លោកអ្នកកើតមកសម្រាប់ការល្អ

ដេរេក ព្រីនស៍
Published: 1979
Last Updated: September 2026
Read Time: 9
ផែនការរបស់ព្រះមិនមែនសម្រេចបានតាមរយៈការកែលម្អជីវិតចាស់នោះទេ ប៉ុន្តែគឺតាមរយៈការក្លាយជាសត្វលោកថ្មីនៅក្នុងព្រះគ្រីស្ទ។ ការបង្រៀននេះបង្ហាញពីរបៀបដែលការផ្សះផ្សាជាមួយព្រះ នាំទៅរកការប្រព្រឹត្តអំពើល្អ និងការធ្វើជាតំណាងរបស់ព្រះគ្រីស្ទដល់អ្នកដទៃ។
Transcript
វិសេសណាស់ដែលខ្ញុំមានពេលជាមួយលោកអ្នកជាថ្មីម្តងទៀតនៅថ្ងៃនេះ។ សប្តាហ៍នេះ ខ្ញុំនឹងចែកចាយ ជូនលោកអ្នកជាមួយនឹងគោលរឿងដ៏សំខាន់មួយ ដែលទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ គឺ«របៀបរកឲ្យឃើញ ផែនការរបស់ព្រះសម្រាប់ជីវិតលោកអ្នក»។ លោកអ្នកប្រហែលជាមិនដែលបានយល់ថា ព្រះទ្រង់មានផែនការ សម្រាប់ជីវិតរបស់លោកអ្នកទេ គឺជាផែនការមួយដែលរាប់បញ្ចូលគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់លោកអ្នក ជា ផែនការមួយដែលធ្វើឲ្យមានការផ្គត់ផ្គង់ពេញលេញ សម្រាប់សេចក្តីត្រូវការរបស់លោកអ្នក និងផ្តល់ឲ្យលោក អ្នកនូវការយល់ដឹងពេញលេញបំផុត ពីសក្តានុពលទាំងមូលរបស់លោកអ្នក ក្នុងភាពជាមនុស្ស។
ម៉្យាងវិញទៀត លោកអ្នកប្រហែលជាមានការយល់ដឹងនៅខាងក្នុងថា ព្រះមានការទាមទារមួយមកលើ ជីវិតលោកអ្នក ហើយមានកិច្ចការមួយឲ្យលោកអ្នកបំពេញ ប៉ុន្តែលោកអ្នកមិនដឹងរបៀបរកឲ្យឃើញថាកិច្ចការ នោះជាអ្វី។ ជាលទ្ធផល តាមរបៀបមួយ លោកអ្នកមានអារម្មណ៍ថាមិនអាចកំណត់បានច្បាស់ លោកអ្នកអស់ ទឹកចិត្ត ហើយមិនបានបំពេញ។ ខ្ញុំជឿថា ការចែកចាយរបស់ខ្ញុំក្នុងសប្ដាហ៍នេះ នឹងជួយលោកអ្នកបាន។ ខ្ញុំជឿ ថា ខ្ញុំអាចបង្ហាញប្រាប់លោកអ្នកពីជំហានសាមញ្ញៗដែលលោកអ្នកត្រូវការ ដើម្បីរកឲ្យឃើញផែនការរបស់ព្រះ សម្រាប់ជីវិតលោកអ្នក ហើយថា ក្នុងការស្វែងរក និងដើរតាមផែនការរបស់ព្រះ លោកអ្នកនឹងមានការពេញ ចិត្ត និងភាពសមបំណងមួយ ដែលលោកអ្នកមិនដែលធ្លាប់បានដឹងពីមុនមក។
សម្រាប់ចំណុចចាប់ផ្តើម ខ្ញុំនឹងបើកទៅគម្ពីរអេភេសូរ ២:១០ ដែលនិយាយអំពីកិច្ចការដែលព្រះបានធ្វើ សម្រាប់យើង តាមរយៈសម្ព័ន្ធភាពរបស់យើងជាមួយព្រះអង្គ នៅក្នុងព្រះគ្រិស្ត។ លោកប៉ូលថ្លែងដូច្នេះថា៖
«ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។» (RKOV)
នេះជាឃ្លាចាប់ផ្តើមមួយដ៏អស្ចារ្យ៖ «យើងជាស្នាព្រះហស្តរបស់ព្រះអង្គ» គឺជាស្នាព្រះហស្តរបស់ ព្រះ។ ពាក្យក្រិកនៅទីនេះគឺ ផយអេម៉ា poiema ជាពាក្យមួយដែលចេញមកជាភាសាអង់គ្លេស មានន័យថា «កំណាព្យ»។ ពាក្យនេះបង្ហាញថាជាស្នាដៃឯកប្រកបដោយភាពច្នៃបង្កើត ជាកិច្ចការរបស់វិចិត្រករ ឬកវីនិពន្ធ ឬជាងចម្លាក់ដ៏អស្ចារ្យ ពោលគឺ ជាអ្វីមួយដ៏ឆ្នើម។ នោះហើយជាសណ្ឋានពិតរបស់យើង តាមរយៈអ្វីដែលព្រះ បានធ្វើសម្រាប់យើង នៅក្នុងព្រះគ្រិស្ត។ នេះហើយជាការទីមួយដែលលោកអ្នកត្រូវយល់ដឹង គឺថា ប្រសិនជា លោកអ្នកដាក់ជំនឿដល់ព្រះ តាមរយៈព្រះយេស៊ូគ្រិស្ត នោះព្រះទ្រង់ចង់ធ្វើឲ្យលោកអ្នកទៅជា ស្នាព្រះហស្តឯក ប្រកបដោយភាពច្នៃបង្កើត។ បន្ទាប់មក ព្រះអង្គចង់ប្រើលោកអ្នកដើម្បីសម្រេចកិច្ចការមួយដ៏ពិសេសបំផុត។
សេចក្តីនេះតែងតែជាព្រះពរដល់ខ្ញុំជានិច្ច នៅពេលដែលខ្ញុំគិតថា ព្រះអាទិករដ៏អស្ចារ្យនៃពិភពលោក ដែលទ្រង់បានបង្កើតហ្វូងផ្កាយ សមុទ្រ និងភ្នំទាំងឡាយ គឺគ្រប់ទាំងរបស់ដ៏ល្អរុងរឿង ដែលនៅជុំវិញយើងលើផែនដី ហើយនៅពេលដែលព្រះអង្គចង់បង្កើតចេញជាស្នាព្រះហស្តឯករបស់ព្រះអង្គ ព្រះអង្គយាងមករកគំនរ កាកសំណល់ ដើម្បីបង្កើតចេញជាស្នាព្រះហស្តរបស់ព្រះអង្គ ហើយព្រះអង្គក៏រកឃើញមនុស្សបែបនោះ ដូចជា លោកអ្នក និងខ្ញុំនេះឯង។
នៅពេលដែលព្រះអង្គរកឃើញខ្ញុំ ខ្ញុំដឹងច្បាស់ហើយថាខ្ញុំកំពុងស្ថិតក្នុងស្ថានភាពបែបណា។ ខ្ញុំបានស្ថិត នៅលើគំនរកាកសំណល់ ហើយដោយសារព្រះគុណ និងសេចក្តីមេត្តាករុណាដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអង្គបាន ចាប់យកបំណែកកាកសំណល់ដូចជាខ្ញុំនេះ ដែលកំពុងតែស្ថិតក្នុងស្ថានភាពបាត់បង់ ស្ថានភាពដែល កែមិនឡើង ហើយក៏មានព្រះបន្ទូលថា «យើងនឹងបង្កើតអ្នកឲ្យទៅជាស្នាព្រះហស្តឯករបស់យើង។» ការនោះ ពិតណាស់ ហើយមិនមែនតែសម្រាប់ខ្ញុំម្នាក់ប៉ុណ្ណោះ។ តាមពិត ខ្ញុំគ្មានអ្វីពិសេសនោះទេ ប៉ុន្តែក្នុងន័យម្យ៉ាង ខ្ញុំជា អ្វីមួយដែលពិសេស ព្រោះគ្រប់គ្នាដែលចូលមកឯព្រះ តាមរយៈព្រះយេស៊ូគ្រិស្ត នោះជាអ្វីមួយដែលពិសេស ប្រាកដមែន។ កូនរបស់ព្រះទាំងអស់ សុទ្ធតែពិសេសនៅក្នុងព្រះនេត្ររបស់ព្រះអង្គ។
ប៉ុន្តែ ពាក្យសំខាន់ដែលយើងត្រូវចាំជាប់នៅក្នុងខគម្ពីរនោះ គឺពាក្យ «បានបង្កើត»។ «បានបង្កើតមក ក្នុងព្រះគ្រិស្តយេស៊ូ។ បើយើងចង់ក្លាយទៅជាអ្វីដែលព្រះជាម្ចាស់ទ្រង់ចង់បាន នោះ ត្រូវតែចាប់ផ្តើមជាមួយ នឹងកិច្ចការច្នៃបង្កើតរបស់ព្រះ។ យើងត្រូវអនុញ្ញាតឲ្យព្រះទ្រង់បង្កើតយើងចេញពីការចាស់ ឲ្យទៅជាអ្វីដែល ព្រះអង្គទ្រង់ចង់បាន។ ទំនុកតម្កើង ៥១ បានកត់ត្រាសេចក្តីអធិស្ឋានរបស់ព្រះបាទដាវីឌ នៅពេលដែលស្តេច ត្រូវប្រឈមនឹងអំពើបាបយ៉ាងធ្ងន់របស់ទ្រង់។ ក្នុងខ ៩ និង ១០ ស្ដេចថ្លែងថា៖
៩ សូមបាំងព្រះភក្ត្រព្រះអង្គ ចេញពីអំពើបាបរបស់ទូលបង្គំ ហើយលុបបំបាត់អំពើទុច្ចរិតទាំងប៉ុន្មានរបស់ទូលបង្គំទៅ។ ១០ ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។ (RKOV)
សូមកត់សម្គាល់ពីសម្រែកនៃចិត្តរបស់ព្រះបាទដាវីឌ៖ «ឱព្រះអើយ សូមបង្កើតចិត្តស្អាតបរិសុទ្ធ នៅក្នុង ទូលបង្គំ។» នេះគឺត្រូវការសកម្មភាពច្នៃបង្កើតរបស់ព្រះ ដើម្បីដោះស្រាយជាមួយនឹងឥទ្ធិពលនៃអំពើបាប នៅ ក្នុងចិត្ត និងជីវិតរបស់មនុស្ស។ នៅពេលមនុស្សមានបាបចូលមករកព្រះ ព្រះទ្រង់មិនមែនកែលម្អ មិនមែនកែប្រែ មិនមែនកែតម្រូវ ឬក៏រុះរើគេនោះឡើយ។ ព្រះជាម្ចាស់ ដោយព្រះចេស្តាដ៏ពូកែរបស់ព្រះអង្គ បង្កើតគេឲ្យទៅជាមនុស្សថ្មី។
សូមស្តាប់អ្វីដែលលោកប៉ូលថ្លែងក្នុង ២កូរិនថូស ៥:១៧-២០៖
១៧ ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗ ទាំងអស់បានត្រឡប់ជាថ្មីវិញ! ១៨ គ្រប់ទាំងអស់មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងឲ្យជានានឹងព្រះអង្គវិញ តាមរយៈព្រះគ្រីស្ទ ហើយ បានប្រទានការងារផ្សះផ្សានោះមកយើង ១៩ គឺនៅក្នុងព្រះគ្រីស្ទ ព្រះកំពុងផ្សះផ្សាមនុស្សលោកឲ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេទៀត ហើយព្រះអង្គបានប្រគល់ព្រះបន្ទូលនៃការផ្សះផ្សានោះមកយើង។ ២០ យើងជាទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងអង្វរតាមរយៈយើង គឺយើងអង្វរអ្នករាល់គ្នាជំនួស ព្រះគ្រីស្ទថា «ចូរជានានឹងព្រះវិញទៅ។» (RKOV)
នេះជាប្រយោគមួយដ៏អស្ចារ្យ! «បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បាន កន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!» តើលោកអ្នក និងខ្ញុំធ្លាប់បាននិយាយប៉ុន្មានដងថា «ប្រសិនជាខ្ញុំអាចចាប់ផ្តើមអ្វីៗសារជាថ្មីបានទៅអេះ! ខ្ញុំបានធ្វើឲ្យអតីតកាលរបស់ខ្ញុំរញ៉េយរញ៉ាយអស់ហើយ ខ្ញុំ ស្តាយក្រោយណាស់សម្រាប់ការជាច្រើនដែលខ្ញុំបាននិយាយហួស និងបានប្រព្រឹត្តហួស។» លោកអ្នក! ដំណឹងល្អ នៃព្រះកិត្តិគុណនោះគឺថា លោកអ្នកអាចចាប់ផ្តើមទាំងអស់សាជាថ្មីបាន។ ប្រសិនបើលោកអ្នកព្រមចូលមករក ព្រះ ហើយដាក់ជំនឿរបស់លោកអ្នកក្នុងព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្ត ព្រះអង្គនឹងធ្វើឲ្យលោកអ្នកក្លាយទៅ ជាមនុស្សថ្មី។ លោកអ្នកនឹងអាចនិយាយបានជា «អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ ជាថ្មីវិញ!» ហើយប្រសិនបើលោកអ្នកបានចូលមកឯព្រះ តាមរយៈព្រះយេស៊ូគ្រិស្តរួចហើយ នោះលោកអ្នកត្រូវ ដឹង ហើយយល់ថាលោកអ្នកជាអ្វីនៅពេលនេះ។ លោកអ្នកជាមនុស្សថ្មីហើយ ព្រះមានបំណងធ្វើឲ្យលោកអ្នក ទៅជាស្នាព្រះហស្តឯក។
សូមយើងមើលឲ្យបានជិតដល់បន្តិចថែមទៀត ទៅឯដំណើរការនៃមនុស្សថ្មី ដូចដែលលោកប៉ូលបាន ពណ៌នានៅក្នុង ២កូរិនថូស ជំពូក៥ ហើយនិងខដែលយើងទើបតែនឹងបានអាន។ ដូចដែលយើងបានឃើញ ហើយ គឺមានឃ្លាបីបន្តបន្ទាប់គ្នា: ដំបូងបង្អស់ អំពើបាបត្រូវតែដោះស្រាយ។ អំពើបាប គឺជារបាំងយ៉ាងក្រាស់ រវាងព្រះ និងមនុស្ស។ ដរាបណាអំពើបាបនៅតែមិនត្រូវបានដោះស្រាយក្នុងជីវិតរបស់យើង នោះយើងគ្មានផ្លូវ ចូលទៅឯព្រះបានឡើយ។ ហើយលើសពីនេះ ក៏គ្មានផ្លូវឲ្យព្រះចូលមកឯយើង តាមរបៀបដែលព្រះអង្គត្រូវការ ចូលមកផ្លាស់ប្រែយើងពីខាងក្នុង ដោយកិច្ចការច្នៃបង្កើត ដែលយើងកំពុងតែនិយាយនេះបានដែរ។ ដំបូងបង្អស់ យើងត្រូវអនុញ្ញាតឲ្យព្រះទ្រង់ដោះស្រាយជាមួយនឹងអំពើបាប។ យើងត្រូវងាកបែរចេញពីការបះបោររបស់យើង ពីបំណងសម្រាប់តែអាត្មារបស់យើង និងពីការរឹងចចេសរបស់យើង ហើយត្រូវចូលមកឯព្រះ តាមរយៈព្រះយេស៊ូគ្រិស្ត ដោយជឿថា ព្រះគ្រីស្តបានទទួលទោសនៃអំពើបាបរបស់យើងនៅលើឈើឆ្កាង ហើយ ព្រះទ្រង់ជំនុំជម្រះអំពើបាបរបស់យើង នៅក្នុងអង្គព្រះគ្រិស្ត ហើយថា ពេលយើងងាកបែរមករកព្រះ ដើម្បីសុំ សេចក្តីមេត្តាករុណា និងការអត់ទោសតាមរយៈព្រះគ្រិស្ត នោះយើងបានជានាចំពោះព្រះ។ អំពើបាបនឹងត្រូវ បានដកចេញតាមរបៀបនេះឯង។ បែបនោះ យើងមានផ្លូវចូលទៅរកព្រះ ហើយព្រះក៏មានផ្លូវចូលមករកយើង ដែរ។
វគ្គបន្ទាប់គឺ កិច្ចការច្នៃបង្កើតរបស់ព្រះ។ ព្រះទ្រង់បង្កើតយើងចេញពីខាងក្នុង។ ព្រះបាទសាឡូម៉ុន ជាមនុស្សដែលមានប្រាជ្ញាលើសជាងមនុស្សទាំងអស់ បានពោលថា «ចូររក្សាចិត្តដោយអស់ពីព្យាយាម អស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក»។ និយាយបានម្យ៉ាងទៀតថា អ្វីៗដែលនឹងកើតឡើងក្នុងជីវិត លោកអ្នក គឺផ្តើមចេញពីចិត្តរបស់លោកអ្នក នោះហើយជាចំណុចដែលព្រះទ្រង់ចាប់ផ្តើមជាមួយនឹងការបង្កើត មនុស្សថ្មី គឺនៅក្នុងចិត្ត។ ព្រះអង្គបង្កើតលោកអ្នកជាថ្មី។ ពន្លឺរបស់ព្រះគ្រីស្ត ភ្លឺមកក្នុងចិត្តរបស់លោកអ្នក ហើយស្រមោលខ្មៅងងឹតពីអតីតកាល ត្រូវរលាយបាត់ទៅ។ ទោសកំហុស ការភ័យខ្លាច ភាពឯកោ និងការមិន អត់ទោស ត្រូវបានកម្ចាត់បាត់ទៅ ដោយពន្លឺដ៏រុងរឿង។ ហើយបន្ទាប់មក ព្រះទ្រង់នឹងធ្វើកិច្ចការចេញពីចិត្ត របស់លោកអ្នក ចូលទៅកាន់គ្រប់ផ្នែកទាំងអស់នៃជីវិតរបស់លោកអ្នក ហើយលោកអ្នកនឹងចាប់ផ្តើមដឹងច្បាស់ ថា លោកអ្នកកំពុងតែផ្លាស់ប្រែក្នុងរបៀបជាច្រើន មនុស្សដទៃទៀតចាប់ផ្តើមឃើញច្បាស់ថា លោកអ្នកកំពុង តែផ្លាស់ប្រែ។ នេះហើយជាកិច្ចការច្នៃបង្កើតរបស់ព្រះ ដែលចាប់ផ្តើមពីខាងក្នុង។ បន្ទាប់មក នៅពេលកិច្ចការច្នៃបង្កើតរបស់ព្រះកំពុងដំណើរការ ឃ្លាទីបីគឺថា ព្រះទ្រង់ផ្ទុកផ្ដាក់មកយើងវិញម្តង គឺជាព័ន្ធកិច្ចនៃការផ្សះផ្សា។ ខ្ញុំសូមបង្ហាញតាមវិធីនេះគឺ យើងជាអ្នកផ្សះផ្សា ដែលខ្លួនយើងផ្ទាល់បានជានាជាមួយព្រះរួចហើយ។
លោកប៉ូលថ្លែងថា យើងជាទូតរបស់ព្រះគ្រិស្ត។ នេះជាពាក្យដ៏គួរឲ្យរំភើបចិត្ត។ តើលោកអ្នកធ្លាប់ គិតថាទូតជាអ្វីឬទេ? ទូតគឺជាអ្នកតំណាងផ្លូវការរបស់រដ្ឋាភិបាលមួយ នៅក្នុងដែនដីរបស់រដ្ឋាភិបាលមួយផ្សេង ទៀត។ អ្នកនោះមិនគ្រាន់តែជាបុគ្គលម្នាក់ប៉ុណ្ណោះទេ គឺគាត់ជាមនុស្សដ៏សំខាន់ម្នាក់ ដោយព្រោះតំណែងរបស់ គាត់។ ដរាបណាគាត់ដំណើរការ ស្របតាមបញ្ជាដែលគាត់ទទួលពីរដ្ឋាភិបាលរបស់គាត់ នោះគាត់មានសិទ្ធិ អំណាចយ៉ាងសម្បើម។ ប្រាកដមែន ការប្រមាថមើលងាយណាមួយមកលើអង្គទូតនោះ នោះឈ្មោះថាបាន ប្រមាថមើលងាយរដ្ឋាភិបាលដែលចាត់គាត់ឲ្យមក។ នៅពេលដែលគាត់និយាយ គាត់មិនមែននិយាយចេញពី បុគ្គលខ្លួនគាត់នោះឡើយ គឺគាត់និយាយដោយសិទ្ធិអំណាចនៃរដ្ឋាភិបាលរបស់គាត់ដែលនៅពីក្រោយ។ នេះហើយជាបំណងដែលព្រះទ្រង់មានសម្រាប់យើងនៅក្នុងលោកិយនេះ គឺយើងជាទូតរបស់ព្រះគ្រិស្ត យើងជា តំណាងផ្លូវការរបស់រដ្ឋាភិបាលស្ថានសួគ៌ នៅលើដែនដី ហើយដរាបណាយើងដំណើរការពេញលេញ ស្របតាម បញ្ជាដែលយើងទទួលពីរដ្ឋាភិបាលស្ថានសួគ៌ នោះគ្រប់ទាំងសិទ្ធិអំណាចនៃស្ថានសួគ៌ ស្ថិតនៅពីក្រោយយើង។ ការប្រមាថ ឬការធ្វើទុក្ខបៀតបៀនដែលយើងជួប គឺត្រូវបានរ៉ាប់រងដោយស្ថានសួគ៌ ដែលទុកដូចជាការ ប្រមាថ ឬការធ្វើទុក្ខបៀតបៀនដល់រដ្ឋាភិបាលស្ថានសួគ៌ទាំងមូល។
តើលោកអ្នកនៅចាំពីអ្វីដែលព្រះយេស៊ូមានបន្ទូលទៅកាន់លោកសុល អ្នកស្រុកតើសុស ជួបប្រទះនៅតាមផ្លូវទៅក្រុងដាម៉ាស់នោះឬទេ? ព្រះអង្គមានបន្ទូលថា «សុល សុល! ហេតុអ្វីបានជាអ្នកធ្វើទុក្ខបៀតបៀនដល់ខ្ញុំ?» លោកសុលមិនបានដឹងថា ការដែលគាត់ធ្វើទុក្ខបៀតបៀនគ្រិស្តបរិស័ទ គាត់កំពុងតែធ្វើទុក្ខបៀតបៀនដល់ព្រះយេស៊ូនោះទេ។ អ្វីដែលលោកសុលបានទាស់ប្រឆាំងនឹងគ្រិស្តបរិស័ទ គឺត្រូវបានចាត់ទុក ថាគាត់បានប្រឆាំងនឹងព្រះយេស៊ូ ព្រោះគ្រិស្តបរិស័ទ គឺជាទូតរបស់ព្រះ។ ហើយនៅថ្ងៃនេះ លោកអ្នក និងខ្ញុំ គឺជាទូតរបស់ព្រះ នៅក្នុងលោកីយ៍ដ៏ប្របូកប្របល់នេះ។ យើងជាតំណាងឲ្យរដ្ឋាភិបាលស្ថានសួគ៌
គម្ពីរមួយទៀត គឺម៉ាថាយ ៤:១៩។ ពេលព្រះយេស៊ូវត្រាស់ហៅពួកសិស្សដំបូង ព្រះអង្គមានបន្ទូលទៅគេថា៖
«ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យធ្វើជាអ្នកនេសាទមនុស្ស» (RKOV)
នោះជាអ្វីដែលកើតឡើង ក្រោយពេលដែលគេបានក្លាយជាមនុស្សថ្មី។ ដំបូង យើងទុកដាក់ជីវិតរបស់ យើងថ្វាយដល់ព្រះ តាមរយៈព្រះគ្រិស្ត។ យើងប្រគល់ខ្លួនយើងថ្វាយព្រះអង្គ។ បន្ទាប់មក ព្រះយេស៊ូមាន បន្ទូលថា «ចូរមកតាមខ្ញុំ ខ្ញុំមានផែនការមួយថ្មីសម្រាប់អ្នក។ ខ្ញុំមានអ្វីម្យាងសម្រាប់អ្នក ដែលអ្នកមិនដែលបាន គិតពីមុន។» ព្រះអង្គមានបន្ទូលទៅកាន់អ្នកនេសាទដ៏បន្ទាបខ្លួនទាំងនោះ នៅសមុទ្រកាលីឡេថា៖ «ខ្ញុំនឹងតាំង អ្នកឲ្យធ្វើការមួយដ៏វិសេស ដែលមិនមែនជាអ្នកនេសាទធម្មតា គឺជាអ្នកនេសាទមនុស្សវិញ»។ នេះជាវិធីមួយផ្សេងទៀត ក្នុងការនិយាយអំពីព័ន្ធកិច្ចនៃការផ្សះផ្សា គឺនាំមនុស្សមកឯព្រះ តាមរយៈព្រះយេស៊ូគ្រិស្ត។
អ្វីដែលខ្ញុំចង់និយាយគឺ៖ ការដែលយើងជាមនុស្សបែបណានោះមិនសំខាន់ទេ តែជាអ្វីដែលព្រះយេស៊ូតាំងយើងនោះវិញ ដែលសំខាន់។
យើងចូលដល់ពេលបញ្ចប់ហើយសម្រាប់ថ្ងៃនេះ ប៉ុន្តែខ្ញុំនឹងវិញមកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ ហើយវគ្គក្រោយ ខ្ញុំនឹងពន្យល់ពីជំហានបន្ទាប់ ក្នុងការរកឲ្យឃើញផែនការរបស់ព្រះ នៅក្នុងជីវិតរបស់លោកអ្នក។
កូដ: RP-R014-101-KHM










