គោលបំណងនៃជីវិត

ដេរេក ព្រីនស៍
Published: 1982
Last Updated: octubre de 2026
Read Time: 9
ជីវិតរកឃើញគោលបំណងពិតប្រាកដរបស់ខ្លួន តាមរយៈការស្គាល់ព្រះជាម្ចាស់ជាព្រះវរបិតា តាមរយៈព្រះយេស៊ូវគ្រីស្ទ មិនមែនគ្រាន់តែជាការស្វែងរកភាពជោគជ័យ ឬសេចក្តីរីករាយខាងលោកិយប៉ុណ្ណោះទេ។ ព្រះគម្ពីរបង្ហាញថា ជីវិតអស់កល្បជានិច្ច គឺជាការស្គាល់ព្រះដ៏ពិតតែមួយ និងព្រះរាជបុត្រារបស់ទ្រង់។ ហើយតាមរយៈព្រះវិញ្ញាណបរិសុទ្ធ យើងក៏បានស្គាល់ពីសេចក្តីស្រឡាញ់ដ៏ធំធេងឥតមានព្រំដែនរបស់ព្រះគ្រីស្ទផងដែរ។
Transcript
សូមលើកតម្កើងព្រះជាអម្ចាស់សម្រាប់ពេលវេលាដ៏វិសេសនេះ។ ក្នុងសប្ដាហ៍នេះ ខ្ញុំនឹងចែកចាយជាមួយលោកអ្នកនូវគន្លឹះសំខាន់ក្នុងការរស់នៅដោយជោគជ័យ ដែលព្រះបានដាក់ក្នុងដៃរបស់ខ្ញុំ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនជាច្រើនឆ្នាំ និងនៅក្នុងព័ន្ធកិច្ចបម្រើព្រះជាអម្ចាស់។
គោលសំខាន់ដែលខ្ញុំបានជ្រើសរើសសម្រាប់រដូវកាលណូអែល ដែលជារដូវកាលខួបកំណើតរបស់ព្រះយេស៊ូវគ្រីស្ទនេះ គឺជាគោលសំខាន់មួយដ៏ល្អ ហើយសក្ដិសមនឹងរដូវកាលនេះបំផុត គឺសេចក្តីស្រឡាញ់របស់ព្រះ។
ប៉ុន្តែ ជាដំបូងខ្ញុំសូមអរគុណដល់លោកអ្នកដែលបានសរសេរមកយើងខ្ញុំ។ នៅចុងបញ្ចប់មេរៀនរបស់យើង ខ្ញុំនឹងជម្រាបជូនលោកអ្នកពីអាស័យដ្ឋាន ដើម្បីឲ្យលោកអ្នកអាចសរសេរផ្ញើមកយើងខ្ញុំ។ មតិយោបល់របស់លោក មានន័យវិសេសណាស់សម្រាប់យើងខ្ញុំ ដោយដឹងថា ព័ន្ធកិច្ចរបស់ខ្ញុំតាមរលកធាតុអាកាសនេះ ពិតបានជួយដល់លោកអ្នក ហើយជាព្រះពរដល់លោកអ្នកនៅក្នុងជីវិត។ ដូច្នេះ សូមក្លាហាននឹងសរសេរមកយើងខ្ញុំទោះជាសំណេររបស់លោកអ្នកទីបន្ទាល់ខ្លីៗ ហើយមានលក្ខណៈផ្ទាល់ខ្លួនក៏ដោយ។
ឥឡូវនេះ សូមយើងចូលមកកាន់គោលសំខាន់របស់យើងក្នុងរដូវកាលណូអែលគឺ សេចក្តីស្រឡាញ់របស់ព្រះ។ តើមានឃ្លាណា ឬពាក្យណាដែលអាចបង្ហាញឲ្យឃើញពីសារៈសំខាន់របស់ណូអែល វិសេសជាងសេចក្ដីស្រឡាញ់របស់ព្រះនោះ?
នេះជាបំណងប្រាថ្នាដ៏ស្មោះរបស់ខ្ញុំសម្រាប់អស់លោកអ្នកបងប្អូនទាំងអស់ ដែលជាប្រិយមិត្តអ្នកស្តាប់ គឺសូមឲ្យរដូវកាលនៃខួបរបស់ព្រះអម្ចាស់នៃយើងនេះ បានជាព្រះពរដ៏ពិត ហើយប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់លោកអ្នក។ ដោយហេតុនេះហើយបានជាខ្ញុំជ្រើសរើសគោលសំខាន់របស់ខ្ញុំ អំពីសេចក្តីស្រឡាញ់របស់ព្រះ។ ប្រសិនបើលោកអ្នកបានពិតជាបានភ្លក់សេចក្តីស្រឡាញ់របស់ព្រះនៅពេលនេះ នោះព្រះពររបស់លោកអ្នក នឹងគ្មានដែនកំណត់ត្រឹមតែចិត្តសប្បាយរីករាយប៉ុន្មានម៉ោង ក្នុងឱកាសនេះតែប៉ុណ្ណោះនោះឡើយ ប៉ុន្តែព្រះពរនេះនឹងនៅគង់វង្សបន្តរហូតចូលដល់ឆ្នាំថ្មី ហើយព្រះពរនេះ ក៏នឹងនាំលោកអ្នកឆ្លងកាត់ឆ្នាំថ្មី ហើយលើសពីនោះ នៅពេញមួយជីវិតរបស់លោកអ្នក គឺនៅជារៀងរហូតអស់កល្បជានិច្ច គ្មានទីបញ្ចប់។
ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នកបានឆ្លងកាត់ជីវិត ដោយមិនបានស្គាល់ព្រះ និងសេចក្តីស្រឡាញ់របស់ព្រះអង្គពិតប្រាកដនៅឡើយ នោះក៏ដូចគ្នា គឺលោកអ្នកអាចនឹងទទួលបានភាពសប្បាយរីករាយ ដែលនឹងនាំជីវិតលោកអ្នកឲ្យរស់នៅដោយជោគជ័យ។
ដើម្បីណែនាំប្រាប់អំពីគោលសំខាន់នេះដល់លោកអ្នក ខ្ញុំចង់មើលទៅពាក្យខ្លះដែលព្រះយេស៊ូមានព្រះបន្ទូលនៅក្នុងសេចក្តីអធិស្ឋានទៅកាន់ព្រះវរបិតា។ សេចក្តីនេះត្រូវបានកត់ត្រាទុក នៅក្នុងគម្ពីរយ៉ូហាន ជំពូក១៧ ខ១-៣ ហើយខ្ញុំនឹងអានពាក្យទាំងនេះ ព្រោះសេចក្តីទាំងនេះបើកសម្តែងឲ្យឃើញពីគោលបំណងដ៏អស្ចារ្យនៃជីវិត។
«កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្ដីទាំងនេះរួចហើយ ព្រះអង្គងើបព្រះភក្ត្រទៅលើមេឃ ហើយមានព្រះបន្ទូលថា៖ «ព្រះវរបិតាអើយ ពេលកំណត់បានមកដល់ហើយ សូមលើកតម្កើងព្រះរាជបុត្រារបស់ព្រះអង្គឡើង ដើម្បីឲ្យព្រះរាជបុត្រាបានលើកតម្កើងព្រះអង្គដែរ។ 2 ដ្បិតព្រះអង្គបានប្រទានឲ្យព្រះរាជបុត្រាមានអំណាចលើមនុស្សទាំងអស់ ដើម្បីប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលព្រះអង្គបានប្រទានមកព្រះរាជបុត្រា។ 3 ឯជីវិតអស់កល្បជានិច្ចនោះគឺ ឲ្យគេបានស្គាល់ព្រះអង្គ ដែលជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមក។» (RKOV)
លោកអ្នកឃើញហើយ គឺមានគោលបំណងនៃជីវិត គឺជាគោលបំណងដែលពិត ខ្ពស់បំផុត នៅអស់កល្បដែលបានបញ្ជាក់នៅក្នុងពាក្យដ៏សាមញ្ញ គឺ«ការស្គាល់ព្រះ»។ ការស្គាល់ព្រះ មិនត្រឹមតែជារបៀបមួយទូទៅការស្គាល់ព្រះមិនត្រឹមតែតាមរយៈការស្វែងយល់ពីព្រះ ក៏មិនត្រឹមតែជាការស្គាល់ព្រះដោយការបើកសម្តែងនៅក្នុងរបស់សព្វសារពើរនោះដែរ តែជាការស្គាល់ព្រះដ៏ធំ ដែលទ្រង់ជាព្រះអាទិករបង្កើតរបស់សារពើរ។ ហើយការស្គាល់ព្រះនេះ ក៏មិនមែនជាការដែលដឹងថា យើងនឹងត្រូវជួបព្រះនៅថ្ងៃមួយ ដែលប្រាកដហើយ យើងគ្រប់គ្នានឹងត្រូវជួបព្រះអង្គ ក្នុងនាមជាព្រះដ៏ជាចៅក្រម ប៉ុន្តែជាការស្គាល់ព្រះ ដូចដែលព្រះយេស៊ូវមានព្រះបន្ទូលអំពីព្រះអង្គនៅខណៈពេលនោះ ក្នុងនាមជាព្រះវរបិតា។ ហើយការស្គាល់ព្រះបែបនោះ គឺពិតជាអាចស្គាល់បាន តែតាមរយៈព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រាប៉ុណ្ណោះ។ មានតែព្រះយេស៊ូវ ជាព្រះរាជបុត្រាប៉ុណ្ណោះ ដែលអាចបើកសម្ដែងឲ្យស្គាល់ព្រះវរបិតា។ គ្មានអ្នកណាស្គាល់ព្រះរាជបុត្រា ក្រៅពីព្រះវរបិតាឡើយ ហើយក៏គ្មានអ្នកណាស្គាល់ព្រះវរបិតា ក្រៅពីព្រះរាជបុត្រា និងអ្នកដែលព្រះរាជបុត្រាជ្រើសរើសនឹងបើកសម្តែងឲ្យស្គាល់ព្រះអង្គប៉ុណ្ណោះ។
ដូច្នេះ យើងរាល់គ្នាពឹងអាងលើព្រះ លើព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យព្រះអង្គបើកសម្តែងពីអាថ៌កំបាំងដ៏វិសេសវិសាលនេះ។ មានឃ្លាដ៏អស្ចារ្យមួយចែងថា «ឯជីវិតអស់កល្បជានិច្ចនេះគឺ ឲ្យគេបានស្គាល់ព្រះអង្គ ដែលជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមក។» ខ្ញុំជឿថា ការនេះត្រូវប្រើជីវិតដែលអស់កល្បជានិច្ចដើម្បីស្គាល់ព្រះ។ ខ្ញុំជឿថា វាមិនអាចទៅរួចទេដែលស្គាល់ព្រះដ៏អស់កល្បជានិច្ចឲ្យបានពេញលេញតែក្នុង១ឆាកជីវិតដ៏ខ្លីរបស់មនុស្សយើងនេះ ឲ្យដូចដែលព្រះអង្គចង់ឲ្យយើងស្គាល់ព្រះអង្គនោះបានឡើយ។
ប៉ុន្តែ ព្រះបានប្រទានឲ្យយើងនូវជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទ ដែលយើងអាចស្គាល់ព្រះអង្គបាន មិនត្រឹមតែស្គាល់ព្រះអង្គក្នុងនាមជាព្រះអាទិករ ឬជាចៅក្រមប៉ុណ្ណោះទេ ប៉ុន្តែ ស្គាល់ព្រះអង្គក្នុងនាមជាព្រះវរបិតា។ ហើយនៅក្នុងគ្រួសាររបស់ព្រះវរបិតា មានរតនសម្បត្តិដែលរកថ្លែងមិនបាននេះឯង គឺសេចក្តីស្រឡាញ់របស់ព្រះ។
សូមស្តាប់សេចក្ដីដែលលោកប៉ូលមានប្រសាសន៍នៅក្នុងគម្ពីរអេភេសូរ ជំពូក៣ ខ១៤-១៩:
ដោយហេតុនេះបានជាខ្ញុំលុតជង្គង់នៅចំពោះព្រះវរបិតា 15 ដែលគ្រប់ទាំងគ្រួសារនៅស្ថានសួគ៌ និងនៅផែនដី មានឈ្មោះមកពីព្រះអង្គ។ [លោកអ្នកឃើញទេ មានគ្រួសារមួយនៅស្ថានសួគ៌ និងនៅផែនដី ហើយមានឈ្មោះមកពីព្រះវរបិតាតែមួយ គឺព្រះដ៏ជាព្រះវរបិតា។ ហើយនៅក្នុងគ្រួសារនេះ មានការបើកសម្តែងមួយ ដែលមិនអាចទទួលបានពីខាងណា ក្រៅតែក្នុងគ្រួសាររបស់ព្រះ។ ដូច្នេះ លោកប៉ូលបន្តកត់ត្រាទុកពីសេចក្តីអធិស្ឋានដ៏អស្ចារ្យនេះថា…] 16 ខ្ញុំអធិស្ឋានសូមព្រះអង្គប្រោសប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីល្អដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គ 17 ហើយឲ្យព្រះគ្រីស្ទបានគង់ក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់។ 18 ខ្ញុំអធិស្ឋានសូមឲ្យអ្នករាល់គ្នាមានសមត្ថភាពអាចយល់បាន រួមជាមួយពួកបរិសុទ្ធទាំងអស់ ពីទទឹង បណ្ដោយ ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់របស់ព្រះអង្គ 19 ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលរកគិតមិនយល់ ដើម្បីឲ្យអ្នករាល់គ្នាបានពេញ ដោយគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ។» RKOV
លោកប៉ូលកំពុងអធិស្ឋាននៅទីនោះថា ដោយសារជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ និងតាមរយៈការបើកសម្តែងដែលទ្រង់បានប្រទានដល់យើងនៅក្នុងព្រះគ្រីស្ទ គឺដើម្បីឲ្យយើងយល់បានពីទំហំ ដែលមិនអាចវាស់ស្ទង់បានគឺ «…ពីទទឹង បណ្ដោយ ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ» ហើយបន្ទាប់មក លោកប្រើពាក្យដ៏គួរឲ្យកត់សម្គាល់ ដែលបង្កប់ដោយគំនិតមួយដ៏ជ្រៅ នោះគឺ «…ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលរកគិតមិនយល់»។ ដូច្នេះ មានសេចក្តីស្រឡាញ់មួយដែលយើងអាចស្គាល់បាន ប៉ុន្តែមិនស្គាល់បានទេ ព្រោះការស្គាល់នោះ វាហួសពីការយល់ដឹងធម្មតា។ នោះគឺជាសេចក្តីស្រឡាញ់របស់ព្រះ ដ៏ជាព្រះវរបិតា នៅក្នុងគ្រួសាររបស់ព្រះអង្គ តាមរយៈព្រះយេស៊ូវគ្រីស្ទ ដែលបានបើកបង្ហាញដោយព្រះវិញ្ញាណបរិសុទ្ធ គឺបានបើកសម្តែងនៅក្នុងបទគម្ពីរ ជាការបើកសម្តែងមួយ ដែលមិនអាចចូលមកតាមវិធីណាផ្សេងបានឡើយ។ នេះហើយជាគោលបំណងនៃជីវិត គឺស្គាល់ព្រះ ក្នុងនាមជាព្រះវរបិតាតាមរបៀបនេះឯង។ ប្រសិនបើលោកអ្នករស់នៅពេញមួយជីវិតរបស់លោកអ្នក ហើយមានជ័យជំនះនៅគ្រប់ទាំងផ្នែកដទៃទៀតទាំងអស់ ប៉ុន្តែលោកអ្នកមិនមានការបើកសម្តែងនេះ គឺការស្គាល់សេចក្តីស្រឡាញ់របស់ព្រះ នោះទីបំផុត ជីវិតរបស់លោកអ្នកនឹងស្ថិតនៅក្នុងបញ្ជីបរាជ័យ ព្រោះលោកអ្នកបាត់បង់គោលបំណងដ៏ពិតក្នុងការស់នៅ។ លោកអ្នកអាចមានជោគជ័យនៅក្នុងមុខអាជីពលើផែនដីនេះ លោកអ្នកអាចមានការចេះដឹងយ៉ាងបុិនប្រសព្វ លោកអ្នកអាចមានបានខាងឯការរកទ្រព្យសម្បត្តិ លោកអ្នកអាចត្រូវបានគេលើកសរសើរ ហើយអាចត្រូវបានគេច្រណែនពីមនុស្សភាគច្រើនក្នុងចំណោមអ្នកជិតខាងរបស់លោកអ្នក ប៉ុន្តែលោកអ្នកនឹងបាត់បង់ការមួយ ជាការដែលពិតជាធ្វើឲ្យជីវិតមានតម្លៃនិងមានន័យបំផុត។ ការមួយដែលខ្ញុំចង់ប្រាប់លោកអ្នកក្នុងរដូវកាលនេះគឺ សេចក្តីស្រឡាញ់របស់ព្រះ។
ឥឡូវនេះ ខ្ញុំចង់នាំលោកអ្នកបន្ដិចទៅមើលគំរូរបស់សាវកប៉ូល ក្នុងនាមជាម្នាក់ដែលបានយល់ច្បាស់ពីអ្វីដែលសំខាន់បំផុតនៅក្នុងជីវិត ហើយជាអ្នកដែលបត់បែន ហើយធ្វើឲ្យជីវិតរបស់លោកទាំងមូលរកឃើញគោលដៅនេះ គឺការស្គាល់ព្រះ នៅក្នុងព្រះយេស៊ូវគ្រីស្ទ។ នេះជាសេចក្ដីដែលលោកប៉ូលបានថ្លែងនៅក្នុងគម្ពីរភីលីពជំពូក៣ ខ៨ និង៩ ៖
8 លើសពីនេះទៀត ខ្ញុំរាប់អ្វីៗទាំងអស់ទុកដូចជាខាត ដោយសារតែសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ។ ដោយយល់ដល់ព្រះអង្គ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយខ្ញុំរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យខ្ញុំបានព្រះគ្រីស្ទវិញ 9 និងឲ្យគេបានឃើញខ្ញុំនៅក្នុងព្រះអង្គ មិនមែនដោយសេចក្ដីសុចរិតរបស់ខ្លួនខ្ញុំ ដែលមកពីក្រឹត្យវិន័យនោះទេ តែដោយសារជំនឿដល់ព្រះគ្រីស្ទ គឺជាសេចក្តីសុចរិតដែលមកពីព្រះ ដោយសារជំនឿ។» RKOV
នេះហើយជាគោលបំណងដ៏ខ្ពស់បំផុតរបស់លោកប៉ូលក្នុងជីវិត គឺការស្គាល់ព្រះយេស៊ូវគ្រីស្ទ។ ការស្គាល់ព្រះអង្គ មិនមែនតាមរយៈសេចក្តីសុចរិតដោយការប្រព្រឹត្តិ និងការខំសាងអំពើល្អ ការកាន់តាមបទបញ្ញាត្តិ និងក្រឹត្យក្រមនោះឡើយ ប៉ុន្តែតាមរយៈការបើកសម្តែង ដោយផ្ទាល់ និងការជួបប្រទះដោយផ្ទាល់ជាមួយព្រះយេស៊ូវគ្រីស្ទ។ ហើយលោកប៉ូលបន្ត នៅខ១២-១៤ថា៖
«12 មិនមែនថា ខ្ញុំបានទទួល ឬថា ខ្ញុំបានគ្រប់លក្ខណ៍ហើយនោះទេ តែខ្ញុំកំពុងតែសង្វាតនឹងដេញតាមចាប់ឲ្យបានសេចក្ដី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំបាននោះដែរ។ 13 បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានបំណងមួយ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅរកអ្វីៗខាងមុខទៀត 14 ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ»។ RKOV
នេះជាគោលដៅនៃការស្គាល់ព្រះ នៃការស្វែងរកសេចក្តីស្រឡាញ់របស់ព្រះ។ ហើយបន្ទាប់មក ទៅមុខបន្តិចទៀត ក្នុងជំពូក៣ដដែល ក្នុងគម្ពីរភីលីព លោកប៉ូលរៀបរាប់ពីជម្រើសដែលគួរឲ្យសោកស្ដាយ ប្រសិនជាយើងមិនធ្វើឲ្យការនេះទៅជាគោលបំណងនៅក្នុងជីវិតរបស់យើង ប្រសិនបើតម្លៃរបស់យើងត្រូវបានបង្ខូច ហើយអទិភាពរបស់យើងមិនត្រូវតាមលំដាប់ នោះលោកថ្លែងពីសេចក្តីនេះក្នុងភីលីព ៣:១៧-១៩ថា៖
«17 បងប្អូនអើយ ចូរត្រាប់តាមខ្ញុំ ហើយពិចារណាមើលឲ្យស្គាល់ពួកអ្នក ដែលរស់នៅដូចជាយើងបានធ្វើជាគំរូដល់អ្នករាល់គ្នាចុះ។ 18 ដ្បិតមានមនុស្សជាច្រើន ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយៗ ហើយឥឡូវនេះ ក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀតថា គេរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទ។ 19 ទីបំផុត គេនឹងត្រូវហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្ដីគួរខ្មាសរបស់គេទុកជាសិរីល្អ គេគិតតែពីអ្វីៗនៅផែនដីនេះប៉ុណ្ណោះ។» RKOV
សម្រាប់ខ្ញុំហាក់ដូចជាថា នេះជាជម្រើសមួយយ៉ាងច្បាស់ដែលបានដាក់នៅចំពោះយើង នៅក្នុងរដូវកាលនេះ។ តើយើងនឹងផ្តោតគំនិតរបស់យើង គិតតែពីអ្វីៗនៅផែនដីឬ? តើយើងនឹងយកក្រពះរបស់យើងធ្វើជាព្រះឬ? តើយើងនឹងយកសេចក្ដីគួរខ្មាសរបស់យើងជាសិរីល្អឬ? តើជោគវាសនានៅទីចុងបំផុតរបស់យើងជាសេចក្តីវិនាសឬ? ឬក៏យើងនឹងធ្វើការជ្រើសរើសប្រកបដោយប្រាជ្ញា? សូមមើលឲ្យឃើញពីគោលបំណងពិតប្រាកដនៃជីវិត ដោយស្គាល់ព្រះដែលបើកសម្តែងនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ ដោយស្គាល់ព្រះ ក្នុងនាមជាព្រះវរបិតា ដោយខំឲ្យបានយល់ពីសេចក្តីស្រឡាញ់មួយដែលគំនិតធម្មតាមិនអាចយល់បាន គឺឲ្យបានស្គាល់សេចក្តីស្រឡាញ់មួយដែលរកគិតមិនយល់ តែអាចទទួលបានដោយការបើកសម្តែង ដោយសារព្រះវិញ្ញាណបរិសុទ្ធ ជាសេចក្តីស្រឡាញ់មួយដែលមាន ហើយលាក់ទុកនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ។
យើងដល់ពេលបញ្ចប់ហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងវិលមកជួបជាមួយលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលាកំណត់។ វគ្គក្រោយ ខ្ញុំនឹងចែកចាយអំពីទំនាក់ទំនងរវាងសេចក្តីស្រឡាញ់របស់ព្រះ និងភាពបរិសុទ្ធរបស់ព្រះ។ សូមព្រះជាម្ចាស់ប្រទានពរ។
Código: RP-R103-101-KHM










