វិសេសណាស់ដែលបានជួបជាមួយលោកអ្នកជាថ្មីម្តងទៀតនៅថ្ងៃនេះ ដើម្បីបន្តរុករកជាមួយគ្នា នូវមរតកដែលព្រះបានផ្គត់ផ្គង់ដល់យើងនៅក្នុងសេចក្តីសន្យានៃព្រះបន្ទូលរបស់ព្រះអង្គ។

វគ្គមុន យើងបានមើលទៅឯសេចក្ដីសន្យាអំពីការចម្រុងចម្រើនជាទូទៅគ្រប់ផ្នែកទាំងអស់ ដែលទ្រង់បានសន្យាដល់យើងនៅក្នុងទំនុកតម្កើង ១:១-៣។ នៅថ្ងៃនេះ ខ្ញុំនឹងនាំលោកអ្នកទៅកាន់សេចក្តីសន្យាខ្លះទៀតអំពីព្រះពរ និងការចម្រុងចម្រើន ដែលមានលក្ខខណ្ឌ ភ្ជាប់ទៅនឹងសេចក្តីសន្យាទាំងនេះ។

អត្ថបទគម្ពីរដំបូងដែលយើងនឹងមើលជាមួយគ្នានៅថ្ងៃនេះ គឺនៅក្នុង ម៉ាឡាគី ៣:៧-១២។ យើងត្រូវយល់ដោយសង្ខេបអំពីប្រវត្តិនៃគម្ពីរម៉ាឡាគី។ ម៉ាឡាគី គឺជាហោរាចុងក្រោយនៅក្នុងសញ្ញាចាស់។ ប្រមាណជា១២០០ ឆ្នាំ មុនសម័យនោះ តាមរយៈលោកម៉ូសេ ព្រះជាម្ចាស់បាននាំប្រជារាស្រ្តរបស់ព្រះអង្គ ចូលទៅក្នុងទឹកដីដែលព្រះបានសន្យា ហើយទ្រង់បានប្រទានឲ្យពួកគេមានផ្លូវមួយនៃជីវិត ទ្រង់បានសន្យានឹងពួកគេថា ប្រសិនបើពួកគេកាន់តាមផ្លូវនៃជីវិតនោះ ហើយស្តាប់បង្គាប់តាមបញ្ញត្តិរបស់ព្រះអង្គ នោះពួកគេនឹងមានពរ ហើយចម្រុងចម្រើន ដែលគ្មានជាតិសាសន៍ណាធ្លាប់បានស្គាល់ព្រះពរ និងសេចក្ដីចម្រុងចម្រើនបែបនោះឡើយ។ ព្រះអង្គក៏បានព្រមានពួកគេផងដែរថា ប្រសិនបើពួកគេមិនបានកាន់តាមលក្ខខណ្ខ និងសេចក្ដីបង្គាប់របស់ព្រះអង្គទេ នោះពួកគេនឹងត្រូវរងទុក្ខលំបាក ជួបប្រទះនឹងការខាតបង់ សេចក្ដីអន្តរាយ បរាជ័យ និងភាពក្រីក្រ។

ឥឡូវនេះ នៅក្នុងគម្ពីរម៉ាឡាគី ដែលជាការសង្ខេបរយៈពេល១២០០ ឆ្នាំ នៃប្រវត្តិសាស្រ្តអុីស្រាអែលហើយដែលគួរឲ្យសោកស្ដាយ ពួកគេភាគច្រើនមិនបានបំពេញតាមលក្ខខណ្ខរបស់ព្រះទេ ហើយសេចក្តីសង្ខេបនេះ ជំនួសឲ្យការបាក់ទឹកចិត្ត ព្រះអង្គចង្អុលបង្ហាញថា ព្រះអង្គចង់ឲ្យពួកគេរីករាយនឹងព្រះពរនៃការផ្គត់ផ្គង់ដែលព្រះអង្គចង់ឲ្យពួកគេទទួលបាន។ នៅក្នុងខដែលយើងនឹងអានជាមួយគ្នាឥឡូវនេះ ព្រះអង្គទ្រង់ចង្អុលបង្ហាញប្រាប់ពីវិធីដោយឡែកមួយ ដែលពួកគេមិនបានឆ្លើយតបនឹងលក្ខខណ្ខរបស់ព្រះអង្គ។ យើងនឹងអានជាមួយគ្នាឥឡូវនេះ នៅក្នុងគម្ពីរម៉ាឡាគី ៣:៧-១២:

7 ឯងរាល់គ្នាបានបោះបង់ចោលសេចក្ដីបញ្ញត្តិរបស់អញ ចាប់តាំងពីគ្រាពួកឰយុកោរៀងមក ឥតកាន់តាមឡើយ (លោកអ្នកឃើញទេ នេះជាទិដ្ឋភាពទូទៅមួយនៃប្រវត្តិសាស្រ្តអុីស្រាអែល។ សូមមើលបន្ត) ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បង្គាប់ថា ចូរវិលមកឯអញវិញចុះ នេះអញនឹងត្រឡប់មកឯឯងដែរ តែឯងរាល់គ្នាថា តើយើងនឹងវិលទេយ៉ាងដូចម្ដេច? (នេះជាសំណួរដ៏ជាក់លាក់ ដែលចេញពីមាត់អុីស្រាអែល«ព្រះអើយ ដែលថា វិលទៅឯព្រះអង្គនោះ តើព្រះអង្គចង់ថាម៉េច?» ហើយព្រះទ្រង់ឆ្លើយចំៗ) 8 ចុះតើមនុស្សនឹងកេងយករបស់ព្រះឬ? ប៉ុន្តែឯងរាល់គ្នាបានកេងយករបស់អញហើយ! រួចបែរជាសួរថា តើយើងបានកេងយករបស់ទ្រង់ឯណា (ហើយចម្លើយរបស់ព្រះដែលច្បាស់ៗគឺ) គឺក្នុងដង្វាយ១ ភាគក្នុង១០ ហើយក្នុងដង្វាយលើកចុះឡើងនេះឯង។

ដូច្នេះ ដែលមិនបានថ្វាយដល់ព្រះនូវចំណែករបស់ព្រះអង្គ ចេញពីថវិការបស់យើង នោះឈ្មោះថា បានកេងយករបស់ព្រះហើយ (ពាក្យកេងយករបស់ព្រះកន្លែងនេះ មានន័័យថាប្លន់ព្រះ Robbing God)។ ហើយនិយាយឲ្យចំទៅ អុីស្រាអែលបានប្លន់ព្រះ ដោយមិនព្រមថ្វាយតង្វាយ១ ភាគក្នុង១០ និងតង្វាយលើកចុះឡើងរបស់ពួកគេ។ ហើយជាលទ្ធផល ជំនួសឲ្យព្រះពរ បែរទៅជាបណ្តាសាទៅវិញ។ ខ្ញុំចង់ចង្អុលបង្ហាញលោកអ្នកថា ករណីភាគច្រើន បើមិនមែនជាព្រះពរ នោះវាជាបណ្តាសាហើយ វាមិនមែនជារឿងកណ្តាលៗនោះទេ។ ស្តាប់បង្គាប់នាំមកនូវព្រះពរ មិនស្តាប់បង្គាប់នាំមកនូវបណ្តាសា។ ព្រះទ្រង់មានព្រះបន្ទូលថាៈ

ឯងរាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្ដាសាហើយ ដោយព្រោះតែងតែកេងយករបស់អញយ៉ាងដូច្នេះ (ឥឡូវនេះ ព្រះទ្រង់ប្រទានឱសថព្យាបាលដល់គេ សូមមើលបន្ត)
10 ចូរនាំយកដង្វាយ១ ភាគក្នុង១០ ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដាំណាក់នៃអញ ហើយល្បងលអញឥឡូវ (ព្រះទ្រង់កំណត់ផ្លូវមួយដែលព្រះអង្គតម្រូវឲ្យអុីស្រាអែលល្បងលព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា បើអ្នកព្រមធ្វើអ្វីដែលយើងតម្រូវឲ្យធ្វើ នោះអ្នករាល់គ្នានឹងឃើញអ្វីដែលយើងនឹងធ្វើវិញដែរ។ សូមមើលបន្ដ) ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។

រាល់សេចក្តីត្រូវការ ព្រះទ្រង់បំពេញឲ្យ។ នៅពេលដែលព្រះទ្រង់មានព្រះបន្ទូលអំពីការបើកទ្វារស្ថានសួគ៌ នោះច្បាស់ហើយ ខ្ញុំគិតថា ទ្វារស្ថានសួគ៌ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះអង្គយ៉ាងដាច់មុខ។ យើងមិនមានផ្លូវណាដែលអាចទៅដល់ស្ថានសួគ៌ ហើយបើកទ្វារបានឡើយ ដែលកិច្ចការនេះមានព្រះប៉ុណ្ណោះដែលអាចធ្វើបាន។ ហើយបើព្រះទ្រង់មិនបើកទេ ទ្វារនោះនឹងមិនបើកឲ្យឡើយ។ ប៉ុន្តែ ព្រះទ្រង់មានព្រះបន្ទូលថា «ប្រសិនបើអ្នកព្រមធ្វើការមួយដ៏សាមញ្ញលើផែនដី ជាការដែលយើងតម្រូវឲ្យអ្នកធ្វើ គឺបើអ្នកនាំយកតង្វាយ១ ភាគដប់ទាំងអស់មកដាក់ក្នុងឃ្លាំង នោះយើងនឹងធ្វើការមួយនៅស្ថានសួគ៌ ដែលអ្នកមិនអាចធ្វើបាន គឺយើងនឹងបើកទ្វារស្ថានសួគ៌ ហើយចាក់ព្រះពរមកលើអ្នក រហូតទាល់តែអ្នកគ្មានកន្លែងល្មមនឹងទុកបាន។» សូមមើល ខ១១,១២៖

11 ដូច្នេះ ដោយយល់ដល់ឯងរាល់គ្នា នេះអញនឹងបន្ទោសដល់សត្វដែលសុីបង្ខូច មិនឲ្យវបំផ្លាញផលដែលកើតពីដីឯងឡើយ ឯដើមទាំពាំងបាយជូរនៅចាំការរបស់ឯង ក៏មិនជ្រុះផ្លែពីកាលនៅក្តឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 12 យ៉ាងនេះគ្រប់ទាំងសាសន៍នឹងថា ឯងរាល់គ្នាមានពរ ដ្បិតស្រុករបស់ឯងរាល់គ្នា នឹងបានជាស្រុកសប្បាយណាស់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។

ដូច្នេះ ព្រះទ្រង់រំលឹកគេ ព្រះអង្គពិនិត្យមើលប្រវត្តិសាស្រ្តរបស់អុីស្រាអែល ហើយព្រះអង្គចង្អុលបង្ហាញពួកគេថា ពួកគេមិនបានបំពេញតាមលក្ខខណ្ខរបស់ព្រះអង្គ ដើម្បីឲ្យគេបានរីករាយនឹងព្រះពររបស់ព្រះអង្គទេ។ ព្រះអង្គរំឭកពួកគេ អំពីលក្ខខណឌដ៏សំខាន់មួយ ដែលព្រះអង្គបានដាក់ចេញ គឺឲ្យគេនាំយកតង្វាយ១ ភាគក្នុង១០ និងតង្វាយលើកចុះឡើងមកថ្វាយព្រះអង្គ។

សូមមើលទៅអ្វីដែលជាព្រះពរ ដែលព្រះទ្រង់សន្យាក្នុងរឿងនេះ។ ទីមួយ ព្រះអង្គមានព្រះបន្ទូលថា«យើងនឹងបើកទ្វារនៃស្ថានសួគ៌ ហើយចាក់ព្រះពរ»។ ខ្ញុំបានចង្អុលបង្ហាញរួចមកហើយថា មានតែព្រះប៉ុណ្ណោះដែលអាចបើកទ្វារស្ថានសួគ៌បាន។ ទីពីរ «យើងនឹងបន្ទោសដល់សត្វដែលសុីបំផ្លាញ»។ គ្រប់អ្វីទាំងអស់ដែលសុីបំផ្លាញភាពចម្រុងចម្រើន សុខភាព និងសុខមាលភាពរបស់លោកអ្នក គឺគ្រប់ទាំងឥទ្ធិពល និងអំណាចសុីបំផ្លាញខ្ញុំនឹងជម្រាបជូន។ ដ្បិតវានឹងមិនអាចសុីបំផ្លាញទៀតបានឡើយ។ ទីបី «គ្រប់ទាំងសាសន៍នឹងហៅអ្នករាល់គ្នាថាជាមនុស្សមានពរ»។ ប្រជារាស្រ្តរបស់ព្រះ នឹងបានជាទីបន្ទាល់ដល់ប្រជាជនដទៃទៀតទាំងអស់ អំពីព្រះហឫទ័យស្មោះត្រង់របស់ព្រះ។

សូមប្រៀបធៀបពីអ្វីដែលព្រះមានព្រះបន្ទូលនៅក្នុងគម្ពីរហាកាយ ជំពូក១ ទៅកាន់អុីស្រាអែលនៅចំណុចនោះ។ ជាថ្មីម្តងទៀត រឿងដែលសំខាន់ ព្រះអង្គបានបន្ទោសពួកគេ អំពីការដដែលនេះឯង គឺការដែលគេមិនបានដាក់ព្រះអង្គជាទីមួយ អំពីរឿងលុយកាក់របស់ពួកគេ។ នេះជាអ្វីដែលព្រះអង្គមានព្រះបន្ទូលៈ

5 ឥឡូវ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា "ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ 6 ឯងរាល់គ្នាបានព្រោះពូជជាច្រើន តែច្រូតបានតិចទេ ក៏បានសុី តែមិនចេះឆ្អែត ហើយបានផឹក តែមិនបានស្កប់ស្កល់ ព្រមទាំងស្លៀកពាក់ តែមិនបានកក់ក្តោឡើយ ឯអ្នកណាដែលសុីឈ្នួល នេះទទួលឈ្នួលឲ្យតែដាក់ថង់ធ្លុះទេ"។

តើលោកអ្នកដែលមានអារម្មណ៍បែបនោះសម្រាប់រឿងលុយកាក់របស់លោកអ្នកឬទេ? គឺលុយកាក់ទាំងប៉ុន្មានដែលលោកអ្នករកបាន ទុកមិនដែលគង់ ហើយដូចជាដាក់អ្វីក៏ខាតបង់ឬទេ? ព្រះទ្រង់មានបន្ទូលដូច្នោះទៅកាន់អុីស្រាអែល ហើយព្រះអង្គមានព្រះបន្ទូលថាៈ

7 «ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ»។ (នេះហាក់ដូចជាព្រះអង្គមានបន្ទូលថា ចូរឯងគិតមើលទៅ តើឯងចាត់ចែងលុយកាក់ឯងយ៉ាងម៉េច?) សូមមើលបន្តៈ 8 ព្រះយេហូវ៉ាបង្គាប់ថា «ចូរឡើងទៅឯភ្នំ យកឈើមកសង់ព្រះវិហារចុះ នេះយើងនឹងរីករាយចំពោះវិហារនេះ ហើយនឹងបានថ្កើងផង…»

ព្រះទ្រង់មានព្រះបន្ទូលថា «ចូរធ្វើអ្វីដែលយើងតម្រូវឲ្យអ្នករាល់គ្នាធ្វើនោះទៅ នោះយើងនឹងរ៉ាប់រងអំពីរឿងមេបំផ្លាញ ដែលវាចោះកាបូបលុយ រឿងសត្វសុីបំផ្លាញផលដំណាំ និងប្រាក់ចំណូលរបស់អ្នក»។ សូមមើល ខ៩

9 ឯងរាល់គ្នាបានសង្ឃឹមនឹងបានច្រើន តែមើលបានតែតិចទេ ហើយកាលណាអ្នកបាននាំយកទៅដល់ផ្ទះ នោះយើងបានផ្លុំផាត់ទៅ"។

តើមិនមែនការបែបនោះ កំពុងតែកើតឡើងដល់មនុស្សជាច្រើន នៅជំនាន់របស់យើងនេះទេឬ? ជាពិសេសនៅក្នុងរឿងអតិផរណានៅក្នុងជំនាន់នេះ? យើងសង្ឃឹមថានឹងបានច្រើន តែមិនដឹងជាយ៉ាងម៉េច បែរជាបានតិច ហើយទម្រាំនឹងពេលចូលដល់ផ្ទះ ស្រាប់តែរកអ្វីសល់មិនឃើញ។ ព្រះទ្រង់មានព្រះបន្ទូលថា មានហេតុរបស់វា ហើយនោះគឺ ឯងមិនបានដាក់យើងជាទីមួយ ហើយជាលទ្ធផល យើងនឹង....មើល ខ១១

11 យើងក៏បង្គាប់ឲ្យមានអំណត់អត់ភ្លៀងនៅក្នុងស្រុក ហើយនៅលើភ្នំ ឲ្យឥតមានស្រូវ ទឹកទំពាំងបាយជូរ ប្រេង ឬផលដែលកើតពីដីមក ក៏មិនឲ្យធ្លាក់លើមនុស្ស លើសត្វ ឬលើការដែលដៃមនុស្សធ្វើនេះផង"»។

តើអ្វីទៅជាកំហុសដ៏ធំរបស់អុីស្រាអែល ទាំងជំនាន់លោកហាកាយ ទាំងជំនាន់លោកម៉ាឡាគី? រឿងសំខាន់នោះគឺ គេមិនបានដាក់ព្រះជាទីមួយនៅក្នុងរឿងលុយកាក់របស់ពួកគេ ពួកគេខំប្រឹងធ្វើតែកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេ «ខំប្រឹងឲ្យបានជោគជ័យ ជោគជ័យ ជោគជ័យ» រួចហើយយើងធ្វេសប្រហែសនឹងផ្លូវរបស់ព្រះ។ ហើយជាលទ្ធផល ទោះបីពួកគេខំប្រឹងប្រែង ហើយមើលទៅដូចជាអាចរកបានប្រាក់គ្រប់គ្រាន់ដែរ តែនៅតែមិនគ្រប់។ តើនេះមិនមែនជាពាក្យដែលយើងឮសឹងតែរាល់ថ្ងៃទេឬ? តើលោកអ្នកធ្លាប់ជួបមនុស្សដូច្នោះឬទេ? ឬថា តើលោកអ្នកជាម្នាក់ ដែលជួបរឿងបែបនោះឬ?

មើល៍ នេះជាឱសថព្យាបាលរបស់ព្រះ ហើយឱសថនេះគឺ «ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវ…

ប្រហែលជាខ្ញុំត្រូវពន្យល់ឲ្យបានច្បាស់ ពីតង្វាយ១ ភាគដ១០ មានន័យដូចម្ដេច។ តង្វាយ១ ភាគដប់ មានន័យថា ក្នុងចំណោម១០ ភាគ យើងថ្វាយ១ ភាគដំបូងគេ មុនគេ ដើមគេបង្អស់ បើជាសត្វគឺកូនដំបូង ផលដំបូងដល់ព្រះជាម្ចាស់ ពោលពីគ្រប់អ្វីៗទាំងអស់ដែលយើងរកបាន ពីប្រាក់ចំណូលរបស់យើង មួយភាគដំបូង គឺសម្រាប់ព្រះ។ មានន័យថា យើងញែកតង្វាយនោះទុកដោយឡែកមុនគេសម្រាប់ព្រះអង្គ ហើយបន្ទាប់មកទើបយើងចាត់ចែងចំណែកដែលនៅសល់៩ ភាគ។ ព្រះទ្រង់មានបន្ទូលថា «ចូរនាំយកតង្វាយ១ ភាគក្នុងដប់ទាំងអស់ មិនត្រូវកេងបន្លំ ឬកេងយក១ ភាគក្នុង១០ នោះឡើយ ហើយយើងនឹងរ៉ាប់រងពីសេចក្ដីត្រូវការរបស់ឯង»។

ខ្ញុំសូមបញ្ជាក់លោកអ្នកថា តង្វាយ១ ភាគ១០ គឺសាមញ្ញ ស្របតាមបទគម្ពីរ មានភាពជាក់លាក់ មិនពិបាកយល់ មិនស្មុកស្មាញ។ សឹងតែថា អ្នកណាក៏ចេះបែងចែកអ្វីៗឲ្យទៅជា១០ ភាគបានដែរ។ នៅក្នុងប្រព័ន្ធរូបិយប័ណ្ណ គេហៅថាប្រព័ន្ធទសភាគ ដែលមានន័យថា គេរំកិលសញ្ញាទសភាគ ពីស្ដាំទៅឆ្វេង។ ប្រសិនបើលោកអ្នករកបាន $៣២០.០០ ដូច្នេះ តង្វាយ១ ភាគ១០ របស់លោកអ្នក គឺ $៣២.០០។ ប្រសិនបើលោកអ្នករកបាន $៥១៤.០០ តង្វាយ១ ភាគ១០ របស់លោកអ្នកគឺ $៥១.៤០។ តើមានអ្វីពិបាក? គឺសាមញ្ញ ស្របតាមបទគម្ពីរ ហើយមានភាពជាក់លាក់។ ខ្ញុំចង់ប្រាប់លោកអ្នក ដោយសំអាងលើបទពិសោធន៍ជាច្រើនឆ្នាំថាគោលការណ៍នេះ ប្រាកដជាកើតការមែន។

លោកអ្នកឃើញហើយ គោលការណ៍នោះគឺថា យើងថ្វាយព្រះកិត្តិយសដល់ព្រះក្នុងគ្រប់ការទាំងអស់។ យើងដាក់ព្រះជាទីមួយ ហើយនោះគឺ រាប់ទាំងលុយកាក់ និងទ្រព្យសម្បត្តិរបស់យើង។ សុភាសិត ៣:៩-១០ ចែងថាៈ

9 ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ និងផលដំបូងពីសេចក្ដីចម្រើនរបស់ឯងទាំងអម្បាលម៉ានចុះ។ 10 យ៉ាងនេះ អស់ទាំងជង្រុកឯង នឹងបានពេញបរិបូរ ឯអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង។

សូមកត់សម្គាល់ថា យើងថ្វាយព្រះកិត្តិនាមដល់ព្រះជាម្ចាស់ នៅពេលដែលយើងដាក់ព្រះអង្គជាទីមួយក្នុងរឿងលុយកាក់របស់យើង។ តង្វាយ១ ភាគដប់ មិនមែនជាច្បាប់ដែលលោកម៉ូសេបានដាក់ចេញនោះទេ។ មនុស្សជាច្រើនគិតថា នេះជាក្រឹត្យវិន័យរបស់លោកម៉ូសេ។ តង្វាយ១ ភាគដប់ ចាប់ផ្តើមដោយលោកអ័ប្រាហាំហើយនេះជាកន្លែងដែលបានលើកឡើងដំបូងគេបង្អស់នៅក្នុងព្រះគម្ពីរ គឺលោកុប្បត្តិ ១៤:១៨-២០ នៅពេលដែលលោកអ័ប្រាហាំបានជួបជាមួយបុរសម្នាក់ឈ្មោះ មិលគីស្សាដែក ជាស្តេចក្រុងសាឡិម និងជាសង្ឃរបស់ព្រះ។ នេះជាសេចក្ដីដែលព្រះគម្ពីរបានចែង៖

18 ព្រះបាទមិលគីស្សាដែក ជាស្តេចក្រុងសាឡិម បានយកនំបុ័ង និងស្រាទំពាំងបាយជូរមក។ ស្តេចជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត។ 19 ស្តេចបានឲ្យពរលោកអាប់រ៉ាមថា៖ «សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដី។ 20 សូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោក»។

នោះជាព្រះពរ ដែលមិលគីស្សាដែក ជាសង្ឃរបស់ព្រះ បានប្រកាសមកលើអ័ប្រាហាំ ជាអ្នកបម្រើរបស់ព្រះ។ ឥឡូវនេះ សូមកត់សម្គាល់របៀបដែលលោកអ័ប្រាហាំឆ្លើយតបនឹងការឲ្យពររបស់ព្រះបាទមិលគីស្សាដែកជាសង្ឃរបស់ព្រះ។

រួចលោកអាប់រ៉ាម (នេះគឺអ័ប្រាហាំ) ក៏ថ្វាយមួយភាគក្នុងដប់ ពីគ្រប់របស់ទាំងអស់ដល់ព្រះបាទមិលគីស្សាដែក។

ដូច្នេះ តង្វាយ១ ភាគដប់ មានការពីរៈ តង្វាយ១ ភាគដប់ ជាការឆ្លើយតបទៅនឹងព្រះពររបស់ព្រះ និងជារបៀបលើកកិត្តិយសដល់សង្ឃរបស់ព្រះ។ នោះហើយជារបៀបដែលលោកអ័ប្រាហាំបានធ្វើ ហើយសូមចាំថាអ័ប្រាហាំ គឺជាឪពុកនៃអស់អ្នកដែលជឿ។ លោកជាឪពុកខាងវិញ្ញាណរបស់យើង ប្រសិនបើយើងគឺជាអ្នកជឿហើយព្រះទ្រង់​តម្រូវឲ្យយើងដើរតាមលំអាននៃជំនឿរបស់លោក។ ការចំបងមួយនៃជំនឿរបស់លោក គឺថ្វាយ១ ភាគក្នុង១០។

ហេព្រើរជំពូក ៧ បង្ហាញថា ព្រះយេស៊ូគ្រិស្ត នៅក្នុងសញ្ញាថ្មី គឺជាសម្ដេចសង្ឃដ៏ខ្ពស់បំផុតរបស់យើងតាមរបៀបព្រះបាទមិលគីស្សាដែក។ ហើយបទ គម្ពីរនេះក៏បញ្ជាក់ថា ព្រះបាទមិលគីស្សាដែក បានទទួលតង្វាយ១ ភាគ ដប់ពីលោកអ័ប្រាហាំ ក្នុងនាមជាសង្ឃរបស់ព្រះ។ ហេព្រើរ ៧:៦ បានចែងពីព្រះបាទមិលគីស្សាដែកថាៈ

តែ​លោក​ម៉ិល‌គីស្សាដែក​នេះ ដែល​មិន​បាន​រាប់​ជា​វង្សា​គេ​ទេ នោះ​បាន​ទទួល​១​ភាគ​ក្នុង​១០ ពី​លោក​អ័ប្រា‌ហាំ​វិញ ហើយ​ក៏​ឲ្យ​ពរ​ដល់​លោក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​ផង។

ដូច្នេះ តង្វាយ១ ភាគ១០ គឺជាការឆ្លើយតបរបស់យើង ចំពោះព្រះពររបស់ព្រះ។ តង្វាយ១ ភាគ១០ ជារបៀបដែលយើងថ្វាយកិត្តិនាមដល់ព្រះ។ ហើយសូមលោកអ្នកចាំក្នុងគំនិតថា តង្វាយ១ ភាគ១០ គឺត្រូវនាំយកមកដាក់នៅក្នុងឃ្លាំង។ តើឃ្លាំងដែលបទគម្ពីរនិយាយនេះជាអ្វី? ខ្ញុំគិតថា ចម្លើយគឺសាមញ្ញបំផុតៈ គឺកន្លែងដែលលោកអ្នកទទួលគ្រាប់ពូជ ទាំងសម្រាប់បរិភោគ ទាំងសម្រាប់សាបព្រោះ។ នេះហើយជារបៀបដែលលោកអ្នកទទួលស្គាល់ប្រភពនៃការផ្គត់ផ្គង់របស់លោកអ្នក។ ឥឡូវនេះ ខ្ញុំសូមលើកពីសុភាសិតខ្លីមួយដែលថា «បើអ្នកបរិភោគអាហារក្នុងផ្ទះ «ក» កុំទៅបង់លុយនៅផ្ទះ «ខ»។ ត្រូវទទួលស្គាល់ប្រភពនៃការផ្គត់ផ្គង់ខាងវិញ្ញាណរបស់លោកអ្នក ដោយការថ្វាយ១ ភាគក្នុង១០ របស់លោកអ្នក។

ល្អណាស់! សូមឲ្យព្រះជាម្ចាស់ប្រទានពរលោកអ្នក និងជួយលោកអ្នកឲ្យរស់នៅក្នុងភាពចម្រុងចម្រើនតាមរយៈគោលការណ៍នេះ។

ពេលវេលាយើងចូលមកដល់ចុងបញ្ចប់ហើយ ហើយខ្ញុំនឹងវិលមកជួបលោកអ្នកនៅវគ្គក្រោយ។ វគ្គក្រោយ ខ្ញុំនឹងបន្តគោលសំខាន់របស់យើងអំពីភាពចម្រុងចម្រើននេះតទៅទៀត គឺពីរបៀបមួយដ៏ពិសេសសដែលនាំឲ្យមានភាពចម្រុងចម្រើន។ សូមព្រះប្រទានពរ។