គ្រាប់ស្រូវសាលី

ដេរេក ព្រីនស៍
Published: 1980
Last Updated: செப்டம்பர் 2026
Read Time: 9
This teaching is not currently available in தமிழ்.
កម្លាំងដែលព្រះប្រទានឲ្យ មិនមែនបានមកតាមរយៈការលើកតម្កើងខ្លួនឯងនោះទេ ប៉ុន្តែគឺតាមរយៈការចុះចូលចំពោះព្រះហឫទ័យរបស់ព្រះវិញ។ សេចក្តីបង្រៀនរបស់ព្រះយេស៊ូវបង្ហាញថា ការលះបង់ខ្លួនឯង និងការដាក់ចុះនូវការគ្រប់គ្រងផ្ទាល់ខ្លួន នាំទៅរកជីវិតដែលបង្កើតផល។ គ្រាប់ស្រូវសាលីគឺជាឧទាហរណ៍ដែលបង្ហាញថា ការចុះចូលបានបើកផ្លូវឲ្យជីវិតរបស់ព្រះលេចចេញមកយ៉ាងដូចម្តេច។
Transcript
នៅក្នុងមេរៀនមុនៗរបស់ខ្ញុំ ខ្ញុំបានជម្រាបជូនអំពីកម្លាំងពីរប្រភេទផ្សេងគ្នា គឺកម្លាំងដែលលោកីយ៍យល់ ហើយទទួលស្គាល់ និងកម្លាំងដែលមកតែពីព្រះ ហើយមកតាមរយៈឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្តមួយប៉ុណ្ណោះ។ កម្លាំងប្រភេទទីពីរនេះ មានលក្ខណៈខាងវិញ្ញាណ។ នៅចំពោះភ្នែកលោកីយ៍ នោះគឺជាភាពទន់ខ្សោយ ប៉ុន្តែ កម្លាំងប្រភេទទីពីរនេះហើយដែលត្រូវបានកំណត់ឲ្យមានជោគជ័យនៅទីបំផុត ហើយមានជ័យជម្នះគ្រប់ដណ្ដប់ លើពិភពលោកទាំងមូល។
កម្លាំងដែលលោកីយ៍ទទួលស្គាល់ គឺជាកម្លាំងរបស់សត្វកាចសាហាវៈ សត្វសិង្ហ សត្វខ្លាឃ្មុំ សត្វខ្លារខិន។ ច្បាប់តែមួយគត់ដែលសត្វនេះស្គាល់ គឺជាច្បាប់ព្រៃ។ ប៉ុន្តែកម្លាំងដែលមកពីព្រះ ត្រូវបានតំណាងដោយសត្វ ចៀម ដែលមើលទៅហាក់បីដូចជាបានសម្លាប់ហើយ។ ការនេះតំណាងឲ្យសេចក្ដីពីរយ៉ាងនៅចំពោះភ្នែករបស់ លោកីយ៍ ដែលផ្ទុយនឹងកម្លាំង គឺតំណាងឲ្យភាពស្លូតបូត និងភាពទន់ខ្សោយ។
ថ្ងៃនេះ ខ្ញុំចង់ឆ្លើយតបនឹងសំណួរដែលសួរថាៈ តើកម្លាំងប្រភេទទីពីរនេះ ជាកម្លាំងដែលមកតែពីព្រះ ជាកម្លាំងដែលតំណាងឲ្យដោយកូនចៀមដែលបានសម្លាប់ អាចបញ្ចេញមកក្នុងជីវិតលោកអ្នកបានដោយរបៀប ណា?
ប្រសិនបើខ្ញុំសង្ខេបចម្លើយរបស់ខ្ញុំមកត្រឹមពាក្យមួយម៉ាត់ ពាក្យនោះគឺ ព្រមដាក់ចុះ ។ ដើម្បីពន្យល់ថា តើមានន័យដូចម្ដេចនោះ ខ្ញុំនឹងបើកទៅបទគម្ពីរពីរ នៅក្នុងគម្ពីរដំណឹងល្អ ដែលកត់ត្រាសេចក្ដីបង្រៀនរបស់ ព្រះយេស៊ូ។ បទគម្ពីរទីមួយ គឺនៅលូកា ៩:២៣-២៤:
«រួចព្រះអង្គមានព្រះបន្ទូលទៅមនុស្សទាំងអស់ថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះ កាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់រក្សាជីវិត ខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ»។
មានសេចក្ដីបង្គាប់ជាសាកលមួយ ដែលគ្មានការលើកលែង។ បើអ្នកណាចង់ដើរតាមព្រះយេស៊ូ អ្នក នោះត្រូវតែ (ពាក្យត្រូវតែគឺគ្មានជម្រើសណាផ្សេង) អ្នកនោះត្រូវធ្វើការបីគឺៈ អ្នកនោះត្រូវលះកាត់ចិត្តខ្លួនឯង អ្នកនោះត្រូវផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ បន្ទាប់មក អ្នកនោះត្រូវទៅតាមព្រះយេស៊ូ។ ជំហានទីបី គឺដើរតាម ព្រះយេស៊ូ។ ប៉ុន្តែយើងមិនអាចដើរជំហានទីបីបានឡើយ ប្រសិនបើយើងមិនដើរពីរជំហានដំបូង គឺទាល់តែ យើងបានរៀនលះកាត់ចិត្តខ្លួនឯង ហើយផ្ទុកឈើឆ្កាងរបស់យើងរាល់តែថ្ងៃ។
តើលះកាត់ចិត្តខ្លួនឯងមានន័យដូចម្ដេច? សំណួរនេះមិនស្មុគស្មាញទេ។ លោកអ្នកមិនចាំបាច់ទាល់តែ ជាអ្នកទេវសាស្ត្រទើបចេះឆ្លើយនឹងសំណួរនេះនោះឡើយ។ យើងទាំងអស់គ្នាសុទ្ធតែអាចដឹងបានពីអត្ថន័យនៃ ពាក្យ «លះកាត់ចិត្ត»។ លះកាត់ចិត្តមានន័យថា «មិនព្រមធ្វើតាមចិត្តខ្លួនឯង»។ ហើយនោះជាអ្វីដែលយើង ត្រូវធ្វើ។ យើងត្រូវលះកាត់ចិត្តខ្លួនឯង យើងត្រូវតែនិយាយថា «ទេ» ប្រាប់ខ្លួនឯង។
នៅខាងក្នុងយើងម្នាក់ៗមាន អាត្មា ឬព្រលឹង ដែលចង់ការពារខ្លួន។ ព្រលឹងមានពេញទៅដោយគោល បំណង បញ្ហា បំណងប្រាថ្នា និងការមិនស្កប់ចិត្តជាច្រើន។ ព្រលឹងតែងនិយាយមកកាន់យើងយ៉ាងនេះថា៖ «ខ្ញុំ ចង់ ខ្ញុំគិត ខ្ញុំមានអារម្មណ៍ ខ្ញុំសំខាន់ ប្រឹក្សាយោបល់ជាមួយខ្ញុំ ផ្គត់ផ្គង់អាហារឲ្យខ្ញុំ ខ្ញុំជាជីវិតរបស់អ្នក»។ ដរាបណាយើងនៅតែស្ដាប់ព្រលឹងដែលនៅក្នុងយើងម្នាក់ៗ ដែលជាអ្នកបះបោរតាំងពីកើតមក ដែលប្រឆាំងនឹង គោលបំណងរបស់ព្រះរហូតមក គឺដរាបណាយើងនៅតែស្ដាប់ព្រលឹងនោះ យើងមិនអាចដើរតាមព្រះយេស៊ូបាន ឡើយ។ ជំហានដំបូងគឺត្រូវរៀននិយាយថា «ទេ» ប្រាប់ព្រលឹងរបស់ខ្លួន។ ព្រលឹងនិយាយថា៖ «ខ្ញុំចង់បាន» តែយើងឆ្លើយថា៖ «អ្វីដែលឯងចង់បានមិនសំខាន់ទេ»។ ព្រលឹងនិយាយថា៖ «ខ្ញុំគិត» តែយើងឆ្លើយថា៖ « អ្វីដែលឯងគិតមិនសំខាន់ទេ តែអ្វីដែលព្រះមានបន្ទូលវិញទើបសំខាន់»។ ព្រលឹងនិយាយថា៖ «ខ្ញុំមានអារម្មណ៍ ថា» តែយើងឆ្លើយថា៖ «អ្វីដែលឯងមានអារម្មណ៍យ៉ាងម៉េចនោះមិនសំខាន់ទេ តែអ្វីដែលខ្ញុំជឿទើបសំខាន់»។ មានចម្លើយមួយប្រាប់ទៅអាត្មា ហើយយើងត្រូវតែឲ្យចម្លើយនោះ។
ក្រោយពីយើងថាទេប្រាប់អាត្មា ប្រាប់ព្រលឹងអាត្មានិយមនៅក្នុងយើងម្នាក់ៗរួចហើយ យើងត្រូវផ្ទុកឈើ ឆ្កាងរបស់យើងរាល់ថ្ងៃ។ តើឈើឆ្កាងរបស់លោកអ្នកជាអ្វី? ខ្ញុំសូមនិយាយការពីរអំពីឈើឆ្កាង។ ខ្ញុំបានឮការ នេះពីគ្រូអធិប្បាយម្នាក់ ហើយក៏ដក់ជាប់នៅក្នុងគំនិតខ្ញុំជានិច្ច។ ទីមួយ ឈើឆ្កាងរបស់លោកអ្នក គឺជាកន្លែង ដែលបំណងព្រះហឫទ័យរបស់ព្រះ និងបំណងរបស់លោកអ្នកខ្វែងគ្នា។ ព្រះយេស៊ូបានយាងមកកន្លែងនោះ នៅ ក្នុងសួនច្បារគែតសេម៉ានី។ ព្រះអង្គមិនបានផ្ទុកឈើឆ្កាងខាងសាច់ឈាមទេ រហូតដល់ព្រះអង្គបានមកដល់ កន្លែងនោះ។ តើនៅចាំអ្វីដែលព្រះអង្គមានបន្ទូលទៅព្រះឬទេ? «ប្រសិនបើបាន សូមឲ្យពែងនេះកន្លងផុតពី ទូលបង្គំទៅ ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។ ព្រះអង្គបានមានបន្ទូលសេចក្ដី នោះបីដង។ ព្រះអង្គបានមានបន្ទូល រហូតដល់គ្មានអ្វីផ្សេងទៀតនៅក្នុងគំនិតរបស់ព្រះអង្គ ក្រៅតែធ្វើតាម បំណងព្រះហឫទ័យរបស់ព្រះ ហើយលះចោលបំណងរបស់ទ្រង់។ ការផ្ទុកឈើឆ្កាងរបស់លោកអ្នក គឺជាការធ្វើ ដូចគ្នានឹងព្រះយេស៊ូដែរ គឺពោលថា៖ «ព្រះជាម្ចាស់អើយ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គ វិញ»។
ទីពីរ ឈើឆ្កាងគឺជាកន្លែងដែលត្រូវបានកំណត់ទុកសម្រាប់ឲ្យលោកអ្នកស្លាប់។ ព្រះយេស៊ូជ្រាបថា ព្រះ អង្គនឹងត្រូវសុគតនៅលើឈើឆ្កាង។ គ្មាននរណាដាក់ឈើឆ្កាងនោះលើព្រះអង្គទេ។ ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំ ដាក់ជីវិតចុះដោយខ្លួនខ្ញុំ ហើយក៏អាចនឹងយកមកវិញបានដែរ»។ គ្មាននរណាអាចដាក់ឈើឆ្កាងរបស់លោកអ្នក មកលើលោកអ្នកបានទេ។ ឈើឆ្កាងលោកអ្នក គឺជារឿងស្ម័គ្រចិត្ត។ ខ្ញុំបានឮគ្រិស្តបរិស័ទនិយាយសេចក្ដីដែល គួរឲ្យអស់សំណើចជាច្រើនដងអំពីឈើឆ្កាងរបស់ពួកគេ។ ខ្ញុំបានឮបុរសម្នាក់និយាយថា ឈើឆ្កាងរបស់គាត់ គឺជា ប្រពន្ធរបស់គាត់។ ប្រសិនបើលោកអ្នកមានសេរីភាពនឹងលើកប្រពន្ធលោកអ្នកឡើង ឬដាក់គាត់ចុះបាន នោះ ប្រហែលជាគាត់អាចជាឈើឆ្កាងរបស់លោកអ្នក។ ខ្ញុំបានឮគ្រិស្តបរិស័ទនិយាយថា ឈើឆ្កាងរបស់គេគឺជាជំងឺ។ ប្រសិនបើលោកអ្នកមានសេរីភាពនឹងលើកជំងឺរបស់លោកអ្នកឡើង ឬដាក់វាចុះបាន នោះប្រហែលជាជំងឺនោះ អាចជាឈើឆ្កាងរបស់លោកអ្នក។ ប៉ុន្ដែលោកអ្នកឃើញហើយ ការទាំងនោះជាធម្មតាយើងគ្មានសេរីភាពនឹងធ្វើ ទេ។
ឈើឆ្កាងរបស់យើងគឺជាការស្ម័គ្រចិត្ត។ ការនោះកើតមានតែតាមរយៈការសម្រេចចិត្តចេញពីឆន្ទៈរបស់ យើងប៉ុណ្ណោះ។ ឈើឆ្កាងគឺជាកន្លែងដែលយើងស្លាប់។ ច្បាស់ណាស់ នោះគឺជាបញ្ជា។ ឈើឆ្កាងប្រៀបបីដូច ជាបញ្ជានៅក្នុងជីវិតរបស់ព្រះយេស៊ូ។ នៅឯសួនគែតសេមានី ព្រះយេស៊ូមានបន្ទូលថា៖ «កុំតាមចិត្តទូលបង្គំ ឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។ ព្រះអង្គបានលះកាត់ចិត្តខ្លួនឯង ហើយនៅឯកាល់វ៉ារី នៅលើឈើ ឆ្កាង ព្រះអង្គបានដាក់ជីវិតរបស់ព្រះអង្គចុះ ហើយព្រះយេស៊ូមានបន្ទូលថា៖ «នោះជាគំរូដែលពួកអ្នកដើរតាម ខ្ញុំទាំងអស់ត្រូវធ្វើតាម។ ពួកគេត្រូវលះកាត់ចិត្តខ្លួនឯង។ ពួកគេត្រូវមកតាមខ្ញុំ។ ពួកគេត្រូវព្រមស្លាប់នៅ កន្លែងដែលព្រះបានកំណត់ទុកសម្រាប់ពួកគេមកដល់ចុងបញ្ចប់នៃជីវិតរបស់ខ្លួន»។
លោកអ្នកឃើញហើយ មានជីវិតដែលត្រូវរកឃើញ និងជីវិតដែលត្រូវបាត់ទៅ។ ដរាបណាលោកអ្នក តោងជាប់ជីវិតដ៏ថ្លៃវិសេស ហើយដ៏គួរឲ្យរំភើបដល់ម្ល៉េះ រហូតដល់លោកអ្នកខ្វល់ និងអន្ទះអន្ទែងអំពីជីវិតនោះ ជាជីវិតដែលជឿជាក់តែលើខ្លួនឯង លោកអ្នកមិនអាចរកបានជីវិតដែលព្រះមានសម្រាប់លោកអ្នកទេ។ ប៉ុន្តែ ប្រសិនបើលោកអ្នកបាត់ជីវិតដំបូងនោះ ប្រសិនបើលោកអ្នកដាក់ជីវិតនោះចុះ នោះមានជីវិតមួយទៀត គឺជីវិត អាថ៌កំបាំង ជីវិតលាក់ទុកដែលព្រះនឹងបើកឡើងសម្រាប់លោកអ្នក ជាជីវិតនៅក្នុងព្រះហឫទ័យព្រះអង្គ ជា ជីវិតដែលនៅឯនាយឈើឆ្កាង។
បទគម្ពីរទីពីរដែលខ្ញុំចង់មើល គឺចេញពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូនៅក្នុងគម្ពីរដំណឹងល្អ មាននៅ ក្នុងយ៉ូហាន ១២:២៤-២៥។ បទគម្ពីរនោះនិយាយដូចគ្នាណាស់ ប៉ុន្តែរូបភាពដែលបានប្រើខុសគ្នាបន្តិច។ នេះ ជាសេចក្ដីដែលព្រះយេស៊ូមានបន្ទូលៈ
«ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជ្រាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះនៅវាតែ មួយដដែល តែបើស្រូវនោះងាប់ វានឹងបង្កើតផលបានជាច្រើន។ អ្នកណាដែលស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតរបស់ខ្លួននៅក្នុងពិភពលោកនេះ នឹងរក្សាជីវិតទុក ឲ្យស្ថិតស្ថេរនៅរហូតអស់កលប្រជានិច្ច»។ (RKOV)
លោកអ្នកឃើញគោលការណ៍ដដែលដូចគ្នាឬទេ? មានជីវិតដែលត្រូវបាត់ ជីវិតដែលត្រូវបោះបង់ ចោល ហើយក្រោយពីបាត់ជីវិតនោះហើយ មានជីវិតមួយប្រភេទទៀតដែលរកបាន។ ព្រះយេស៊ូប្រើរូបភាព គ្រាប់ស្រូវ។ ព្រះអង្គមានបន្ទូលថា ដរាបណាគ្រាប់ស្រូវនៅតែមួយដដែល នៅតែក្នុងដៃរបស់កសិករ ឬនៅតែ ក្នុងជង្រុករបស់គាត់ ឬរក្សាទុកនៅកន្លែងណាក៏ដោយ គ្រាប់ស្រូវនោះមិនបង្កើតជីវិត ឬផលចេញមកបានទេ។ គ្រាប់ស្រូវនោះមានសំបករឹងព័ទ្ធជុំវិញ ហើយសំបករឹងនោះបង្ខាំងសក្ដានុពលជីវិតដែលមាននៅក្នុងគ្រាប់ស្រូវ។ ដូច្នេះ ព្រះយេស៊ូមានបន្ទូលថា គ្រាប់ស្រូវនោះត្រូវតែរបូតចេញពីដៃអ្នកដែលកាន់។ គ្រាប់ស្រូវនោះត្រូវតែធ្លាក់ ទៅលើដី។ គ្រាប់ស្រូវនោះត្រូវតែចូលទៅក្រោមផ្ទៃដី។ ហើយនៅទីនោះ គ្មាននរណាឃើញ ងងឹត និងមាន សំណើមរបស់ដី នោះទើបមានការផ្លាស់ប្ដូរកើតឡើង។ សំបករឹងខាងក្រៅពុកផុយ ហើយនៅពេលដែលសំបក នោះពុកផុយ សំណើមអាចប៉ះគ្រាប់ពូជដែលនៅក្នុងបណ្ដូល នោះទើបមានការអស្ចារ្យកើតឡើង។ ចេញពី គ្រាប់ស្រូវដែលបានបាត់ទៅ ហើយងាប់ទៅ នោះទើបកើតចេញជាជីវិតបែបថ្មីទាំងស្រុង។ ពន្លកបៃតងដ៏ជា ជីវិតថ្មី ខំប្រឹងទម្លាយចេញពីដី មកត្រូវនឹងពន្លឺថ្ងៃ នោះយើងក៏មើលឃើញសណ្ឋានច្បាស់នឹងភ្នែកអំពីការអស្ចារ្យ ព្រះយេស៊ូមានបន្ទូលថា នេះហើយជារូបភាពអំពីអត្ថន័យដែលលោកអ្នកបាត់ជីវិត ហើយរកបានជីវិតដែលព្រះ មានសម្រាប់លោកអ្នក។ ពេលលោកអ្នកមកដល់ចុងបញ្ចប់នៃសមត្ថភាព កម្លាំង និងប្រាជ្ញារបស់ខ្លួនហើយ នោះចូរឲ្យការទាំងអស់នោះធ្លាក់ចុះ ហើយពេលដែលការទាំងនោះស្លាប់ ពេលដែលសំបករឹងបានពុកផុយទៅ នោះទើបមានជីវិតថ្មីកើតឡើង។ នេះជាការជំរុញចិត្តមួយដែលព្រះអង្គផ្ដល់ឲ្យយើង ជាការជំរុញចិត្តសម្រាប់ លោកអ្នក ក៏ជាការជំរុញចិត្តសម្រាប់ខ្ញុំដែរ។ ព្រះយេស៊ូកំពុងតែមានបន្ទូលថា៖ «អ្នកមានជីវិតរបស់អ្នក ហើយជីវិតនោះនៅក្នុងដៃរបស់អ្នក។ ជីវិតអ្នកប្រៀបបីដូចជាគ្រាប់ស្រូវនោះ។ អ្នកអាចកាន់ជីវិតនោះជាប់ តាមដែលអ្នកចង់។ ប៉ុន្តែដរាបណា អ្នកកាន់ជីវិតនោះជាប់ ដរាបណាអ្នកនិយាយថា៖ «ជីវិតនេះជារបស់ខ្ញុំ» ជីវិតនោះនៅតែឯង មិនបង្កើតផលទេ»។
មានមនុស្សឯកោយ៉ាងច្រើននៅក្នុងពិភពលោកនេះ។ តើលោកអ្នកដឹងថា ហេតុអ្វីបានជាពួកគេឯកោឬ ទេ? ពីព្រោះពួកគេកាន់ជាប់ជីវិតរបស់ខ្លួន។ ពួកគេបិទជិតនៅក្នុងសំបកតូចដែលជាខ្លួនឯង ហើយពួកគេមិន ព្រមលែងសោះ។ ព្រះយេស៊ូមានបន្ទូលថា ប្រសិនបើលោកអ្នកព្រមលែង ប្រសិនបើលោកអ្នកព្រមឲ្យជីវិតនោះ បាត់ទៅ មើលលែងឃើញ ប្រសិនបើអ្នកព្រមនៅក្នុងន័យរងទុក្ខវេទនា ចេញពីដំណើរការនៃសេចក្ដីស្លាប់ និង ការរងទុក្ខវេទនានោះ នោះសំបកចាស់នឹងបែក ហើយជីវិតថ្មីនឹងលេចឡើង។
នេះជាការផ្ដល់ជូនរបស់ព្រះអង្គដល់លោកអ្នក។ ខ្ញុំសូមឲ្យយោបល់លោកអ្នកនៅថ្ងៃនេះថា ចូរយកជីវិត ដែលនៅក្នុងដៃលោកអ្នក ហើយព្រលែងចេញទៅ។ ចូរប្រគល់ជីវិតនោះថ្វាយព្រះ។ ស្ដាប់ទៅហាក់ដូចជា ឆោតល្ងង់ ហាក់ដូចជាលេលា ប៉ុន្តែចេញពីការនោះ នឹងមានជីវិតមួយថ្មីទាំងស្រុង។
குறியீடு: RP-R059-104-KHM









