រីករាយណាស់ដែលបានមកជួបលោកអ្នកជាថ្មីម្តងទៀតនៅដើមសប្តាហ៍ថ្មីនេះ ដើម្បីនឹងចែកចាយជូន លោកអ្នកនូវគន្លឹះដ៏សំខាន់ដើម្បីរស់នៅមានជោគជ័យ ជាអ្វីដែលព្រះជាម្ចាស់បានដាក់នៅក្នុងដៃរបស់ខ្ញុំ តាម រយៈបទពិសោធន៍ផ្ទាល់ខ្លួន និងការបម្រើព័ន្ធកិច្ចអស់រយៈពេលជាច្រើនឆ្នាំ ។

ប្រធានបទរបស់ខ្ញុំសម្រាប់សប្តាហ៍នេះគឺ «ការស្តាប់ព្រះសូរសៀងរបស់ព្រះ»។ ខ្ញុំជឿថា លោកអ្នកនឹងយល់ឃើញថា ប្រធានបទនេះគួរឲ្យរំភើប និងបំផុសគំនិត។

ប៉ុន្តែជាមុនសិន ខ្ញុំសូមថ្លែងអំណរគុណដល់លោកអ្នកទាំងឡាយដែលបានសរសេរមកខ្ញុំ។ មុនពេលបញ្ចប់ការចែកចាយនេះ យើងនឹងជូនអាសយដ្ឋានប្រៃសណីយ៍មួយដែលលោកអ្នកអាចសរសេរមកបាន។ ការបានដឹងថា កម្មវិធីវិទ្យុរបស់ខ្ញុំបានជួយ និងប្រទានពរដល់លោកអ្នក មានន័យយ៉ាងខ្លាំងសម្រាប់ខ្ញុំ។ ដូច្នេះ សូមចំណាយពេលសរសេរមក ទោះបីជាគ្រាន់តែជាសារខ្លីមួយក៏ដោយ។

ឥឡូវនេះ សូមត្រឡប់មកកាន់ប្រធានបទរបស់យើងវិញ៖ «ការស្តាប់ព្រះសូរសៀងរបស់ព្រះ»។

ព្រះគម្ពីរបង្ហាញប្រាប់ថា ព្រះទ្រង់ប្រព្រឹត្តនឹងមនុស្សជាតិ តាមរបៀបផ្សេងៗគ្នា ក្នុងគ្រាផ្សេងៗគ្នា នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ។ របៀបប្រព្រឹត្តផ្សេងៗគ្នារបស់ព្រះជាមួយមនុស្សជាតិ ក្នុងគ្រាផ្សេងៗគ្នា ដែលតាមទេវសាស្ត្រសម្រាប់គ្រានីមួយៗនោះ ត្រូវបានគេហៅថា «សម័យកាល» ។ ដូច្នេះ ខ្ញុំកំពុងតែនិយាយថា ក្នុងអំឡុងពេលប្រវត្តិសាស្ត្រមនុស្សជាតិដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ យើងរកឃើញសម័យកាលផ្សេងៗគ្នាជាច្រើន គឺជាគ្រាផ្សេងៗគ្នា ដែលព្រះបានប្រព្រឹត្តនឹងមនុស្ស តាមរបៀបមួយជាក់លាក់ ។ ក្រោយមក ព្រះអង្គបានផ្លាស់ប្តូររបៀបប្រព្រឹត្តរបស់ព្រះអង្គ ។ យើងហៅការផ្លាស់ប្តូរនោះថាជាការផ្លាស់ប្តូរពី សម័យកាលមួយ ទៅសម័យកាលមួយ ។ នោះជាពាក្យបច្ចេកទេសខាងទេវសាស្ត្រ ។ ខ្ញុំនិយាយដូច្នេះ ពីព្រោះខ្ញុំចង់ចង្អុលបង្ហាញហេតុការណ៍ពិតខ្លះអំពីសម័យកាលផ្សេងៗ របៀបផ្សេងៗដែលសម័យទាំងនោះខុសប្លែកគ្នា ហើយបន្ទាប់មក មានរបៀបមួយដ៏សំខាន់ដែលសម័យកាលទាំងនោះមិនខុសគ្នា ។

ឥឡូវនេះ សូមយើងលើកយកសម័យកាលធំៗបី ដែលត្រូវបានគេទទួលស្គាល់ជាទូទៅនៅក្នុងព្រះគម្ពីរ ។ ទីមួយគឺជាសម័យកាលបុព្វបុរស ។ នោះមានន័យថា «ពួកបុព្វបុរស» របស់មនុស្សនៅក្នុងគ្រួសារ ដូចជាលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ហើយមុនពួកលោកទៅទៀតនោះ ដូចជាលោកអេណុក និងលោកណូអេ ។ នៅគ្រានោះ នៅសម័យកាលនោះ ព្រះបានប្រព្រឹត្តជាចម្បងជាមួយបុគ្គល និងជាមួយគ្រួសាររបស់ពួកគេ ហើយពួកគេទាក់ទងផ្ទាល់ជាមួយព្រះ ។

បន្ទាប់មក ចូលដល់សម័យកាលដែលជាញឹកញាប់ត្រូវបានគេហៅថា សម័យកាលក្រឹត្យវិន័យ ជាពេល ដែលព្រះបានចាប់ផ្តើមប្រព្រឹត្តនឹងអ៊ីស្រាអែលយ៉ាងជាក់លាក់ ក្នុងនាមជាប្រទេសមួយ ជាលក្ខណៈរួមមួយ ហើយព្រះអង្គបានដាក់ពួកគេនៅក្រោមក្រឹត្យវិន័យដ៏ពិសេសមួយ គឺពិសេសសម្រាប់អ៊ីស្រាអែល និងជាក្រឹត្យវិន័យដែលមិនមែនសម្រាប់សាសន៍ដទៃទៀតអនុវត្ត ។ នៅក្នុងអំឡុងគ្រានេះ សម័យកាលនេះ ភាគច្រើន ជនជាតិអ៊ីស្រាអែលមានព្រះវិហារ និងពួកសង្ឃ ។ ដូច្នេះ លក្ខណៈលេចធ្លោរបស់សម័យកាលនោះ គឺជាក្រឹត្យវិន័យ ព្រះវិហារ និងពួកសង្ឃ ។

ឥឡូវនេះ ចូលមកដល់អ្វីដែលយើងហៅថា សម័យកាលដំណឹងល្អ ដែលមានការប្រកាសប្រាប់មនុស្សជាតិទាំងមូលដោយមិនប្រកាន់ពណ៌សម្បុរ ឬជាតិសាសន៍ ហើយការប្រកាសដំណឹងល្អតម្រូវឲ្យមានការឆ្លើយតបផ្ទាល់ខ្លួនពីមនុស្សម្នាក់ៗ ។

ដូច្នេះ លោកអ្នកឃើញហើយ យើងអាចសង្កេតស្គាល់សម័យកាលធំៗទាំងបីបាន គឺសម័យកាលបុព្វបុរស សម័យកាលអ៊ីស្រាអែលនៅក្រោមក្រឹត្យវិន័យ និងសម័យកាលដំណឹងល្អដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ ។ ដូចដែលខ្ញុំបានជម្រាបជូនរួចមកហើយ លក្ខខណ្ឌរបស់ព្រះនៅក្នុងសម័យកាលទាំងបីនេះខុសគ្នា ប៉ុន្តែនៅក្នុង ចំណោមភាពខុសប្លែកទាំងនោះ មានលក្ខខណ្ឌមួយដែលមិនប្រែប្រួល ជាការមួយដែលព្រះទ្រង់តែងតែទាមទារជានិច្ច ។ ខ្ញុំមិនដឹងថា លោកអ្នកស្គាល់ការនោះជាអ្វី ឬក៏យ៉ាងណាទេ ។ ខ្ញុំមិនដឹងថាលោកអ្នកអាចយល់ពីអ្វី ដែលខ្ញុំមាននៅក្នុងគំនិត ឬក៏យ៉ាងណាទេ ។ ខ្ញុំជឿថា ការដែលយើងមើលឃើញការនេះ សំខាន់ខ្លាំងណាស់ ។ ខ្ញុំជឿថា លក្ខខណ្ឌដែលមិនប្រែប្រួលពីសម័យកាលមួយ ទៅសម័យកាលមួយ គឺជាលក្ខខណ្ឌដែលតម្រូវឲ្យស្ដាប់តាមព្រះសូរសៀងរបស់ព្រះ ។ នោះជាអ្វីដែលដៅសម្គាល់អស់អ្នកដែលជារបស់ព្រះ ហើយធ្វើឲ្យពួកគេខុសប្លែកពីមនុស្សដទៃទៀត គឺថា ពួកគេរៀនស្ដាប់ព្រះសូរសៀងរបស់ព្រះ ។

ឥឡូវនេះ ខ្ញុំចង់លើកយកគំរូខ្លះចេញពីសម័យកាលបុព្វបុរស គឺចេញពីប្រាំកណ្ឌដំបូងរបស់លោកម៉ូសេ ដែលសុទ្ធតែបង្ហាញអំពីសារៈសំខាន់យ៉ាងអស្ចារ្យនៃការស្ដាប់ព្រះសូរសៀងរបស់ព្រះ ។

គំរូទីមួយ រកឃើញនៅក្នុងនិក្ខមនំ ១៥:២៦ ដែលអ៊ីស្រាអែលបានមកដល់កន្លែងមួយក្នុងដំណើរឆ្លងកាត់ ទីរហោស្ថាន ហើយនៅទីនោះ ពួកគេស្រេកទឹកយ៉ាងខ្លាំង ។ មានទឹកនៅកន្លែងមួយហៅថា ម៉ារ៉ា ប៉ុន្តែនៅពេលដែលពួកគេចង់ផឹកទឹកនោះ ពួកគេមិនអាចផឹកបានទេ ពីព្រោះទឹកនោះល្វីង។ លោកម៉ូសេក៏បានអធិស្ឋានដល់ព្រះអម្ចាស់ ហើយព្រះអម្ចាស់បានបង្ហាញលោកឲ្យឃើញកំណាត់ឈើមួយ។ នៅពេលដែលលោកបោះ កំណាត់ឈើនោះទៅក្នុងទឹក ទឹកនោះក៏បានជា ហើយបណ្តាជនអាចផឹកបាន។ នៅក្នុងបរិបទនេះ ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេយ៉ាងនេះថា៖

«បើអ្នករាល់គ្នាយកចិត្តទុកស្ដាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រព្រះអង្គ ព្រមទាំងផ្ទៀងត្រចៀកស្ដាប់តាមបទបញ្ជាព្រះអង្គ ក៏កាន់តាមច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចជាយើងបានធ្វើ ឲ្យកើតឡើងដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតយើងជាយេហូវ៉ា ជាព្រះដែលប្រោសអ្នករាល់គ្នាឲ្យជា»។

តើលក្ខខណ្ឌចម្បងនោះជាអ្វី? «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជា ព្រះរបស់អ្នករាល់គ្នា» ។ ភាសាហេព្រើរចែងថា៖ «បើអ្នករាល់គ្នាព្រមស្ដាប់ ដោយផ្ទៀងស្ដាប់» ។ នេះមាន ន័យថា យើងត្រូវស្ដាប់ព្រះសូរសៀងរបស់ព្រះ ដោយត្រចៀកទាំងពីររបស់យើង ទាំងខាងឆ្វេង ទាំងខាងស្ដាំ ។ នោះហើយដែលព្រមស្ដាប់ ដោយផ្ទៀងស្ដាប់ ។ ព្រះទ្រង់មានបន្ទូលទៅកាន់អ៊ីស្រាអែលទៀតថា៖ «បើអ្នករាល់គ្នាធ្វើបែបនោះ អ្នករាល់គ្នានឹងមិនឈឺទេ យើងនឹងធ្វើឲ្យអ្នករាល់គ្នាមានសុខភាពល្អ ។ យើងនឹងធ្វើជាគ្រូពេទ្យរបស់អ្នករាល់គ្នា ។ យើងនឹងទទួលខុសត្រូវចំពោះសុខុមាលភាពខាងសាច់ឈាមរបស់អ្នករាល់គ្នា» ។

មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ខ្ញុំបានឈឺដេកពេទ្យ ហើយក្រុមគ្រូពេទ្យមិនអាចព្យាបាលខ្ញុំឲ្យជាបាន ។ នៅពេលនោះ ខ្ញុំត្រូវស្វែងរកព្រះអំពីរបៀបដែលខ្ញុំអាចទទួលបានការប្រោសឲ្យជាពីព្រះអង្គ ។ នៅពេលដែលខ្ញុំសិក្សាបទគម្ពីរនៅក្នុងបរិបទនោះ ខ្ញុំបានរកឃើញថា សឹងតែគ្រប់កន្លែងដែលព្រះមានបន្ទូលអំពីការប្រោសឲ្យជា សុទ្ធតែមានការសង្កត់ធ្ងន់ទៅលើអ្វីដែលយើងស្ដាប់ ដូចជានៅចំណុចនេះជាដើម៖ «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតមានជំងឺរោគាណាមួយ ឡើយ» ។ ខ្ញុំជឿថា សេចក្តីនេះពិតជាត្រូវណាស់សព្វថ្ងៃ យើងទាំងអស់គ្នាដែលរៀនស្តាប់ព្រះជាម្ចាស់ដោយត្រចៀកទាំងពីរ គឺស្ដាប់ព្រះសូរសៀងរបស់ព្រះ ហើយស្ដាប់បង្គាប់ព្រះអង្គ យើងពិតជាអាចរស់នៅរួចផុតពីជំងឺ គ្រោះកាច និងបញ្ហាដទៃទៀតជាច្រើន ។

បន្តិចក្រោយមកទៀត នៅក្នុងគម្ពីរនិក្ខមនំ ជំពូក ១៩ ពេលអ៊ីស្រាអែលបានមកដល់ជើងភ្នំស៊ីណាយ លោកម៉ូសេបានឡើងទៅលើភ្នំ ហើយព្រះអម្ចាស់បានមានបន្ទូលមកកាន់លោក ប្រទានឲ្យលោកនូវរាជសារសម្រាប់ពួកកូនចៅអ៊ីស្រាអែល ហើយនេះជាអ្វីដែលព្រះអម្ចាស់បានប្រាប់លោកម៉ូសេ ឲ្យប្រាប់ពួកអ៊ីស្រាអែល ។ និក្ខមនំ ១៩:៣-៦:

«អ្នកត្រូវនិយាយទៅកាន់ពួកវង្សយ៉ាកុប ហើយប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា អ្នករាល់គ្នាបានឃើញ កិច្ចការទាំងប៉ុន្មានដែលយើងធ្វើដល់សាសន៍អេស៊ីព្ទ និងការដែលយើងបានទ្រអ្នករាល់គ្នាលើស្លាបឥន្ទ្រី នាំមកឯយើងហើយ។ ដូច្នេះ បើអ្នករាល់គ្នាស្ដាប់តាមពាក្យរបស់យើង ហើយកាន់តាមសេចក្តីសញ្ញារបស់យើង នោះអ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើងផ្ទាល់ ក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជារបស់យើង អ្នករាល់គ្នានឹងបានជានគរនៃពួកសង្ឃ និងជាសាសន៍បរិសុទ្ធដល់យើង» ។

សូមកត់សម្គាល់ម្តងទៀតអំពីការសង្កត់ធ្ងន់ជាចម្បង ហើយជាលក្ខខណ្ឌទីមួយ៖ «បើអ្នករាល់គ្នាស្តាប់តាម ពាក្យរបស់យើង នោះបំណងរបស់យើងនឹងបានសម្រេចសម្រាប់អ្នករាល់គ្នា អ្នករាល់គ្នានឹងក្លាយជាប្រជារាស្ត្រដ៏ពិសេស ខុសប្លែកពីសាសន៍ដទៃទៀតទាំងអស់ គឺរស់នៅមានខ្នាតមួយដែលខ្ពស់ជាងគេ មានការផ្គត់ផ្គង់ និងព្រះពរដែលសាសន៍ដទៃទៀតមិនបានស្គាល់ តែលក្ខខណ្ឌចម្បងនោះគឺ បើអ្នករាល់គ្នាស្តាប់តាមព្រះសូរសៀងរបស់យើង» ។

ខ្ញុំចង់បញ្ជាក់ប្រាប់ឃ្លាបី អំពីទំនាក់ទំនងរបស់ព្រះជាមួយអ៊ីស្រាអែល ដូចដែលបានបង្ហាញប្រាប់នៅក្នុង បទគម្ពីរនេះ ។ ទីមួយ ព្រះទ្រង់មានបន្ទូលថា ព្រះអង្គបាននាំអ៊ីស្រាអែលមកឯព្រះអង្គ ។ នោះជាគោលបំណងចម្បងនៃការប្រោសលោះ គឺចូលមកឯព្រះ ដោយផ្ទាល់ ។ ទីពីរ ព្រះអង្គមានបន្ទូលថា៖ «យើងចង់ឲ្យអ្នករាល់គ្នាស្ដាប់បង្គាប់តាមព្រះសូរសៀងរបស់យើង» នោះជាអ្វីដែលនាំយើងបញ្ចូលទៅក្នុងការផ្គត់ផ្គង់របស់ព្រះ ។ ទីបី ព្រះអង្គមានបន្ទូលថា៖ «បើអ្នករាល់គ្នាកាន់តាមសេចក្តីសញ្ញារបស់យើង» ។ សេចក្តីសញ្ញារបស់ព្រះ គឺជារបៀបដែលព្រះអង្គតាំងឡើង ហើយសម្រេចកិច្ចការរបស់ព្រះអង្គជាមួយមនុស្ស ។ ទីបួន ព្រះអង្គមានបន្ទូលថា៖ «អ្នករាល់គ្នានឹងបានជានគរនៃពួកសង្ឃ» ។ លោកអ្នកនឹងក្លាយជាប្រជារាស្ត្រដ៏ពិសេស មានពរលើសជាងសាសន៍ដទៃទៀតទាំងអស់ ខុសប្លែកពីសាសន៍ដទៃទៀតទាំងអស់ ។ លំដាប់លំដោយជាបន្តបន្ទាប់នោះគឺ៖ នាំមកឯព្រះ ស្ដាប់បង្គាប់តាមព្រះសូរសៀងរបស់ព្រះអង្គ កាន់តាមសេចក្ដីសញ្ញារបស់ព្រះអង្គ ហើយយ៉ាងនោះលោកអ្នកនឹងក្លាយមកជានគរនៃពួកសង្ឃ (រាជ្យនៃពួកសង្ឃ) ។

ឥឡូវនេះ ខ្ញុំចង់បន្តទៅគម្ពីរទីប្រាំនៅក្នុងបញ្ចកណ្ឌ គឺគម្ពីរចោទិយកថា ហើយខ្ញុំចង់អានពីរបីខចេញពី ជំពូក ២៨ ។ ទាំងនេះជាពាក្យរបស់លោកម៉ូសេ ថ្លែងទៅកាន់ពួកអ៊ីស្រាអែល មុនពេលពួកគេចូលទៅក្នុងស្រុកកាណាន ជាទឹកដីដែលព្រះប្រទានដល់ពួកគេជាមរតក ។ ពាក្យទាំងនេះ ជាសេចក្ដីសង្ខេបលក្ខខណ្ឌរបស់ព្រះដល់ពួកគេ ។ ជាថ្មីម្តងទៀតហើយ ការមួយដែលត្រូវបានសង្កត់ធ្ងន់បំផុតគឺ ការស្តាប់ព្រះសូរសៀងរបស់ព្រះ ។ ជំពូកនេះដាក់ចេញនូវការខុសគ្នាពីរ ដែលអាចធ្លាក់មកលើពួកអ៊ីស្រាអែល ។ ទីមួយ គឺជាព្រះពរសម្រាប់ការស្ដាប់បង្គាប់ ទីពីរគឺជាបណ្ដាសាសម្រាប់ការមិនស្ដាប់បង្គាប់។ ក្នុងករណីនីមួយៗ ទោះជាព្រះពរក្ដី ឬជាបណ្តាសាក្តី គឺសុទ្ធតែកំណត់ដោយការស្តាប់ ឬមិនស្តាប់តាមព្រះសូរសៀងរបស់ព្រះ ។ សូមស្តាប់ពីរខដំបូង៖

«ប្រសិនបើអ្នកខំប្រឹងស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជាដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹង លើកអ្នកឡើងជាខ្ពស់លើអស់ទាំងសាសន៍នៅលើផែនដី។ ព្រះពរទាំងអស់នេះនឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់ ប្រសិនបើអ្នកស្ដាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។ (RKOV)

សូមកត់សម្គាល់ បទគម្ពីរនេះចាប់ផ្តើម និងបញ្ចប់ដោយការខំប្រឹងស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយលទ្ធផលនៃការខំប្រឹងស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ គឺ «ព្រះពរទាំងអស់នេះនឹងធ្លាក់មកលើពួកគេ ហើយតាមពួកគេជាប់» ។

ឥឡូវនេះ សូមមើលផ្នែកម្ខាងទៀតនៃរូបភាពនេះ នៅក្នុងជំពូកដដែល គឺជំពូក ២៨ ខ ១៥:

«ប៉ុន្តែ ប្រសិនបើអ្នកមិនស្ដាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយមិនប្រយ័ត្ននឹង ប្រព្រឹត្តតាមអស់ទាំងបទបញ្ជា និងច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះទេ នោះអស់ទាំងបណ្ដាសានេះ នឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់»។

តើសេចក្តីនោះមិនច្បាស់ទេឬ? តើមិនមែនជារឿងល្ងង់ខ្លៅទេឬ ប្រសិនបើយើងធ្វេសប្រហែសនឹង សេចក្តីនេះ? ប្រសិនបើយើងយកចិត្តទុកដាក់ស្តាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ យើងនឹងមានព្រះពរទាំង អស់នេះ ។ ប៉ុន្តែប្រសិនបើយើងមិនស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ទេ យើងនឹងទទួលរងបណ្ដាសាទាំងអស់នេះ ។ នោះហើយជាលក្ខខណ្ឌ ដែលមានសុពលភាពជាធរមានរបស់ព្រះ សម្រាប់មនុស្សនៅគ្រប់សម័យកាលទាំងអស់ ។ លក្ខខណ្ឌនោះសាមញ្ញបំផុត: «បើអ្នកចង់ធ្វើជាប្រជារាស្ត្ររបស់យើង បើអ្នកចង់មានពររបស់យើង ចូរយកចិត្តទុកដាក់ស្ដាប់ព្រះសូរសៀងរបស់យើង ។ ចូរស្ដាប់ព្រះសូរសៀងរបស់យើង ដោយត្រចៀកទាំងពីររបស់អ្នក ប៉ុន្តែបើអ្នកមិនស្ដាប់តាមយើងទេ នោះនឹងមិនបានព្រះពរទេ គឺនឹងបានបណ្តាសាវិញ ជាពិសេសនៅក្នុងការប្រោសឲ្យជា ។ ប្រសិនបើអ្នកយកចិត្តទុកដាក់ស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងគឺជាព្រះដែលប្រោសអ្នកឲ្យជា» ។ ក្រៅពីការប្រោសឲ្យជា ក៏មានការផ្គត់ផ្គង់ និងព្រះពរដទៃទៀតទាំងអស់របស់ព្រះដែរ ហើយកូនសោសំខាន់នោះគឺ «បើអ្នកយកចិត្តទុកដាក់ស្ដាប់តាមព្រះសូរសៀង ព្រះយេហូវ៉ា ជាព្រះរបស់អ្នក» ។

អស់ពេលសម្រាប់ថ្ងៃនេះហើយ។ ខ្ញុំនឹងត្រឡប់មកជួបលោកអ្នកម្តងទៀតនៅថ្ងៃស្អែក ក្នុងពេលដដែលនេះ។ ថ្ងៃស្អែក ខ្ញុំនឹងពន្យល់អំពីរបៀបដែលគោលការណ៍នៃការស្តាប់ព្រះសូរសៀងរបស់ព្រះនេះ ក៏អនុវត្តចំពោះព្រះគម្ពីរសញ្ញាថ្មីផងដែរ។