របៀបឲ្យបានត្រលប់ទៅជាកូនព្រះ

ដេរេក ព្រីនស៍
Published: 1979
Last Updated: September 2026
Read Time: 11
ការកើតជាថ្មីកើតឡើងតាមរយៈការទទួលព្រះយេស៊ូវដោយជំនឿ មិនមែនតាមរយៈសាសនា ការអប់រំ ប្រវត្តិគ្រួសារ ឬអំពើល្អនោះទេ។ ក្នុងកម្មវិធីនេះ ការសន្ទនារបស់ព្រះយេស៊ូវជាមួយនីកូដេមបង្ហាញពីរបៀបដែលអ្នកជឿក្លាយជាកូនរបស់ព្រះ តាមរយៈជំនឿលើព្រះនាមទ្រង់ និងការប្រកាសទទួលស្គាល់ព្រះអង្គជាព្រះអម្ចាស់។
Transcript
វិសេសណាស់ដែលយើងបានជួបគ្នាជាថ្មីម្តងទៀតនៅថ្ងៃនេះ ដ្បិតយើងកំពុងធ្វើដំណើរឆ្លងកាត់ទឹកដីនៃ សេចក្តីសន្យារបស់ព្រះ ។ ក្នុងសប្តាហ៍នេះ សម្រាប់ថ្ងៃនីមួយៗ ខ្ញុំចែកចាយប្រាប់ពីសេចក្តីត្រូវការ ឬបញ្ហាខ្លះៗ ដែលកើតមានជាទូទៅនៅក្នុងជីវិតរបស់យើង ហើយខ្ញុំបង្ហាញជូនលោកអ្នក តាមរបៀបមួយជាក់ស្តែង អំពី របៀបដែលលោកអ្នកអាចបំពេញសេចក្តីត្រូវការនោះ ឬដោះស្រាយបញ្ហានោះ ដោយការកំណត់ទីតាំង និង ការប្រកាសយកសេចក្តីសន្យាច្បាស់ៗចេញពីព្រះបន្ទូលរបស់ព្រះ ដែលសមស្របសម្រាប់ស្ថានភាពជាក់ស្តែងនោះ ។
វគ្គមុន ខ្ញុំបាននិយាយអំពីបញ្ហានៃអំពើបាប ។ តើធ្វើដូចម្ដេចដើម្បីឲ្យយើងប្រាកដថា ព្រះទ្រង់នឹងអត់ ទោសយើង? ថ្ងៃនេះ ខ្ញុំនឹងបកស្រាយជូននូវសំណួរមួយទៀត ដែលជាគ្រឹះសម្រាប់ជីវិតខាងវិញ្ញាណរបស់យើង គឺ «របៀបឲ្យបានត្រឡប់ជាកូនព្រះ» ។ ជាដំបូង យើងនឹងមើលទៅឯការសន្ទនាមួយ រវាងព្រះយេស៊ូ និងមេ ដឹកនាំសាសនាម្នាក់ នៅជំនាន់ព្រះអង្គ គឺលោកនីកូដេម ជាម្នាក់ក្នុងពួកផារិស៊ី ។ ការសន្ទនានេះ ត្រូវបានកត់ ត្រាទុកនៅក្នុងដំណឹងល្អយ៉ូហាន ជំពូក ៣:១–១១ ហើយខ្ញុំនឹងអានកំណត់ត្រានៃការសន្ទនានេះជូន:
១ មានបុរសម្នាក់ក្នុងពួកផារិស៊ីឈ្មោះនីកូដេម លោកជាអ្នកដឹកនាំសាសន៍យូដា។ ២ លោកមកជួបព្រះយេស៊ូវទាំងយប់ ហើយទូលថា៖ «រ៉ាប៊ី យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះ ដ្បិត គ្មានអ្នកណាអាចធ្វើទីសម្គាល់ ដែលលោកធ្វើទាំងនេះបានទេ មានតែព្រះគង់ជាមួយ»។ ៣ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «ប្រាកដមែន ខ្ញុំប្រាប់លោកជាប្រាកដថា បើមិនបាន កើតជាថ្មី គ្មានអ្នកណាអាចឃើញព្រះរាជ្យរបស់ព្រះបានឡើយ»។ ៤ លោកនីកូដេមទូលព្រះអង្គថា៖ «ពេលមនុស្សចាស់ហើយ ធ្វើដូចម្ដេចឲ្យកើតម្ដងទៀតបាន? តើគេ អាចចូលទៅក្នុងពោះម្ដាយវិញ ហើយកើតម្ដងទៀតបានឬ?» ៥ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ប្រាកដមែន ខ្ញុំសូមជម្រាបលោកជាប្រាកដថា បើមិនបានកើត ពីទឹក និងពីព្រះវិញ្ញាណ អ្នកនោះមិនអាចចូលទៅក្នុងព្រះរាជ្យរបស់ព្រះបានឡើយ។ ៦ អ្វីដែលកើតពីសាច់ នោះជាសាច់ ហើយអ្វីដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណ ៧ កុំឆ្ងល់ពីពាក្យដែលខ្ញុំជម្រាបលោកថា "អ្នករាល់គ្នាត្រូវកើតជាថ្មី" នោះឡើយ។ ៨ ខ្យល់ចង់បក់ទៅណាក៏បាន ហើយអ្នកឮសូរសព្ទរបស់វា តែមិនដឹងថាមកពីណា ឬទៅណាទេ។ អស់អ្នកដែលកើតពីព្រះវិញ្ញាណ ក៏ដូច្នោះដែរ»។ ៩ លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចកើតឡើងដូចម្ដេចបាន?» ១០ ព្រះយេស៊ូឆ្លើយទៅលោកថា ៖ «លោកជាគ្រូរបស់សាសន៍អ៊ីស្រាអែល តែមិនយល់ការទាំងនេះទេឬ? ១១ ប្រាកដមែន ខ្ញុំសូមជម្រាបលោកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការ ដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលបន្ទាល់របស់យើងទេ»។ (RKOV)
នេះជាការសន្ទនាមួយគួរឲ្យកត់សម្គាល់ ហើយគួរឲ្យចាប់អារម្មណ៍ ព្រោះ ទោះជាលោកនីកូដេម ច្បាស់ ហើយ គាត់ជាមនុស្សល្អ ស្មោះត្រង់ មានប្រាជ្ញាវៃ ជាអ្នកដែលបានរៀនសូត្រជ្រៅជ្រះក៏ដោយ ក៏គាត់នៅតែ មិនអាចយល់បាន នូវអ្វីដែលព្រះយេស៊ូមានបន្ទូល ។ ក៏ប៉ុន្តែ ច្បាស់ហើយ ព្រះយេស៊ូបានមានបន្ទូលអំពីការមួយដ៏ សំខាន់បំផុតនៅក្នុងជីវិត ។ ព្រះអង្គបានមានបន្ទូលអំពីបទពិសោធន៍មួយ ដែលព្រះអង្គរៀបរាប់ពីការ "កើតជាថ្មី" ឬ "កើតពីស្ថានលើ" ឬ "កើតម្តងទៀត"។ ពាក្យទាំងអស់នេះ ជាការបកប្រែយ៉ាងត្រឹមត្រូវ ។
បទពិសោធន៍នេះមានសារសំខាន់ណាស់ ដល់ម្ល៉េះបានជាព្រះយេស៊ូប្រកាសប្រាប់លោកនីកូដេម គឺបើ មនុស្សមិនមានបទពិសោធន៍នេះទេ មិនបានកើតជាថ្មីទេ គេមិនអាចឃើញ និងមិនអាចចូលក្នុងព្រះរាជ្យរបស់ ព្រះបានឡើយ ។ ប្រាកដណាស់ ពាក្យនេះបានធ្វើឲ្យលោកនីកូដេមភ្ញាក់ផ្អើលជាខ្លាំង ហើយគាត់បានព្យាយាម ស្វែងយល់អំពីអ្វីដែលព្រះយេស៊ូចង់មានបន្ទូលដោយសារពាក្យនេះ ។ ក្នុងន័យនេះ ព្រះយេស៊ូបានពន្យល់ទៅគាត់ថា មានកំណើតពីរប្រភេទផ្សេងគ្នា ។ មានកំណើតខាងសាច់ឈាម គឺកំណើតខាងរូបសាច់ និងមានកំណើតខាង វិញ្ញាណ ។ ព្រះអង្គមានបន្ទូលថា៖ «របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ» ។ យ៉ាងណាម៉ិញ លោកនីកូដេមបានគិតថា គាត់ត្រូវចូលទៅក្នុងពោះម្តាយរបស់គាត់វិញ ហើយត្រូវកើតមកជាក្មេងតូចម្ដងទៀត ។ ព្រះយេស៊ូមានបន្ទូលថា៖ "នោះមិនមែនជាអ្វីដែលខ្ញុំនិយាយទេ ។ ខ្ញុំ មិនមែននិយាយអំពីកំណើតមួយ ដែលបង្កើតជីវិតខាងសាច់ឈាម ដែលអ្នកមានរួចហើយនោះទេ” ។ ប៉ុន្តែ ក្នុង ន័យនេះ ព្រះយេស៊ូបានមានបន្ទូលថា៖ "ខ្ញុំកំពុងនិយាយអំពីកំណើតដែលបង្កើតជីវិតខាងវិញ្ញាណ ដែលអ្នកមិន ទាន់មាននៅឡើយ ។ បន្ទាប់មក ព្រះយេស៊ូបានប្រទានឧទាហរណ៍មួយអំពីការនេះ ប្រៀបទៅនឹងខ្យល់ ជា ឧទាហរណ៍មួយដែលសាមញ្ញបំផុត នៅក្នុងពិភពខាងរូបសាស្ត្ររបស់យើង ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្យល់ ចង់បក់ទៅណាក៏បាន ហើយអ្នកឮសូរសព្ទរបស់វា តែមិនដឹងថាមកពីណា ឬទៅណាទេ ។ អស់អ្នកដែល កើតពីព្រះវិញ្ញាណ ក៏ដូច្នោះដែរ» ។
យើងត្រូវចាំក្នុងគំនិតថា ទាំងនៅក្នុងសញ្ញាចាស់ជាភាសាហេព្រើ និងនៅក្នុងសញ្ញាថ្មីជាភាសាក្រិក ពាក្យ ខ្យល់ ឬដង្ហើម ឬវិញ្ញាណ គឺជាពាក្យតែមួយ។ ដូច្នេះ នៅពេលដែលព្រះយេស៊ូមានបន្ទូលអំពីខ្យល់ជា ឧទាហរណ៍ ព្រះអង្គក៏កំពុងចង្អុលប្រាប់យើងទៅរកការនោះដែរ ដែលជាឧទាហរណ៍ពន្យល់បង្ហាញ គឺជា សកម្មភាពរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះអង្គមានបន្ទូលថា៖ “ព្រះវិញ្ញាណបរិសុទ្ធប្រៀបដូចជាខ្យល់ ។ គ្មាន អ្នកណាដឹងបានថា ខ្យល់បក់ទៅទីណាទេ ។ ខ្យល់នោះចូលមកក្នុងជីវិតរបស់យើង យើងមិនដឹងថាខ្យល់នោះមក ពីណា ហើយយើងក៏មិនដឹងថានឹងបក់ទៅណាដែរ” ។ ព្រះយេស៊ូបានមានបន្ទូលថា៖ "នោះហើយជាអ្វីដែលដូច គ្នាទៅនឹងកិច្ចការព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងជីវិតដែលកើតជាថ្មី” ។ យើងមិនដឹងថាព្រះវិញ្ញាណមកពីណា ហើយក៏មិនដឹងថា ព្រះវិញ្ញាណទៅណាដែរ ប៉ុន្តែយើងដឹងថាព្រះវិញ្ញាណធ្វើអ្វី ។
លោកអ្នកឃើញទេ ក្នុងចំណោមយើង គ្មានអ្នកណាម្នាក់ដែលមើលឃើញខ្យល់ទេ ។ ពេលមួយ ខ្ញុំបាន និយាយទៅកាន់បុរសម្នាក់ដែលពូកែឈ្លោះ ហើយគាត់និយាយថា៖ “អ្វីដែលខ្ញុំមើលមិនឃើញ ខ្ញុំមិនជឿទេ!”
ខ្ញុំបានតបទៅគាត់ថា៖ "លោកនិយាយនេះគួរឲ្យអស់សំណើច! លោកមិនដែលមើលឃើញខ្យល់ទេ ប៉ុន្តែ លោកជឿថាមានខ្យល់ មែនអត់?” គាត់ក៏អស់យោបល់ គ្មានបម្លើយ ។
ធ្វើដូចម្ដេចឲ្យយើងដឹងបានថាខ្យល់កំពុងបក់ទៅទីណា? យើងដឹងបាន មិនមែនដោយព្រោះតែយើង មើលឃើញខ្យល់នោះទេ គឺដោយសារតែយើងមើលឃើញអ្វីដែលខ្យល់បក់ប៉ះវិញទេតើ ។ តើយើងមើល ឃើញអ្វី? យើងមើលឃើញពពកកំពុងរសាត់លើមេឃ យើងអាចមើលឃើញធូលីដីកំពុងហុយឡើងនៅតាម ផ្លូវ ដើមឈើកំពុងទោរទន់ ឬអាចជាស្ត្រីម្នាក់ដែលមានមួក ឬក្រម៉ាដែលខ្យល់បក់ប៉ើងចេញពីក្បាល ហើយ គាត់កំពុងរត់ដេញតាមចាប់ ។ ទាំងអស់នេះ និងព្រឹត្តិការណ៍ផ្សេងទៀតជាច្រើន បង្ហាញថាខ្យល់កំពុងបក់នៅ កន្លែងមួយយ៉ាងពិតប្រាកដ ។ នោះហើយជារបៀបនៅពេលដែលមនុស្សម្នាក់កើតជាថ្មី ។ ព្រះវិញ្ញាណរបស់ព្រះ យាងមកក្នុងជីវិតរបស់គេ គេមិនដឹងថាព្រះវិញ្ញាណនោះមកពីណាទេ គេក៏មិនដឹងថា ព្រះវិញ្ញាណនោះទៅណា ដែរ ប៉ុន្តែគេដឹងថា ពិតជាមានអ្វីកើតឡើងប្រាកដមែន ។
ពេលមួយ ជាច្រើនឆ្នាំមកហើយ ខ្ញុំចាំថា កាលខ្ញុំធ្វើជាគ្រូគង្វាលនៅក្រុងឡុង មានស្ត្រីក្មេងម្នាក់មកពី ប្រទេសដាណីម៉ាក ដែលខ្ញុំសូមនិយាយថា នាងគ្រាន់តែជាអ្នកមកព្រះវិហារធម្មតាប៉ុណ្ណោះ នាងបានមកផ្ទះរបស់ យើង ដើម្បីស្វែងយល់អំពីបទពិសោធន៍នៃការកើតជាថ្មីនេះ ដូច្នេះ ខ្ញុំ និងប្រពន្ធរបស់ខ្ញុំ បានបង្រៀននាង ហើយបានពន្យល់ប្រាប់នាង អំពីអ្វីដែលនាងត្រូវធ្វើ ដើម្បីឲ្យបានកើតជាថ្មី (ខ្ញុំនឹងពន្យល់អំពីបទពិសោធន៍នេះ មុនបញ្ចប់សារនេះ នៅថ្ងៃនេះ) ។ បន្ទាប់មក ខ្ញុំបាននាំនាងអធិស្ឋានយ៉ាងសាមញ្ញមួយ ជាអ្វីដែលនាងត្រូវធ្វើ តាមដែលព្រះតម្រូវឲ្យនាងធ្វើ ។ ឥឡូវនេះ ខ្ញុំអាចនិយាយបានថា នាងជាប្រភេទមនុស្សបែបផ្លូវការ មិនមែនជា មនុស្សដែលបង្ហាញអារម្មណ៍ទេ (ជាទូទៅ ប្រជាជនដាណីម៉ាក មិនមែនជាមនុស្សដែលបង្ហាញអារម្មណ៍ ខ្លាំងប៉ុន្មានទេ) ប៉ុន្តែ ក្រោយពីនាងបាននិយាយពាក្យដែលនាងត្រូវអធិស្ឋាននៅលើកៅអ៊ីក្នុងបន្ទប់ទទួលភ្ញៀវ របស់យើងរួចហើយ នាងក៏ងើបមុខឡើង ហើយខ្ញុំឃើញទឹកភ្នែកពីរតំណក់ធំៗនៅនឹងភ្នែករបស់នាង ហើយក៏ ស្រក់ចុះតាមថ្ពាល់របស់នាង ។ ដូច្នេះ នាងក៏ជូតទឹកភ្នែកដោយកូនកន្សែងរបស់នាង ហើយទឹកភ្នែកពីរតំណក់ ទៀត ក៏ហូរចេញមក ហើយស្រក់ចុះតាមថ្ពាល់របស់នាង ដោយមិនដឹងខ្លួន ។ នាងបាននិយាយថា៖ “ខ្ញុំមិនដឹង ថាហេតុអ្វីបានជាខ្ញុំយំទេ” ។ ខ្ញុំក៏ប្រាប់ថា៖ “ប្អូនឃើញទេ ខ្យល់ចាប់ផ្ដើមបក់ហើយ” ។ នោះហើយជាភស្តុតាង មួយ ក្នុងចំណោមភស្តុតាងជាច្រើនដែលព្រះវិញ្ញាណកំពុងធ្វើការ ។ នាងចាប់ផ្តើមមានអារម្មណ៍ទន់ភ្លន់ ធូរស្រាល អំណរ ដែលនាងមិនអាចពន្យល់បាន ហើយនាងក៏មិនយល់ដែរ ។ នាងហាក់ដូចជាចង់លាក់អារម្មណ៍ នោះ ប៉ុន្តែអារម្មណ៍នោះពិតណាស់ នាងមិនអាចលាក់បានឡើយ ។
ឥឡូវនេះ ករណីដែលបានកត់ត្រានៅក្នុងការសន្ទនាជាមួយលោកនីកូដេម នៅក្នុងយ៉ូហាន ជំពូក៣ ខ្ញុំជឿ ប្រាកដថា ព្រះយេស៊ូមានបន្ទូលអំពីការនោះ ទៅកាន់មនុស្សជាច្រើន ប៉ុន្តែខ្ញុំជឿថា ការសន្ទនាជាមួយលោក នីកូដេមនេះ ត្រូវបានកត់ត្រាទុកសម្រាប់មូលហេតុដ៏ពិសេស ។ ព្រោះ ប្រសិនបើមានអ្វីមួយផ្សេងទៀត ដែល អាចធ្វើជំនួសឲ្យការកើតជាថ្មីបាន នោះលោកនីកូដេមមិនចូលមករកព្រះយេស៊ូវទេ គឺគាត់មានអស់ហើយ ។ គាត់ជាមនុស្សដែលកាន់សាសនា គាត់ជាមនុស្សដែលបានរៀនសូត្រជ្រៅជ្រះ គាត់មានតួនាទីខ្ពស់ក្នុងសង្គម ហើយគាត់ជាសាសន៍ដ៏ពិសេសមួយ ដែលព្រះទ្រង់បានញែកដោយឡែក សម្រាប់គោលបំណងដ៏ពិសេស ។ ប៉ុន្តែ សូមសម្គាល់ការនេះ គ្មានសាសនា គ្មានការអប់រំណា គ្មានតួនាទីសង្គមណា ហើយគ្មានភាពវិសេសវិសាលខាងពូជអំបូរណា ដែលអាចជំនួសឲ្យការកើតជាថ្មីបានឡើយ ។
ខ្ញុំកំពុងពន្យល់លោកអ្នកអំពីការពីរ: គឺភាពចាំបាច់នៃការកើតជាថ្មី និងប្រភេទនៃអ្វីដែលកើតឡើង ។ នៅមានសំណួរមួយទៀតសំខាន់គឺ: តើធ្វើដូចម្ដេច ដើម្បីឲ្យមនុស្សអាចកើតជាថ្មីបាន? នោះជាអ្វីដែលខ្ញុំនឹង ប្រាប់លោកអ្នកឥឡូវនេះ ។ សូមស្ដាប់ដោយយកចិត្តទុកដាក់ ។ នៅក្នុងគម្ពីរដំណឹងល្អយ៉ូហាន ១:១១–១៣ លោកយ៉ូហានថ្លែងអំពីព្រះយេស៊ូ ដូច្នេះថា៖
១១ ទ្រង់បានយាងមកគង់នៅឯរបស់ទ្រង់ តែពួករបស់ទ្រង់មិនបានទទួលទ្រង់សោះ
ព្រះយេស៊ូបានយាងមកក្នុងនាមជាសាសន៍យូដា យាងមកឯប្រជាជនយូដា ហើយក្នុងនាមជាសាសន៍មួយ មិនមែនជាបុគ្គលទេ ប៉ុន្តែ ក្នុងភាពជាតិសាសន៍មួយទាំងមូល ពួកគេបដិសេធមិនទទួលព្រះអង្គ ដែលជាព្រះមេស៊ីរបស់គេនោះទេ ។ ប៉ុន្តែ អរព្រះគុណដល់ព្រះ ដែលនៅមានពាក្យ "ប៉ុន្តែ" បន្ទាប់ពីខនេះ គឺ:
១២ ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បាន ប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ។ ១៣ គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្ស ឡើយ គឺកើតមកពីព្រះវិញ ។
តើអ្វីទៅជាអន្តរការណ៍សំខាន់ដែលនាំឲ្យមានការកើតពីព្រះ ឬកើតជាថ្មី ឬកើតម្តងទៀត? តើមនុស្ស ទាំងនេះដែលចង់បានការកើតពីព្រះ ត្រូវធ្វើដូចម្ដេច? ចម្លើយ គឺជាពាក្យមួយយ៉ាងសាមញ្ញ “អស់អ្នកដែល ទទួលទ្រង់ [គឺអ្នកដែលព្រមទទួលព្រះយេស៊ូ]” ។ ការមួយដែលលោកអ្នកត្រូវធ្វើ ដើម្បីឲ្យបានកើតជាថ្មី តើជា អ្វី? គឺលោកអ្នកត្រូវទទួលព្រះយេស៊ូ ជាព្រះសង្គ្រោះរបស់លោកអ្នកផ្ទាល់ ហើយព្រមប្រកាសប្រាប់ថា ព្រះអង្គ ជាព្រះអម្ចាស់របស់លោកអ្នក ។ នៅពេលលោកអ្នកធ្វើដូច្នោះ ព្រះអង្គប្រទានសិទ្ធិឲ្យលោកអ្នក គឺសិទ្ធិអំណាចឲ្យ លោកអ្នកបានត្រឡប់ជាកូនព្រះ ។ លោកអ្នកធ្វើការនោះតាមរយៈជំនឿ តាមរយៈការជឿដល់ព្រះនាមព្រះអង្គ ។ មិនមែនតាមរយៈការប្រព្រឹត្តិល្អបែបសាសនា ឬក៏ការប្រកាសយកអ្វីមួយ ដោយអាងសេចក្តីសុចរិតផ្ទាល់របស់ លោកអ្នកនោះឡើយ ប៉ុន្តែតាមរយៈការជឿដល់ព្រះនាមព្រះអង្គប៉ុណ្ណោះ ហើយជាលទ្ធផល លោកអ្នកបានកើត ពីព្រះ ។
ឥឡូវនេះ នៅក្នុងខគម្ពីរនោះ លោកយ៉ូហានមិនរាប់បញ្ចូលលទ្ធភាពបីផ្សេងទៀត ដែលយើងអាចនឹងគិត នោះឡើយ ។ លោកប្រាប់ថា “មិនមែនពីឈាម” ។ និយាយបានម្យ៉ាងទៀត គឺមិនមែនដោយសារកំណើតខាង ធម្មជាតិ ។ មិនថាឪពុកម្ដាយរបស់លោកអ្នក ជាមនុស្សល្អប៉ុនណានោះទេ ក្នុងន័យនេះ ពួកលោកមិនអាចធ្វើឲ្យ លោកអ្នកកើតជាថ្មីបានឡើយ ។ លោកអ្នកត្រូវមានកំណើតថ្មីមួយខាងវិញ្ញាណ ដើម្បីឲ្យបានជាមនុស្សមួយថ្មី ។
ទីពីរ ព្រះអង្គបានបន្ទូលថា៖ “មិនតាមប្រាថ្នាខាងរូបសាច់” ។ នេះមិនមែនជាការបំពេញចិត្តតាមសេចក្ដី ប៉ងប្រាថ្នារបស់រូបសាច់នោះ ឡើយ ។
ទីបី ព្រះអង្គមានបន្ទូលថា៖ "មិនតាមចំណង់នៃមនុស្ស" ។ ពាក្យក្រិកដែលបកប្រែមកជាប្ដី គឺពាក្យនេះ ឯង ។ នោះគឺមិនមែនជាផលដែលកើតចេញពីទំនាក់ទំនងផ្លូវភេទរវាងប្ដី និងប្រពន្ធនោះឡើយ ។ ការកើតជាថ្មី ជាទម្រង់ផ្សេងមួយ មិនមែនខាងសាច់ឈាមទេ គឺជារឿងខាងវិញ្ញាណ ។
ឥឡូវនេះ ជាចុងបញ្ចប់ ខ្ញុំចង់ផ្តល់សេចក្តីសន្យាមួយដែលលោកអ្នកអាចទទួលបាន ប្រសិនបើលោកអ្នកចង់ កើតជាថ្មី ។ សេចក្តីសន្យានេះ ព្រះយេស៊ូបានប្រទានឲ្យនៅក្នុងវិវរណៈ ៣:២០ ។ ព្រះអង្គមានបន្ទូលដូច្នេះថា:
មើល៍! យើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងយើង ហើយបើកទ្វារឲ្យ តោះយើងនឹង ចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះក៏បរិភោគជាមួយយើង ដែរ។ (RKOV)
ព្រះបន្ទូលនេះគឺសម្រាប់លោកអ្នក ប្រសិនបើលោកអ្នកចង់កើតជាថ្មី ។ ឥឡូវនេះ ព្រះយេស៊ូកំពុងឈរនៅ ខាងក្រៅទ្វារ ចិត្តរបស់លោកអ្នកហើយ ព្រមទាំងគោះទ្វារទៀតផង ។ ទ្រង់សុភាព ទ្រង់មិនរុញទ្វារសម្រុកចូល នោះទេ ប្រសិនបើលោកអ្នកចង់ឲ្យព្រះអង្គយាងចូល លោកអ្នកត្រូវតែយាងព្រះអង្គឲ្យចូលប្រកបដោយឆន្ទៈ ។ ប៉ុន្តែ បើលោកអ្នកយាងព្រះអង្គចូល ព្រះអង្គនឹងយាងចូលជាពិត ព្រោះព្រះអង្គទ្រង់សុភាព ហើយព្រះអង្គទ្រង់ រក្សាពាក្យរបស់ព្រះអង្គ ។ ព្រះអង្គមានបន្ទូលថា៖ “យើងនឹងចូលទៅឯអ្នកនោះ យើងនឹងបរិភោគជាមួយអ្នក នោះ ហើយអ្នកនោះជាមួយនឹងយើងដែរ”។ លោកអ្នកត្រូវរៀបអាហារថ្វាយព្រះអង្គជាមុនសិន នោះព្រះអង្គ នឹងរៀបអាហាររបស់ព្រះអង្គជាមួយលោកអ្នកវិញ ។ តើលោកអ្នកត្រូវធ្វើដូចម្ដេច? លោកអ្នកត្រូវយាងព្រះ អង្គចូលមក លោកអ្នកត្រូវបើកចំហថ្វាយព្រះអង្គ បន្ទាប់មក ដោយជំនឿ លោកអ្នកត្រូវអរព្រះគុណព្រះអង្គ ដែលព្រះអង្គបានយាងចូលមក ។ សូមចាំថា ការនេះធ្វើដោយជំនឿជឿដល់ព្រះនាមព្រះអង្គ ។
យើងមកដល់ទីបញ្ចប់ហើយសម្រាប់ថ្ងៃនេះ តែខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីម្តងទៀតនៅវគ្គក្រោយ ហើយវគ្គក្រោយ ខ្ញុំនឹងបកស្រាយជូននូវបញ្ហាមួយទៀត ក្នុងចំណោមបញ្ហាដែលមនុស្សជួបប្រទះច្រើនជាងគេបំផុតក្នុងជំនាន់របស់យើង គឺជំងឺផ្លូវចិត្ត ។ ខ្ញុំនឹងពន្យល់អំពីរបៀបទទួលភាពធូរស្រាល រួចផុតពីប្រភេទនៃ ជំងឺបែបនោះ ។
Code: RP-R024-103-KHM










