ការស្គាល់ និងការជឿលើសេចក្ដីស្រឡាញ់របស់ព្រះ

ដេរេក ព្រីនស៍
Published: 1982
Last Updated: octubre de 2026
Read Time: 9
This teaching is not currently available in Español.
ការស្គាល់សេចក្ដីស្រឡាញ់របស់ព្រះ មិនមែនគ្រាន់តែជាការយល់ព្រមតាមចំណេះដឹងប៉ុណ្ណោះទេ។ ជំនឿគឺជាការពឹងផ្អែកលើសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយឆ្លើយតបចំពោះសេចក្ដីស្រឡាញ់នោះដោយការទុកចិត្តលើទ្រង់អស់ពីចិត្ត។ សេចក្ដីអធិស្ឋានរបស់លោកប៉ុលនៅក្នុងសំបុត្រទៅកាន់ពួកអេភេសូរ បង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធជួយឱ្យអ្នកជឿយល់ដឹងកាន់តែស៊ីជម្រៅអំពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលគ្មានព្រំដែន ហើយរស់នៅដោយមានសេរីភាពពីសេចក្ដីភ័យខ្លាច។
Transcript
សូមលើកតម្កើងព្រះជាម្ចាស់ សម្រាប់ពេលវេលាដែលបានជួបលោកអ្នកជាថ្មីនៅដើមសប្ដាហ៍ថ្មីនេះ ដើម្បីចែកចាយជាមួយលោកអ្នកនូវគន្លឹះសំខាន់ដែលនាំឲ្យជីវិតមានជោគជ័យ ដែលព្រះទ្រង់បានដាក់នៅក្នុងដៃរបស់ខ្ញុំ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន និងតាមរយៈព័ន្ធកិច្ចរបស់ខ្ញុំជាច្រើនឆ្នាំ។ សប្ដាហ៍នេះ ខ្ញុំនឹងបន្តចែកចាយគោលសំខាន់ដ៏ពិសេសរបស់យើងសម្រាប់រដូវកាលណូអែល គឺសេចក្តីស្រឡាញ់របស់ព្រះ។
ប៉ុន្តែ ជាដំបូង ខ្ញុំសូមអរគុណដល់លោកអ្នកដែលបានសរសេរផ្ញើមកខ្ញុំ។ នៅចុងបញ្ចប់សម្រាប់ថ្ងៃនេះ យើងនឹងជម្រាបជូនលោកអ្នកអំពីអាសយដ្ឋានទំនាក់ទំនង ដើម្បីឲ្យលោកអ្នកអាចសរសេរផ្ញើមកយើងខ្ញុំ។ ការដែលបានឮថា ព័ន្ធកិច្ចរបស់យើងខ្ញុំតាមវិទ្យុនេះ បានជាជំនួយ និងជាព្រះពរដល់លោកអ្នក នោះមានន័យសម្រាប់យើងខ្ញុំណាស់។ ដូច្នេះ សូមសរសេរមកយើងខ្ញុំកុំបីខាន ទោះជាសំណេររបស់លោកខ្លី ជាបទពិសោធន៍ ជាទីបន្ទាល់ និងរឿងផ្ទាល់ខ្លួនក៏ដោយ។
ឥឡូវនេះ សូមយើងវិលមករកគោលសំខាន់របស់យើងសម្រាប់រដូវកាលណូអែល គឺសេចក្តីស្រឡាញ់របស់ព្រះ។
បំណងប្រាថ្នារបស់ខ្ញុំសម្រាប់លោកអ្នកបងប្អូនទាំងអស់ ដែលជាប្រិយមិត្តអ្នកស្តាប់ គឺសូមឲ្យរដូវកាលខួបកំណើតព្រះអម្ចាស់នៃយើងនេះ បានជាព្រះពរ និងប្រកបដោយអត្ថន័យយ៉ាងពិតប្រាកដដល់លោកអ្នក។ ហេតុនេះហើយបានជាខ្ញុំជ្រើសរើសយកគោលសំខាន់ អំពីសេចក្តីស្រឡាញ់របស់ព្រះ។ ប្រសិនបើលោកអ្នកពិតជាបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះយ៉ាងពិតប្រាកដនៅពេលនេះ នោះព្រះពររបស់លោកអ្នក មិនកំណត់ត្រឹមការសប្បាយរីករាយខាងសាច់ឈាមមួយរយៈពេលខ្លីប៉ុណ្ណោះទេ តែព្រះពរនេះនៅជាប់រហូតដល់ឆ្នាំថ្មីខាងមុខ និងអស់មួយជីវិតរបស់លោកអ្នក ហើយប្រាកដណាស់ គឺរហូតដល់អស់កល្បជានិច្ចគ្មានទីបញ្ចប់។
ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នកមិនទាន់ស្គាល់ព្រះ និងសេចក្តីស្រឡាញ់របស់ព្រះអង្គទេ នោះមិនថាលោកអ្នកអាចទទួលបានការសប្បាយ ឬជោគជ័យយ៉ាងណាតាមផ្លូវផ្សេងទៀតក៏ដោយ ទីបំផុតជីវិតរបស់លោកអ្នកនឹងបានរស់នៅដោយឥតប្រយោជន៍។
វគ្គមុន ខ្ញុំបានផ្ដោតទៅលើឃ្លាពីរដែលសាមញ្ញ ប៉ុន្តែមានន័យជ្រាលជ្រៅ នោះគឺ៖ ព្រះទ្រង់ជាសេចក្តីស្រឡាញ់ និងព្រះទ្រង់ជាពន្លឺ។
ថ្ងៃនេះ និងពេញមួយសប្ដាហ៍នេះ ខ្ញុំនឹងនិយាយអំពីគោលសំខាន់នេះ ឲ្យបានកាន់តែពេញលេញថែមទៀត។ គោលសំខាន់របស់ខ្ញុំនៅថ្ងៃនេះ គឺការស្គាល់ និងការជឿលើសេចក្តីស្រឡាញ់របស់ព្រះ។
ខ្ញុំចង់ចាប់ផ្ដើមដោយអានបទគម្ពីរមួយនៅក្នុងសំបុត្រទី១របស់លោកយ៉ូហាន ជំពូក ៤ ខ ១៦ គឺ ១ យ៉ូហាន ៤:១៦ ហើយខ្ញុំនឹងអានចេញពីសំណៅបកប្រែពីរផ្សេងគ្នា ដើម្បីឲ្យយើងទទួលបានរូបភាពកាន់តែពេញលេញ តាមដែលយើងអាចស្វែងយល់បាន នូវអ្វីដែលព្រះគម្ពីរនិយាយមកកាន់យើង តាមរយៈខគម្ពីរនេះ។
«យើងបានស្គាល់ ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ ដែលព្រះអង្គមានសម្រាប់យើង។ ព្រះទ្រង់ជាសេចក្តីស្រឡាញ់ ហើយអ្នកណាដែលស្ថិតនៅជាប់ក្នុងសេចក្តីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់ក្នុងព្រះ ហើយព្រះក៏ស្ថិតនៅជាប់ក្នុងអ្នកនោះដែរ»។ (NASB)
បន្ទាប់មក សំណៅមួយផ្សេងទៀត៖
«ដូច្នេះ យើងស្គាល់ ហើយពឹងអាងលើសេចក្តីស្រឡាញ់ដែលព្រះមានសម្រាប់យើង។ អ្នកណារស់នៅក្នុងសេចក្តីស្រឡាញ់ អ្នកនោះរស់នៅក្នុងព្រះ ហើយព្រះក៏គង់នៅក្នុងអ្នកនោះដែរ»។ (NIV)
ការបកប្រែមួយប្រាប់ថា «យើងបានស្គាល់ ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានសម្រាប់យើង» ហើយការបកប្រែមួយទៀតប្រាប់ថា «យើងស្គាល់ ហើយពឹងអាងលើសេចក្តីស្រឡាញ់ដែលព្រះមានសម្រាប់យើង»។ ចំណុចដែលខ្ញុំចង់បង្ហាញគឺថា ដែលស្គាល់អំពីសេចក្តីស្រឡាញ់របស់ព្រះដោយបញ្ញានៅក្នុងគំនិត តាមទ្រឹស្ដីចេញពីបទគម្ពីរ ឬចេញពីសេចក្តីអធិប្បាយអំពីសេចក្តីស្រឡាញ់របស់ព្រះ វាជារឿងមួយ ប៉ុន្តែដែលជឿចំពោះសេចក្តីស្រឡាញ់របស់ព្រះ ឬដូចដែលការបកប្រែមួយផ្សេងទៀតប្រាប់ថា «ពឹងអាង» លើសេចក្តីស្រឡាញ់របស់ព្រះ វាជារឿងមួយផ្សេងទៀត។ ខ្ញុំចង់បញ្ជាក់ជូនលោកអ្នកឲ្យបានច្បាស់ថា មានជំហានមួយទៀតដែលហួសពីការស្គាល់ នោះគឺជឿ ឬពឹងអាង។ ក្នុងន័យម្យ៉ាង នោះគឺទម្លាក់ខ្លួនលោកអ្នកទៅលើ ក្នុងន័យថា ហ៊ានប្រថុយ។ លោកអ្នកពិតជាជឿថា ព្រះទ្រង់ស្រឡាញ់លោកអ្នក ដូច្នេះលោកអ្នកទុកដាក់ខ្លួននឹងព្រះអង្គទាំងស្រុង ដោយឥតស្ទាក់ស្ទើរ។ លោកអ្នកនឹងមិនអាចធ្វើដូច្នោះបានឡើយ ប្រសិនបើលោកអ្នកមិនទុកចិត្តចំពោះសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ប្រសិនបើលោកអ្នកចង់វិភាគឲ្យបានសព្វគ្រប់ ហើយគន់គូឲ្យបានសព្វគ្រប់ជាមុន នោះលោកអ្នកនឹងមិនអាចបោះជំហាននៃការទុកដាក់ខ្លួនទាំងស្រុងចំពោះព្រះ ថ្វាយជីវិតដល់ព្រះអង្គដោយមិនលាក់លៀម ទៅក្នុងព្រះហស្តរបស់ព្រះអង្គ ពឹងអាងលើព្រះអង្គ ទុកចិត្តឲ្យព្រះអង្គធ្វើអ្វីដែលព្រះអង្គចង់ធ្វើ ដោយគ្មានលក្ខខណ្ឌបានឡើយ។
នោះហើយជារបៀបដែលពីដំបូង ព្រះបានស្រឡាញ់លោកអ្នក និងខ្ញុំ ហើយព្រះអង្គនាំយើងមកដល់ចំណុចមួយ ដែលព្រះអង្គចង់បានប្រភេទនៃការឆ្លើយតបចំពោះព្រះអង្គ ដោយគ្មានលក្ខខណ្ឌ គ្មានការលាក់លៀម។ នេះមិនមែនត្រឹមតែជាការស្គាល់នោះទេ គឺជាការជឿ ក្នុងន័យពឹងផ្អែក ទុកដាក់ខ្លួនចំពោះ និងទទួលយកឲ្យពិតប្រាកដនូវអ្វីដែលព្រះទ្រង់មានបន្ទូល អ្វីដែលព្រះគម្ពីរចែងអំពីព្រះ គឺថា ព្រះទ្រង់ជាសេចក្តីស្រឡាញ់។
ខ្ញុំគិតថា មានមនុស្សជាច្រើនណាស់ដែលបានឮសេចក្តីអធិប្បាយអំពីសេចក្តីស្រឡាញ់របស់ព្រះ ដឹងអំពីសេចក្តីស្រឡាញ់របស់ព្រះតាមរបៀបនោះ ដោយបញ្ញាក្នុងគំនិត ប៉ុន្តែគេមិនដែលបានពឹងអាងលើសេចក្តីស្រឡាញ់របស់ព្រះទេ។ ពួកគេមិនដែលឈានជើងដោយជំនឿ ហើយពោលថា៖ «ព្រះអង្គ ទូលបង្គំនៅទីនេះ។ សូមទទួលយកទូលបង្គំទៅកែឆ្នៃតាមព្រះហឫទ័យចុះ។ ទូលបង្គំសូមដាក់ចុះដោយគ្មានលក្ខខណ្ឌ។ ទូលបង្គំសូមថ្វាយទាំងស្រុងចំពោះព្រះអង្គ។ នេះជាការឆ្លើយតបរបស់ទូលបង្គំចំពោះសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ដ្បិតសេចក្តីស្រឡាញ់របស់ព្រះអង្គគ្មានលក្ខខណ្ឌ គ្មានចំណង។ ការឆ្លើយតបរបស់ទូលបង្គំ គឺខ្លួនទូលបង្គំទាំងមូល គ្មានលក្ខខណ្ឌ។ ព្រះអង្គ សូមទទួលយកទូលបង្គំ ហើយកែឆ្នៃទូលបង្គំតាមព្រះហឫទ័យរបស់ព្រះអង្គចុះ។ ទូលបង្គំជារបស់ព្រះអង្គហើយ»។ ខ្ញុំជឿថា នោះហើយជាអ្វីដែលលោកយ៉ូហានចង់បង្ហាញ នៅពេលដែលលោកថ្លែងថា «យើងស្គាល់ ហើយពឹងអាងលើសេចក្តីស្រឡាញ់ដែលព្រះមានសម្រាប់យើង»។ នេះជារឿងដែលហួសពីភាពសមទំនងតាមបញ្ញាក្នុងគំនិត ក៏ហួសពីគំនិតយល់ដឹងរបស់យើងទៅទៀត គឺនាំយើងចូលទៅក្នុងពិភពមួយដែល ក្នុងន័យម្យ៉ាង អ្នកដែលប្រើគំនិតយល់ដឹង អាចនឹងចាប់ផ្ដើមតវ៉ាថា «លើសហើយលោកគ្រូ ទៅឆ្ងាយពេកហើយ ជ្រុលពេកហើយ»។ ដូច្នេះ ដោយសារតែមូលហេតុនេះ ខ្ញុំជឿថា នៅខបន្ទាប់ នៅក្នុង ១ យ៉ូហាន ជំពូក ៤ លោកយ៉ូហានបន្តនិយាយអំពីការភ័យខ្លាច។ នៅក្នុង ១ យ៉ូហាន ៤:១៨ លោកយ៉ូហានថ្លែងថា៖
«គ្មានសេចក្តីភ័យខ្លាចណានៅក្នុងសេចក្តីស្រឡាញ់ឡើយ តែសេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្ដេញការភ័យខ្លាចចេញ ដ្បិតការភ័យខ្លាចតែងជាប់មានទោស ហើយអ្នកណាដែលភ័យខ្លាច អ្នកនោះមិនទាន់ពេញខ្នាតនៅក្នុងសេចក្តីស្រឡាញ់នៅឡើយទេ»។ (NIV)
ដូច្នេះ មានចំណុចមួយដែលថា ប្រសិនបើយើងអនុញ្ញាតឲ្យការភ័យខ្លាចគ្រប់គ្រងយើង ការភ័យខ្លាចនោះនឹងរារាំងយើងមិនឲ្យចុះចូល ហើយយើងនឹងពិចារណារកហេតុផល រួចហើយពោលថា តម្លៃនេះខ្ពស់ពេកហើយ ការប្រថុយបែបនេះខ្លាំងពេកហើយ។ ប៉ុន្តែមានប្រភេទមួយនៃសេចក្តីស្រឡាញ់ ដែលបណ្ដេញការភ័យខ្លាច ជាសេចក្តីស្រឡាញ់មួយដែលឈ្នះការភ័យខ្លាច ជាសេចក្តីស្រឡាញ់ដែលជួយធ្វើឲ្យយើងអាចចុះចូលបានទាំងស្រុង អាចទទួលយកបានពេញលេញនូវលក្ខណៈពោរពេញរបស់ព្រះ គ្រប់ទាំងសេចក្តីដែលព្រះទ្រង់មានបន្ទូល និងគ្រប់ទាំងកិច្ចការដែលព្រះអង្គធ្វើ ជាសេចក្តីស្រឡាញ់មួយដែលបណ្ដេញការភ័យខ្លាច ហើយនាំយើងចូលទៅក្នុងសម្ព័ន្ធភាពដ៏ពិតប្រាកដជាមួយព្រះ។
ខ្ញុំចង់ទៅមើលសេចក្តីអធិស្ឋានមួយរបស់សាវកប៉ុល ដែលលោកអធិស្ឋានឲ្យប្រជារាស្ត្ររបស់ព្រះ ហើយនៅក្នុងសេចក្តីអធិស្ឋាននោះ លោកបានអធិស្ឋានជាសំខាន់ ឲ្យយើងទាំងអស់គ្នាស្គាល់ប្រភេទនៃសេចក្តីស្រឡាញ់ដែលខ្ញុំកំពុងតែនិយាយនេះ។ សេចក្តីអធិស្ឋានដ៏ល្អរបស់លោកប៉ុលនេះ កត់ត្រានៅក្នុងគម្ពីរអេភេសូរ ជំពូក ៣ ខ ១៦ ដល់ ខ ១៩ ហើយលោកបានអធិស្ឋានដូច្នេះថា៖
«ខ្ញុំអធិស្ឋានសូមព្រះអង្គសព្វព្រះហឫទ័យប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីល្អដ៏ប្រសើររកកន្លែងរបស់ព្រះអង្គ ហើយឲ្យព្រះគ្រីស្ទបានគង់នៅក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់។ ខ្ញុំអធិស្ឋានសូមឲ្យអ្នករាល់គ្នាមានសមត្ថភាពអាចយល់ រួមជាមួយពួកបរិសុទ្ធទាំងអស់ ពីទទឹង បណ្ដោយ ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលរកគិតមិនយល់ ដើម្បីឲ្យអ្នករាល់គ្នាបានពេញដោយគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ»។
នេះជាសេចក្តីអធិស្ឋានមួយប្រសើរណាស់។ គេអាចប្រើពេលមួយខែ ដើម្បីវិភាគអំពីសេចក្តីអធិស្ឋាននេះ។ ខ្ញុំមានពេលតែបន្តិចបន្តួចទេ ប៉ុន្តែខ្ញុំសូមចង្អុលបង្ហាញថា មានចំណុចដ៏ខ្ពស់មួយនៅក្នុងសេចក្តីអធិស្ឋានរបស់លោកប៉ុលនេះ គឺថា ក្នុងនាមយើងជាប្រជារាស្ត្ររបស់ព្រះ អាចស្គាល់បាននូវសេចក្តីស្រឡាញ់ដែលហួសពីគំនិតគិតយល់ ហើយយើងអាចបានពេញដោយគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ។ ដូច្នេះ ដោយការស្គាល់សេចក្តីស្រឡាញ់នេះហើយ ដែលយើងអាចចូលទៅក្នុងសេចក្តីពោរពេញរបស់ព្រះបាន។
ខ្ញុំសូមចង្អុលបង្ហាញគោលការណ៍សំខាន់ខ្លះ ដែលទាក់ទងទៅនឹងសេចក្តីអធិស្ឋាននេះរបស់សាវកប៉ុល។ ទីមួយ លោកនិយាយនៅក្នុង ខ ១៦ ថា «...ខ្ញុំអធិស្ឋានសូមព្រះអង្គប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ»។ ដូច្នេះ ការស្គាល់សេចក្តីស្រឡាញ់របស់ព្រះ គឺមានតែតាមរយៈព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ដែលព្រះអង្គបង្ហាញនៅក្នុងពិភពដ៏អស្ចារ្យ។ ការយល់ដឹងតាមបែបមនុស្សធម្មតា ការពិចារណារកហេតុផលតាមបែបមនុស្សធម្មតា ឬសូម្បីតែការឆ្លើយតបខាងអារម្មណ៍របស់មនុស្សធម្មតា ក៏នឹងមិនអាចឲ្យយើងចូលទៅក្នុងពិភពដែលព្រះទ្រង់មានបន្ទូលនៅចំណុចនេះបានឡើយ។
បន្ទាប់មក លោកប៉ុលថ្លែងថា គឺតាមរយៈជំនឿ «ព្រះគ្រីស្ទបានគង់នៅក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ»។ ការស្គាល់នេះអាចយល់បានតែតាមរយៈជំនឿប៉ុណ្ណោះ។ ការស្គាល់នោះ មិនត្រឹមតែជាការដឹងប៉ុណ្ណោះទេ តែជាការជឿ។ នៅពេលដែលយើងឆ្លើយតបដោយជំនឿ នោះយើងចូលទៅក្នុងពិភពនេះហើយ។ ប៉ុន្តែ ប្រសិនបើយើងមិនព្រមធ្វើឲ្យជំនឿឆ្លើយតបទេ គឺប្រសិនបើយើងមិនព្រមទៅឲ្យហួសកម្រិតនៃភាពសមទំនង និងការយល់ដឹងរបស់យើងទេ នោះយើងនឹងចូលទៅក្នុងគ្រប់ទាំងសេចក្តីដែលលោកប៉ុលបានចែងនៅទីនេះ ពុំបានឡើយ។
បន្ទាប់មក លោកប៉ុលមានប្រសាសន៍អំពីការយល់ «ពីទទឹង បណ្ដោយ ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ»។ ខ្ញុំហៅទំហំនៃការយល់នោះថា មិនអាចវាស់ស្ទង់បាន។ យើងអាចឃើញសេចក្តីនោះជានិមិត្ត ប៉ុន្តែគ្មានខ្នាតរង្វាស់ណាដែលអាចវាស់ស្ទង់ទំហំទាំងនេះបានឡើយ។ តើសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ មានទទឹង បណ្ដោយ ជម្រៅ និងកម្ពស់ប៉ុណ្ណា? នោះគឺជាទំហំដែលយល់បានដោយជំនឿ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលមិនអាចវាស់ស្ទង់បានដោយគំនិតបញ្ញាបានឡើយ។
បន្ទាប់មកទៀត ដូចខ្ញុំបាននិយាយរួចមកហើយ ចំណុចកំពូលគឺឲ្យយើងស្គាល់សេចក្តីស្រឡាញ់នេះ ជាសេចក្តីស្រឡាញ់ដែលគំនិតរកគិតមិនយល់។ តើលោកអ្នកអាចស្គាល់សេចក្តីស្រឡាញ់ដែលគំនិតរកយល់មិនបាននេះយ៉ាងដូចម្ដេច? ខ្ញុំជឿថា ចម្លើយគឺជាអ្វីដែលខ្ញុំបាន និងកំពុងព្យាយាមពន្យល់នៅក្នុងមេរៀនរបស់ខ្ញុំនៅថ្ងៃនេះ គឺដោយជំនឿ ដោយការចុះចូល ដោយការឆ្លើយតបដែលហួសពីហេតុផល ឬវិចារណញ្ញាណ។ នោះគឺតាមរយៈជំនឿ តាមរយៈការចុះចូល ដោយបោះជំហានហួសពីព្រំខណ្ឌកំណត់នៃអ្វីដែលហាក់ដូចជាសមទំនង ដោយពឹងអាងលើសេចក្តីស្រឡាញ់របស់ព្រះ ដោយទម្លាក់ខ្លួនយើងទៅលើសេចក្តីស្រឡាញ់របស់ព្រះ ដោយគ្មានលក្ខខណ្ឌ គ្មានលាក់លៀម។ ខ្ញុំជឿថា នោះហើយជាចម្លើយដែលត្រូវការ។
ពេលវេលារបស់យើងចូលដល់ទីបញ្ចប់ហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលា និងម៉ោងដដែល។ វគ្គក្រោយ គោលសំខាន់របស់ខ្ញុំគឺ «ការជំរុញចិត្តដ៏ខ្ពស់បំផុតរបស់ព្រះ»។
Código: RP-R104-101-KHM










