វិសេសណាស់ដែលបានជួបជាមួយលោកអ្នកជាថ្មីនៅថ្ងៃនេះ ដើម្បីចែកចាយប្រាប់លោកអ្នកអំពីគន្លឹះសំខាន់ដើម្បីរស់នៅក្នុងជីវិតជោគជ័យ ដែលព្រះបានដាក់នៅក្នុងដៃរបស់ខ្ញុំ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន និងតាមរយៈព័ន្ធកិច្ចបម្រើព្រះអង្គអស់រយៈពេលជាច្រើនឆ្នាំ។

វគ្គមុន ខ្ញុំបានផ្តោតទៅលើផ្នែកនៃការប្រោសឲ្យជា និងសុខភាព។ ខ្ញុំបានពន្យល់លោកអ្នកថា មូលដ្ឋានគ្រឹះដ៏សំខាន់នៃការប្រោសឲ្យជា និងសុខភាព គឺបានប្រទានមកនៅក្នុងព្រះបន្ទូលរបស់ព្រះ គឺបទគម្ពីរ។

នៅថ្ងៃនេះ ខ្ញុំនឹងបង្ហាញជូនអំពីការផ្គត់ផ្គង់មួយទៀតរបស់ព្រះ នៅក្នុងផ្នែកនៃការប្រោសឲ្យជា និងសុខភាព ជាវិធីមួយទៀតដែលព្រះទ្រង់ប្រទានការប្រោសឲ្យជា ដល់ប្រជារាស្រ្តរបស់ព្រះអង្គ។ វិធីនេះប្រជារាស្រ្តរបស់ព្រះមិនសូវបានដឹងគ្រប់គ្នា តាមដែលគួរគប្បីត្រូវដឹងឡើយ ក៏ប៉ុន្ដែ នេះជាវិធីដ៏សំខាន់ ហើយមានបញ្ជាក់យ៉ាងច្បាស់នៅក្នុងបទគម្ពីរ។ ឥឡូវនេះ ខ្ញុំនឹងនាំលោកអ្នកទៅកាន់គម្ពីរសំបុត្ររបស់លោកយ៉ាកុប៥:១៣-១៦:

១៣ តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា កើត​ទុក្ខ​លំបាក​ឬ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​អធិស្ឋាន តើ​មាន​អ្នក​ណា​អរ​សប្បាយ​ឬ​ទេ ត្រូវ​ឲ្យ​គេ​ច្រៀង​សរសើរ​ដល់​ព្រះ​ចុះ ១៤ តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​ឈឺ​ឬ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​មក​អធិស្ឋាន​ឲ្យ​ចុះ ព្រម​ទាំង​លាប​ប្រេង​ឲ្យ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ផង

លោកយ៉ាកុបប្រមើលមើលប្រភេទនៃស្ថានភាពបី ដែលយើងអាចរកបានដោយខ្លួនឯង គឺៈ ពេលមានបញ្ហា អធិស្ឋាន ពេលអរសប្បាយ ច្រៀងសរសើរតម្កើងព្រះ ពេលឈឺ តើអ្វីដែលជាចម្លើយ? ហៅពេទ្យ?តែនោះមិនមែនជាអ្វីដែលបទគម្ពីរនិយាយនោះទេ។ បទគម្ពីរចែងថា «ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំ»។ ខ្ញុំមានមន្ទិលថា តើមានប្រជារាស្រ្តរបស់ព្រះប៉ុន្មានរយពាន់នាក់ ដែលនៅពេលគេឈឺ ហើយគេដឹងថាបទគម្ពីរប្រាប់ឲ្យគេ «ហៅពួកចាស់ទុំរបស់ក្រុមជំនុំ»? ខ្ញុំអាចស្មានបានថា មិនមានច្រើនគ្នាទេដែលស្គាល់ពីគោលការណ៍នេះ។

ឥឡូវនេះ ខ្ញុំសូមនិយាយថា ខ្ញុំជឿយ៉ាងមុតមាំទៅលើសេវារបស់គ្រូពេទ្យក្នុងការព្យាបាលមនុស្ស ហើយគ្មានអ្វីដែលខុសទាល់តែសោះ ក្នុងការហៅគ្រូពេទ្យនៅពេលដែលយើងឈឺ។ ខ្ញុំសូមអរព្រះគុណដល់ព្រះសម្រាប់ព័ន្ធកិច្ចរបស់ក្រុមវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា គ្លីនិក មន្ទីរពេទ្យ និងអស់លោកដែលពិតជាយកចិត្តទុកដាក់យ៉ាងអស់ពីចិត្តក្នុងការ​ព្យាបាលអ្នកជំងឺ គ្រប់កម្រិតទាំងអស់។ មិនខុសទេដែលហៅពេទ្យ តែដែលខុសនោះត្រង់ថា ក្នុងនាមយើងជាអ្នកជឿ យើងមិនហៅពួកចាស់ទុំរបស់ក្រុមជំនុំមកអធិស្ឋានឲ្យ។ ព្រោះសេចក្ដីនេះបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងបទគម្ពីរថាៈ «តើមានអ្នកណាឈឺឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។

លោកអ្នកប្រហែលជាគិតថា «ហួសសម័យហើយលោកគ្រូ»។ ប៉ុន្តែ បែបនេះពិតជាមិនស្របតាមបទគម្ពីរទេ ព្រោះមានការបីដែលបទគម្ពីរប្រាប់យើងឲ្យធ្វើ គឺ បើមានទុក្ខលំបាក យើងអធិស្ឋាន បើយើងអរសប្បាយ យើងច្រៀងសរសើរតម្កើងព្រះ បើយើងឈឺ យើងហៅពួកចាស់ទុំរបស់ក្រុមជំនុំមកអធិស្ឋានឲ្យ។ តើការពីរទៀត គឺការអធិស្ឋាន និងការសរសើរតម្កើងព្រះ ហួសសម័យដែរឬ? តើហួសសម័យឬដែលអធិស្ឋាន?តើច្រៀងសរសើរតម្កើងព្រះ ហួសសម័យឬ? បើចម្លើយឆ្លើយថា «មិនហួសសម័យទេ» ចុះហេតុអ្វីក៏ថា ហៅពួកចាស់ទុំរបស់ក្រុមជំនុំមកអធិស្ឋានឲ្យុ ជារឿងហួសសម័យ? មិនហួសសម័យទេ គឺនៅតែមានសុពលភាពជានិច្ច។

ឥឡូវនេះ ពួកចាស់ទុំរបស់ក្រុមជំនុំត្រូវតែមក ហើយលាបប្រេងឲ្យអ្នកឈឺ ក្នុងព្រះនាមរបស់ព្រះអម្ចាស់។ តើនឹងមានអ្វីកើតឡើង? តើមានសេចក្តីសន្យាអ្វី?សូមមើលជាមួយគ្នានៅខ ១៥ និងខ១៦

១៥ នោះ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ​នឹង​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ហេវ​នោះ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រោស​ឲ្យ​គាត់​បាន​ជា​ឡើង បើ​គាត់​បាន​ធ្វើ​បាប​អ្វី នោះ​នឹង​បាន​អត់​ទោស​ឲ្យ​ផង ១៦ ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លន់‌តួ​ទោស​នឹង​គ្នា ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បាន​ជា​ចុះ ដ្បិត​សេចក្ដី​ទូល​អង្វរ​ដ៏​អស់​ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់។

កន្លែងដែលនិយាយថា «ពាក្យអធិស្ឋានដែលចេញពីជំនឿ នឹងសង្រ្គោះអ្នកដែលឈឺនោះ» នេះជារឿងសំខាន់ណាស់ដែលយើងឃើញពាក្យ «សង្រ្គោះ» ដែលត្រូវបានប្រើនៅក្នុងសញ្ញាថ្មី សម្រាប់គ្រប់ទាំងការផ្គាត់ផ្គង់នៃព្រះពររបស់ព្រះមកកាន់យើង តាមរយៈព្រះយេស៊ូគ្រិស្ត។ ពាក្យនេះត្រូវបានប្រើសម្រាប់ការរំដោះព្រលឹងរបស់យើងឲ្យរួចចេញពីអំពើបាប សម្រាប់រំដោះរូបកាយរបស់យើងចេញពីជំងឺរោគា និងសម្រាប់ការផ្គាត់ផ្គង់ជាច្រើនទៀតនៃសេចក្តីមេត្តាករុណារបស់ព្រះ។ ដូច្នេះ សង្រ្គោះ គឺជាពាក្យដែលរួមបញ្ចូលទាំងអស់ ដែលរាប់ទាំងការប្រោសអ្នកឈឺឲ្យបានជាផងដែរ។ ប្រាកដណាស់ ពាក្យសង្រ្គោះអ្នកឈឺនៅចំណុចនេះ មានន័យថា ធ្វើឲ្យអ្នកឈឺបានជា តែជារឿងសំខាន់ណាស់ ដែលត្រូវមើលឲ្យឃើញថា នេះគ្រាន់តែជាវិធីមួយប៉ុណ្ណោះ ក្នុងចំណោមវិធីដទៃផ្សេងទៀត ដែលយើងបកប្រែចំពាក្យ តាមពាក្យដើម គឺពាក្យ«សង្រ្គោះ»។

អរគុណព្រះអង្គ តើអ្វីទៅជាសេចក្តីសន្យានៅក្នុងបទគម្ពីរដែលយើងបានអាននេះ? ពាក្យអធិស្ឋានដ៏ត្រឹមត្រូវ ហើយចេញពីជំនឿ នឹងនាំការប្រោសឲ្យជាដល់អ្នកជឿដែលត្រូវការ ការប្រោសឲ្យជា។ នៅទីនេះមិនមានដែនកំណត់ថា សម្រាប់អ្នកជឿប៉ុន្មាននាក់ ឬអ្នកជឿប្រភេទណានោះទេ គឺ «តើមានអ្នកណាឈឺឬទេ?» គ្មានអ្វីបញ្ជាក់ច្បាស់លើសពីនេះឡើយ។ គ្មានចំនួនកំណត់ថា អ្នកឈឺនោះធ្ងន់ ឬស្រាល ឬថាអាចជាភ្លាមឬក៏ត្រូវប្រើពេលវេលាយូរបន្ដិច នោះទេ។ ប្រសិនបើយើងឆ្លើយតបតាមលក្ខខណឌនោះ ព្រះជាម្ចាស់នឹងប្រោសអ្នកដែលឈឺនោះឲ្យបានជា។ នោះហើយជាសេចក្តីដែលបានសន្យា។

ឥឡូវនេះ តើមានលក្ខខណ្ខអ្វីខ្លះ? ពិតជាមានលក្ខខណឌ ហើយយើងត្រូវមើលទៅលក្ខខណ្ខទាំងនោះដោយយកចិត្តទុកដាក់។ ទីមួយ អ្នកឈឺត្រូវមានកាតព្វកិច្ចហៅពួកចាស់ទុំរបស់ក្រុមជំនុំ។ ទីពីរ ពួកចាស់ទុំមានកាតព្វកិច្ចអធិស្ឋានឲ្យអ្នកឈឺ ហើយលាបប្រេងឲ្យអ្នកឈឺក្នុងព្រះនាមរបស់ព្រះអម្ចាស់។ ពួកគាត់មានកាតព្វកិច្ចអធិស្ឋានដោយចេញពីជំនឿ។ នៅពីក្រោយការនេះ យើងឃើញមានការដែលជាប់ទាក់ទងផ្សេងទៀតផងដែរ ឧទាហរណ៍ ឧបមារថាអ្នកជឿដែលឈឺនោះ ជាសមាជិករបស់ក្រុមជំនុំមួយ ដែលមានពួកចាស់ទុំជាចាស់ទុំដែលមានការទទួលស្គាល់។ មនុស្សជាច្រើនមិនបានបំពេញលក្ខខណ្ខនោះទេ ប៉ុន្ដែ ពាសពេញនៅក្នុងសញ្ញាថ្មី ត្រូវគេសន្មត់ថា នៅក្នុងកាលៈទេសៈធម្មតា អ្នកជឿគ្រប់រូប ត្រូវតែមានការតភ្ជាប់ជាមួយក្រុមជំនុំណាមួយ ហើយក្រុមជំនុំនោះ សុទ្ធតែមានពួកចាស់ទុំរបស់ខ្លួន ដែលមានលក្ខណៈសម្បត្តិក្នុងការបំពេញតួនាទីនេះ។

ទីពីរ ការនេះត្រូវបានបញ្ជាក់ថា ពួកចាស់ទុំសុទ្ធតែស្គាល់ពីការទទួលខុសត្រូវខាងវិញ្ញាណ និងលក្ខណៈសម្បត្តិនៃការអធិស្ឋានដោយជំនឿ។ នេះជារឿងដែលគ្រប់គ្នាត្រូវដឹង។ ប៉ុន្ដែ ប្រាកដណាស់ ការនេះត្រូវតែស្ថិតនៅក្នុងលំដាប់ ដើម្បីនឹងបំពេញលក្ខខណ្ខទាំងនោះ។ ដូច្នេះ យើងឃើញថា អ្នកឈឺត្រូវហៅពួកចាស់ទុំរបស់ក្រុមជំនុំ ហើយពួកចាស់ទុំរបស់ក្រុមជំនុំ ត្រូវលាបប្រេងលើអ្នកឈឺនោះ នៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ព្រះយេស៊ូ ហើយអធិស្ឋាន។

ឥឡូវនេះ លោកអ្នកប្រហែលជាគិតថា «ហេតុអ្វីបានជាត្រូវលាបប្រេង?»។ ខ្ញុំសូមចង្អុលបង្ហាញការពីរ។ ទីមួយ ការលាបប្រេង គឺជាជំនឿមួយសម្រាប់ប្រជារាស្រ្តរបស់ព្រះ ដែលមានតាំងពីច្រើនសតវត្សមកហើយ។ នេះមិនមែនជារឿងថ្មីទេ គឺជាការមួយដែលបានបន្តតាំងពីសញ្ញាចាស់ រហូតមកដល់សញ្ញាថ្មី។ នេះជាផ្នែកមួយនៃមរតក នៃប្រជារាស្រ្តរបស់ព្រះ។ ហេតុអ្វីក៏ត្រូវប្រើប្រេង? ប្រាកដណាស់ ពាក្យប្រេងនៅក្នុងភាសាដើម គឺប្រេងអូលីវ ហើយប្រេងអូលីវ ជានិច្ចកាលនៅតែប្រភេទមួយ ឬជារូបភាពមួយនៃព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ អត្ថន័យនោះគឺថា ដោយការលាបប្រេង គឺពួកចាស់ទុំកំពុងតែប្រកាសពីសេចក្តីសន្យារបស់ព្រះថា ព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញឲ្យជីវិត និងសុខភាពដល់រូបកាយកូនព្រះដែលឈឺនោះ។ សេចក្តីនេះស្របតាមអ្វីដែលលោកប៉ូលមានប្រសាសន៍នៅក្នុង គម្ពីររ៉ូម ៨:១១:

11 ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សណ្ឋិតក្នុងអ្នករាល់គ្នា នេះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ ទ្រង់ក៏នឹងប្រោសរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ឲ្យមានជីវិត តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នានេះដែរ។

ព័ន្ធកិច្ចដ៏អស្ចារ្យមួយក្នុងចំណោមព័ន្ធកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺផ្តល់ជីវិតដល់រូបកាយដែលតែងតែស្លាប់ ដល់ប្រជារាស្រ្តរបស់ព្រះ ហេតុនេះហើយបានជាអ្នកដែលឈឺនោះ ត្រូវតែទទួលការលាបប្រេង។ ប្រេងគឺជាប្រភេទមួយ ឬរូបភាពមួយនៃព្រះវិញ្ញាណបរិសុទ្ធ។ សកម្មភាពនៃការស្តាប់បង្គាប់ និងជំនឿ ជាវិធីមួយដែលយើងបើកឲ្យព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងអ្នកឈឺនោះ ផ្ដល់ជីវិតដល់រូបកាយរបស់អ្នកឈឺនោះ ដើម្បីបណ្តេញជំងឺ ហើយប្ដូរជំងឺចេញ រួចប្រទានសុខភាពជំនួសវិញ ។

បន្ទាប់មកយើងឃើញថា ប្រសិនបើអ្នកជឿដែលឈឺនោះបានលន់តួបាប គឺតម្រូវឲ្យគាត់លន់តួបាបរបស់ខ្លួននៅចំពោះពួកចាស់ទុំដែលត្រូវអធិស្ឋានឲ្យគាត់។ ហេតុអ្វីបានមនុស្សឈឺនោះត្រូវលន់តួបាបរបស់ខ្លួន?ចម្លើយគឺ អំពើបាបដែលមិនបានលន់តួ អាចជាឧបសគ្គរាំងរាសេចក្តីអធិស្ឋាន ជាឧបសគ្គរាំងរាកិច្ចការនៃសេចក្តីមេត្តាករុណារបស់ព្រះ នៅក្នុងជីវិតអ្នកជឿនោះ។ នៅក្នុងទំនុកតម្កើង ៦៦:១៨-១៩ អ្នកសរសេរទំនុកតម្កើងថ្លែងថាៈ

១៨ បើ​ប្រសិន​ជា​ខ្ញុំ​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ចិត្ត នោះ​ព្រះ‌អម្ចាស់​ទ្រង់​មិន​ព្រម​ស្តាប់​ខ្ញុំ​ទេ ១៩ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ស្តាប់​ខ្ញុំ​ហើយ ទ្រង់​បាន​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​អធិស្ឋាន

ដើម្បីឲ្យព្រះទ្រង់ស្ដាប់សំឡេងរបស់យើង យើងត្រូវតែប្រយ័ត្នកុំឲ្យយើងលាក់អំពើបាបទុកនៅក្នុងចិត្តរបស់យើងឡើយ។ ប្រសិនបើមានអ្វីមួយនៅក្នុងចិត្ត និងជីវិតរបស់យើង ជាការដែលមិនគួរឲ្យមាន នោះមុនពេលដែលយើងសុំឲ្យគេអធិស្ឋានឲ្យ ដើម្បីឲ្យបានជា យើងត្រូវតែលន់តួអំពើបាប ឬបញ្ហារបស់យើង នៅចំពោះអស់អ្នកដែលនឹងអធិស្ឋានឲ្យយើង ហើយធ្វើឲ្យប្រាកដ នៅពេលដែលពួកគាត់ឈរជាមួយយើងក្នុងជំនឿនិងក្នុងការអធិស្ឋាន ដើម្បីឲ្យព្រះទ្រង់អត់ទោសដល់យើង។ បន្ទាប់មកយើងដឹងថា ព្រះទ្រង់នឹងស្តាប់ ហើយឮសំឡេងរបស់យើងក្នុងការអធិស្ឋាន ដូចដែលគម្ពីរទំនុកតម្កើងចែង។ ជាថ្មីម្តងទៀត នៅក្នុង ១ យ៉ូហាន៣:២១-២២ ចែងថា៖

២១ ពួក​ស្ងួន‌ភ្ងា​អើយ បើ​ចិត្ត​យើង​មិន​ចោទ​ប្រកាន់​ចំពោះ​ខ្លួន​ទេ នោះ​យើង​មាន​សេចក្ដី​ក្លាហាន នៅ​ចំពោះ​ព្រះ ២២ ហើយ​ទោះ​បើ​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ គង់​តែ​នឹង​បាន​សម្រេច ពី​ព្រោះ​យើង​កាន់​តាម​បញ្ញត្ត​ទ្រង់ ហើយ​ក៏​ប្រព្រឹត្ត​ការ​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់​ដែរ

ដូច្នេះយើងឃើញថា ប្រសិនបើមានការជាប់ទោសនៅក្នុងចិត្ត ម្តងទៀតហើយ ការជាប់មានទោសនោះនឹងយកទំនុកចិត្តរបស់យើងចេញ មិនឲ្យការអធិស្ឋានរបស់យើងទទួលបានចម្លើយ។ ដូច្នេះ ប្រសិនបើសង្ស័យថាមានអំពើបាបណាមួយនៅក្នុងជីវិតរបស់យើង យើងត្រូវលន់តួអំពើបាបនោះ ហើយត្រូវឲ្យជឿប្រាកដពីការអត់ទោសរបស់ព្រះ មុននឹងយើងចូលទៅកាន់ដំណើរការប្រកាសយកការប្រោសឲ្យជា តាមរយៈការលាបប្រេង ក្នុងព្រះនាមរបស់ព្រះអម្ចាស់។

ឥឡូវនេះ តើពួកចាស់ទុំអាចបំពេញផ្នែករបស់ពួកគាត់យ៉ាងដូចម្ដេច? តើពួកគាត់អាចអធិស្ឋានដោយជំនឿយ៉ាងដូចម្ដេច? ខ្ញុំសូមជូនគំនិតថា មានចំណុចសំខាន់បី។ ទីមួយ ពួកគាត់បានធ្វើដោយស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះ ពួកគាត់បានធ្វើនូវអ្វីដែលព្រះទ្រង់តម្រូវ ហើយការស្តាប់បង្គាប់តែងបើកផ្លូវឲ្យព្រះពររបស់ព្រះហូរ។ ប្រសិនបើយើងមិនស្តាប់បង្គាប់ នោះពិបាកឲ្យយើងអធិស្ឋានដោយជំនឿហើយ។

ទីពីរ ពួកចាស់ទុំ ត្រូវស្គាល់ការផ្គត់ផ្គង់ ដែលព្រះបានប្រទានឲ្យរួចហើយ តាមរយៈការសុគតរបស់ព្រះយេស៊ូវ។ ឧទាហរណ៍ នៅក្នុង ១ ពេត្រុស ២:២៤ លោកពេត្រុសប្រាប់យើងថាៈ

២៤ ទ្រង់​ បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្ដី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប ហើយ គឺ​ដោយ​ស្នាម​ជាំ​របស់​ទ្រង់ ដែល​អ្នក​រាល់​គ្នា​បាន​ជា

ក្នុងន័យម្យ៉ាង ការប្រោសឲ្យជា គឺបានប្រទានមករួចហើយ តាមរយៈការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងជំនួសយើងរាល់គ្នា។ យើងមិនមែនសុំឲ្យព្រះទ្រង់ធ្វើអ្វីមួយថ្មី ឬចម្លែកនោះឡើយ យើងគ្រាន់តែប្រកាសយក ដោយសំអាងលើអ្វីដែលព្រះទ្រង់បានប្រទានឲ្យរួចហើយ តាមរយៈការងជំនួសរបស់ព្រះយេស៊ូវ។

ទីបី ដោយការលាបប្រេង ពួកចាស់ទុំកំពុងបើកឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើនូវអ្វី ដែលមានតែព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះដែលអាចធ្វើបាន។ ក្នុងន័យនេះ មិនមែនមនុស្សទេដែលប្រោស គឺព្រះដែលទ្រង់ជាអ្នកប្រោសឲ្យជា។ ព្រះអង្គជាព្រះដែលប្រោសប្រជារាស្រ្តរបស់ព្រះអង្គឲ្យជា ជារៀងរហូតមក ហើយជាដរាបតទៅ។ ប៉ុន្តែព្រះអង្គប្រោស នៅពេលដែលយើងធ្វើនូវអ្វីដែលព្រះអង្គតម្រូវឲ្យយើងធ្វើ។

យើងអាចនិយាយតាមរបៀបនេះថាៈ យើងធ្វើអ្វីដែលយើងអាចធ្វើបាន ព្រះទ្រង់ធ្វើអ្វីដែលមនុស្សមិនអាចធ្វើបាន។ យើងធ្វើការដែលសាមញ្ញៗ ព្រះទ្រង់ធ្វើការដែលពិបាកៗ។ ការសាមញ្ញគឺ លាបប្រេងហើយអធិស្ឋាន។ នៅពេលយើងធ្វើដូច្នោះដោយជំនឿដ៏សាមញ្ញ នោះព្រះទ្រង់ធ្វើការដែលពិបាក។ យើងធ្វើអ្វីដែលយើងអាចធ្វើបាន ព្រះទ្រង់ធ្វើអ្វីដែលមនុស្សមិនអាចធ្វើបាន។

ឥឡូវនេះ យើងចូលមកដល់ចុងបញ្ចប់ហើយ តែខ្ញុំនឹងវិលមកជួបជាមួយលោកអ្នកជាថ្មីនៅវគ្គក្រោយតាមការកំណត់។ វគ្គក្រោយ ខ្ញុំនឹងនាំមកជូនលោកអ្នកនូវគោលសំខាន់ថ្មីមួយទៀត ដែលគួរឲ្យរំភើបចិត្ត ជាសេចក្ដីដែលនឹងជួយលោកអ្នកឲ្យយល់ដឹងឲ្យកាន់តែពេញលេញ អំពីការផ្គាត់ផ្គង់របស់ព្រះ សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ។ សូមព្រះជាម្ចាស់ប្រទានពរ។