ដេរេក ព្រីនស៍
មាតិកា
(ចុចដើម្បីរំកិលទៅទីតាំង)
- ជីវិតដំបូង
- សង្គ្រាមលោកលើកទី II
- លីឌា ព្រីនស៍
- រ៉ូថព្រីនស៍
- មរណភាព
- គ្រូបង្រៀនព្រះគម្ពីរ
- ព័ន្ធកិច្ចដេរេកព្រីនស៍
- សំណួរ និងចម្លើយ
- សម្រង់ពាក្យរបស់លោកដេរេក ព្រីនស៍
- បញ្ជីសៀវភៅ
ជីវិតដំបូង
លោកដេរេក ព្រីនស៍កើតក្នុងគ្រួសារយោធាអង់គ្លេសនៅទីក្រុង Bangalore ប្រទេសឥណ្ឌាក្នុងឆ្នាំ 1915 ។ នៅអាយុ 14 ឆ្នាំគាត់បានឈ្នះអាហារូបករណ៍ទៅមហាវិទ្យាល័យ Eton ជាកន្លែងដែលគាត់បានសិក្សាភាសាក្រិច និងឡាតាំង។ គាត់បានបន្តការសិក្សារបស់គាត់នៅសាកលវិទ្យាល័យ Cambridge ប្រទេសអង់គ្លេស ជាកន្លែងដែលគាត់ទទួលបានអាហារូបករណ៍ផ្នែកទស្សនវិជ្ជាបុរាណ និងសម័យទំនើបនៅមហាវិទ្យាល័យឃីង “King's College” ។ លោក ដេរេក
បានសិក្សាភាសាទំនើបជាច្រើននៅពេលរៀននៅសាកលវិទ្យាល័យ Cambridge រួមទាំងភាសាហេប្រឺ និងភាសាអារ៉ាម ដែលក្រោយមកគាត់បានកែតម្រូវភាសារទាំងនោះនៅសាកលវិទ្យាល័យហេប្រឺក្នុងក្រុងយេរូសាឡឹម ។ ទោះបីជាលោក ដេរេក ត្រូវបានធំធាត់នៅក្នុងវិហារអង់គ្លីខិន “Anglican” ក៏ដោយ គាត់បានបោះបង់ចោលប្រភពដើមជាគ្រីស្ទបរិស័ទរបស់គាត់នៅសាកលវិទ្យាល័យខេមប្រីច “Cambridge” ហើយបានទទួលយកទស្សនៈពិភពលោកដែលមិនជឿលើព្រះ ។ ឆ្លុះបញ្ចាំងពីឆ្នាំនៃការសិក្សាថ្នាក់ឧត្តមនោះគាត់បាននិយាយថា៖
“ខ្ញុំបានស្គាល់ពាក្យ និងឃ្លាវែងៗជាច្រើន ហើយបានសាកល្បងរឿងប្លែកៗជាច្រើន។ ប៉ុន្តែបើក្រឡេកមើលទៅវិញ ខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំមានការច្របូកច្របល់ រសាយចិត្ត ខកចិត្ត និងអស់សង្ឃឹម ហើយមិនដឹងថាទៅរកចម្លើយពីកន្លែងណាឡើយ”
សង្គ្រាមលោកលើកទី II
ការសិក្សារបស់លោកដេរេក ត្រូវបានផ្អាកដោយសារការចាប់ផ្តើមនៃសង្គ្រាមលោកលើកទីពីរ។ នៅឆ្នាំ 1940 គាត់បានចុះឈ្មោះបម្រើក្នុងកងទ័ពទាហានពេទ្យ “Royal Army Medical Corps” ជាទាហានដែលមិនចេញប្រយុទ្ធ ដោយផ្អែកលើលក្ខខណ្ឌពិសេសផ្ទាល់ខ្លួនរបស់គាត់។ ដើម្បីបន្តការរៀនសូត្ររបស់គាត់ក្នុងអំឡុងពេលបម្រើជាទាហានពេទ្យ លោកដេរេក បានយកព្រះគម្ពីរមកជាមួយគាត់ ដែលនៅពេលនោះគាត់គ្រាន់តែចាត់ទុកថា ជាការយល់ដឹងផ្នែកទស្សនវិជ្ជា ជាជាងការទទួលស្គាល់ថា នោះគឺជាព្រះបន្ទូលរបស់ព្រះ ដែលព្រះវិញ្ញាណបរិសុទ្ធជាអ្នកបណ្តាល ។
នៅថ្ងៃទី 31 ខែកក្កដា ឆ្នាំ 1941 ពេលកំពុងឈរជើងនៅបន្ទាយហ្វឹកហាត់នៅ Scarborough រដ្ឋ Yorkshire គាត់បានជួបនឹងពិសោធដ៏ពេញដោយអំណាចជាមួយព្រះយេស៊ូវ ដែលបានផ្លាស់ប្តូរដំណើរជីវិតរបស់គាត់ ។ រំលឹកពីបទពិសោធន៍នោះគាត់បាននិយាយ៖
“ខ្ញុំបានឮសម្លេងរបស់ព្រះយេស៊ូវ ដោយមានបន្ទូលយ៉ាងច្បាស់តាមរយៈបទគម្ពីរ គឺជាព្រះគម្ពីរ ។ ហើយចាប់តាំងពីថ្ងៃដែលខ្ញុំបានឮសម្លេងទ្រង់ រហូតដល់សព្វថ្ងៃនេះ មានរឿងពីរ ដែលខ្ញុំមិនដែលសង្ស័យ ។ ខ្ញុំមិនដែលសង្ស័យពីព្រះយេស៊ូវដែលមានព្រះជន្មរស់នោះទេ ហើយខ្ញុំក៏មិនដែលសង្ស័យពីព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះឡើយ ។”
ដូច្នេះ វាបានចាប់ផ្ដើមដំណើរខាងវិញ្ញាណក្នុងនាមជាគ្រូបង្រៀនព្រះគម្ពីរដ៏លេចធ្លោម្នាក់ក្នុងសតវត្សរ៍ទី២០ ។
ស្ទើរតែភ្លាមៗបន្ទាប់ពីការប្រែចិត្តជឿក្លាយជាគ្រីស្ទបរិស័ទម្នាក់របស់គាត់ លោកដេរេក ត្រូវបានផ្ទេរទៅភារកិច្ចដ៏សកម្មនៅឯវាលខ្សាច់នៃអាហ្រ្វិកខាងជើង ជាកន្លែងដែលគាត់បានចំណាយពេលបីឆ្នាំបម្រើជាពេទ្យយោធា។ គាត់បានលះបង់ពេលទំនេររបស់គាត់ដើម្បីសិក្សាព្រះគម្ពីរ និងបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងព្រះ ។
នៅចុងបញ្ចប់នៃសង្រ្គាម លោក ដេរេក ត្រូវបានរំសាយចេញពីកងទ័ព ខណៈពេលដែលគាត់ឈរជើងនៅក្រុងយេរូសាឡឹម, ការធ្វើបន្ទាល់ពីការសម្រេចនៃទំនាយក្នុងព្រះគម្ពីរ ជាមួយនឹងការវិលត្រឡប់របស់ប្រជាជនជ្វីហ្វទៅអ៊ីស្រាអែល ។
លីឌា ព្រីនស៍
នៅឆ្នាំ 1946 លោកដេរេកបានរៀបការជាមួយប្រពន្ធទីមួយរបស់គាត់ឈ្មោះ លីឌា គ្រីស្ទីនសេន “Lydia Christensen” ជាបេសកជន ជនជាតិដាណឺម៉ាក នាងបានចាប់ផ្តើមផ្ទះមើលថែកុមារនៅជិតទីក្រុងយេរូសាឡឹម ។ ដូច្នេះហើយ គាត់បានក្លាយជាឪពុករបស់ក្មេងស្រីចិញ្ចឹមប្រាំបីនាក់។
លោកដេរេក និង លីឌា រស់នៅក្នុងទីក្រុងយេរ៉ូសាឡិមរហូតដល់ការបង្កើតរដ្ឋជ្វីហ្វរបស់អ៊ីស្រាអែលក្នុងឆ្នាំ 1948 ។ ពេលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងអារ៉ាប់ និងអ៊ីស្រាអែលក្នុងអំឡុងសង្គ្រាមឯករាជ្យ ពួកគេត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ហើយធ្វើចំណាកស្រុកដោយស្ទាក់ស្ទើរទៅកាន់ប្រទេសអង់គ្លេស។ នៅពេលដែលបានតាំងទីលំនៅនៅកណ្តាលទីក្រុងឡុងដ៍ លោកដេរេក បានចាប់ផ្តើមអធិប្បាយនៅ Speaker's Corner ក្នុង Hyde Park ដែលជារឿយៗមានលីឌា និងកូនស្រីៗមួយចំនួនអមដំណើរជាមួយ។ យូរៗទៅ យើងបានអញ្ជើញអ្នកចូលរួមឱ្យទៅប្រកបជាលក្ខណះគ្រួសារ ដើម្បីពិភាក្សាអំពីបេសកកម្មថែមទៀត ហើយព្រះវិហារថ្មីបានកើតឡើង ។ កិច្ចការនេះបានបន្តរហូតដល់ឆ្នាំ 1956 នៅពេលដែលលោកព្រីនស៍បានឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះ ហើយបានផ្លាស់ទៅប្រទេសកេនយ៉ាជាអ្នកផ្សព្វផ្សាយដំណឹងល្អនៅខែមករាឆ្នាំ 1957 ។
នៅប៉ុន្មានឆ្នាំបន្តបន្ទាប់ ដេរេក និង លីឌា បានឃើញផលផ្លែជាច្រើនបានកើតឡើងក្នុងកិច្ចបម្រើពួកគេដល់ប្រជាជនក្នុងតំបន់ រួមទាំងក្មេងស្រីម្នាក់ដែលបានរស់ឡើងវិញតាមរយៈការអធិស្ឋាន។
នៅឆ្នាំ 1962 ប្តីប្រពន្ធនេះបានចិញ្ចឹមទារកកេនយ៉ាកំព្រាម្នាក់ ហើយកំពុងរស់នៅលើទឹកដីកាណាដា ។ លីឌា អាយុចាស់ជាងលោកដេរេក 25 ឆ្នាំ ។ នៅក្នុងវ័យចំណាស់អាយុ 70 ឆ្នាំ នាងប្រាថ្នាចង់រស់នៅជិតស្និទ្ធជាមួយមិត្តភក្តិ និងអ្នកជឿដទៃទៀត។ ជម្រុញដោយតម្រូវការនេះលោក ដេរេក បានទទួលយកការអញ្ជើញឲ្យក្លាយជាគ្រូបង្រៀនព្រះគម្ពីរនៅព្រះវិហារបុណ្យថ្ងៃទី៥០ “Pentecostal” ក្នុងទីក្រុង មីនីនាប៉ូលីស “Minneapolis” ។
ទោះយ៉ាងណាក៏ដោយ មុនពេលចុងបញ្ចប់នៃទសវត្សរ៍នេះ លោកព្រីនស៍បានផ្លាស់ទីលំនៅបីដងទៀត ។ Seattle, Chicago និង Fort Lauderdale ។ ការរីកចម្រើនក្នុងកិច្ចបម្រើផ្សាយដំណឹងល្អបានបើកទ្វារថ្មី និងមិននឹកស្មានដល់ ហើយប្ដីប្រពន្ធទាំងពីរនេះនៅតែស្មោះត្រង់នឹងការត្រាសហៅរបស់ព្រះដែលមានរហូតមកដល់បច្ចុប្បន្ន ។
នៅឆ្នាំ 1968 ការបង្រៀនរបស់លោកដេរេក បានផុសផុលយ៉ាងខ្លាំងនៅក្នុងចលនាខារីសស្មាតិក “Charismatic” ដែលកំពុងលេចឡើង ។ គាត់បានធ្វើដំណើរយ៉ាងទូលំទូលាយ ក្នុងការប្រកាសព្រះបន្ទូលដោយកម្លាំង និងសិទ្ធិអំណាច។
នៅថ្ងៃទី 5 ខែតុលា ឆ្នាំ 1975 អ្នកស្រីលីឌាព្រីនស៍បានទទួលមរណភាពដោយសេចក្តីសុខសាន្តក្នុងជន្មាយុ 85 ឆ្នាំ ដោយមានសមាជិកគ្រួសារនៅជួបជុំ។ នាងគឺជាអ្នកនិពន្ធសៀវភៅ "ការណាត់ជួបនៅក្រុងយេរូសាឡឹម" ដែលត្រូវបានបោះពុម្ពមិនយូរប៉ុន្មានមុនពេលនាងទទួលមរណភាពនៅឆ្នាំដដែល ។
រ៉ូថព្រីនស៍
នៅឆ្នាំ 1978 លោកដេរេក បានរៀបការជាមួយប្រពន្ធទីពីររបស់គាត់ឈ្មោះ រ៉ូថ បេកខ័រ “Ruth Baker” ដែលជាម្តាយនៅលីវជនជាតិអាមេរិក មានកូនចិញ្ចឹមបីនាក់។ ពួកគេបានជួបគ្នានៅក្រុងយេរ៉ូសាឡិម ខណៈលោក ដេរេក ទៅលេងប្រទេសអ៊ីស្រាអែលជាមួយមិត្តភ័ក្តិ ។
ជាមួយគ្នានេះ ដំណាក់កាលថ្មីនៃព័ន្ធកិច្ចបានលេចចេញជារូបរាង ជាមួយនឹងកម្មវិធីវិទ្យុប្រចាំថ្ងៃដែលមានចំណងជើងថា "ថ្ងៃនេះជាមួយលោកដេរេក ព្រីនស៍" ។ ដើមឡើយបានចាក់ផ្សាយតាមស្ថានីយ៍វិទ្យុចំនួនប្រាំបី ទស្សនិកជនបានកើនឡើងយ៉ាងឆាប់រហ័ស ហើយកេរដំណែលរបស់ព័ន្ធកិច្ចក៏បានរឹងមាំឡើង ។ សព្វថ្ងៃនេះ ការថតសម្លេងទាំងនេះត្រូវបានគេចែកចាយពាសពេញពិភពលោក ហើយមានជាច្រើនភាសា ។
ព័ត៌មានលម្អិតនៃរឿងរ៉ាវស្នេហារបស់លោកដេរេក និង នាងរ៉ូថត្រូវបានកត់ត្រានៅក្នុងសៀវភៅ "ព្រះជាអ្នកផ្គូផ្គង" ដែលពួកគេបានសហការនិពន្ធ និងបោះពុម្ពនៅឆ្នាំ 1986 ។
រ៉ូថ បានទទួលមរណភាពនៅក្រុងយេរូសាឡឹមនៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ 1998 ដោយសារជំងឺយ៉ាងឆាប់រហ័ស។ នាងមានអាយុ 68 ឆ្នាំ ហើយបានបម្រើព្រះដោយស្មោះត្រង់ ជាមួយលោកដេរេក អស់រយៈពេលជាងពីរទសវត្សរ៍ ។
ដោយការយកឈ្នះលើភាពសោកសៅពីជម្រៅនៃភាពជូរចត់ដែលបានចាប់ផ្តើមឡើងនៅក្នុងចិត្តរបស់លោកដេរេក ។ ដោយមានការចាប់អារម្មណ៍ចំពោះឥទ្ធិពលអាក្រក់ដែលអាចនឹងនាំគាត់ឲ្យឃ្លាតឆ្ងាយពីព្រះគាត់បានធ្វើការប្រកាសជាសាធារណៈនៅឯពិធីបុណ្យសពរបស់ រ៉ូថដែលនឹងកំណត់ឆ្នាំដែលនៅសល់របស់គាត់ ។ នៅពេលដែលមឈូសត្រូវបានទម្លាក់ចុះលោកដេរេកបានអរព្រះគុណព្រះជាម្ចាស់ចំពោះអ្វីៗទាំងអស់ដែលទ្រង់បានធ្វើនៅក្នុងជីវិតរបស់រ៉ូថដោយបញ្ជាក់ដោយស្មោះនូវសេចក្តីស្រឡាញ់និងការទុកចិត្តរបស់គាត់ចំពោះព្រះវរបិតានៃស្ថានសួគ៌របស់គាត់ ។ឆ្លុះបញ្ចាំងពីចំណុចប្រសព្វនោះគាត់បាននិយាយថា៖
“វាជាពេលវេលាដ៏សំខាន់មួយនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំដឹងថាខ្ញុំមិនអាចបន្តទៅមុខជាមួយនឹងការសោកសង្រេងដែលខ្ញុំមានចំពោះភរិយារបស់ខ្ញុំទៀតទេ។ខ្ញុំតែងតែបន្ទោសព្រះជាម្ចាស់ ហើយទ្វារនៃជីវិតរបស់ខ្ញុំនឹងត្រូវបិទ ។នេះជាវិធីតែមួយគត់ដែលខ្ញុំអាចបន្តបាន។”
មរណភាព
លោកដេរេក ព្រីនស៍ បានទទួលមរណភាពដោយជរាពាព្វនៅថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2003 ក្នុងជន្មាយុ 88 ឆ្នាំ។ សុខភាពរបស់គាត់បានធ្លាក់ចុះជាយូរ ហើយបានទទួលមរណភាពនៅក្នុងផ្ទះរបស់គាត់ក្នុងទីក្រុងយេរ៉ូសាឡិម ។
គាត់ត្រូវបានបញ្ចុះ នៅទីបញ្ចុះសព Alliance Church International ក្នុងក្រុងយេរូសាឡឹម ផ្នូររបស់លោកដេរេក បានសរសេរថា៖
គ្រូបង្រៀនព្រះគម្ពីរ
ក្នុងឆ្នាំ 1944 ពេលកំពុងឈរជើងនៅឃ្លាំងផ្គត់ផ្គង់ឪសថនៅ Kiriat Motzkin ប្រទេសអ៊ីស្រាអែល ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់លោកដេរេកដោយមានព្រះបន្ទូលយ៉ាងច្បាស់ថា៖
«អ្នកត្រូវបានត្រាស់ហៅឲ្យធ្វើជាគ្រូបង្រៀនអត្ថបទព្រះគម្ពីរ ដោយសេចក្ដីពិត សេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ ដែលមានក្នុងព្រះគ្រីស្ទយេស៊ូវ សម្រាប់មនុស្សជាច្រើន» ។
វាដូចជាពិភពលោកមួយនៅឆ្ងាយពីបច្ចុប្បន្នភាពរបស់លោកដេរេក ប៉ុន្តែ នៅពេលវេលាមកដល់វាបានក្លាយទៅជាការពិតដូចដែលព្រះបានសន្យាក្នុងឆ្នាំ 1941៖
«វានឹងដូចជាទឹកអូដ៏តូចមួយ ទឹកអូ នឹងក្លាយជាទន្លេ ទន្លេនឹងក្លាយជាទន្លេដ៏ធំ ទន្លេដ៏ធំនឹងក្លាយជាសមុទ្រ សមុទ្រនឹងក្លាយទៅជាមហាសមុទ្រដ៏ធំ ហើយវានឹងឆ្លងកាត់តាមរយៈទ្រង់ ប៉ុន្តែ វាកើតឡើងដោយរបៀបណា អ្នកមិនអាចដឹង ក៏មិនអាចយល់បានដែរ»។
រហូតមកដល់សព្វថ្ងៃនេះ ឈ្មោះ ដេរេក ព្រីនស៍ នៅតែមានន័យដូចជាសម្លេងសាសនាវិទ្យា និងការបង្រៀនព្រះបន្ទូលរបស់ព្រះជាប្រព័ន្ធច្បាស់លាស់ ។ ជំនឿដ៏ខ្ជាប់ខ្ជួនរបស់គាត់និងការលះបង់ក្នុងការសិក្សាព្រះគម្ពីរបានប្រែក្លាយគាត់ទៅជាគ្រូបង្រៀនព្រះគម្ពីរ ដែលគេគោរព និងកោតសរសើរបំផុតនៅសម័យរបស់គាត់ ។
លោកដេរេក គឺជាអ្នកនិពន្ធសៀវភៅជាង 100 ក្បាល និងជាវត្ថុមានតម្លៃមិនអាចកាត់ថ្លៃបាននៃធនធានបង្រៀនព្រះគម្ពីរ ដែលធ្វើអោយការងារ និងភាពឆេះឆួលក្នុងជីវិតរបស់គាត់មិនសាបសូន្យ ។ សៀវភៅរបស់គាត់ត្រូវបានបកប្រែជាង 100 ភាសា សៀវភៅទាំងនោះនៅតែជាប្រភពនៃការបំផុសគំនិត និងការសិក្សាសម្រាប់គ្រីស្ទបរិស័ទរាប់លាននាក់នៅជុំវិញពិភពលោក។
មួយឆ្នាំមុនការទទួលមរណភាពរបស់លោកដេរេកក្នុងឆ្នាំ 2003 អ្នកកាសែតម្នាក់របស់ The Jerusalem Post បានសួរគាត់ថា តើអ្វីជាតម្រូវការដ៏ធំបំផុតសម្រាប់ពួកជំនុំសព្វថ្ងៃនេះ។ លោកដេរេកបានឆ្លើយថា៖ «គ្រូបង្រៀនព្រះគម្ពីរដ៏ច្បាស់លាស់» ។ រំលឹកពីការសន្ទនានេះ អ្នកកាសែតបានសរសេរកាលពីឆ្នាំ ២០០៦ ថា «ពិតជាមានមនុស្សតិចតួចណាស់ដូចជាគាត់»។
ព័ន្ធកិច្ចដេរេកព្រីនស៍
នៅខែឧសភា ឆ្នាំ 1971 លោក ដេរេក បានបើកការិយាល័យជាផ្លូវការនៅ Fort Lauderdale រដ្ឋ Florida ដើម្បីបោះពុម្ព និងចែកចាយការបង្រៀនរបស់គាត់ ។ ដើមឡើយត្រូវបានគេស្គាល់ថាជាការបោះពុម្ភផ្សាយរបស់លោក ដេរេក ព្រីនស៍ “Derek Prince Publications” ប្រតិបត្តិការនេះបានពង្រីកបន្តិចម្តងៗ ហើយនៅខែធ្នូ ឆ្នាំ 1990 ត្រូវបានប្តូរឈ្មោះទៅជា ព័ន្ធកិច្ចដេរេកព្រីនស៍ “Derek Prince Ministries” ។
សព្វថ្ងៃនេះ ព័ន្ធកិច្ចដេរេកព្រីនស៍ មានការិយាល័យនៅជាង 45 ប្រទេសជុំវិញពិភពលោក រួមមាន អូស្ត្រាលី កាណាដា ចិន បារាំង អាល្លឺម៉ង់ ហូឡង់ ញ៉ូសើលែន ន័រវេស រុស្ស៊ី អាហ្រ្វិកខាងត្បូង ស្វីស ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។ វានៅតែជាការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការស្វែងរកធនធានមនុស្សដែលស្រេកឃ្លានខាងវិញ្ញាណ ហើយក្នុងការធ្វើដូច្នេះ វាប្រកាន់ខ្ជាប់ទស្សនៈវិស័យដែលលោក ដេរេក បានចែករំលែកនៅក្នុងខែកក្កដា ឆ្នាំ 2002៖
«វាជាបំណងប្រាថ្នារបស់ខ្ញុំ ហើយខ្ញុំជឿថា តាមបំណងព្រះហទ័យរបស់ព្រះអម្ចាស់ ព័ទ្ធកិច្ចនេះនឹងបន្តកិច្ចការដែលព្រះបានចាប់ផ្ដើមតាមរយៈខ្ញុំជាង 60ឆ្នាំមុន រហូតដល់ព្រះយេស៊ូវយាងមក» ។