធ្ងន់នៅថ្ងៃនេះថា៖ ប្រសិនបើលោកអ្នក ចង់ធ្វើជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ចង់ដើរតាមផ្លូវរបស់ព្រះអង្គ ចង់បានព្រះពររបស់ព្រះអង្គ នេះជាអ្វីដែលព្រះអង្គកំពុងប្រាប់លោកអ្នកហើយ គឺដូចដែលព្រះអង្គបានប្រាប់ពួកអ៊ីស្រាអែល ថា៖ «ចូរស្ដាប់បង្គាប់តាមព្រះសូរសៀងរបស់យើង នោះយើងនឹងធ្វើជាព្រះរបស់អ្នក» ។

ឥឡូវនេះ យើងបន្តទៅមើលសេចក្តីបង្រៀនរបស់ព្រះយេស៊ូ នៅក្នុងសញ្ញាថ្មី ហើយខ្ញុំចង់ឲ្យលោកអ្នក មើលឃើញថា នៅក្នុងផ្នែកដ៏សំខាន់ ដែលជាការស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់នេះ គ្មានអ្វីបានផ្លាស់ប្ដូរទេ ។ អ្វីៗផ្សេងទៀតបានផ្លាស់ប្តូរ ប៉ុន្តែលក្ខខណ្ឌដ៏សំខាន់នេះ នៅតែដដែល មិនផ្លាស់ប្តូរឡើយ ។ សូមស្តាប់ខគម្ពីរខ្លះ ចេញពីជំពូក ១០ នៅក្នុងគម្ពីរដំណឹងល្អយ៉ូហាន ដែលព្រះយេស៊ូបង្ហាញអង្គទ្រង់ដល់ប្រជារាស្ត្ររបស់ព្រះអង្គថា ទ្រង់ជាគង្វាលល្អ ។ នេះជាអ្វីដែលព្រះអង្គមានបន្ទូលអំពីទំនាក់ទំនងរវាងគង្វាល និងចៀមរបស់ខ្លួន គឺរវាងព្រះអម្ចាស់ និងអស់អ្នកដែលជាប្រជារាស្ត្ររបស់ព្រះអង្គ ។ យ៉ូហាន ១០ ខ ៣ ដល់ ខ ៥៖

«ឆ្មាំទ្វារបើកទ្វារឲ្យអ្នកនោះ (គឺជាគង្វាល) ហើយចៀមស្ដាប់តាមសំឡេងគាត់ដែរ គាត់ហៅចៀមតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ។ (តើអ្វីជាសញ្ញាសម្គាល់ចៀមរបស់ព្រះយេស៊ូ? គឺពួកគេស្ដាប់តាមសំឡេងរបស់គង្វាល។ ខបន្ទាប់) ពេលគាត់បញ្ចេញចៀមខ្លួនទៅក្រៅអស់ហើយ គាត់ដើរមុនវា ហើយចៀមក៏ដើរតាមក្រោយគាត់ ព្រោះវាស្គាល់សំឡេងគាត់ (តើអ្វីជាមូលដ្ឋានគ្រឹះដ៏អស្ចារ្យនៃទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់យេស៊ូវ? យើងដើរតាមព្រះអង្គ។ ហេតុអ្វី? ពីព្រោះយើងស្គាល់សំឡេងរបស់ព្រះអង្គ។ ខបន្ទាប់)។ វាមិនព្រមតាមអ្នកណាផ្សេងទេ វានឹងរត់ចេញពីគេ ព្រោះមិនស្គាល់សំឡេងរបស់អ្នកដទៃណាឡើយ»។

អ្វីៗទាំងអស់សុទ្ធតែទាក់ទងនឹងការស្ដាប់ និងការស្គាល់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ។ ចៀមរបស់ព្រះអង្គ ប្រជារាស្ត្ររបស់ព្រះអង្គ ស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ស្គាល់ព្រះសូរសៀងរបស់ព្រះអង្គ ហើយដើរតាមព្រះអង្គ ។ ពួកគេនឹងមិនដើរតាមពួកបោកបញ្ឆោតទេ ។ ពួកគេនឹងមិនដើរតាមពួកហោរាក្លែងក្លាយ និងគ្រូបង្រៀនក្លែងក្លាយទេ ពីព្រោះនោះមិនមែនជាព្រះសូរសៀងរបស់ព្រះអម្ចាស់ ។ ពួកគេស្គាល់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ពួកគេមិនចាញ់បញ្ឆោតពួកគ្រូក្លែងក្លាយទេ ។

បន្ទាប់មក នៅក្នុងយ៉ូហាន ១០:១៦ គឺបន្តិចក្រោយមកទៀត ព្រះយេស៊ូទ្រង់មានបន្ទូលរហូតមកដល់ពេលនេះ អំពីអស់អ្នកដែលជឿដល់ព្រះអង្គ នៅក្នុងចំណោមពួកអ៊ីស្រាអែល ។ ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបន្តមានបន្ទូលទៅកាន់មនុស្សដែលមកពីជាតិសាសន៍ផ្សេងៗទៀត ។ ព្រះអង្គមានបន្ទូលថា៖

«ខ្ញុំនៅមានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ (គឺមិនមែនក្រោលយូដា) ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ វានឹងស្ដាប់តាមសំឡេងខ្ញុំ។ ដូច្នេះ នឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ»។

ម្តងទៀតហើយ តើអ្វីទៅដែលនឹងទាញនាំអ្នកជឿពីក្នុងចំណោមសាសន៍ដទៃទាំងអស់ ឲ្យមកឯព្រះយេស៊ូ? តើពួកគេចូលមកឯព្រះអង្គដោយរបៀបណា? បទគម្ពីរប្រាប់ថា៖ «ពួកគេនឹងស្ដាប់តាមសំឡេងខ្ញុំ» ។ នោះហើយជាសញ្ញាសម្គាល់ដ៏ពិសេសរបស់អស់អ្នកដែលចូលមកឯព្រះយេស៊ូ ។ ខ្ញុំគិតថា គួរឲ្យចាប់អារម្មណ៍ណាស់នៅក្នុងបរិបទនេះ ដែលបទគម្ពីរនេះប្រាប់ថា៖ «ពួកគេនឹងត្រឡប់ជាហ្វូងចៀមតែមួយ មានគង្វាលតែមួយ» ។ តើអ្វីជាវិធីនាំឲ្យគ្រិស្តបរិស័ទរួបរួមគ្នា? ខ្ញុំមិនជឿថាជាក្រុម ឬការពិភាក្សាគោលលទ្ធិ ឬទេវសាស្ត្រនោះទេ ។ ខ្ញុំជឿថា ការរួបរួមគ្នាកើតឡើង នៅពេលដែលយើងទាំងអស់គ្នារៀនស្តាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ។ ព្រះយេស៊ូមានបន្ទូលថា៖ «ពួកគេនឹងស្ដាប់តាមសំឡេងខ្ញុំ ។ ដូច្នេះ នឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ» ។ តើដោយរបៀបណា? គឺតាមរយៈការស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ។

សេចក្ដីទាំងនោះ ត្រូវបានសង្ខេបនៅក្នុងយ៉ូហាន ១០:២៧ ។ ព្រះយេស៊ូមានបន្ទូលដូច្នេះម្ដងទៀតថា៖

«ចៀមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះដែរ ហើយចៀមទាំងនោះមកតាមខ្ញុំ»។

មានការបីយ៉ាងដែលដៅសម្គាល់ពួកអ្នកដើរតាមព្រះអម្ចាស់ពិតប្រាកដ អ្នកដែលជាសិស្សពិតរបស់ព្រះអង្គ ជាប្រជារាស្ត្ររបស់ព្រះអង្គ ។ ទីមួយ ពួកគេស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ។ ទីពីរ ព្រះអង្គស្គាល់ពួកគេ ។ ទីបី ពួកគេដើរតាមព្រះអង្គ ។ លោកអ្នកឃើញទេ នោះមិនមែនជាឈ្មោះនិកាយទេ ។ ព្រះយេស៊ូមិនមែនកំពុងមានបន្ទូលអំពីនិកាយកាតូលិក ប្រូតេស្តង់ បាបទីស្ទ មេតូឌីស ប្រេសប៊ីតេរាន ឬប៉ង់តាកូសទេ។ ព្រះអង្គមិនបានមានបន្ទូលថា៖ «ប្រជារាស្ត្ររបស់ខ្ញុំមកពីនិកាយ ឬក្រុម» ណាមួយនោះទេ ប៉ុន្តែព្រះអង្គកំពុងមានបន្ទូលថា៖ «សញ្ញាសម្គាល់ពិសេសនៃប្រជារាស្ត្ររបស់ខ្ញុំ ដែលធ្វើឲ្យពួកគេមានលក្ខណៈពិសេសនៅក្នុងសាសន៍ដទៃទៀត ដែលធ្វើឲ្យខុសប្លែកពីអ្នកដទៃ ដែលធ្វើឲ្យពួកគេជាកម្មសិទ្ធិរបស់ខ្ញុំ គឺពួកគេស្ដាប់តាមសំឡេងខ្ញុំ ខ្ញុំស្គាល់ពួកគេ ហើយពួកគេដើរតាមខ្ញុំ» ។ ប្រាកដណាស់ យើងយល់ច្បាស់ថា នៅសម័យកាលព្រះគម្ពីរ ទឹកដីក្នុងព្រះគម្ពីរ គង្វាលមិនដេញចៀមរបស់ខ្លួនពីក្រោយទេ គេនាំមុខចៀម គឺគេនាំមុខដោយសារសំឡេងរបស់គេ ។ ចៀមមិនបានដើរតាមគង្វាលដោយសម្លឹងមើលទេ ។ សំខាន់ ចៀមបានដើរតាមគង្វាលដោយស្ដាប់សំឡេងរបស់គង្វាល ហើយពួកវាតែងតែទៅកន្លែងដែលពួកវាបានឮសំឡេងរបស់អ្នកឃ្វាល ។

ដូច្នេះ លោកអ្នកឃើញហើយ ប្រសិនបើលោកអ្នកអនុវត្តការប្រៀបធៀបនោះ ដែលជាការប្រៀបធៀបស្របតាមព្រះគម្ពីរ លោកអ្នកមិនអាចដើរតាមព្រះអម្ចាស់បានទេ ដរាបទាល់តែលោកអ្នកស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ គឺត្រូវតែតាមរយៈការស្ដាប់ព្រះសូរសៀងព្រះអង្គ ។

ខ្ញុំសូមនិយាយសេចក្តីនេះដោយសេចក្តីស្រឡាញ់ ។ ព្រះយេស៊ូមិនបានមានបន្ទូលថា៖ «ចៀមរបស់ខ្ញុំ អានព្រះគម្ពីរ» នោះឡើយ ។ ការអានព្រះគម្ពីរជារឿងសំខាន់ ប៉ុន្តែមិនគ្រប់គ្រាន់ទេ ពីព្រោះមានមនុស្សជាច្រើនអានព្រះគម្ពីរ ប៉ុន្តែមិនបានឮព្រះសូរសៀងព្រះអម្ចាស់ទេ ។ ការអានព្រះគម្ពីរ មិនអាចជួយយើងឲ្យដើរតាមព្រះអង្គបានទេ តែជាការស្តាប់ព្រះសូរសៀងរបស់ព្រះអង្គវិញ ។ «ចៀមរបស់ខ្ញុំតែងស្តាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ» ។

អស់ពេលសម្រាប់ថ្ងៃនេះហើយ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកម្តងទៀតនៅថ្ងៃស្អែក ក្នុងពេលដដែលនេះ។ ថ្ងៃស្អែក ខ្ញុំនឹងពន្យល់អំពីលក្ខណៈពិសេសបីនៃការស្តាប់ព្រះសូរសៀងរបស់ព្រះ។