នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។

ទ្រង់បានតាំងឲ្យមានសេចក្ដីសរសើរដោយសារមាត់កូនក្មេង និងកូនដែលនៅបៅដោះ ដោយព្រោះពួកតតាំងនឹងទ្រង់ ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវ ព្រមទាំងពួកសងសឹកបានស្ងៀមនៅ។ [ទំនុកដំកើង ៨:២]

រឿងមួយដែលយើងកត់សម្គាល់នៅក្នុងទំនុកដំកើងរបស់ដាវីឌ គឺថាគាត់និយាយពីការដោះស្រាយមួយយ៉ាងអស្ចារ្យជាមួយនឹងសត្រូវរបស់គាត់។ ប្រសិនបើនិយាយពីមនុស្សម្នាក់ដែលមានសត្រូវ គាត់គឺជា ដាវីឌ។

ប៉ុន្តែគាត់បានដឹងអំពីការសម្ងាត់ក្នុងការដោះស្រាយជាមួយនឹងសត្រូវរបស់គាត់។ គាត់បានដឹងពីភាពអាថ៌កំបាំងនៃការការពារនៃព្រះវត្តមានរបស់ព្រះជាម្ចាស់ និងជំនួយមកពីព្រះ ហើយនៅទីនេះគាត់បានបង្ហាញពីអាថ៌កំបាំងនេះយ៉ាងសាមញ្ញ។ វាគឺជាការថ្វាយសិរីរុងរឿងដល់ព្រះ។ លោកពោលថា៖ «ទ្រង់បានតាំងឲ្យមានសេចក្ដីសរសើរដោយសារមាត់កូនក្មេង និងកូនដែលនៅបៅដោះ»។

តាមធម្មជាតិកូនក្មេង និងកូនដែលនៅបៅដោះគឺជាមនុស្សទន់ខ្សោយបំផុត ប៉ុន្តែនៅពេលដែលមានសេចក្ដីសរសើរចេញពីមាត់មនុស្សដែលទន់ខ្សោយបំផុត ប្រសិទ្ធភាពរបស់វាគឺដើម្បីធ្វើឲ្យពួកខ្មាំងសត្រូវ ព្រមទាំងពួកសងសឹកបានស្ងៀមនៅ។

ព្រះគម្ពីរបង្ហាញយើងយ៉ាងច្បាស់ថា យើងគ្រប់គ្នាមានសត្រូវម្នាក់ ជាអ្នកសងសឹក-ជាម្នាក់រង់ចាំតែបំផ្លាញយើង។ វានោះឈ្មោះថា សាតាំង។ វាគឺជាអារក្ស។ វាគឺជាអ្នកចោទប្រកាន់ពួកបរិសុទ្ធ។

វាគឺជាម្នាក់ដែលបានបកស្រាយខុសចំពោះយើង ដែលតែងតែប្រឆាំងនឹងយើង ដែលបានបកស្រាយខុសនូវអ្វីដែលយើងធ្វើ ដែលចោទប្រកាន់យើងនៅចំពោះមុខបល្ល័ង្ករបស់ព្រះ។

តើយើងអាចបញ្ឈប់វាបានដោយរបៀបណា? តើយើងអាចធ្វើឱ្យវាស្ងៀមស្ងាត់យ៉ាងដូចម្តេចបាន? ចម្លើយគឺដោយការសរសើរ។ នៅពេលការសរសើរដំកើងឡើងទៅព្រះ ការសរសើរបំបិទមាត់សាតាំង។

ការសរសើរធ្វើឲ្យការចោទប្រកាន់របស់វាត្រូវស្ងាត់។ ការសរសើរបិទមាត់របស់វា ហើយយើងមានសេរីភាពដោយមិនមានការរារាំងចូលក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។ យើងរស់នៅចេញពីជីវិតរបស់យើង ដោយគ្មានការថ្កោលទោសបន្តជាប់ជានិច្ចពីការចោទប្រកាន់របស់សាតាំងទៀតឡើយ។ សូមចាំថា ការសរសើរគឺជារបៀបដើម្បីនាំយកព្រះជាម្ចាស់មកនៅខាងអ្នកប្រឆាំងនឹងអារក្ស។

ចូលចិត្ត
ចែករំលែក