គ្រីស្ទបរិស័ទ្ទឈរលើទំនាក់ទនងដែលត្រឹមត្រូវ

ដេរេក ព្រីនស៍
Published: 1979
Last Updated: அக்டோபர் 2026
Read Time: 8
ទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះ និងអ្នកដទៃ គឺជាចំណុចស្នូលនៃជំនឿគ្រីស្ទបរិស័ទ។ លោក ដេរេក ព្រីនស៍ បង្ហាញពីរបៀបដែលឈើឆ្កាងផ្សះផ្សាមនុស្សជាតិ និងរបៀបដែលឯកភាពក្នុងរូបកាយព្រះគ្រីស្ទ បើកផ្លូវសម្រាប់ការផ្គត់ផ្គង់គ្នាទៅវិញទៅមក ភាពចាស់ទុំ និងសេចក្តីស្រឡាញ់។
Transcript
សេសណាស់ដែលបានជួបលោកអ្នកជាថ្មីម្តងទៀតនៅថ្ងៃនេះ ដើម្បីចែកចាយអំពីសេចក្តីពិត ដែលជីវិត បានបង្រៀនខ្ញុំ ជាសេចក្តីពិតដែលអាចធ្វើឲ្យមានការខុសប្លែក រវាងជោគជ័យ និងបរាជ័យ នៅក្នុងជីវិតរបស់ លោកអ្នក ដូចដែលការនោះបានកើតមាននៅក្នុងជីវិតរបស់ខ្ញុំ។
នៅថ្ងៃនេះ និងថ្ងៃជាបន្តបន្ទាប់ ខ្ញុំនឹងចែកចាយអំពីរឿងមួយដ៏សំខាន់បំផុតនៅក្នុងជីវិត គឺអំពីរបៀបសង់ ទំនាក់ទំនងដែលជោគជ័យក្នុងជីវិត។ ពិភពលោករបស់យើងសព្វថ្ងៃពេញទៅដោយមនុស្សដែលមានជំនាញ អភិវឌ្ឍន៍សម្ភារៈប្រើប្រាស់ មានសព្វបែបយ៉ាងទាំងអស់ មានរថយន្ត វិទ្យុ ម៉ាស៊ីន កុំព្យូទ័រ ម៉ាស៊ីនបោះពុម្ព ឧបករណ៍ វិទ្យាសាស្ត្រ ហើយប្រាកដណាស់ គឺរាប់ទាំងលុយកាក់ទៀតផង។ មានការជាច្រើនរាប់មិនអស់ ប៉ុន្តែគេ មិនដឹងពីរបៀបដោះស្រាយរឿងរបស់មនុស្សទេ។ ជីវិតរបស់គេមានទំនាក់ទំនងដែលបាក់បែកមិនចេះចប់។ ដូច្នេះ នៅទីបំផុត ប្រសិនបើលោកអ្នកជោគជ័យនៅក្នុងការគ្រប់គ្រងអ្វីៗដែលលោកអ្នកធ្វើ តែលោកអ្នកមិន អាចដោះស្រាយរឿងរបស់មនុស្សបាន នោះឈ្មោះថា ជីវិតលោកអ្នកនឹងបរាជ័យច្រើនជាងជោគជ័យ។ ប៉ុន្តែ គន្លឹះសំខាន់ដើម្បីធ្វើឲ្យទំនាក់ទំនងមានជោគជ័យ នៅមិនឆ្ងាយពីលោកអ្នកទេ។ គន្លឹះនោះត្រូវតែរកឲ្យឃើញ ដូចជាចម្លើយទៅនឹងបញ្ហាដទៃទៀតជាច្រើននៅក្នុងជីវិតដែរ គឺនៅក្នុងសៀវភៅមួយដ៏អស្ចារ្យ ហើយមិនចេះផុត សុពលភាព នោះគឺព្រះគម្ពីរ។
ការដំបូង ដែលខ្ញុំចង់បកស្រាយប្រាប់លោកអ្នកនៅថ្ងៃនេះ គឺថា ជំនឿគ្រីស្តបរិស័ទ ជាជំនឿមួយផ្តោត ចម្បងទៅលើទំនាក់ទំនងត្រឹមត្រូវ ជាជាងគោលលទ្ធិត្រឹមត្រូវ។ សម្រាប់គ្រីស្តបរិស័ទជាច្រើន ការសាកល្បង ជាចម្បង ដើម្បីឲ្យដឹងថាមនុស្សម្នាក់ត្រូវ ឬខុស គឺថា តើអ្នកនោះកាន់តាមគោលលទ្ធិត្រឹមត្រូវ ឬមិនត្រឹមត្រូវ។ ខ្ញុំមិនចង់មើលស្រាលពីសារសំខាន់នៃគោលលទ្ធិនោះទេ ប៉ុន្តែគោលលទ្ធិមិនមែនជាគោលដៅចុងក្រោយ ឡើយ។ ចុងបញ្ចប់ មិនមែនជាគោលលទ្ធិទេ តែគោលលទ្ធិជាមធ្យោបាយឈានទៅរកទីចុងបញ្ចប់។
នៅក្នុងគម្ពីររ៉ូម ជំពូក៦ លោកប៉ុលហៅគោលលទ្ធិថា ជា «ទម្រង់» ឬជា «ពុម្ព» មួយ។ ពុម្ពគឺជាឧបករណ៍ ដែលយើងចាក់អ្វីមួយក្តៅចូលទៅ ដើម្បីបង្កើតជារបស់ដែលមានរូបរាងពិតប្រាកដ។ ការសាកល្បងពុម្ព គឺជាផលិតផលដែលចេញពីពុម្ព។ ដូចគ្នានឹងគោលលទ្ធិ គេសាកល្បងវាដោយសារផលិតផលរបស់វា។
ផលិតផលនោះ គឺទំនាក់ទំនង។ គោលលទ្ធិជាមធ្យោបាយ ឯទំនាក់ទំនងជាទីចុងបញ្ចប់។ ជាការគួរ ឲ្យសោកស្តាយ តែមនុស្សជាច្រើនដែលមានអំណួតលើគោលលទ្ធិត្រឹមត្រូវរបស់ខ្លួន កំពុងតែមានកំហុសសឹងតែ ក្នុងគ្រប់ទំនាក់ទំនងទាំងអស់របស់គេ គឺនៅក្នុងផ្ទះ ជាមួយមនុស្សឯទៀត នៅក្នុងមុខជំនួញ ជាមួយសមាជិក ក្រុមជំនុំរបស់ខ្លួន ប៉ុន្តែគេសំអាងការប្រកាសរបស់គេថាជោគជ័យ ដោយអាងលើភាពត្រឹមត្រូវនៃគោលលទ្ធិ របស់ខ្លួន។
ជានិច្ចកាល និមិត្តសញ្ញាដ៏ធំបំផុតនៃជំនឿគ្រីស្តបរិស័ទ គឺឈើឆ្កាង។ និមិត្តសញ្ញានេះត្រូវណាស់ ព្រោះ ឈើឆ្កាងមានរបារឈើពីរ បើខ្វះរបារណាមួយ នោះមិនពេញលក្ខណៈឡើយ។ មួយ គឺរបារបញ្ឈរ ហើយមួយ ទៀត គឺរបារផ្តេក។ របារទាំងពីរនេះ តំណាងឲ្យទំនាក់ទំនងពីរ។ របារបញ្ឈរ តំណាងឲ្យទំនាក់ទំនងរបស់ យើងទៅកាន់ព្រះ ឯរបារផ្តេក តំណាងឲ្យទំនាក់ទំនងរបស់យើងទៅកាន់មនុស្ស។ ឥឡូវនេះ តាមលក្ខណៈ ធម្មជាតិ និងតាមលក្ខណៈរូបសាស្ត្រ ប្រសិនបើរបារមួយមិនស្ថិតក្នុងបន្ទាត់ផ្គុំជាឈើឆ្កាងទេ នោះរបារមួយទៀត ក៏ដូចគ្នា។ ប្រសិនបើរបារផ្តេកវៀច យើងមិនចាំបាច់មើលឲ្យដឹងថារបារបញ្ឈរវៀច ឬមិនវៀចនោះទេ គឺ ប្រាកដជាវៀចមិនខាន។ ទំនាក់ទំនងរបស់យើងក៏ដូច្នេះដែរ។
ប្រសិនបើទំនាក់ទំនងរបស់យើងជាមួយមនុស្សដូចគ្នាមិនត្រឹមត្រូវ នោះទំនាក់ទំនងរបស់យើងជាមួយព្រះ ក៏មិនអាចត្រឹមត្រូវបានដែរ។ នេះជាការដ៏គួរឲ្យឈឺចាប់មួយសម្រាប់មនុស្សខ្លះ ជាពិសេសនៅក្នុងផ្នែកខ្លះនៃ ក្រុមជំនុំ ព្រោះអស់អ្នកដែលយើងហៅថាអ្នកប្រកាសដំណឹងល្អ ឬអ្នកជំនាញគម្ពីរ គេសង្កត់ធ្ងន់ទៅលើគោល លទ្ធិ និងការមានទំនាក់ទំនងជាមួយព្រះ។ ទាំងអស់នេះល្អណាស់ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ។ យើងត្រូវដាក់ របារទាំងពីរឲ្យចំកន្លែង។
ឥឡូវនេះ ខ្ញុំសូមប្រាប់លោកអ្នកបន្តិចអំពីសារសំខាន់នៃការមានទំនាក់ទំនងជាមួយព្រះ។ ខ្ញុំចង់មើលទៅ ខគម្ពីរមួយដែលមនុស្សស្គាល់ច្រើនជាងគេ គឺទំនុកតម្កើង ២៣:១ ដែលដាវីឌថ្លែងថា៖
ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ។
សូមកត់សម្គាល់ថា ស្តេចដាវីឌមិនមែននិយាយអំពីគោលលទ្ធិទេ។ ទ្រង់កំពុងនិយាយអំពីទំនាក់ទំនងមួយ ជាទំនាក់ទំនងផ្ទាល់ រវាងខ្លួនទ្រង់ផ្ទាល់ជាមួយនឹងព្រះ ហើយដាវីឌប្រកាសចេញពីទំនាក់ទំនងនោះថា ទ្រង់ពិត ជាមានសុវត្ថិភាពទាំងស្រុង គឺ «ខ្ញុំនឹងមិនខ្វះអ្វីសោះ»។ អ្វីៗដែលខ្ញុំត្រូវការសម្រាប់ពេលនេះ ហើយសម្រាប់រហូត ដល់អស់កល្ប គឺសុទ្ធតែនៅក្នុងទំនាក់ទំនងមួយជាមួយព្រះទាំងអស់។
សូមកត់ចំណាំការពីរ អំពីទំនាក់ទំនងនោះ។ ទីមួយ គឺជាទំនាក់ទំនងបច្ចុប្បន្ន មិនមែននៅពេលអនាគត ទេ។ អ្នកជឿបែបសាសនា ជួនកាល ច្រើនតែជឿថា អ្វីៗល្អនឹងកើតមាននៅក្នុងពេលអនាគត តែក្នុងពេល ដែលគេកំពុងរស់នៅនេះ អ្វីៗដើរខុសទាំងអស់ ពិភពលោកដែលគេរស់នៅ បែកបាក់ខ្ទេចខ្ទី តែនៅកន្លែងមួយ ក្នុងពេលអនាគត ទើបអ្វីៗទាំងអស់នឹងបានល្អប្រសើរ។ ស្តេចដាវីឌថ្លែងអំពីទំនាក់ទំនងក្នុងពេលបច្ចុប្បន្ន គឺជា ទំនាក់ទំនងមួយ ដែលទ្រង់កំពុងមាននៅពេលឥឡូវនេះ។
បន្ទាប់មក គឺទំនាក់ទំនងផ្ទាល់ខ្លួន។ ដាវីឌថ្លែងថា៖ «ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ»។ មានអ្វីមួយ ដែលផ្ទាល់ខ្លួន មិនប្រយោល រវាងព្រះអម្ចាស់ និងខ្ញុំ ហើយនោះជាគ្រឹះនៃសុវត្ថិភាពរបស់ខ្ញុំ។ សុវត្ថិភាពរបស់ខ្ញុំ មិនមែនស្ថិតនៅក្នុងគោលលទ្ធិ តែស្ថិតនៅក្នុងទំនាក់ទំនងមួយ គឺជាទំនាក់ទំនងមួយជាមួយព្រះជាម្ចាស់ផ្ទាល់ ជា ទំនាក់ទំនងធានាការផ្គត់ផ្គង់រាល់អ្វីៗដែលខ្ញុំត្រូវការក្នុងជីវិត។
ឥឡូវនេះ ខ្ញុំនឹងបន្តទៅរបារមួយទៀតនៃឈើឆ្កាង គឺរបារផ្តេក។ ខ្ញុំនឹងនិយាយអំពីទំនាក់ទំនងរបស់ យើង ជាមួយមនុស្សដែលនៅជុំវិញ។ ខ្ញុំមើលទៅគម្ពីរអេភេសូរ ២:១៤–១៦ ដែលលោកប៉ូលនិយាយអំពីអ្វី ដែលព្រះគ្រីស្ទបានសម្រេចចប់សព្វគ្រប់ ដោយការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ក្នុងទំនាក់ទំនងទៅកាន់ មនុស្សជាតិដែលនៅជុំវិញ។ លោកថ្លែងដូច្នេះថា៖
១៤ ដ្បិតព្រះអង្គ គឺព្រះគ្រីស្ទ ជាសេចក្តីសុខសាន្តរបស់យើង ព្រះអង្គបានធ្វើទាំងពីររួមមកតែមួយ ហើយបានរើជញ្ជាំង ខណ្ឌចែក គឺភាពជាសត្រូវនឹងគ្នារវាងយើងចេញ ដោយរូបសាច់របស់ព្រះអង្គ។ ១៥ ព្រះអង្គបានបំបាត់ក្រឹត្យវិន័យដែលមានបទបញ្ជា និងបញ្ញត្តិទាំងឡាយចេញ ដើម្បីឲ្យព្រះអង្គបានយកទាំងពីរមក បង្កើតជាមនុស្សថ្មីតែមួយក្នុងព្រះអង្គទ្រង់ ដោយតាំងឲ្យមានសេចក្តីសុខសាន្ត។ ១៦ ហើយឲ្យព្រះអង្គបានផ្សះផ្សាសាសន៍ទាំងពីរជាមួយព្រះ ក្នុងរូបកាយតែមួយ តាមរយៈឈើឆ្កាង ទាំងបំបាត់ភាពជា សត្រូវចោល តាមរយៈឈើឆ្កាងនោះឯង។
ឃ្លាសំខាន់នោះគឺ «ទាំងពីរ មក…តែមួយ»។ សប្តាហ៍មុន នៅក្នុងការចែកចាយអំពីទំនាក់ទំនងអាពាហ៍ ពិពាហ៍ដែលផ្អែកលើកិច្ចសញ្ញាអាពាហ៍ពិពាហ៍ ខ្ញុំបានចង្អុលបង្ហាញថា គោលបំណងចុងក្រោយនៃទំនាក់ទំនង គឺ ធ្វើឲ្យពីរនាក់ ទៅជាតែមួយ។ នោះហើយជាគ្រឹះ ជាកិច្ចសញ្ញា។ ដូចគ្នា សេចក្តីពិតនេះក៏ត្រូវទៅនឹងទំនាក់ ទំនងនៅក្នុងរូបកាយព្រះគ្រីស្ទដែរ។ គោលបំណងរបស់ព្រះ គឺធ្វើឲ្យពីរ ត្រឡប់ជាតែមួយ។ គឺជាមនុស្សថ្មី មួយ។ ជាថ្មីម្តងទៀត នេះហើយជាគ្រឹះ ជាកិច្ចសញ្ញា។ នៅក្នុងគោលបំណងរបស់ព្រះ ឈើឆ្កាងបានដកយក ភាពជាសត្រូវ ការបែកបាក់ និងរនាំងដែលខណ្ឌចេញ។ ឈើឆ្កាងនាំជំនួសមកវិញនូវការផ្សះផ្សា សេចក្តី ស្រឡាញ់ និងការរួបរួម។ ប្រសិនបើការនោះមិនកើតឡើងនៅក្នុងបទពិសោធន៍របស់យើងទេ នោះយើងមិន អាចទទួលផលសម្រេចពេញលេញ ចេញពីគោលបំណងនៃការសុគតរបស់ព្រះយេស៊ូវ និងកិច្ចសញ្ញាដែលបាន កើតមាន តាមរយៈការសុគតរបស់ព្រះអង្គឡើយ។
ឥឡូវនេះ នៅក្នុងគម្ពីរអេភេសូរ ៤ លោកប៉ូលបន្តនិយាយអំពីអ្វីដែលជាលក្ខណៈរបស់មនុស្សថ្មីម្នាក់។ ប៉ុន្តែ លោកប្តូរពាក្យប្រៀបប្រដូចរបស់លោក ហើយនិយាយប្រៀបប្រដូច ដូចជារូបកាយវិញ គឺរូបកាយរបស់ ព្រះគ្រីស្ទ។ មិនមែនជារូបកាយខាងសាច់ឈាមរបស់មនុស្សម្នាក់ៗនេះទេ គឺជាប្រជារាស្ត្រទាំងអស់របស់ព្រះ ដែលចាត់ទុកថាជារូបកាយតែមួយ។ លោកថ្លែងអំពីការនេះ នៅក្នុងអេភេសូរ ៤:១៥–១៦៖
១៥ ផ្ទុយទៅវិញ ដោយនិយាយសេចក្តីពិតដោយសេចក្តីស្រឡាញ់ នោះយើងត្រូវចម្រើនឡើងគ្រប់ការទាំងអស់ក្នុង ព្រះអង្គ គឺព្រះគ្រីស្ទជាសិរសា។ ១៦ ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកពីព្រះអង្គ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាត ការងាររបស់អវយវៈនីមួយៗ នោះរូបកាយបានចម្រើនឡើង និងស្អាងខ្លួនក្នុងសេចក្តីស្រឡាញ់។
ឥឡូវនេះ គោលដៅជាក់លាក់បានបញ្ជាក់នៅទីនេះហើយ។ ខ្ញុំសូមឲ្យយើងជ្រើសរើសយកពាក្យបី គឺ ការរួបរួម ភាពពេញវ័យ ហើយបន្ទាប់មក រូបកាយតែមួយ។ នោះជាគោលដៅរបស់ព្រះ សម្រាប់ប្រជារាស្ត្រ របស់ព្រះអង្គ ដើម្បីនាំយើងទៅកាន់ការរួបរួម ទៅក្នុងភាពពេញវ័យ និងក្លាយជារូបកាយតែមួយ។ នៅក្នុងរូប ភាពនៃរូបកាយ លោកប៉ូលបញ្ជាក់សង្កត់ធ្ងន់ជាពិសេស ទៅលើប្រភេទអវយវៈមួយនៅក្នុងរូបកាយ នោះគឺ សន្លាក់។ លោកថ្លែងថា ដែលរូបកាយទាំងមូលបានផ្គុំ និងបានភ្ជាប់គ្នាដោយសារគ្រប់ទាំងសន្លាក់ដែលទ្រទ្រង់។ តើយើងយល់ដូចម្តេចដែរអំពីសន្លាក់? តើមានន័យដូចម្តេចសម្រាប់យើង? ច្បាស់ណាស់សម្រាប់ខ្ញុំ សន្លាក់គឺ ជាទំនាក់ទំនង រវាងអវយវៈទាំងប៉ុន្មាននៅក្នុងរូបកាយ។ សន្លាក់ ជារបស់ដែលផ្គុំអវយវៈទាំងប៉ុន្មានឲ្យនៅជាប់ ជាមួយគ្នា។
ដូច្នេះ យើងអាចនិយាយបានថា សន្លាក់ជាទំនាក់ទំនងរវាងបុគ្គល ជាទំនាក់ទំនងជាមួយអវយវៈផ្សេងៗ ទៀតនៃរូបកាយរបស់ព្រះគ្រីស្ទ។ នៅក្នុងបរិបទនេះ ខ្ញុំចង់ឲ្យលោកអ្នកមើលឃើញអ្វីម្យ៉ាងអំពីសារៈសំខាន់ដ៏ អស្ចារ្យ។ លោកប៉ូលថ្លែងថា ការផ្គត់ផ្គង់ ចូលមកតាមសន្លាក់ ដ្បិតគឺជាសន្លាក់ហើយផ្គត់ផ្គង់អ្វីៗដែលរូបកាយ ត្រូវការ។
ចំពោះខ្ញុំ ខ្ញុំជឿថា ព្រះគ្រីស្ទបានផ្គត់ផ្គង់គ្រប់ទាំងអស់រួចហើយ សម្រាប់សេចក្តីត្រូវការនៃរូបកាយរបស់ ព្រះអង្គ គឺដល់អវយវៈទាំងអស់នៃរូបកាយរបស់ព្រះអង្គ ប៉ុន្តែ ចេញពីបទពិសោធន៍របស់ខ្ញុំ ខ្ញុំដឹងថា ប្រជា រាស្ត្រជាច្រើនរបស់ព្រះ មិនរស់នៅក្នុងភាពពេញបរិបូរនៃការផ្គត់ផ្គង់នោះទេ។ ខ្ញុំជឿថា មូលហេតុចម្បង ប្រហែលជាមកពីផ្លូវបង្ហូរនៃការផ្គត់ផ្គង់ គឺសន្លាក់ ដែលមិនដំណើរការត្រឹមត្រូវ។ និយាយបានម្យ៉ាងទៀតថា ពួកគេមិនមានទំនាក់ទំនងត្រឹមត្រូវជាមួយអ្នកជឿដូចគ្នា ដូច្នេះហើយបានជាការផ្គត់ផ្គង់របស់ព្រះសម្រាប់ពួកគេ ត្រូវបានកាត់ផ្តាច់ ដោយព្រោះតែសន្លាក់មិនធ្វើការ។ និយាយបានម្យ៉ាងទៀតថា ប្រសិនបើលោកអ្នកចង់បាន ការផ្គត់ផ្គង់របស់ព្រះពេញលេញ នោះលោកអ្នកមិនត្រឹមតែមានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះផ្ទាល់ប៉ុណ្ណោះទេ តែលោកអ្នកត្រូវមានទំនាក់ទំនងត្រឹមត្រូវជាមួយប្រជារាស្ត្ររបស់ព្រះផងដែរ។
សូមយើងមើលឃ្លាពីរ ដែលបានចែងអំពីក្រុមជំនុំដើមដំបូង នៅក្នុងគម្ពីរកិច្ចការ ៤។ នៅខ៣២ ចែងថា៖
៣២ មនុស្សទាំងអស់ដែលបានជឿ គេមានចិត្តគំនិតតែមួយ...
៣៤ នៅក្នុងពួកគេ គ្មានអ្នកណាខ្វះខាតអ្វីឡើយ...
សេចក្តីទាំងពីរនោះដើរអមជាមួយគ្នា។ ទីមួយ រួបរួមពេញលេញ ហើយស្រុះស្រួលគ្នារវាងពួកគេទាំង អស់គ្នា។ ទីពីរ គ្រប់ទាំងសេចក្តីត្រូវការរបស់ពួកគេ ទទួលបានការផ្គត់ផ្គង់។ «គ្មានអ្នកណាខ្វះខាតអ្វីឡើយ...» សព្វថ្ងៃនេះ តើលោកអ្នកស្គាល់ក្រុមគ្រីស្តបរិស័ទណាខ្លះ ដែលអាចនិយាយបានថា ក្នុងចំណោមពួកគេ គ្មានអ្នក ណាខ្វះខាតអ្វីឡើយ ដែរឬទេ?
យើងអស់ពេលហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីម្តងទៀតនៅវគ្គក្រោយ តាមពេល វេលា និងម៉ោងដដែល។ វគ្គក្រោយ ខ្ញុំនឹងចែកចាយអំពីគ្រឹះមួយដ៏សំខាន់ ដើម្បីឲ្យទំនាក់ទំនងទាំងអស់ មាន ជោគជ័យ ហើយនៅគង់វង្ស។ សូមព្រះប្រទានពរ។
குறியீடு: RP-R002-101-KHM









