របៀបសម្គាល់បណ្តាសា

ដេរេក ព្រីនស៍
Last Updated: ноябрь 2026 г.
Read Time: 10
This teaching is not currently available in Русский.
ការបរាជ័យ ឬការជួបប្រទះនឹងឧបសគ្គ និងការខកចិត្តដដែលៗ អាចជាសញ្ញាមួយដែលបង្ហាញថា បណ្ដាសាកំពុងមានឥទ្ធិពល។ លោក ដេរេក ព្រីនស៍ ពន្យល់អំពីរបៀបសម្គាល់សញ្ញាទូទៅនៃបណ្ដាសា និងកំណត់អត្តសញ្ញាណឥទ្ធិពលរបស់វានៅក្នុងជីវិតមនុស្សម្នាក់ៗ។
Transcript
រីករាយណាស់ដែលបានមកជួបលោកអ្នកជាថ្មីម្ដងទៀត ដើម្បីចែកចាយប្រាប់លោកអ្នកអំពីប្រធានបទដ៏សំខាន់នេះ គឺ «ចេញពីបណ្ដាសាមកឯព្រះពរ»។
ប៉ុន្តែជាដំបូង ខ្ញុំសូមមានប្រសាសន៍ថា «សូមអរគុណ» ចំពោះបងប្អូនទាំងអស់ដែលបានសរសេរសំបុត្រមកខ្ញុំ។ មុននឹងខ្ញុំបញ្ចប់ការចែករំលែកនេះ យើងនឹងផ្ដល់ជូននូវអាសយដ្ឋានសម្រាប់ផ្ញើសំបុត្រ ដែលបងប្អូនអាចសរសេរមកកាន់យើងខ្ញុំបាន។បងប្អូនអាចចែករំលែកជាមួយយើងខ្ញុំដោយសេរី អំពីតម្រូវការផ្ទាល់ខ្លួន បញ្ហាដែលកំពុងជួបប្រទះ និងសំណើអធិស្ឋានរបស់បងប្អូន។ ជារៀងរាល់ខែ មានអ្នកស្ដាប់កម្មវិធីរបស់យើងខ្ញុំជាច្រើនសរសេរមក ដើម្បីប្រាប់អំពីសំណើអធិស្ឋានរបស់ពួកគេ ដែលព្រះបានឆ្លើយតបយ៉ាងអស្ចារ្យ។
ឥឡូវនេះ សូមត្រឡប់ទៅកាន់ប្រធានបទរបស់យើង «ចេញពីបណ្តាសាទៅឯព្រះពរ»។
សប្ដាហ៍នេះ ខ្ញុំកំពុងចែកចាយអំពីការផ្គត់ផ្គង់ដ៏សំខាន់បំផុតមួយពីព្រះសម្រាប់យើង តាមរយៈការសុគតរបស់ព្រះយេស៊ូវដែលជាយញ្ញបូជាសម្រាប់មនុស្សទាំងអស់។ ចំណុចនេះ ត្រូវបានសាវកប៉ុលប្រាប់យ៉ាងច្បាស់នៅក្នុងគម្ពីរកាឡាទី ៣:១៣-១៤៖
«ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្ដាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្ដាសាជំនួសយើង (ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្ដាសាហើយ អ្នកណាដែលត្រូវគេព្យួរនៅលើឈើ») ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវ បានទៅដល់សាសន៍ដទៃ...»។
ខ្ញុំបានបញ្ជាក់ថា ចំណុចសំខាន់នៃអ្វីដែលបានកើតឡើង ពេលដែលព្រះគ្រីស្ទសុគតនៅលើឈើឆ្កាង គឺជាការដោះដូរដែលព្រះបានកំណត់ទុក។ ការអាក្រក់ដែលយើងត្រូវទទួល បានធ្លាក់ទៅលើព្រះយេស៊ូវ ដើម្បីឲ្យការល្អនៃការស្តាប់បង្គាប់របស់ព្រះយេស៊ូវ បានប្រទានមកយើង។ នេះជាផ្នែកមួយដែលមើលឃើញច្បាស់នៅក្នុងការដោះដូរនេះ។ ព្រះយេស៊ូវត្រឡប់ជាត្រូវបណ្ដាសា ដើម្បីឲ្យយើងបានទទួលការប្រោសលោះរួចពីបណ្ដាសា ហើយទទួលបានព្រះពរ។ លោកប៉ុលសង្កត់ធ្ងន់យ៉ាងខ្លាំងលើពាក្យ «បណ្ដាសា»។ នៅក្នុងកាឡាទី ៣:១៣ ពាក្យនេះមានបីដង «ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្ដាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្ដាសាជំនួសយើង (ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្ដាសាហើយ អ្នកណាដែលត្រូវគេព្យួរនៅលើឈើ»)»។ លោកមានប្រសាសន៍បន្តទៀតថា៖ «ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវ បានទៅដល់សាសន៍ដទៃ»។ នៅគ្រប់កន្លែងដែលខ្ញុំទៅ ខ្ញុំឃើញថា គ្រីស្ទបរិស័ទភាគច្រើនមិនយល់អំពីការផ្គត់ផ្គង់ដែលព្រះបានប្រទានឲ្យនេះទេ ដូច្នេះហើយបានជាពួកគេមិនបានទទួលគុណប្រយោជន៍ពីការផ្គត់ផ្គង់នេះ។ ខ្ញុំបានបញ្ជាក់ពីមុនរួចមកហើយថា ព្រះពរ និងបណ្ដាសាមានពិតប្រាកដណាស់។ វាមិនត្រឹមត្រូវទេដែលនិយាយថា លោកអ្នកជឿលើព្រះពរ ប៉ុន្តែមិនជឿលើបណ្ដាសា។ នោះប្រៀបបីដូចជាពាក្យថា «ខ្ញុំជឿថាមានថ្ងៃ ប៉ុន្តែមិនជឿថាមានយប់» ឬ «ខ្ញុំជឿថាមានក្ដៅ ប៉ុន្តែមិនជឿថាមានត្រជាក់»។ ទាំងពីរមានពិត ហើយសេចក្តីនេះជាប្រធានបទចម្បងនៅក្នុងបទគម្ពីរ។
ខ្ញុំក៏បានពន្យល់ផងដែរថា ទាំងពីរនោះគឺជាពាក្យដែលមានអំណាចយ៉ាងអស្ចារ្យសម្រាប់ឲ្យមានការល្អ ឬការអាក្រក់ ហើយនៅពេលដែលចេញទៅហើយ ការទាំងពីរនោះបន្តរហូតពីជំនាន់មួយទៅជំនាន់មួយ រហូតទាល់តែមានការកាត់ផ្ដាច់ ឬលុបចោល ដោយវិធីណាមួយ។ ដូច្នេះ វាអាចមានអំណាចដែលកំពុងធ្វើការនៅក្នុងជីវិតរបស់យើង ដែលបានចាប់ផ្ដើមឡើងតាំងពីជំនាន់មុន ឬប្រហែលតាំងពីច្រើនសតវត្សរ៍កន្លងមក។ នៅក្នុងការបង្រៀនលើកមុន ខ្ញុំបានលើកយកឧទាហរណ៍ពីរពីប្រវត្តិសាស្ត្ររបស់ប្រទេសស្កុតឡែន អំពីត្រកូលស្កុតឡែនពីរត្រកូល ដែលត្រូវបានប្រកាសដាក់បណ្ដាសាលើពួកគេ។ ជាងបីសតវត្សរ៍ក្រោយមក ខ្ញុំបានជួបនឹងកូនចៅជំនាន់ក្រោយរបស់ត្រកូលទាំងពីរនោះ ដែលពួកគេនៅតែបន្តតស៊ូប្រឈមមុខនឹងឥទ្ធិពលនៃបណ្ដាសាទាំងនោះនៅឡើយ។
ថ្ងៃនេះ ខ្ញុំនឹងផ្ដល់ជូនលោកអ្នកនូវការណែនាំ ដែលនឹងជួយលោកអ្នកឲ្យស្គាល់ថាតើមានបណ្ដាសាកំពុងធ្វើការនៅក្នុងជីវិតរបស់លោកអ្នកដែរឬអត់ ហើយនេះជារឿងសំខាន់ណាស់សម្រាប់លោកអ្នក។ លោកអ្នកប្រហែលជាកំពុងតយុទ្ធទាស់នឹងអ្វីដែលលោកអ្នកមិនយល់។ ការដែលលោកអ្នកកំពុងតែតយុទ្ធជាមួយនោះ គឺជាបណ្ដាសា ហើយប្រសិនបើលោកអ្នកគ្រាន់តែរកមើលនៅក្នុងជីវិតរបស់លោកអ្នក លោកអ្នកប្រហែលជាមិនអាចរកឃើញហេតុដែលនាំឲ្យមានបណ្ដាសានោះទេ។ ដូច្នេះហើយ ដំបូងបង្អស់ ខ្ញុំសូមផ្ដល់ជូនលោកអ្នកនូវរូបភាពទូទៅថា បណ្ដាសាមានលក្ខណៈដូចម្ដេច។ ខ្ញុំនឹងប្រើភាសាពណ៌នាដែលល្អបំផុត តាមដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំជឿទុកចិត្តថា ព្រះវិញ្ញាណបរិសុទ្ធនឹងជួយលោកអ្នកឲ្យយល់នូវអ្វីដែលលោកអ្នកត្រូវយល់។
បណ្ដាសា គឺជាអ្វីម្យ៉ាងដែលដូចជាស្រមោលខ្មៅ ឬអំណាចអាក្រក់ដែលបន្តចេញពីអតីតកាល មកសង្កត់សង្កិនលោកអ្នក បង្ខាំងលោកអ្នក បំភាន់លោកអ្នក និងបង្ខំលោកអ្នកឲ្យទៅតាមទិសមួយ ដែលលោកអ្នកមិនចង់ទៅ។ ខ្ញុំគិតថា ខ្ញុំនឹងនិយាយពាក្យនោះឡើងវិញ៖ ជាស្រមោលខ្មៅ ឬអំណាចអាក្រក់ដែលបន្តចេញពីអតីតកាល មកសង្កត់សង្កិនលោកអ្នក បង្ខាំងលោកអ្នក បំភាន់លោកអ្នក និងបង្ខំលោកអ្នកឲ្យទៅតាមទិសមួយ ដែលលោកអ្នកមិនចង់ទៅ ឬលោកអ្នកអាចប្រៀបធៀបទៅនឹងបរិយាកាសអវិជ្ជមានដែលហ៊ុមព័ទ្ធលោកអ្នក ដែលពេលខ្លះ ហាក់ដូចជាខ្លាំងក្លាជាងពេលខ្លះទៀត ប៉ុន្តែលោកអ្នកមិនបានរួចផុតពីបរិយាកាសនោះទាំងស្រុងឡើយ។
ប្រសិនបើខ្ញុំត្រូវជ្រើសរើសពាក្យគន្លឹះមួយមកប្រើ ពាក្យនោះប្រាកដជា «អស់កម្លាំងចិត្ត»។ ឧទាហរណ៍ លោកអ្នកទទួលបានជោគជ័យ ឬមានការរីកចម្រើននៅត្រឹមកម្រិតណាមួយក្នុងជីវិតរបស់លោកអ្នក លោកអ្នកហាក់បីដូចជាមានលក្ខណៈសម្បត្តិទាំងអស់ដែលចាំបាច់ដើម្បីទទួលបានជោគជ័យ ប៉ុន្តែមានអ្វីម្យ៉ាងមិនប្រក្រតីកើតឡើង។ ដូច្នេះ លោកអ្នកក៏ចាប់ផ្ដើមម្ដងទៀត លោកអ្នកមកដល់កម្រិតដដែល នោះមានអ្វីម្យ៉ាងខុសប្រក្រតីកើតឡើងទៀត។ នេះហាក់បីដូចជាដំណើរនៃជីវិតរបស់លោកអ្នក ប៉ុន្តែមិនឃើញមានមូលហេតុណាមួយច្បាស់លាស់ពីរឿងនេះឡើយ។ ខ្ញុំបានជួបមនុស្សច្រើនណាស់ ដែលបានប្រាប់ខ្ញុំដំណើរជីវិតដែលមានលំនាំបែបនេះ។ អាចមានព័ត៌មានលម្អិតផ្សេងៗជាច្រើន ប៉ុន្តែខ្នាតមួយគឺនៅទីនោះឯង។ ជាញឹកញាប់ គេតែងនិយាយយ៉ាងនេះថា៖ «រឿងដដែលនេះឯងធ្លាប់កើតឡើងក្នុងជីវិតរបស់ឪពុកខ្ញុំ» ឬ «ខ្ញុំនឹកចាំថា ជីតារបស់ខ្ញុំប្រាប់ខ្ញុំអំពីរឿងនេះ ឬអំពីរឿងនោះ»។ យ៉ាងណាមិញ ពួកគេដឹងដោយប្រយោលថា ការបែបនេះ មិនមែនទើបតែនឹងកើតឡើងនៅគ្រារបស់ពួកគេនេះទេ។
ដំណើរនេះ អាចកើតឡើងនៅផ្នែកផ្សេងៗ ដូចជាមុខជំនួញ ទំនាក់ទំនងផ្ទាល់ខ្លួន (ជាពិសេស អាពាហ៍ពិពាហ៍ និងគ្រួសារ) អាជីព ហិរញ្ញវត្ថុ ឬសុខភាព។ ទោះជានៅផ្នែកណាក៏ដោយ ស្រមោលខ្មៅ ឬអំណាចអាក្រក់នោះ គឺជាបណ្ដាសាលើជីវិតរបស់លោកអ្នក ប្រហែលតាំងពីច្រើនជំនាន់តមក។
ឥឡូវនេះ ខ្ញុំសូមប្រាប់លោកអ្នកអំពីទម្រង់ជាក់លាក់ខ្លះរបស់បណ្ដាសា។ ប្រសិនបើលោកអ្នកសិក្សាអំពីព្រះពរ និងបណ្ដាសានៅក្នុងព្រះគម្ពីរ មានជំពូកមួយដែលវិសេសជាងជំពូកដទៃទៀតទាំងអស់ ដែលលោកអ្នកត្រូវបើកមើល ហើយសិក្សា ជំពូកនោះ គឺចោទិយកថា ជំពូក ២៨។ ជំពូកនេះមាន ៦៨ ខ។ ដប់បួនខដំបូង គឺជាព្រះពរ ហើយហាសិបបួនខទៀត គឺជាបណ្ដាសា។ ខ្ញុំគិតថា អ្នកណាដែលមានបញ្ហានៅក្នុងផ្នែកនេះ គួរតែចំណាយពេលសិក្សា សញ្ជឹងគិត ហើយអធិស្ឋានអំពីជំពូកនោះ។ ខ្ញុំនឹងសង្ខេបជូនលោកអ្នក ដំបូង ព្រះពរ បន្ទាប់មក បណ្ដាសា។ ប៉ុន្តែខ្ញុំមិនសុំឲ្យទទួលយកការសង្ខេបរបស់ខ្ញុំទេ។ ខ្ញុំចង់ឲ្យលោកអ្នកបើកទៅជំពូកនោះដោយខ្លួនឯង ហើយអានដោយប្រុងប្រយ័ត្ន។ នេះជាសេចក្តីសង្ខេបរបស់ខ្ញុំ។
មុនដំបូង ព្រះពរមាន៖ ភាពថ្កុំថ្កើង (ការលើកឡើងជាខ្ពស់) សុខភាពល្អ ការបន្តពូជគ្រប់ផ្នែក ភាពចម្រុងចម្រើន ជ័យជម្នះ និងការប្រកបដោយគុណរបស់ព្រះ។
បណ្ដាសា គឺជាអ្វីដែលផ្ទុយ គឺភាពអាប់ឱន ភាពអារឥតផលផ្លែ (ខ្ញុំចង់និយាយថា ការមិនមានផលផ្លែស្ទើរតែគ្រប់ផ្នែកទាំងអស់ វាជាកិច្ចការរបស់បណ្ដាសា) បរាជ័យក្នុងការបង្កើតផល ជំងឺទាំងផ្លូវកាយ និងផ្លូវចិត្ត ការបែកបាក់គ្រួសារ ភាពក្រីក្រ ភាពចាញ់ បរាជ័យ ថប់ព្រួយ ភាពមិនប្រកបដោយគុណរបស់ព្រះ។
ទាក់ទងនឹងព្រះពរ លោកម៉ូសេបានពោលទៅកាន់អ៊ីស្រាអែលថា៖ «ប្រសិនបើព្រះយេហូវ៉ាប្រទានពរដល់ជីវិតរបស់អ្នក អ្នកនឹងបានជាក្បាល មិនមែនជាកន្ទុយ ហើយឡើងខ្ពស់ជានិច្ច មិនដែលចុះឡើយ»។ នោះហើយជាភាពខុសប្លែកគ្នា។ ខ្ញុំសួរមនុស្សជាច្រើនដងថា៖ «តើលោកអ្នកកំពុងរស់នៅជាក្បាល ឬក៏ជាកន្ទុយ? តើលោកអ្នកជាអ្នកមានគំនិតផ្ដួចផ្ដើម ជាអ្នកសម្រេចចិត្ត ឬមួយក៏លោកអ្នកដូចជាកន្ទុយ ដែលកំពុងត្រូវបានអូសចុះឡើង ដោយសារអំណាចមួយដែលលោកអ្នកគ្រប់គ្រងមិនបាន? តើលោកអ្នកកំពុងរស់នៅពីលើគេ ឬក៏នៅពីក្រោមគេ?»។
ពេលមួយ ខ្ញុំបានឮគ្រីស្ទបរិស័ទពីរនាក់ជួបគ្នា ម្នាក់បាននិយាយទៅម្នាក់ទៀតថា៖ «តើឯងសុខសប្បាយជាទេ?» ម្នាក់ទៀតឆ្លើយថា៖ «កំពុងស្ថិតនៅក្រោមស្ថានភាពខ្លះ តែខ្ញុំមិនសូវជាអីទេ»។ អ្នកទីមួយបានសួរថា៖ «តើឯងកំពុងធ្វើយ៉ាងម៉េចនៅក្រោមស្ថានភាពនោះ? ឯងមិនគួរស្ថិតនៅក្រោមស្ថានភាពបែបនោះទេ។ ប្រសិនបើមានព្រះពររបស់ព្រះនៅក្នុងជីវិតរបស់ឯង ឯងគួរតែនៅពីលើស្ថានភាពទាំងនោះ មិនមែននៅពីក្រោមទេ»។
ការទាំងអស់នេះកើតឡើងញឹកញាប់ចំពោះគ្រួសារ សហគមន៍ ឬប្រទេសជាតិ ច្រើនជាងបុគ្គល។ និយាយម្យ៉ាងទៀតថា ព្រះពរ និងបណ្ដាសា មិនមែនសម្រាប់តែបុគ្គលទេ ប៉ុន្តែក៏ពាក់ព័ន្ធជាមួយនឹងគ្រួសារ សហគមន៍ ប្រទេសជាតិ ឬពេលខ្លះ អរិយធម៌ទាំងមូលទៀតផង។
ទាក់ទងជាមួយមនុស្សនៅក្នុងផ្នែកនេះ ខ្ញុំមានបទពិសោធន៍យ៉ាងច្រើន ហើយខ្ញុំប្រាប់លោកអ្នកបានថា អ្វីដែលខ្ញុំកំពុងបង្រៀននៅថ្ងៃនេះ គឺចេញពីបទពិសោធន៍ផ្ទាល់ មិនមែនជារឿងទ្រឹស្ដីទេ។ ខ្ញុំបានធ្វើបញ្ជីកត់ត្រាបណ្ដាសា ឬសញ្ញាសម្គាល់អំពីបណ្ដាសាដែលខ្ញុំបានរកឃើញនៅក្នុងជីវិតរបស់មនុស្ស។ បញ្ជីនេះត្រូវបានធ្វើឡើងដោយផ្អែកលើបទពិសោធន៍ និងការសង្កេតឃើញប៉ុណ្ណោះ ហើយខ្ញុំនឹងជម្រាបជូនលោកអ្នកនូវបញ្ជីរបស់ខ្ញុំ ដែលស្រដៀងគ្នានឹងចោទិយកថា ២៨ ដែរ។ ដូច្នេះ ខ្ញុំមានសញ្ញាសម្គាល់ទូទៅប្រាំពីរ ដែលបង្ហាញថា មានបណ្ដាសានៅលើជីវិតរបស់មនុស្ស។
ទីមួយ៖ ការវង្វេងស្មារតី ឬបញ្ហាផ្លូវចិត្ត។
ទីពីរ៖ ជំងឺរ៉ាំរ៉ៃ ឬកើតឡើងម្ដងហើយម្ដងទៀត ជាពិសេសជំងឺតំណពូជ ឬគ្មានរោគសញ្ញាច្បាស់លាស់ខាងវេជ្ជសាស្ត្រ។
ទីបី៖ រលូតកូនម្ដងហើយម្ដងទៀត ឬបញ្ហាទាក់ទងនឹងស្ត្រី។
ទីបួន៖ ការបែកបាក់អាពាហ៍ពិពាហ៍ និងការបែកបាក់គ្រួសារ។
ទីប្រាំ៖ ឱនភាពហិរញ្ញវត្ថុជាប់រហូត ជាពិសេស ទោះជានៅពេលដែលមានចំណូលមើលទៅហាក់បីដូចជាគ្រប់គ្រាន់ក៏ដោយ។ លោកអ្នកឃើញហើយ មានលុយតិច ហើយមានព្រះពររបស់ព្រះ ប្រសើរជាងមានលុយច្រើន ហើយមានបណ្ដាសា។
ទីប្រាំមួយ៖ ចេះតែមានគ្រោះថ្នាក់ងើបមុខមិនរួច ហើយក៏គិតថាជារឿងធម្មតា!
ទីប្រាំពីរ៖ នៅក្នុងគ្រួសារ មានប្រវត្តិធ្វើអត្តឃាត ឬការស្លាប់ខុសប្រក្រតី។
ចុងបញ្ចប់នេះ ខ្ញុំសូមប្រាប់លោកអ្នកអំពីព្រឹត្តិការណ៍តូចមួយ ដែលបានធ្វើឲ្យខ្ញុំនឹកឃើញពីបញ្ហានេះ។ កាលខ្ញុំកំពុងបង្រៀននៅក្នុងក្រុមជំនុំមួយ ហើយពេលដែលខ្ញុំអធិប្បាយចប់ ខ្ញុំកំពុងឈរនៅក្រោយអាសនា គិតថាត្រូវធ្វើអ្វីទៀត ខ្ញុំក៏ឃើញគ្រួសារមួយដែលមានឪពុក ម្ដាយ និងកូនស្រីជំទង់ម្នាក់នៅកៅអីជួរមុខ ខាងឆ្វេងដៃខ្ញុំ។ ពេលនោះ ព្រះហាក់ដូចជាមានបន្ទូលមកខ្ញុំថា៖ «មានបណ្ដាសានៅលើគ្រួសារនោះ»។ ដូច្នេះ ខ្ញុំបានដើរទៅជួបឪពុក ហើយប្រាប់ថា៖ «ព្រះទ្រង់បានបង្ហាញខ្ញុំថា មានបណ្ដាសានៅលើគ្រួសាររបស់លោក។ តើលោកចង់ឲ្យខ្ញុំរំដោះលោកឲ្យរួចពីបណ្ដាសានេះ នៅក្នុងព្រះនាមរបស់ព្រះយេស៊ូឬទេ?»។ គាត់បានឆ្លើយភ្លាមថា៖ «បាទ ប្រាកដជាចង់»។ ខ្ញុំបានទៅឈរពីក្រោយអាសនាវិញ អធិស្ឋានខ្លី រួចក៏ឃើញមានប្រតិកម្មដែលអាចមើលឃើញនឹងភ្នែកនៅក្នុងពួកគេម្នាក់ៗ នៅពេលដែលខ្ញុំបានអធិស្ឋានរំដោះពួកគេឲ្យរួចផុតពីបណ្ដាសានោះ។ បន្ទាប់មក ខ្ញុំបានឃើញថា ក្មេងស្រីនោះដែលមានអាយុប្រហែល ១៨ ឆ្នាំ ជើងខាងឆ្វេងរបស់នាង មានបង់ស្មង់ចាប់ពីភ្លៅរហូតដល់បាតជើង។ ដូច្នេះ ខ្ញុំបានថយក្រោយ ហើយសួរឪពុកថា៖ «តើលោកចង់ឲ្យខ្ញុំអធិស្ឋានឲ្យជើងកូនស្រីរបស់លោកឬទេ?»។ គាត់បានឆ្លើយថា៖ «ចង់ ប៉ុន្តែលោកត្រូវដឹងថា នាងបាក់ជើងឆ្វេងនេះបីដងហើយ ក្នុងរយៈពេលដប់ប្រាំបីខែ ហើយគ្រូពេទ្យនិយាយថា ជើងនេះមិនជាទេ»។ ប្រសិនបើខ្ញុំឮពាក្យនោះនៅថ្ងៃនេះ ខ្ញុំដឹងភ្លាមថា វាជាបណ្ដាសា។ បាក់ជើងដដែលបីដងក្នុងរយៈពេលដប់ប្រាំបីខែ មិនមែនជារឿងធម្មតាទេ។ ដូច្នេះ ខ្ញុំបានអធិស្ឋានឲ្យជើងនោះ ហើយសរុបឲ្យខ្លី ក្រោយមក ពេលដែលនាងបានទៅមន្ទីរពេទ្យវិញ ជើងក៏បានជា។ ប៉ុន្តែនៅពេលដែលខ្ញុំសញ្ជឹងគិតអំពីការនោះ ខ្ញុំបានយល់យ៉ាងច្បាស់ថា ព្រះបានបង្ហាញខ្ញុំថា មានបណ្ដាសានៅក្នុងគ្រួសារនោះ ព្រោះប្រសិនបើបណ្ដាសានោះមិនត្រូវបានលុបចោលទេ ជើងនោះនឹងមិនបានជាសះស្បើយឡើយ។ បណ្ដាសាគឺជារនាំងរារាំងជើងនោះមិនឲ្យជាសះស្បើយ។ ច្រើនដងណាស់ បណ្ដាសាគឺជារនាំងរារាំងមនុស្សមិនឲ្យទទួលបានការប្រោសឲ្យជា។
ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយ។ ខ្ញុំនឹងត្រឡប់មកជួបបងប្អូនម្ដងទៀតនៅថ្ងៃស្អែក ក្នុងម៉ោងដដែលនេះ។នៅថ្ងៃស្អែក ខ្ញុំនឹងចែករំលែកជាមួយបងប្អូនអំពីប្រភេទនៃកត្តា និងសកម្មភាពផ្សេងៗ ដែលអាចនាំឱ្យមានព្រះពរ ឬបណ្ដាសានៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។

Скачать субтитры
Бесплатную копию этих субтитров можно скачать, распечатать и распространить для личного или церковного использования.
Скачать PDFКод: RP-R138-103-KHM









