ចិត្តដែលមានជីជាតិ

ដេរេក ព្រីនស៍
Last Updated: octubre de 2026
Read Time: 8
ការត្រាស់ហៅដ៏ល្អបំផុតរបស់ព្រះ ទាមទារឱ្យមានចិត្តដែលឆ្លើយតបចំពោះទ្រង់ ដោយទទួលយកព្រះបន្ទូលរបស់ទ្រង់ និងតស៊ូព្យាយាមរហូតដល់ទីបញ្ចប់។ រឿងប្រៀបប្រដូចអំពីអ្នកសាបព្រោះ បង្ហាញថា ដីល្អគឺជាដីដែលស្តាប់ព្រះបន្ទូល រក្សាទុកក្នុងចិត្ត និងបង្កើតផលផ្លែដែលស្ថិតស្ថេរជានិច្ច។ ដូច្នេះ ចិត្តដែលស្មោះត្រង់ និងសុចរិតមានសារៈសំខាន់ណាស់ ព្រោះព្រះពរដែលព្រះប្រទានមក នឹងបង្កើតផលផ្លែតាមរយៈការឆ្លើយតបដោយសេចក្តីស្មោះត្រង់របស់យើង។
Transcript
សូមលើកតម្កើងព្រះជាម្ចាស់សម្រាប់ពេលវេលាដែលយើងបានជួបគ្នានៅដើមសប្ដាហ៍នេះ ជាពេលវេលាដែលខ្ញុំមានឱកាសចែកចាយជូនលោកអ្នក នូវគន្លឹះសំខាន់ដើម្បីរស់នៅមានជោគជ័យ ជាអ្វីដែលព្រះបានដាក់នៅក្នុងដៃរបស់ខ្ញុំ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន និងការបម្រើព័ន្ធកិច្ចអស់រយៈពេលជាច្រើនឆ្នាំ។ នៅសប្ដាហ៍នេះ គោលសំខាន់របស់ខ្ញុំមានចំណងជើងថា៖ «ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ...»។ ពាក្យចាប់ផ្ដើម «ប្រសិនបើ» ជាពាក្យដែលធ្វើឲ្យលោកអ្នកប្រឈមនឹងការជ្រើសរើស។ តើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះឬទេ? ផ្នែកទីពីរដែលមិនទាន់បានបញ្ចប់របស់ប្រយោគនេះ ផ្ដល់ឱកាសឲ្យខ្ញុំចែកចាយប្រាប់លោកអ្នកពីកិច្ចការមួយចំនួន ដែលលោកអ្នកត្រូវធ្វើ ប្រសិនបើលោកអ្នកសម្រេចចិត្តថា លោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ។ នៅពេលដែលខ្ញុំបញ្ចប់ការចែកចាយនេះ ខ្ញុំនឹងប្រាប់លោកអ្នកពីការប្រាំបីដែលលោកអ្នកត្រូវធ្វើ។
ប៉ុន្តែជាបឋម ខ្ញុំសូមមានប្រសាសន៍ថា «សូមអរគុណ» ចំពោះបងប្អូនទាំងអស់គ្នា ដែលបានសរសេរសំបុត្រមកខ្ញុំ។ មុនពេលបញ្ចប់ការថ្លែងនេះ យើងនឹងផ្តល់ជូននូវអាសយដ្ឋានសម្រាប់ផ្ញើសំបុត្រមកកាន់យើងខ្ញុំ។ខ្ញុំមានអំណរយ៉ាងខ្លាំង នៅពេលបានដឹងថា កម្មវិធីវិទ្យុផ្សព្វផ្សាយព្រះបន្ទូលរបស់ខ្ញុំ បានជួយ និងជាព្រះពរដល់បងប្អូនយ៉ាងដូចម្តេចខ្លះ។ ដូច្នេះ សូមចំណាយពេលបន្តិចដើម្បីសរសេរមកកាន់ខ្ញុំ ទោះបីជាគ្រាន់តែជាសំបុត្រខ្លីមួយ ដែលរៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់បងប្អូនក៏ដោយ។ឥឡូវនេះ យើងត្រឡប់មកកាន់ប្រធានបទរបស់យើងវិញ គឺ «ប្រសិនបើអ្នកចង់បានការដ៏ល្អបំផុតរបស់ព្រះ»។
ទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើងជាមួយព្រះ មិនមែនមានតែម្ខាងទេ ពោលគឺ មិនមែនជាផ្លូវដែលធ្វើដំណើរបានតែម្ខាងនោះទេ។ ជានិច្ចកាល គឺជាផ្លូវដែលមានទៅ មានមក។ ទំនាក់ទំនងនោះ តែងតែមានទាំងសងខាងជានិច្ច។ ម្ខាង គឺជាអ្វីដែលព្រះទ្រង់ធ្វើសម្រាប់យើង និងម្ខាងទៀត គឺជារបៀបដែលយើងឆ្លើយតបចំពោះអ្វីដែលព្រះធ្វើសម្រាប់យើង។ ប្រភេទនៃជីវិតដែលយើងជួបពិតប្រាកដ នឹងត្រូវបានកំណត់ដោយទំនាក់ទំនងទៅវិញទៅមកនៃកត្តាទាំងពីរនេះ ពោលគឺអ្វីដែលព្រះធ្វើសម្រាប់យើង និងរបៀបដែលយើងឆ្លើយតបចំពោះអ្វីដែលព្រះទ្រង់ធ្វើសម្រាប់យើង។
ការនេះត្រូវបានពន្យល់ប្រាប់យ៉ាងច្បាស់ តាមរយៈរឿងប្រៀបធៀបដ៏អស្ចារ្យមួយដែលព្រះយេស៊ូបានបង្រៀន គឺរឿងប្រៀបធៀបអំពីអ្នកព្រោះពូជ។ ខ្ញុំចង់សង្ខេបមេរៀននៅក្នុងរឿងប្រៀបធៀបនោះ បន្ទាប់មកអនុវត្តមេរៀននោះមកក្នុងគោលសំខាន់របស់យើង គឺ «ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ»។ លោកអ្នកទំនងជាចងចាំពីរឿងប្រៀបធៀបនេះមិនខាន។ រឿងនោះនិយាយអំពីបុរសម្នាក់ដែលចេញទៅព្រោះពូជនៅក្នុងស្រែ ហើយគ្រាប់ពូជបានធ្លាក់ទៅលើដីបួនប្រភេទផ្សេងគ្នា។ ទីមួយ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ដែលជាដីហាប់ ហើយដោយព្រោះដីរឹងហាប់ដោយសារជើងមនុស្សដើរជាន់ គ្រាប់ពូជទាំងនោះមិនបានចាក់ឫសចូលទៅក្នុងដីបានទេ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ីអស់ទៅ គ្រាប់ពូជនោះមិនបានបង្កើតផលអ្វីទេ។ ដីទីពីរដែលគ្រាប់ពូជបានធ្លាក់ទៅលើ ត្រូវបានពណ៌នាថាជាដីដែលមានថ្ម ហើយគ្រាប់ពូជបានចាក់ឫសចូលទៅបន្តិច បន្ទាប់មកឫសរបស់វាប៉ះថ្មក៏ចាប់ផ្ដើមដុះឡើងយ៉ាងរហ័ស ប៉ុន្តែឫសមិនបានចូលជ្រៅទេ ដូច្នេះនៅពេលថ្ងៃចាប់ផ្ដើមក្ដៅ វាបានក្រៀមស្វិត ហើយក៏មិនបានបង្កើតផលអ្វីដែរ។ ដីប្រភេទទីបី ត្រូវបានហៅថា «ក្នុងគុម្ពបន្លា» ហើយបន្លាបានដុះឡើងអមជាមួយគ្រាប់ពូជ តែនៅទីបំផុត បន្លានោះបានរួបរឹតគ្រាប់ពូជនោះ។ គ្រាប់ពូជនោះមិនបានទទួលខ្យល់អាកាសគ្រប់គ្រាន់ និងជីរជាតិគ្រប់គ្រាន់ទេ ដូច្នេះគ្រាប់ពូជនោះក៏មិនបានបង្កើតផលល្អដែលនៅជារៀងរហូតដែរ។ បន្ទាប់មក ដីប្រភេទទីបួន គឺជាដីដែលព្រះគម្ពីរហៅថា «ដីល្អ»។
ឥឡូវនេះ ខ្ញុំមិនចង់និយាយអំពីដីបីប្រភេទដំបូងនៅពេលនេះទេ។ ខ្ញុំចង់ផ្ដោតទៅលើអ្វីដែលខ្ញុំគិតថាជាចំណុចកំពូលរបស់រឿងប្រៀបធៀបនោះ ជាគោលបំណងដែលព្រះយេស៊ូកំពុងពន្យល់ គឺដីល្អ។ ខ្ញុំជឿទុកចិត្តថា ខ្ញុំកំពុងនិយាយទៅកាន់អ្នកដែលមានចិត្តជាដីល្អ។ ខ្ញុំចង់អានឲ្យលោកអ្នកស្តាប់ នូវអ្វីដែលព្រះយេស៊ូវបានមានបន្ទូលអំពីដីល្អ និងគ្រាប់ពូជដែលបានធ្លាក់ទៅលើដីល្អ ហើយចំណុចនេះមានចែងនៅក្នុងម៉ាថាយ ជំពូក ១៣ ខ ២៣ ដែលព្រះយេស៊ូវទ្រង់មានព្រះបន្ទូលយ៉ាងនេះថា៖
«រីឯពូជដែលធ្លាក់ទៅលើដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលដែរ មួយបានមួយរយ មួយជាហុកសិប ហើយមួយទៀតជាសាមសិប»។ (RKOV)
សូមកត់សម្គាល់ នេះជាអ្នកដែលបង្កើតផល ហើយកត្តាសំខាន់ពីរនៅក្នុងការបង្កើតផលនេះគឺ៖ គាត់ឮព្រះបន្ទូល ហើយយល់។ មនុស្សគ្រប់គ្នាដែលតំណាងឲ្យដីល្អគឺបែបនេះឯង។ ប៉ុន្តែ ទោះជាមនុស្សទាំងអស់តំណាងឲ្យដីល្អដែលបង្កើតផលក៏ដោយ ក៏គង់តែមានការខុសប្លែកគ្នាមួយយ៉ាងសំខាន់ ទៅតាមប្រភេទផលដែលពួកគេបង្កើត។ អ្នកខ្លះបង្កើតបានមួយជាមួយរយ អ្នកខ្លះទៀតមួយជាហុកសិប និងអ្នកខ្លះទៀតមួយជាសាមសិប។ និយាយបានម្យ៉ាងទៀតថា គ្រាប់ពូជនីមួយៗដែលបានព្រោះទៅ ពូជខ្លះបង្កើតបានមួយរយគ្រាប់ ខ្លះបង្កើតបានហុកសិប និងខ្លះទៀតបង្កើតបានសាមសិប។ ដូច្នេះ មានផលបីកម្រិត៖ មួយជាមួយរយ មួយជាហុកសិប និងមួយជាសាមសិប។ រឿងនេះធ្វើឲ្យខ្ញុំចាប់អារម្មណ៍នឹងសង្កេតឃើញថា មួយជាមួយរយ គឺច្រើនជាងប្រភេទទាំងពីរផ្សេងទៀតដែលបូកចូលគ្នា។ ប្រភេទពីរផ្សេងទៀត គឺហុកសិប និងសាមសិប បូកចូលគ្នាបានកៅសិប។ ដូច្នេះ មានមួយប្រភេទដែលបង្កើតផលបានច្រើនជាងគ្រាប់ពូជពីរប្រភេទផ្សេងទៀតបូកចូលគ្នា។ យ៉ាងណាមិញ ខ្ញុំឃើញថា នេះជាគោលការណ៍ដែលមានគ្រប់ទីកន្លែងនៅក្នុងព្រះបន្ទូលរបស់ព្រះ។ មនុស្សដែលពិតជាបង្កើតផលបានពេញលេញ គឺបានផលច្រើនជាងមនុស្សដែលបង្កើតបានត្រឹមតែផលខ្លះៗ។
ឥឡូវនេះ ខ្ញុំចង់ផ្ដោតជាពិសេសទៅលើផលមួយជាមួយរយ។ ខ្ញុំចាត់ទុកគ្រាប់ពូជប្រភេទនោះថាជាតំណាងឲ្យមនុស្សដែលចង់សម្រេចឲ្យបានការដ៏វិសេសបំផុតរបស់ព្រះ។ ខ្ញុំចង់អានសេចក្តីដែលព្រះយេស៊ូវមានព្រះបន្ទូលអំពីរឿងប្រៀបធៀបដដែល នៅក្នុងលូកា ជំពូក ៨ ខ ១៥ ដែលជាថ្មីម្ដងទៀត គឺជាការបកស្រាយ និងជាការអនុវត្តន៍រឿងប្រៀបធៀបដដែល អំពីមនុស្សប្រភេទដីល្អ។ ព្រះយេស៊ូវមានព្រះបន្ទូលនៅទីនេះថា៖
«រីឯពូជទៅក្នុងដីល្អ នោះគឺជាពួកអ្នកដែលបានឮព្រះបន្ទូលហើយ ក៏រក្សាទុកជាប់ដោយចិត្តល្អទៀងត្រង់ ហើយបង្កើតផលដោយអត់ធ្មត់»។ (RKOV)
នៅក្នុងការពណ៌នានេះ មានកត្តាពីរដែលសំខាន់ ហើយកត្តាទាំងពីរនោះពាក់ព័ន្ធនឹងគោលសំខាន់របស់យើង ដែលចង់បានការដ៏វិសេសបំផុតរបស់ព្រះ។ ទីមួយ មានចិត្តជាប្រភេទដែលព្រះគម្ពីរពណ៌នាថា «ចិត្តល្អទៀងត្រង់»។ ការបកប្រែមួយផ្សេងទៀតគឺ «យ៉ាងស្មោះអស់ពីចិត្ត»។ ដូច្នេះ លក្ខខណ្ឌទីមួយ គឺចិត្តទៀងត្រង់ ឬចិត្តដែលបើកចំហ ចិត្តមិនលាក់បាំងកំបាំង គ្មានចិត្តពីរ គ្មានស្តង់ដារពីរ។ នោះហើយជាលក្ខខណ្ឌទីមួយ។
ហើយបន្ទាប់មក ចំណុចមួយទៀតនៃការឆ្លើយតប គឺប្រភេទនៃការឆ្លើយតបបីយ៉ាងសម្រាប់មនុស្សទាំងនេះ គឺគេឮព្រះបន្ទូល គេរក្សាទុក ហើយដោយការអត់ធ្មត់ គេក៏បង្កើតផល។ ខ្ញុំគិតថា កត្តាទាំងបីនេះសំខាន់ខ្លាំងណាស់ ហើយខ្ញុំចង់សង្កត់ធ្ងន់លើកត្តាទាំងនេះ ពាក់ព័ន្ធនឹងគោលសំខាន់របស់យើង គឺឮព្រះបន្ទូល រក្សាទុកព្រះបន្ទូល និងដោយការអត់ធ្មត់។ ខ្ញុំចង់ប្រាប់លោកអ្នកថា ការអត់ធ្មត់ គឺជាកូនសោនៃគោលសំខាន់ដែលយើងកំពុងពិភាក្សានេះ គឺ «ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ»។
គោលការណ៍ដែលបានលាតត្រដាងនៅក្នុងរឿងប្រៀបធៀបនេះ ធ្វើឲ្យយើងម្នាក់ៗប្រឈមនឹងការសម្រេចចិត្តផ្ទាល់ខ្លួន ហើយការសម្រេចចិត្តនៅក្នុងការដើរដោយជំនឿ មានសារៈសំខាន់ខ្លាំងណាស់ ដែលខ្ញុំមិនអាចសង្កត់ធ្ងន់ឲ្យអស់បានឡើយ។ មនុស្សយ៉ាងច្រើនមិនបានយល់ច្បាស់ថា ដំណើរជីវិតរបស់យើងពឹងផ្អែកលើការសម្រេចចិត្តដែលយើងធ្វើ មិនមែនលើអារម្មណ៍ទេ គឺលើការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តដែលយើងម្នាក់ៗប្រឈមមុខ នៅក្រោមពន្លឺរបស់រឿងប្រៀបធៀបនោះ គឺថា៖ តើខ្ញុំចង់បង្កើតផលច្រើនប៉ុណ្ណា? តើខ្ញុំនឹងស្កប់ចិត្តត្រឹមសាមសិប? តើខ្ញុំចង់បង្កើតផលហុកសិប? ឬតើខ្ញុំចង់បានការដ៏វិសេសបំផុតរបស់ព្រះ ពោលគឺ តើខ្ញុំចង់បង្កើតផលមួយរយភាគ? នៅពេលដែលលោកអ្នកស្តាប់ ខ្ញុំចង់ប្រាប់លោកអ្នកថា លោកអ្នកប្រឈមនឹងភាពចាំបាច់ដែលត្រូវតែធ្វើការសម្រេចចិត្ត។ ការដែលលោកអ្នកកំពុងស្តាប់ការបង្រៀននេះ ដោយស្វ័យប្រវត្តិ លោកអ្នកប្រឈមនឹងការសម្រេចចិត្តហើយ! តើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះឬទេ? តើលោកអ្នកមានបំណងចង់បានមួយរយ ឬលោកអ្នកស្កប់ចិត្តនឹងហុកសិប ឬក៏ត្រឹមតែសាមសិប?
ឥឡូវនេះ អ្វីដែលលោកអ្នកសម្រេចបាន វាអាស្រ័យលើការឆ្លើយតបនៅក្នុងចិត្តរបស់លោកអ្នក។ ខ្ញុំបានចង្អុលបង្ហាញពីខាងដើមហើយថា ទំនាក់ទំនងរបស់យើងជាមួយព្រះ មានពីរខាង។ ម្ខាង គឺជាអ្វីដែលព្រះទ្រង់ធ្វើសម្រាប់យើង និងម្ខាងទៀត គឺជារបៀបដែលយើងឆ្លើយតបចំពោះអ្វីដែលព្រះទ្រង់ធ្វើសម្រាប់យើង។ នោះជាអ្វីដែលត្រូវសម្រេចចិត្តនៅក្នុងជីវិតរបស់លោកអ្នក ជារបៀបដែលលោកអ្នកឆ្លើយតប។
បន្ទាប់មកទៀត នៅក្នុងរឿងប្រៀបធៀបដែលយើងបានមើលនៅក្នុងលូកា ជំពូក ៨ យើងបានឃើញថា ការឆ្លើយតបដែលជោគជ័យ មានបីផ្នែក។ ទីមួយ ការឮព្រះបន្ទូលរបស់ព្រះ ទីពីរ ការរក្សាទុកព្រះបន្ទូល និងទីបី ការអត់ធ្មត់នៅក្នុងការដែលលោកអ្នកកំពុងធ្វើ។
នៅក្នុងការចែកចាយជាបន្តបន្ទាប់ក្នុងសប្ដាហ៍នេះ និងសប្ដាហ៍បន្ទាប់ ខ្ញុំនឹងពន្យល់ប្រាប់ពីការខ្លះដែលជាការចាំបាច់ ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ។ ខ្ញុំនឹងបង្ហាញជូនលោកអ្នកនូវការអនុវត្តន៍ដ៏ជាក់លាក់ អំពីគោលការណ៍ទាំងបីនេះ។ សេចក្តីដែលខ្ញុំជម្រាបជូនលោកអ្នក គឺសំអាងលើបីនេះឯង ទីមួយ ផ្អែកលើបទគម្ពីរ ទីពីរ ផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមានជាងសែសិបឆ្នាំ និងទីបី ផ្អែកលើការសង្កេតមើលរបស់ខ្ញុំចំពោះអ្នកដទៃ។ ខ្ញុំមានឯកសិទ្ធិដែលមានសម្ព័ន្ធភាពជាមួយព្រះគ្រីស្ទបរិស័ទជាច្រើន ដែលមានប្រវត្តិផ្សេងគ្នា ជាតិសាសន៍ផ្សេងគ្នា និងមកពីប្រទេសផ្សេងគ្នា ហើយខ្ញុំបានព្យាយាមសង្កេតមើលពួកគេ។ ខ្ញុំសង្កេតមើលជាពិសេសអ្នកដែលខ្ញុំគិតថាគេជោគជ័យ ជាប្រភេទមនុស្សដែលបង្កើតផលមួយជាមួយរយ។ ខ្ញុំបានព្យាយាមរៀនពីគោលការណ៍ដែលនាំឲ្យជីវិតរបស់ពួកគេមានជោគជ័យ។ នោះហើយជាអ្វីដែលខ្ញុំនឹងចែកចាយជាមួយលោកអ្នក គឺគោលការណ៍ដែលនាំឲ្យជោគជ័យ។ ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ តើលោកអ្នកត្រូវធ្វើអ្វី? ខ្ញុំនឹងចែករំលែកដោយផ្អែកលើព្រះគម្ពីរ បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ និងការសង្កេតមើលជីវិតរបស់គ្រីស្ទបរិស័ទដទៃទៀតដែលទទួលបានជោគជ័យក្នុងជីវិតជំនឿ។
ជាការប្រសើរណាស់ ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយ។ ខ្ញុំនឹងត្រឡប់មកជួបបងប្អូនម្តងទៀតនៅថ្ងៃស្អែក ក្នុងពេលដដែលនេះ។នៅក្នុងការបង្រៀនរបស់ខ្ញុំនៅថ្ងៃស្អែក ខ្ញុំនឹងពន្យល់ថា ព្រះបានរៀបចំ និងផ្គត់ផ្គង់អ្វីៗគ្រប់យ៉ាង យ៉ាងពេញលេញសម្រាប់យើងម្នាក់ៗ ដើម្បីឱ្យយើងអាចបង្កើតផលបានមួយជាមួយរយ។
Código: RP-R110-101-KHM










