ការចម្រុងចម្រើនតាមរយៈការសាបព្រោះ និងការច្រូតកាត់

ដេរេក ព្រីនស៍
Published: 1979
Last Updated: October 2026
Read Time: 9
ការថ្វាយដោយសទ្ធារ ត្រូវបានបង្ហាញថា ជាការសាបព្រោះដោយសេចក្តីជំនឿ ខណៈដែលការកាន់ទុកមិនព្រមថ្វាយ អាចនាំទៅរកភាពខ្វះខាត និងភាពក្រីក្រ។ លោក ដេរេក ព្រីនស៍ បានយកគម្ពីរ ២ កូរិនថូស ជំពូកទី៨ និងទី៩ មកបង្ហាញថា ការថ្វាយគួរធ្វើដោយស្ម័គ្រចិត្ត ដោយអំណររីករាយ និងដោយមានប្រាជ្ញា ដោយដឹកនាំការថ្វាយទៅកាន់គោលដៅដែលសមស្រប។ លោកក៏ភ្ជាប់ការថ្វាយដោយសទ្ធារទៅនឹងព្រះគុណរបស់ព្រះ ការយកចិត្តទុកដាក់ចំពោះអ្នកក្រីក្រ និងការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រប់ការងារល្អ។
Transcript
វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មី ដើម្បីបន្តគោលសំខាន់របស់យើងក្នុងការធ្វើដំណើរលើទឹកដីនៃសេចក្ដីសន្យារបស់ព្រះ។
វគ្គមុន យើងបានមើលទៅឯសេចក្តីសន្យាខ្លះ អំពីការចម្រុងចម្រើន ដែលលក្ខខណ្ខចម្បង គឺឲ្យយើងនាំយកតង្វាយ១ ភាគ១០ របស់យើងទាំងអស់ ទៅដាក់ក្នុងឃ្លាំងរបស់ព្រះ ហើយខ្ញុំបានឲ្យនិយមន័យនៃតង្វាយ១ ភាគដប់ថា ១ ភាគដំបូងក្នុង១០ នៃប្រាក់ចំណូលរបស់យើង យើងញែកដោយឡែកថ្វាយដល់ព្រះ។
នៅថ្ងៃនេះ យើងនឹងមើលទៅគោលការណ៍មួយទៀតនៅក្នុងបទគម្ពីរ ដែលព្រះទ្រង់សន្យានឹងយើងអំពីការចម្រុងចម្រើន។ ខ្ញុំជឿថា គោលការណ៍ដែលយើងនឹងមើលនៅថ្ងៃនេះ នឹងនាំយើងចូលកាន់តែជ្រៅថែមទៀត ទៅក្នុងផ្នែកនៃភាពចម្រុងចម្រើននេះ ជាងសេចក្ដីសន្យាអំពីការថ្វាយ១ ភាគក្នុង១០ ដែលយើងបានមើលពីម្សិលមិញនោះទៅទៀត។
ឥឡូវនេះ ខ្ញុំនឹងមើលទៅ ២ កូរិនថូស ជំពូក៩ ហើយអានខខ្លះចេញពីជំពូកនោះ។ សូមដាក់ក្នុងគំនិតថា ២ កូរិនថូស ជំពូក៨ និង៩ សុទ្ធតែនិយាយអំពីគោលសំខាន់នៃការថ្វាយលុយកាក់របស់យើង ដល់ព្រះ។ នៅក្នុងព្រឹត្តិការណ៍នេះ លោកប៉ូលបានរៃតង្វាយពីក្រុមជំនុំផ្សេងៗ ដើម្បីជួយដល់ពួកបរិសុទ្ធដែលកំពុងមានការខ្វះខាតខាងថវិកា។ មានក្រុមជំនុំមួយ ក្នុងចំណោមក្រុមជំនុំដែលបានសន្យាក្នុងការថ្វាយ គឺក្រុមជំនុំនៅក្រុងកូរិនថូស ដែលលោកប៉ូលសរសេរសំបុត្រនេះផ្ញើទៅ ហើយឥឡូវនេះ លោកសរសេរពន្យល់ពីរបៀបដែលលោកចង់ឲ្យគេចេះរៀបចំ ពីបំណងនៅក្នុងចិត្តដែលត្រឹមត្រូវ និងគោលការណ៍ដែលត្រូវអនុវត្តសម្រាប់ការដែលយើងថ្វាយចំពោះព្រះ។ ដូច្នេះ ការនេះត្រឡប់ជារឿងសំខាន់សម្រាប់យើង ព្រោះបំណងចិត្តដដែលដូចគ្នានិងគោលការណ៍ដដែលដូចគ្នា នៅតែមានសុពលភាពសម្រាប់យើងសព្វថ្ងៃ ដូចគ្នា។ នេះជាសេចក្ដីដែលលោកប៉ូលបានសរសេរនៅក្នុង ២ កូរិនថូស ៩:៥-៩:
5 ដូច្នេះ ខ្ញុំយល់ឃើញថា គួរតែជំរុញឲ្យពួកបងប្អូនធ្វើដំណើរមកជួបអ្នករាល់គ្នាជាមុន ដើម្បីរៀបចំអំណោយដែលអ្នករាល់គ្នាបានសន្យានេះឲ្យបានរួចរាល់ ហើយបង្ហាញថា នេះជាអំណោយស្ម័គ្រពីចិត្តមែនមិនមែនដោយបង្ខំ។ [លោកអ្នកឃើញទេ បំណងចិត្តក្នុងការថ្វាយ គឺជារឿងសំខាន់ខ្លាំងណាស់។ លោកប៉ូលបន្តថាៈ] 6 ខ្ញុំចង់និយាយដូច្នេះថា អ្នកណាដែលព្រោះដោយកំណាញ់ អ្នកនេះនឹងច្រូតបានដោយកំណាញ់ ហើយអ្នកណាដែលព្រោះដោយសទ្ធា នេះនឹងច្រូតបានដោយសទ្ធាដែរ។
ឥឡូវនេះ នៅពេលលោកប៉ូលប្រើពាក្យ «សាបព្រោះ» និង «ច្រូតកាត់» គឺលោកបានប្រើពាក្យខាងកសិកម្ម ប៉ុន្តែលោកទាញយកគោលការណ៍នោះ មកអនុវត្តក្នុងរឿងលុយកាក់។ «សាបព្រោះ» គឺជាការថ្វាយហើយ «ច្រូតកាត់» គឺជាការទទួល ហើយសូមចាំថា យើងកំពុងនិយាយពីរឿងលុយកាក់។ សូមលោកអ្នកចាំថានេះជារឿងដ៏សំខាន់។ លោកប៉ូលបន្តចូលទៅគោលការណ៍មួយទៀត ដែលជារឿងដែលទាក់ទងនឹងបំណងចិត្តក្នុងការថ្វាយ។
7 ត្រូវឲ្យម្នាក់ៗថ្វាយតាមដែលខ្លួនបានសម្រេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះស្រឡាញ់អ្នកដែលថ្វាយដោយចិត្តរីករាយ។
ពាក្យក្រេកនិយាយថា «អ្នកដែលថ្វាយទាំងចិត្តសប្បាយ»។ ខ្ញុំមិនដឹងថា មានប៉ុន្មាននាក់ក្នុងចំណោមយើងដែលសប្បាយចិត្តក្នុងការថ្វាយនោះទេ? ខ្ញុំបានឃើញប្រជាជនដែលរស់ក្នុងប្រទេសដ៏ក្រីក្រ ខ្វះខាត និងមិនសូវសម្បូរណ៍សប្បាយ ជាប្រភេទប្រទេសទីបី គេថ្វាយដល់ព្រះទាំងចិត្តសប្បាយ លើសពីតង្វាយ១ ភាគក្នុង១០ របស់ពួកគេទៅទៀត ហើយខ្ញុំឃើញព្រះទ្រង់ប្រទានពរពួកគេមែន នៅពេលពួកគេបានថ្វាយទាំងសប្បាយបែបនោះ។ សូមយើងបន្តមើលសេចក្ដីដែលលោកប៉ូលបានមានប្រសាសន៍នៅក្នុង ខ៨:
8 ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក
អរគុណព្រះអង្គសម្រាប់ខគម្ពីរនេះ! មានពាក្យបរិបូរ មានពាក្យគ្រប់យ៉ាង មានពាក្យគ្រប់គ្រាន់ជានិច្ចមានពាក្យចម្រើនឡើង។ សរុបពាក្យទាំងអស់ចូលគ្នាមក គឺគ្មានកន្លែងណាដែលខ្វះខាត ឬមិនគ្រប់គ្រាន់ក្នុងផ្នែកណាមួយនៅក្នុងជីវិតឡើយ ហើយនោះគឺជាព្រះគុណរបស់ព្រះហើយ ដែលលោកប៉ូលកំពុងថ្លែងរៀបរាប់នេះ។ ប្រាកដហើយ ពាក្យគន្លឹះនៅក្នុងជំពូកដែលនិយាយអំពីការថ្វាយនេះគឺ «ព្រះគុណ»។ ការថ្វាយ គឺជាព្រះគុណ។ នេះជាព្រះគុណមួយរបស់គ្រិស្តបរិស័ទ ហើយក៏ជាការមួយដែលផុសចេញពីព្រះគុណរបស់ព្រះ។ បន្ទាប់មក លោកប៉ូលដកស្រង់សេចក្ដីនេះ ចេញពីគម្ពីរទំនុកតម្កើង ក្នុងសញ្ញាចាស់ ត្រង់ជំពូក ១១២ ហើយយើងនឹងមើលទៅទំនុកតម្កើងនេះ នៅខាងមុខបន្តិចទៀត។ សូមយើងបន្តមើលទៅ ២ កូរិនថូស ៩.៩ សិនៈ
9 ដូចសេចក្តីដែលចែងទុកមកថា៖ «ព្រះអង្គចែកសុសសយ ព្រះអង្គប្រទានដល់អ្នកក្រ សេចក្តីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរ រហូតតរៀងទេ»។ [ចំណុចនេះ ពួកអ្នកប្រាជ្ញយល់ថា ជាមនុស្សសុចរិតម្នាក់ដែលចែកទ្រព្យខ្លួនដល់អ្នកក្រ ហើយសេចក្ដីសុចរិតរបស់អ្នកនោះ នៅស្ថិតស្ថេររហូតតរៀងទៅ]
សូមកត់សម្គាល់ មានការតភ្ជាប់យ៉ាងជិតដិតមួយ រវាងការឲ្យទៅអ្នកក្រីក្រ និងសេចក្តីសុចរិតដែលនៅស្ថិតស្ថេរ។ ជាថ្មីម្តងទៀត ពាក្យថា «ចែកសុសសាយ» ដែលប្រើនៅទីនេះ និយាយសំដៅពីមនុស្សដែលសាបព្រោះពូជ បាចគ្រាប់ពូជទៅក្នុងស្រែរបស់ខ្លួន។ នៅក្នុងការតភ្ជាប់នេះ យើងត្រូវមើលឲ្យឃើញថា មានការដោះដូរដ៏អស្ចារ្យមួយ ដែលកើតឡើងដោយគោលបំណងរបស់ព្រះដែលបានតម្រូវទុកជាមុន និងតាមរយៈព្រះគុណរបស់ព្រះនៅឯឈើឆ្កាង ហើយនេះគឺជាមូលដ្ឋានគ្រឹះ។ នៅឯឈើឆ្កាង ព្រះយេស៊ូបានទទួលរងបណ្តាសានៃភាពក្រីក្រ ដែលត្រូវធ្លាក់មកលើមនុស្សជាតិ តាមរយៈការមិនស្តាប់បង្គាប់ ដើម្បីឲ្យយើងទទួលមកវិញ នូវទ្រព្យសម្បត្តិរបស់ព្រះអង្គ។ សេចក្ដីនេះបានបញ្ជាក់នៅក្នុងជំពូកខាងដើម នៃ២ កូរិនថូស គឺ ជំពូក ៨:៩
9 ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងហើយថា ទោះជាព្រះអង្គមានសម្បត្តិស្ដុកស្តមក៏ដោយ តែព្រះអង្គបានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រឡប់ជាមាន ដោយសារភាពក្រីក្ររបស់ព្រះអង្គ។
លោកអ្នកឃើញទេ នេះហើយជាការដោះដូរ។ មូលដ្ឋានគ្រឹះសម្រាប់គ្រប់ទាំងការផ្គត់ផ្គង់របស់ព្រះ គឺព្រះយេស៊ូវដកយកបណ្តាសានៃភាពក្រីក្រ ដើម្បីឲ្យយើងបានទទួលព្រះពររបស់ព្រះអង្គ និងសេចក្តីបរិបូណ៌របស់ព្រះអង្គ តាមរយៈជំនឿ។ ហើយនោះជាព្រះគុណ ហើយព្រះគុណនោះបានបង្ហាញចេញនៅក្នុងជីវិតរបស់យើងដោយការដែលព្រះទ្រង់ធ្វើឲ្យការនោះចម្រើនជាបរិបូរដល់យើង ដើម្បីឲ្យក្នុងគ្រប់ការទាំងអស់ នៅគ្រប់ពេលវេលាទាំងអស់ យើងមានអ្វីដែលយើងត្រូវការ ហើយយើងក៏មានជាបរិបូរសម្រាប់ការល្អគ្រប់ជំពូក។
ឥឡូវនេះ គោលការណ៍នៅទីនេះ ជាពិសេសចេញពីប្រសាសន៍របស់លោកប៉ូលអំពីរឿងកសិកម្ម អំពីសាបព្រោះ និងការច្រូតកាត់ នោះគឺថា ការចម្រើនឡើង ចូលមកតាមរយៈការសាបព្រោះពូជ។ រង្វាល់ណាដែលយើងសាបព្រោះពូជ រង្វាល់នោះឯងដែលនឹងពហុគុណសម្រាប់ការច្រូតកាត់របស់យើង។ តើលោកអ្នកធ្លាប់ស្រមៃពីកសិករម្នាក់ដែលមានគ្រាប់ពូជយ៉ាងល្អ គាត់សប្បាយចិត្តជាខ្លាំង ហើយគាត់និយាយថា «គ្រាប់ពូជនេះល្អណាស់ ខ្ញុំនឹងទុកវាឲ្យគង់។ ខ្ញុំនឹងមិនយកវាទៅសាបព្រោះចោលទេ»។ សូមស្រមៃមើល តើគាត់នឹងទទួលបានអ្វីចេញពីគ្រាប់ពូជនោះ? គឺគាត់មិនអាចទទួលបានអ្វីសោះ។ នេះគឺជាសេចក្តីពិតនៃធម្មជាតិ ជាសេចក្តីពិតនៃច្បាប់របស់ព្រះ។ ការសាបព្រោះពូជ នាំមកនូវការចម្រើនឡើង តែការឱបទុកមិនព្រលែង នាំមកនូវភាពក្រីក្រ។ អ្វីៗនៅក្នុងព្រះគម្ពីរ ប្រាប់យើងដូច្នេះថា ភាពកំណាញ់ ទីបំផុតនឹងនាំឲ្យក្រ។ នោះមានន័យថាបើយើងចង់ចម្រើនឡើង យើងត្រូវតែសាបព្រោះ។
ឥឡូវនេះ យើងនឹងមើលទៅទំនុកតម្កើង ក្នុងសញ្ញាចាស់ នៅកន្លែងដែលលោកប៉ូលបានដកស្រង់យកមកនិយាយនៅក្នុង ២ កូរិនថូស ជំពូក៩។ ទំនុកតម្កើង១១២ យើងនឹងអាន ខ ១-៣, ខ៥ ខ៨ និងខ៩។ ទំនុកតម្កើងនេះ ជារូបភាពរបស់បុរសម្នាក់ដែលសុចរិត ដែលជីវិតរបស់គាត់សង់ឡើងយ៉ាងរឹងមាំនៅលើគ្រឹះនៃព្រះបន្ទូលរបស់ព្រះ ហើយរស់នៅដោយកោតខ្លាចព្រះ។ ទំនុកតម្កើងនេះចែងដូច្នេះថាៈ
1 ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាចព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។ 2 ពូជពង្សរបស់អ្នកនេះនឹងខ្លាំងពូកែនៅក្នុងស្រុក ជំនាន់មនុស្សទៀងត្រង់នឹងបានពរ។ 3 ធនធាន និងទ្រព្យសម្បត្តិស្ថិតនៅក្នុងផ្ទះរបស់គេ ហើយសេចក្ដីសុចរិតរបស់អ្នកនេះ នៅជាប់ជាដរាប។ (សូមកត់សម្គាល់ពីចំណុចតភ្ជាប់ រវាងសេចក្ដីសុចរិត និងទ្រព្យសម្បត្តិស្ថិតនៅក្នុងផ្ទះរបស់អ្នកនោះ)សូមមើលបន្តទៅ ខ ៥។ 5 អ្នកណាដែលមានចិត្តទូលាយ ហើយឲ្យគេខ្ចី អ្នកនេះប្រព្រឹត្តយ៉ាងល្អប្រពៃ ជាអ្នកដែលធ្វើកិច្ចការរបស់ខ្លួនដោយយុត្តិធម៌។ (នេះគោលការណ័ដដែលម្ដងទៀតហើយគឺ សេចក្ដីចម្រើនកើតឡើងតាមរយៈការចែកផ្សាយទ្រព្យ) សូមមើលទៅ ខ៨។ 8 ចិត្តគេនឹងនៅនឹង គេនឹងមិនភ័យខ្លាចអ្វីឡើយ រហូតទាល់តែបានជ័យជម្នះ លើខ្មាំងសត្រូវរបស់គេ។ 9 គេបានចែកចាយដោយចិត្តទូលាយ គេបានឲ្យទៅមនុស្សក្រីក្រ សេចក្ដីសុចរិតរបស់គេនៅជាប់ជាដរាប។ គេនឹងបានខ្ពស់មុខ ទាំងមានកិត្តិយស។ (RKOV)
យើងឃើញម្តងទៀតហើយ ការចែកផ្សាយទ្រព្យ ជាសញ្ញានៃសេចក្តីសុចរិត គឺជាការថ្វាយ ការឲ្យដោយសទ្ធា មិនឱបទុក ហើយឥរិយាបថបែបនេះ ធ្វើឲ្យសេចក្តីសុចរិតរបស់យើងនៅជាប់ជាដរាប និងបញ្ជាក់ជាប្រាកដថា យើងនឹងបានច្រូតមកវិញ។ ដូច្នេះ យើងអាចនិយាយបានថាៈ ការឲ្យខ្ចី និងការចែកចាយទ្រព្យដោយសទ្ធា គឺរួមជាមួយនឹងសេចក្តីសុចរិត សុវត្ថិភាព និងសេចក្ដីចម្រុងចម្រើន។ នេះជាបំណងព្រះឫទ័យរបស់ព្រះ សេចក្ដីទាំងនេះមិនអាចដាច់ចេញពីគ្នាបានឡើយ។
ជាថ្មីម្តងទៀត យើងមានគោលការណ៍ដូចគ្នានេះ អំពីការចែកចាយទ្រព្យ និងការដែលហួងហែងហួសខ្នាត នៅក្នុងសុភាសិត ១១:២៤
24 មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចម្រើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាតតែគេចេះតែខ្វះខាតវិញ។
ការឱបទុកមិនព្រមថ្វាយព្រះ ហើយមិនព្រមចែកទានជួយជនក្រីក្រ នូវអ្វីដែលយើងត្រូវថ្វាយ និងត្រូវឲ្យ នោះនឹងនាំមកនូវភាពក្រីក្រ។ ប៉ុន្ដែ ការឲ្យដោយចិត្តរីករាយ និងការចែកចាយទ្រព្យដោយជំនឿ ស្របតាមគោលការណ៍នៅក្នុងព្រះបន្ទូលរបស់ព្រះ គឺថ្វាយដល់ព្រះ និងឲ្យដល់ពួកអ្នកខ្វះខាត នោះនឹងនាំឲ្យយើងទទួលបានវិញកាន់តែច្រើន។ សូមដាក់នៅក្នុងគំនិតថា គ្រប់ការទាំងនេះត្រូវធ្វើដោយជំនឿ ព្រោះបើគ្មានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ។ ដូច្នេះហើយបានជាយើងឲ្យ មុនពេលយើងទទួល សាបព្រោះមុនច្រូតកាត់តាមក្រោយ។ នេះហើយជាគោលការណ៍ជំនឿនៅតែមានសុពលភាពជាធរមាន។
លោកប៉ូលទាញយកគោលការណ៍គ្រឹះអំពីកសិកម្ម មកអនុវត្តចំពោះការចាត់ចែងលុយកាក់នៅក្នុងព្រះរាជ្យរបស់ព្រះ។ យើងត្រូវមើលឃើញការនេះសម្រាប់ការរស់នៅជាក់ស្ដែងរាល់ថ្ងៃ។ ខ្ញុំសូមជូនគំនិតថាដើម្បីឲ្យកសិករម្នាក់ប្រើប្រាស់ដីរបស់គាត់ឲ្យបានទទួលភោគផលល្អ គឺមានគោលការណ៍សាមញ្ញបី ដែលគាត់ត្រូវប្រកាន់យក។
ទីមួយ គាត់ត្រូវជ្រើសរើសរកដីល្អ។
ទីពីរ គាត់ត្រូវរៀបចំដីឲ្យបានត្រឹមត្រូវ។
ទីបី គាត់ត្រូវគ្រប់គ្រងល្អចំពោះកិច្ចការរបស់គាត់ទាំងមូល។
ប្រសិនបើកសិករនោះ គ្រាន់តែដើរតាមផ្លូវ ហើយសាបពង្រាយគ្រាប់ពូជរបស់គាត់ទៅឆ្វេង ទៅស្តាំតាមប្រឡាយទឹកស្អុយ នោះគាត់នឹងមិនបានច្រូតកាត់អ្វីឡើយ។ ដូច្នេះទីកន្លែងដែលយើងសាបព្រោះ ធ្វើឲ្យមានការខុសប្លែកជាខ្លាំង។ នេះគឺជាការវិនិយោគ យើងត្រូវការដីល្អ ការរៀបចំល្អ និងការគ្រប់គ្រងល្អ។
ដូចគ្នា ខ្ញុំជឿថា នេះជាការពិតអំពីការវិនិយោគរបស់យើងនៅក្នុងព្រះរាជ្យរបស់ព្រះ។ ប្រសិនបើយើងសាបព្រោះដោយឈ្លាសវៃ នោះយើងមុខជានឹងបានច្រូតកាត់។ យើងមិនគួរនឹងថ្វាយដោយសារតែការបង្ខំយើងមិនគួរនឹងថ្វាយដោយសារតែការជម្រុញ ប៉ុន្តែយើងគួរតែរកមើលព័ន្ធកិច្ច និងបេសកកម្មណាដែលព្រះទ្រង់ចង្អុលបង្ហាញ ដោយឈរលើគោលការណ៍ត្រឹមត្រូវខាងវិញ្ញាណ គឺព័ន្ធកិច្ចណាដែលជាដីល្អ មានការរៀបចំត្រឹមត្រូវ ដើម្បីឲ្យប្រាកដថានឹងច្រូតបានមកវិញជាអតិបរិមា ជាកន្លែងណាដែលបម្រើត្រឹមត្រូវ ស្មោះត្រង់ហើយមានការគ្រប់គ្រងល្អ។ ខ្ញុំបារម្ភក្រែងមានប្រជារាស្រ្តរបស់ព្រះជាច្រើន មិនបានដឹងពីព្រះពរនៃការសាបព្រោះ ក្រែងគេមិនបានយល់ថា គេត្រូវសាបព្រោះមុននឹងច្រូតកាត់។ លោកអ្នកត្រូវចែកផ្សាយទ្រព្យដើម្បីឲ្យលោកអ្នកបានចម្រើនឡើង ពុំនោះទេ ពួកគេសាបព្រោះនៅកន្លែងដែលមិនបានផលមកវិញល្អ។ គេវិនិយោគនៅក្នុងព័ន្ធកិច្ចដែលមិនសក្តិសម ឬកិច្ចដំណើរការដែលមិនស្របតាមបទគម្ពីរ ដែលជាកន្លែងមិនមានការគ្រប់គ្រងល្អ ហើយគេមិនបានទទួលមកវិញនូវអ្វីដែលគេត្រូវការ។
ខ្ញុំសូមឲ្យលោកអ្នកពិនិត្យមើលសំណួរទាំងបីនេះ មុនពេលនឹងយើងបញ្ចប់រាជសារនៅថ្ងៃនេះ។ នៅពេលលោកអ្នកពិចារណាក្នុងការថ្វាយ តើលោកអ្នកធ្វើស្របជាមួយនឹងគោលបំណងរបស់ព្រះឬទេ? តើលោកអ្នកធ្វើតាមគោលការណ៍គ្រឹះឬទេ? តើលោកអ្នកមានបំណងចិត្តត្រឹមត្រូវឬទេ? ប្រសិនបើចម្លើយរបស់លោកអ្នកជា«បាទ/ចាស» ខ្ញុំជឿប្រាកដថា ទីចុងបញ្ចប់ លោកអ្នកនឹងចម្រុងចម្រើន ហើយបរិបូណ៍។
ពេលវេលារបស់យើងចូលមកដល់ចុងបញ្ចប់ហើយសម្រាប់ថ្ងៃនេះ ហើយខ្ញុំនឹងវិលមកជួបជាមួយលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលា និងម៉ោងដដែល។ វគ្គក្រោយ ខ្ញុំនឹងបន្តទៅផ្នែកមួយទៀតនៃសេចក្តីសន្យារបស់ព្រះ គឺផ្នែកនៃការប្រោសឲ្យជា។ ខ្ញុំនឹងពន្យល់អំពីការផ្គាត់ផ្គង់សំខាន់របស់ព្រះ សម្រាប់សុខភាពទាំងមូល។ សូមព្រះជាម្ចាស់ប្រទានពរ។
កូដ: RP-R026-103-KHM










