វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មីនៅថ្ងៃនេះ ដើម្បីចែកចាយជាមួយលោកអ្នកអំពីសេចក្តីពិតដែលបានធ្វើឲ្យមានភាពខុសប្លែករវាងជោគជ័យ និងបរាជ័យនៅក្នុងជីវិតរបស់ខ្ញុំ ហើយការនេះក៏អាចកើតមាននៅក្នុងជីវិតរបស់លោកអ្នកដូចគ្នា។

ជាបឋម ខ្ញុំសូមអរគុណចំពោះអស់លោកអ្នកដែលបានសរសេរផ្ញើមកខ្ញុំ។ នៅចុងបញ្ចប់នៃការចែកចាយនេះ យើងនឹងជម្រាបជូនលោកអ្នកអំពីអសយដ្ឋាន ដែលលោកអ្នកអាចសរសេរផ្ញើមកយើងខ្ញុំ។ សូមកុំស្ទាក់ស្ទើរនឹងចែកចាយប្រាប់យើងខ្ញុំ អំពីសេចក្តីត្រូវការរបស់លោកអ្នក បញ្ហាផ្ទាល់ខ្លួនរបស់លោកអ្នក និងសំណូមអធិស្ឋានផ្សេងៗរបស់លោកអ្នក។

ពេញមួយសប្ដាហ៍មុន ខ្ញុំបានចែកចាយប្រាប់លោកអ្នកអំពីគោលសំខាន់ “គឺការរស់នៅលើទឹកដីនៃសេចក្ដីសន្យារបស់ព្រះ”។ ខ្ញុំមានគោលបំណងបង្ហាញលោកអ្នក ដោយគំរូដ៏ជាក់លាក់ថា សម្រាប់រាល់សេចក្តីត្រូវការ ឬបញ្ហាដែលអាចកើតមាននៅក្នុងជីវិតរបស់យើង នោះមានសេចក្តីសន្យាដូចគ្នា នៅក្នុងព្រះបន្ទូលរបស់ព្រះ ដែលអាចបំពេញសេចក្តីត្រូវការនោះ ឬដោះស្រាយបញ្ហានោះ។ ខ្ញុំបានសង្ខេបសេចក្ដីនេះដោយនិយាយថា ការផ្គត់ផ្គង់របស់ព្រះសម្រាប់យើង គឺស្ថិតនៅក្នុងសេចក្តីសន្យារបស់ព្រះអង្គ ហើយថា សេចក្តីសន្យាទាំងនោះ គឺជាមរតករបស់យើង។

នៅក្នុងសញ្ញាចាស់ ក្រោមការដឹកនាំរបស់លោកយ៉ូស្វេ ព្រះបាននាំប្រជារាស្ត្ររបស់ព្រះអង្គ ចូលទៅក្នុងទឹកដីសន្យា ប៉ុន្តែនៅក្នុងសញ្ញាថ្មី ក្រោមការដឹកនាំម្នាក់របស់ព្រះយេស៊ូ (ឈ្មោះទាំងពីរនេះដូចគ្នា ពោលគឺ យ៉ូស្វេ ជាភាសាហេព្រើរ ហើយយេស៊ូវ ជាភាសាក្រេក) គឺព្រះទ្រង់នាំប្រជារាស្ត្ររបស់ព្រះអង្គ ចូលទៅក្នុងទឹកដីនៃសេចក្តីសន្យា។ ក៏ប៉ុន្តែ លោកយ៉ូស្វេបានចំណាយពេលយូរបន្តិច ដើម្បីប្រកាសយកមរតកទាំងមូលដែលព្រះបានផ្គត់ផ្គង់។ នៅពាក់កណ្ដាលនៃកណ្ឌគម្ពីរយ៉ូស្វេ ក្រោយពីអ៊ីស្រាអែលបានទទួលជ័យជម្នះជាច្រើន និងទឹកដីជាច្រើន ព្រះនៅតែមានព្រះបន្ទូលមកកាន់ពួកគេថា៖ “...មានសល់នៅស្រុក ដែលត្រូវចាប់យកសន្ធឹកទៀតណាស់”។ សេចក្តីពិតនេះដូចគ្នាសម្រាប់យើងជាគ្រិស្តបរិស័ទក្នុងសញ្ញាថ្មី គឺមានសល់នៅស្រុកច្រើនសន្ធឹកទៀតណាស់ ដែលយើងត្រូវចាប់យក។ យើងបានចូលទៅក្នុងសេចក្តីសន្យាដែលព្រះបានប្រទានមកយើង នៅក្នុងសេចក្តីសន្យារបស់ព្រះអង្គ បានត្រឹមតែមួយផ្នែកតូចប៉ុណ្ណោះនៅឡើយទេ។

ដូច្នេះ សប្តាហ៍នេះ យើងនឹងបន្តរកឲ្យឃើញនូវរតនៈសម្បត្តិ និងទឹកដីដ៏អស្ចារ្យដែលព្រះបានប្រទានដល់យើង តាមរយៈជំនឿក្នុងអង្គព្រះយេស៊ូគ្រិស្ត ជាយ៉ូស្វេរបស់យើងដែលគង់នៅស្ថានសួគ៌ នោះហើយជាទឹកដីនៃសេចក្តីសន្យារបស់ព្រះសម្រាប់យើង។

ប្រភេទនៃសេចក្តីសន្យាដ៏វិសេស ដែលយើងនឹងមើលជាមួយគ្នានៅសប្ដាហ៍នេះ គឺជាសេចក្តីសន្យាដែលទាក់ទងទៅនឹងទម្រង់នៃប្រាជ្ញាសាមញ្ញៗ។ ខ្ញុំសូមបន្ថែមថា គ្រប់ទាំងប្រាជ្ញាដែលបានលាតត្រដាងឲ្យឃើញនៅក្នុងព្រះគម្ពីរ សុទ្ធសឹងតែជាប្រាជ្ញាសាមញ្ញៗ។ ក្នុងដំណើរដែលខ្ញុំបានដើរយ៉ាងវែងឆ្ងាយជាមួយព្រះអង្គ ខ្ញុំបានរកឃើញថា ព្រះអង្គជាព្រះដែលសាមញ្ញ ហើយអ្វីៗដែលពិតជាមានលក្ខណៈខាងវិញ្ញាណ ក៏សាមញ្ញបំផុត។ ជួនកាល យើងនិយាយអំពីមនុស្សដែលមានគំនិតគិតអំពីស្ថានសួគ៌ រហូតដល់គេមិនប្រើរបៀបរស់នៅជាក់ស្តែងខាងផែនដី តែមនុស្សបែបនោះ មិនមានលក្ខណៈខាងវិញ្ញាណពិតប្រាកដឡើយ។ មនុស្សដែលមានព្រះវិញ្ញាណបរិសុទ្ធដឹកនាំពិតប្រាកដ គឺជាមនុស្សដែលមានលក្ខណៈសាមញ្ញជានិច្ច។ ទាក់ទងនឹងប្រាជ្ញា សេចក្តីសន្យាដំបូង ដែលយើងនឹងមើលនៅថ្ងៃនេះ គឺនៅក្នុងយ៉ាកុប ១:៥-៨។

ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់ មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។ ប៉ុន្ដែ ត្រូវឲ្យអ្នកនោះទូលសូម ដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់ ផាត់ ទាំងរំពើកចុះឡើង កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ។ ដ្បិតអ្នក នោះជាមនុស្សមានចិត្តពីរ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវរបស់ខ្លួន។

មើល៍ចុះ មានសេចក្តីសន្យាមួយយ៉ាងច្បាស់អំពីប្រាជ្ញាសម្រាប់យើងរាល់គ្នា សម្រាប់ស្ថានភាពណាមួយដែលយើងឃើញថាយើងត្រូវការ។ ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។ ព្រះទ្រង់មិនបន្ទោស ដោយសារតែយើងខ្វះប្រាជ្ញានោះទេ។ ព្រះអង្គជ្រាបថាយើងខ្វះប្រាជ្ញា ហើយព្រះអង្គសព្វព្រះហឫទ័យនឹងផ្គត់ផ្គង់ការខ្វះខាតនោះ។ ដូច្នេះ ព្រះអង្គមិនចាប់កំហុសយើងទេ។ លោកយ៉ាកុបថ្លែងថា៖ “ទ្រង់នឹងប្រទានឲ្យ” គឺអ្នកណាដែលសុំប្រាជ្ញា ព្រះទ្រង់នឹងប្រទានប្រាជ្ញាឲ្យ។ មូលហេតុធំមួយដែលធ្វើឲ្យយើងគ្មានប្រាជ្ញាដែលយើងត្រូវការគឺ ទីមួយ យើងមិនដឹងថាយើងត្រូវការប្រាជ្ញា។ យើងមិនទទួលស្គាល់ថាយើងខ្វះប្រាជ្ញា។ យើងទុកចិត្តខ្លួនឯង យើងទុកចិត្តលើការយល់ដឹងរបស់ខ្លួន ហើយក៏នាំឲ្យអន្តរាយ។ ឬជួនកាល យើងមើលឃើញថាយើងខ្វះប្រាជ្ញា ប៉ុន្តែយើងមិនគិតថា មិនបាច់សុំប្រាជ្ញានោះពីព្រះទេ។

ហើយជាថ្មីម្ដងទៀត ហេតុផលទីបី ដែលមិនអាចឲ្យយើងទទួលបានប្រាជ្ញា គឺដោយព្រោះយើងមិនសុំដោយជំនឿ។ ព្រះទ្រង់ដាស់តឿនឲ្យយើងសុំ ហើយឲ្យជឿថា ព្រះអង្គប្រទានឲ្យយើងនូវអ្វីដែលយើងសុំ។ ដោយហេតុនេះហើយបានជាលោកយ៉ាកុបថ្លែងនៅទីនេះថាៈ “តែត្រូវឲ្យអ្នកនោះសុំដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ”។ សេចក្តីនេះ ដូចគ្នានៅក្នុងព្រះគម្ពីរទាំងមូល។ ហេព្រើ ១១:១៦ ចែងថាៈ

៦ ... អ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទាន រង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។

ដូច្នេះ លោកអ្នកចូលទៅឯព្រះក្នុងរឿងអ្វីក៏ដោយ ព្រះទ្រង់តម្រូវឲ្យលោកអ្នកជឿដល់ព្រះអង្គ ហើយឲ្យលោកអ្នកជឿថា ព្រះអង្គនឹងប្រទានរង្វាន់ដល់លោកអ្នក។ សេចក្តីនេះអនុវត្តជាពិសេសនៅក្នុងស្ថានភាពននេះ ចំពោះប្រាជ្ញារបស់យើង ដើម្បីសម្រេចកិច្ចការ។

លោកយ៉ាកុបថ្លែងថា៖ “ពេលដែលអ្នកនោះសូម ត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង។ កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ។ ដ្បិតអ្នកនោះជាមនុស្សមានចិត្ត២ ចេះតែសាវ៉ាក្នុងគ្រប់ទាំងផ្លូវ”។

នេះជាពាក្យដែលលោកយ៉ាកុបមានប្រសាសន៍ធ្ងន់ៗ គឺមនុស្សដែលមានចិត្តពីរ សាវ៉ាគ្រប់ផ្លូវទាំងអស់ អ្នកនោះកុំរំពឹងថានឹងបានទទួលអ្វីពីព្រះអម្ចាស់ឡើយ។

ដូច្នេះ យើងឃើញហើយថា ក្នុងការស្វែងរកប្រាជ្ញាពីព្រះ យើងត្រូវតាំងចិត្ត និងគំនិតរបស់យើងឲ្យជឿថា ប្រសិនបើយើងសុំដោយជំនឿ ដោយបន្ទាបខ្លួន នោះព្រះនឹងប្រទានអ្វីដែលយើងសុំជាប្រាកដ។ ព្រះអង្គរង់ចាំតែនឹងប្រទានឲ្យប៉ុណ្ណោះ។ ពិតមែន ព្រះអង្គកំពុងរង់ចាំឲ្យយើងដឹងខ្លួនថាយើងមានសេចក្តីត្រូវការ ហើយសុំសេចក្តីត្រូវការនោះពីព្រះអង្គ។

ប្រាជ្ញាជាផ្នែកមួយដ៏ធំនៃមរតកទាំងមូលរបស់យើង នៅក្នុងព្រះយេស៊ូគ្រិស្ត។ ឧទាហរណ៍ នៅក្នុង១កូរិនថូស ១:៣០ លោកប៉ូលថ្លែងថាៈ

៣០ តែដោយសារព្រះ [ គឺដោយសារព្រះកំពុងធ្វើ ] នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ [ លោកអ្នកឃើញហើយ មរតកទាំងមូលរបស់យើង គឺពិតជានៅក្នុងព្រះគ្រិស្តយេស៊ូ ] …នៅ ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តី សុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើង។

ដូច្នេះ ព្រះយេស៊ូជាប្រាជ្ញារបស់យើង។ ប្រាជ្ញាទាំងអស់របស់យើង គឺនៅក្នុងព្រះអង្គ។ ព្រះអង្គក៏ជាសេចក្តីសុចរិតរបស់យើង សេចក្តីបរិសុទ្ធរបស់យើង និងជាសេចក្តីប្រោសលោះរបស់យើង។

ជាថ្មីម្ដងទៀត នៅក្នុងកូឡុស ២:២-៣ លោកប៉ូលថ្លែងពីសេចក្តីនេះ (គឺលោកកំពុងអធិស្ឋានឲ្យគ្រិស្តបរិស័ទនៅក្រុងកូឡុស និងគ្រិស្តបរិស័ទនៅកន្លែងដទៃៗ) លោកថ្លែងថាៈ

ខ្ញុំចង់លើកទឹកចិត្តអ្នកទាំងនោះ ឲ្យបានរួបរួមគ្នាក្នុងសេចក្តីស្រឡាញ់ ហើយឲ្យគេមានការយល់ដឹង យ៉ាងជឿជាក់សព្វគ្រប់ទាំងអស់ ជាសម្បត្តិយ៉ាងបរិបូរ ដើម្បីឲ្យបានស្គាល់អាថ៌កំបាំងរបស់ព្រះ ពោល គឺព្រះគ្រីស្ទផ្ទាល់ ដែលគ្រប់ទាំងកំណប់នៃប្រាជ្ញា និងចំណេះដឹងលាក់ទុកក្នុងព្រះអង្គ។

សូមកត់សម្គាល់ថា គ្រប់ទាំងកំណប់នៃប្រាជ្ញា និងចំណេះដឹង លាក់ទុកនៅក្នុងព្រះយេស៊ូគ្រិស្ត។

មុនពេលខ្ញុំស្គាល់ព្រះយេស៊ូ ខ្ញុំជាសាស្ត្រាចារ្យខាងទសន្សនៈវិជ្ជា នៅសកលវិទ្យាល័យខេមព្រីដ (Cambridge University) ហើយខ្ញុំបានស្វែងរកប្រាជ្ញាជាប់ជានិច្ច ប៉ុន្តែ ខ្ញុំអាចនិយាយបានថា ខ្ញុំបានរស់នៅលើគំនរនៃប្រាជ្ញារបស់មនុស្ស ដែលនៅចំពោះព្រះ ហាក់ដូចជាគំនរនៃកាកសំណល់។ នៅពេលដែលខ្ញុំបានមកស្គាល់ព្រះយេស៊ូ ខ្ញុំសប្បាយចិត្តដែលរកឃើញថា គ្រប់ទាំងកំណប់នៃប្រាជ្ញា និងចំណេះដឹង គឺនៅក្នុងព្រះអង្គ ហើយខ្ញុំក៏បានបែរចេញ ហើយតាំងចិត្តថានឹងស្វែងរកប្រាជ្ញាដែលនៅក្នុងព្រះយេស៊ូវិញ ដែលទ្រង់ជាកំណប់នៃប្រាជ្ញា និងសេចក្តីចេះដឹង។ នេះជាប្រសាសន៍របស់លោកដេរេកព្រិនស៍។

ម្យ៉ាងវិញទៀត យើងត្រូវតែយល់ថា សេចក្តីល្ងង់ខ្លៅ មិនមែនត្រឹមតែជារឿងខ្វះប្រាជ្ញាយល់ដឹងនោះទេ។ សេចក្តីល្ងង់ខ្លៅ ចង្អុលបង្ហាញពីចិត្តដែលមិនចូលធ្លុងជាមួយព្រះ។ មានគុណភាពខាងសីលធម៌មួយចំពោះសេចក្តីល្ងង់ខ្លៅ។ នៅក្នុងគម្ពីរម៉ាកុស ៧:២១-២២ ព្រះយេស៊ូបានរៀបរាប់អំពីសេចក្តីអាក្រក់ៗ ដែលចេញមកពីក្នុងចិត្តរបស់មនុស្ស ដែលមិនទាន់បានផ្លាស់ប្រែជាថ្មី។ ព្រះអង្គមានព្រះបន្ទូលថាៈ

ដ្បិតខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស ចេញមកជាគំនិតអាក្រក់ សហាយស្មន់ លួចប្លន់ សម្លាប់ មនុស្ស ផិតក្បត់ លោភលន់ ចិត្តអាក្រក់ បោកប្រាស់ អាស អាភាស ច្រណែនឈ្នានីស ជេរប្រមាថ អំនួត និងឆ្កួតលេលា។ (RKOV)

សូមកត់សម្គាល់ពីអ្វីដែលជាគូកននៃសេចក្តីខ្លៅល្ងង់។ សេចក្តីខ្លៅល្ងង់នេះ វាដើរជាមួយនឹងគូកនរបស់វាឈ្មោះ សហាយស្មន់ លួចប្លន់ សម្លាប់មនុស្ស ផិតក្បត់ លោភលន់ ចិត្តអាក្រក់ បោកប្រាស់ អាស អាភាស ច្រណែនឈ្នានីស ជេរប្រមាថ អំនួត និងឆ្កួតលេលា ហើយនៅមានច្រើនទៀត។ គួរឲ្យចាប់អារម្មណ៍ណាស់ នៅក្នុងភាសាក្នុងស្រុករបស់អារ៉ាប់ ផ្ទុយទៅនឹងពាក្យ “ឆ្លៀវឆ្លាត” គឺពាក្យ “ខ្ជិលច្រអូស”។ និយាយបានម្យ៉ាងទៀតថា មានសារសំខាន់ខាងសីលធម៌មួយចំពោះសេចក្តីខ្លៅល្ងង់ គឺមិនមែនត្រឹមតែរឿងខ្វះប្រាជ្ញាចេះដឹងប៉ុណ្ណោះទេ តែគឺជារឿងខ្វះចរិតលក្ខណៈ។

យើងបានឃើញថា ព្រះបានធ្វើឲ្យព្រះយេស៊ូគ្រិស្ត ត្រឡប់ជាប្រាជ្ញាដល់យើង ហើយគ្រប់ទាំងកំណប់នៃប្រាជ្ញា និងចំណេះដឹង គឺនៅក្នុងព្រះយេស៊ូ។ តើធ្វើដូចម្ដេចឲ្យយើងអាចចូលទៅរកកំណប់ទាំងនោះបាន? គឺយើងទូលសុំពីព្រះអង្គ។ តើព្រះទ្រង់ផ្គត់ផ្គង់អ្វីដែលយើងសុំដោយរបៀបណា?

ខ្ញុំជឿថា ចម្លើយមួយដ៏ធំ គឺរកកឃើញនៅក្នុងយ៉ូហន ១៦:១៣-១៥។ កន្លែងនេះ ព្រះយេស៊ូកំពុងមានព្រះបន្ទូលទៅកាន់ពួកសិស្សរបស់ព្រះអង្គ។ ព្រះអង្គមានបន្ទូលដូច្នេះថាៈ

ពេលព្រះវិញ្ញាណនៃសេចក្តីពិតបានយាងមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំង សេចក្តីពិត ដ្បិតព្រះអង្គនឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូល ចំពោះតែសេចក្តីណាដែលព្រះអង្គឮ ហើយនឹងសម្តែងឲ្យអ្នករាល់គ្នាដឹងការដែលត្រូវកើតមក។ ព្រះអង្គនឹងតម្កើងខ្ញុំ ព្រោះព្រះអង្គនឹងយកអ្វីដែលជារបស់ខ្ញុំ មកប្រាប់អ្នករាល់គ្នា។ គ្រប់ទាំងអស់ ដែលព្រះវរបិតាមាន ជារបស់ខ្ញុំ ហេតុនេះហើយបានជាខ្ញុំប្រាប់ថា ព្រះអង្គនឹងយកអ្វីដែលជារបស់ខ្ញុំ មកប្រាប់អ្នករាល់គ្នា»។ (RKOV)

មែនហើយ កំណប់នៃប្រាជ្ញា និងសេចក្តីចេះដឹង គឺនៅក្នុងព្រះគ្រិស្ត ប៉ុន្តែព្រះអង្គមួយដែលធ្វើឲ្យកំណប់ទាំងនោះបើកចំហសម្រាប់យើង ព្រះអង្គមួយដែលយកកំណប់ទាំងនោះ ហើយបើកបង្ហាញប្រាប់យើង គឺជាព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្នកចាត់ចែងរតនៈសម្បត្តិនៅក្នុងព្រះរាជ្យរបស់ព្រះទាំងមូល។ ការនោះ រាប់ទាំងរតនៈសម្បត្តិនៃប្រាជ្ញា ចំណេះដឹង ដែលជារតនៈសម្បត្តិនៅក្នុងព្រះគ្រិស្ត។ ដូច្នេះ ដើម្បីនឹងទទួលបានប្រាជ្ញាដែលព្រះទ្រង់បានសន្យាថានឹងប្រទានមកយើង នោះយើងត្រូវតែបន្តឲ្យមានទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធជាមួយព្រះវិញ្ញាណបរិសុទ្ធ។ គឺជាព្រះវិញ្ញាណបរិសុទ្ធហើយដែលធ្វើឲ្យគ្រប់ទាំងកំណប់នៃប្រាជ្ញា និងចំណេះដឹង បើកទ្វារសម្រាប់យើង។ យើងត្រូវដើរស្រប និងមានសេចក្តីប្រកបជាមួយព្រះវិញ្ញាណរបស់ព្រះ។ យើងត្រូវតែចេះស្ដាប់សេចក្តីដែលព្រះវិញ្ញាណកំពុងមានព្រះបន្ទូល។ យើងត្រូវតែមានវិញ្ញាណរវៀសចំពោះការរំលឹកដ៏ស្រទន់របស់ព្រះអង្គ ហើយយកចិត្តទុកដាក់នឹងសេចក្តីដែលទ្រង់ទូន្មានយើង។ ដូច្នេះ ជាច្រើនដង យើងកើតមានបញ្ហា ព្រោះតែយើងរំលងភ្លើងក្រហម ដែលព្រះវិញ្ញាណបរិសុទ្ធបានផ្ដល់សញ្ញាតាមដងផ្លូវនៃជីវិតរបស់យើង ហើយយើងក៏ធ្លាក់ចូលទៅក្នុងប្រភេទនៃគ្រោះថ្នាក់ ឬមហន្តរាយ។ នោះមិនមែនដោយព្រោះតែប្រាជ្ញាបិទទ្វារចំពោះយើងនោះទេ តែដោយព្រោះតែយើងមិនយកចិត្តទុកដាក់នឹងការរំលឹករបស់ព្រះវិញ្ញាណបរិសុទ្ធ។

នៅក្នុងគម្ពីររ៉ូម ៨:១៤ លោកប៉ូលថ្លែងសេចក្តីនេះថាៈ

១៤ ហើយអស់អ្នកណាដែលព្រះវិញ្ញាណរបស់ព្រះដឹកនាំ អ្នកទាំងនោះជាកូនរបស់ព្រះ

ពាក្យក្រេកដែលប្រើនៅទីនេះ សម្រាប់ពាក្យកូន គឺចង្អុលបង្ហាញពីភាពពេញវ័យ។ នេះជាសញ្ញាសម្គាល់អំពីអ្នកជឿដែលមានភាពពេញវ័យ គឺអ្នកនោះមានការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធជាប់ជានិច្ច អ្នកនោះវិញ្ញាណគាត់រវៀសចំពោះគ្រប់ទាំងសំឡេងតូចរហៀង នៃការចង្អុលបង្ហាញរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយយើងអាចទទួលបានប្រាជ្ញារបស់ព្រះអង្គជាប់ជានិច្ច ដោយរបៀបនេះឯង។

នេះជាពាក្យណែនាំមួយទៀតអំពីរបៀបទទួលប្រាជ្ញា។ សូមបញ្ចុកគំនិតរបស់លោកអ្នក ដោយអាហាររបស់ព្រះ ដើម្បីឲ្យបានប្រាជ្ញាចុះ ហើយនោះគឺ គម្ពីរសុភាសិត។ គម្ពីរសុភាសិត ចាប់ផ្ដើមដោយសេចក្ដីនេះថាៈ

អោយមនុស្សមានប្រាជ្ញា និងការចេះដឹង ដើម្បីយល់ពាក្យពេចន៍ប្រកបដោយអត្ថន័យជ្រៅជ្រះ ព្រមទាំងបង្រៀនមនុស្សអោយចេះដឹង សុចរិត ត្រឹមត្រូវ និងមានចិត្តទៀងត្រង់ ហើយផ្តល់អោយមនុស្សឆោតចេះប្រុងប្រយ័ត្ន និងផ្តល់អោយយុវជនចេះគិតចេះពិចារណា។

ដូច្នេះ ចូរបញ្ចុកគំនិតរបស់លោកអ្នក ដោយគម្ពីរសុភាសិតចុះ។ គម្ពីរសុភាសិត មាន៣១ជំពូក។ ហេតុអ្វីក៏លោកអ្នកមិនអាន មួយថ្ងៃមួយជំពូកទៅ ហើយធ្វើដូច្នេះរៀងរាល់ខែ ឲ្យពេញក្នុងមួយឆ្នាំទៅ។ ជឿខ្ញុំចុះ បើលោកអ្នកធ្វើដូច្នេះ នោះនៅចុងឆ្នាំ លោកអ្នកនឹងកាន់តែឆ្លាត ជាងនៅដើមឆ្នាំមិនខាន។

ឥឡូវនេះ ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះ ចូលដល់ទីបញ្ចប់ហើយ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលា និងម៉ោងដដែល។

វគ្គក្រោយ ខ្ញុំនឹងជម្រាបជូនអំពីវិធីមួយពិសេស ដែលព្រះទ្រង់ធ្វើឲ្យយើងអាចទទួលបានសេចក្តីសន្យារបស់ព្រះអង្គ។ គោលសំខាន់របស់ខ្ញុំ នឹងបានជាការចង្អុលបង្ហាញ អំពីរបៀបស្វែងរកផ្លូវដែលត្រឹមត្រូវតាមរយៈជីវិត។