ព្រះទ្រង់ប្រទានព្រះគុណដល់មនុស្សបន្ទាបខ្លួន

ដេរេក ព្រីនស៍
Published: 1981
Last Updated: septiembre de 2026
Read Time: 9
ព្រះជាម្ចាស់ប្រទានព្រះគុណដល់អ្នកដែលបន្ទាបខ្លួន ប៉ុន្តែអំនួត និងការចាត់ទុកខ្លួនឯងថាសុចរិត រារាំងមនុស្សមិនឱ្យទទួលស្គាល់ថាពួកគេត្រូវការទ្រង់។ ភាពបន្ទាបខ្លួនរបស់នាងម៉ារី និងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវអំពីពួកផារីស៊ី និងអ្នកប្រមូលពន្ធ បង្ហាញថា យើងទទួលបានព្រះគុណតាមរយៈការចុះចូលដោយបន្ទាបខ្លួនចំពោះព្រះ មិនមែនតាមរយៈការខិតខំធ្វើកិច្ចការសាសនានោះឡើយ។
Transcript
វិសេសណាស់ដែលខ្ញុំបានជួបលោកអ្នកជាថ្មីម្ដងទៀតនៅថ្ងៃនេះ ដើម្បីចែកចាយប្រាប់លោកអ្នកអំពីគន្លឹះនាំទៅរកជីវិតជោគជ័យ ដែលព្រះបានដាក់នៅក្នុងដៃរបស់ខ្ញុំ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន និងតាមរយៈព័ន្ធកិច្ចព្រះគ្រិស្តបរិស័ទរយៈពេលជាច្រើនឆ្នាំកន្លងមក។
សប្ដាហ៍នេះ ខ្ញុំនឹងបន្តចែកចាយអំពីគោលសំខាន់របស់យើងសម្រាប់រដូវណូអែលនេះ គឺព្រះគុណ។ ប៉ុន្តែជាបឋម ខ្ញុំសូម «អរគុណ» ចំពោះលោកអ្នកដែលបានផ្ញើសំបុត្រមកខ្ញុំ។ នៅចុងវគ្គរបស់យើងនេះ យើងនឹងជម្រាបជូនលោកអ្នក អំពីអាសយដ្ឋានសំបុត្រ ដើម្បីឲ្យលោកអ្នកអាចសរសេរផ្ញើមកយើងខ្ញុំ។ សំណេររបស់លោកអ្នក ពិតជាមានន័យណាស់សម្រាប់យើងខ្ញុំ ដោយដឹងថា ព័ន្ធកិច្ចរបស់យើងតាមវិទ្យុនេះ បានជួយដល់លោកអ្នក ហើយជាព្រះពរដល់លោកអ្នក។ ដូច្នេះ សូមចំណាយពេលសរសេរផ្ញើមកយើងខ្ញុំកុំខាន ទោះសំណេររបស់លោកអ្នក ជារឿងផ្ទាល់ខ្លួន ហើយខ្លីៗក៏ដោយ។
ឥឡូវនេះ យើងវិលមកកាន់គោលសំខាន់នៃណូអែលរបស់យើងវិញ គឺព្រះគុណ។ ការដែលខ្ញុំជ្រើសរើសយកគោលសំខាន់នេះ សម្រាប់រដូវកាលនេះ គឺខ្ញុំមានការជំរុញ ដោយសេចក្ដីបំណងប្រាថ្នាយ៉ាងស្មោះនៅក្នុងចិត្ត ដើម្បីឲ្យលោកអ្នក ដែលជាប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដឹងថា រដូវកាលណូអែលនេះ នឹងបានជាព្រះពរ ហើយមានន័យពិតប្រាកដ សម្រាប់លោកអ្នក។ ប៉ុន្តែការនេះអាស្រ័យលើឥរិយាបថដែលលោកអ្នកផ្ទាល់ ក្នុងការចូលមកអបអរក្នុងរដូវកាលណូអែលនេះ។ ប្រសិនបើឥរិយាបថរបស់លោកអ្នក ជាការពេញចិត្ត និងជាការយល់ដឹងពិតប្រាកដ នោះលោកអ្នកអាចទទួលបានព្រះពរ ដែលនឹងមានតម្លៃអស់កល្បជានិច្ច។ ផ្ទុយទៅវិញ ប្រសិនបើលោកអ្នកប្រារព្ធពិធីនេះ ដូចគ្នានឹងមនុស្សភាគច្រើនសព្វថ្ងៃនេះ គឺជាការដេញតាមតែរឿងសាច់ឈាម រកការសប្បាយផ្ទាល់ខ្លួន នោះប្រហែលជាលោកអ្នកនឹងក្លាយជាអ្នកដែលកាន់តែកំសត់ខាងវិញ្ញាណ ហើយបាក់ទឹកចិត្តនៅពេលផុតរដូវកាលណូអែល ជាងមុនពេលណូអែលចាប់ផ្ដើមទៅទៀត។
ការចែកចាយរបស់ខ្ញុំនៅវគ្គមុន ខ្ញុំបានពន្យល់អំពីព្រះគុណរបស់ព្រះ។ ខ្ញុំបានជូននិយមន័យមួយអំពីព្រះគុណថាៈ ព្រះគុណបានដោយទទេ ជាព្រះហឫទ័យសណ្ដោសរបស់ព្រះ ដែលមិនមែនដោយបុណ្យកុសល ចំពោះអ្នកដែលមិនស័ក្តិសម និងអ្នកដែលសមតែនឹងទទួលផលអាក្រក់។ មានពាក្យសំខាន់ៗជាច្រើននៅក្នុងចំណុចនេះ។ ដោយទទេ ឥតគិតថ្លៃ ព្រះគុណមិនមែនជារឿងដែលអាចទិញដូរបាន ក៏មានតម្លៃមិនអាចកាត់ថ្លៃបាន មិនមែនបានដោយសារបុណ្យកុសល មិនមែនជារបស់ដែលអាចទិញដូរបាន ក៏មិនអាចទទួលបានដោយការប្រព្រឹត្តិអំពើល្អនោះដែរ។ ព្រះគុណរបស់ព្រះត្រូវបានផ្សាយចេញទៅ មិនមែនចំពោះតែអស់អ្នកដែលមិនស័ក្តិសមប៉ុណ្ណោះទេ តែសូម្បីតែទាំងអស់អ្នកដែលសមតែនឹងទទួលផលអាក្រក់ទៀតផង។ ព្រះគុណ គឺជាការដែលទ្រង់ទតមកលើប្រជារាស្ត្រមួយ តាមរបៀបមួយ ដោយព្រោះតែព្រះអង្គឃើញអ្វីមួយនៅក្នុងគេ ដែលមានតម្លៃលើសលប់ នៅក្នុងព្រះនេត្ររបស់ព្រះអង្គ។ ទោះជាអាចមានភាពទន់ខ្សោយច្រើន និងមានអំពើបាបច្រើនក៏ដោយ ក៏ព្រះនៅតែទតមើលហួសការទាំងអស់នោះ ឆ្ពោះទៅអ្វីដែលមានតម្លៃវិសេស នៅចំពោះព្រះនេត្ររបស់ព្រះអង្គ ហើយព្រះអង្គចាប់ផ្ដើមធ្វើការនៅក្នុងជីវិតនោះ ដើម្បីឲ្យគោលបំណងនៃព្រះគុណរបស់ព្រះអង្គបានសម្រេច។
ការចែកចាយរបស់ខ្ញុំពីសប្ដាហ៍មុន ខ្ញុំក៏និយាយផងដែរអំពីភាពផ្ទុយគ្នា រវាងព្រះគុណ និងការប្រព្រឹត្តិ ហើយរវាងព្រះគុណ និងសេចក្ដីយុត្តិធម៌។ ជាមួយគ្នានេះដែរ ក៏ទាក់ទងនឹងភាពផ្ទុយគ្នា រវាងក្រឹត្យវិន័យ និងព្រះគ្រិស្ត។ យ៉ូហាន ១:១៧ ជាបទគម្ពីរគន្លឹះដ៏សំខាន់ គឺៈ
ក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្ដីពិត បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
ក្រឹត្យវិន័យទាមទារឲ្យមានការប្រព្រឹត្តិ ក្រឹត្យវិន័យទាមទារឲ្យមានសកម្មភាពនៃសេចក្ដីសុចរិតជាប់ជានិច្ច គ្រប់ពេលវេលា មិនត្រូវខកខានប្រការណាមួយឡើយ។ ប៉ុន្តែព្រះគ្រិស្តទ្រង់ផ្ដល់ព្រះគុណដល់យើង ជាអ្វីដែលយើងមិនអាចរកបាន មិនមែនជាការដែលយើងខំប្រព្រឹត្តឲ្យបាន តែជាការដែលយើងទទួលបានដោយជំនឿ។ បន្ទាប់មក ខ្ញុំបានបង្ហាញលោកអ្នកថា ព្រះគុណ និងយុត្តិធម៌ ជាប្រភេទនៃបំណងបញ្ច្រាសគ្នា។ យុត្តិធម៌ គឺជាភាពត្រឹមត្រូវ ច្បាស់ មិនលម្អៀង សច្ចៈ ទៀងត្រង់។ ផ្ទុយទៅវិញ ព្រះគុណ គឺបានដោយទទេ ព្រះគុណមិនមែនជារង្វាន់ ព្រះគុណគឺជាការប្រទាន។ ខ្ញុំក៏បាននិយាយផងដែរថា មូលដ្ឋានតែមួយគត់ សម្រាប់ព្រះគុណរបស់ព្រះ គឺឈើឆ្កាង ព្រោះសេចក្ដីយុត្តិធម៌របស់ព្រះ បានសម្រេចពេញទីនៅឈើឆ្កាង ម្ដងជាសម្រេច ដើម្បីមិនឲ្យបង្ខូចសេចក្ដីយុត្តិធម៌របស់ព្រះអង្គ ដូច្នេះហើយបានជាព្រះអង្គអាចផ្ដល់ព្រះគុណរបស់ព្រះអង្គដោយគ្មានអ្វីរារាំងឡើយ។
ថ្ងៃនេះ ខ្ញុំនឹងចែកចាយអំពីសំណួរដ៏សំខាន់បំផុតមួយ ជាលក្ខខណ្ឌដ៏សំខាន់មួយ ដើម្បីទទួលបានព្រះគុណរបស់ព្រះ។ ខ្ញុំសូមប្រាប់លោកអ្នកតែម្ដងថា លក្ខខណ្ឌនោះ គឺធ្វើឲ្យយើងបន្ទាបខ្លួន។ បន្ទាប់មក ខ្ញុំសូមបន្ថែមថា ការបន្ទាបខ្លួន គឺជាការសម្រេចចិត្តមួយដែលយើងត្រូវធ្វើ គ្មាននរណាម្នាក់អាចធ្វើការនោះជំនួសយើងបានទេ។ ខ្ញុំគិតថា ដែលមនុស្សអធិស្ឋានទៅព្រះថា «ព្រះជាម្ចាស់អើយ សូមធ្វើឲ្យទូលបង្គំបន្ទាបខ្លួន» វាជារឿងដែលស្របតាមបទគម្ពីរទាំងស្រុងនោះទេ ព្រោះខ្ញុំគិតថា នៅក្នុងបទគម្ពីរ ព្រះទ្រង់តបមកយើង ហើយមានព្រះបន្ទូលថា៖ «បើអ្នកចង់បន្ទាបខ្លួន ចូរបន្ទាបខ្លួនដោយខ្លួនឯង»។
សូមយើងមើលទៅបទគម្ពីរ នៅក្នុងសញ្ញាថ្មី អំពីគោលសំខាន់នេះ ដែលនិយាយអំពីការដែលយើងត្រូវបន្ទាបខ្លួន។ មុនដំបូង យ៉ាកុប ៤:៦-៧៖
ប៉ុន្តែ ព្រះអង្គផ្ដល់ព្រះគុណខ្លាំងជាងនេះទៅទៀត។ ហេតុនេះហើយបានជាបទគម្ពីរចែងថា៖ «ព្រះទ្រង់ប្រឆាំងនឹងមនុស្សមានអំណួត តែទ្រង់ផ្ដល់ព្រះគុណដល់មនុស្សដែលបន្ទាបខ្លួនវិញ»។
សូមកត់សម្គាល់ឥរិយាបថពីរផ្សេងគ្នារបស់ព្រះ។ ព្រះអង្គទាស់នឹងមនុស្សមានអំណួត តែចំពោះអ្នកដែលបន្ទាបខ្លួន ព្រះអង្គផ្ដល់ព្រះគុណ។ បន្ទាប់មក លោកយ៉ាកុប បានបន្តនៅខបន្ទាប់ទៀតថាៈ
ដូច្នេះ សូមចុះចូលចំពោះព្រះ។
និយាយបានម្យ៉ាងទៀតថា ប្រសិនបើលោកអ្នកចង់បានព្រះគុណរបស់ព្រះ នោះលោកអ្នកត្រូវតែលះចោលចិត្តអំណួត ហើយដាក់ខ្លួនចុះចូលចំពោះព្រះទៅ។ បន្ទាប់មកទៀត លោកយ៉ាកុបបន្តទៀតថាៈ
ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។
ឃើញទេ កាលបើយើងចុះចូលចំពោះព្រះ នោះយើងកំពុងឈរតយុទ្ធនឹងអារក្សហើយ។ ប៉ុន្តែ ជឿខ្ញុំចុះ បើលោកអ្នកព្យាយាមតយុទ្ធនឹងអារក្ស ដោយគ្មានការចុះចូលចំពោះព្រះទេ នោះនឹងកើតរឿងអាក្រក់ដល់លោកអ្នកហើយ។ ដូច្នេះ ត្រូវតែមានការចុះចូល ឬការបន្ទាបខ្លួននៅចំពោះព្រះជាមុន។
គម្ពីរសញ្ញាថ្មីក៏ប្រាប់យើងដែរថា យើងត្រូវបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក។ នៅក្នុង ១ពេត្រុស ៥:៥-៦ លោកពេត្រុស ដកស្រង់បទគម្ពីរដដែល ចេញពីគម្ពីរសុភាសិតនៅសញ្ញាចាស់ ដែលលោកយ៉ាកុបបានដកស្រង់រួចមកហើយ។ នេះជាអ្វីដែលលោកពេត្រុសបានថ្លែងៈ
អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្ដល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ»។
សូមកត់សម្គាល់ពីគោលគំនិតដ៏សំខាន់នេះ។ ព្រះទ្រង់ប្រឆាំងនឹងមនុស្សអំណួត ឬមនុស្សអួតខ្លួន ប៉ុន្តែទ្រង់ផ្ដល់ព្រះគុណដល់ពួកអ្នកដែលដាក់ខ្លួន ឬពួកអ្នកបន្ទាបខ្លួន។ បន្ទាប់មក លោកពេត្រុសបន្តថាៈ
ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្ដដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។ (RKOV)
លោកពេត្រុសមានប្រសាសន៍នៅចំណុចនេះម្ដងទៀតថា យើងត្រូវបន្ទាបខ្លួននៅក្រោមព្រះហស្ដដ៏ពូកែរបស់ព្រះ ប៉ុន្តែលោកក៏ថ្លែងផងដែរថា យើងត្រូវប្រដាប់ខ្លួន ដោយសេចក្ដីសុភាពចំពោះគ្នាទៅវិញទៅមក។ ដូច្នេះ ព្រះទ្រង់តម្រូវឲ្យយើងបន្ទាបខ្លួននៅចំពោះព្រះអង្គ ហើយក៏ឲ្យយើងបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមកដែរ។
លោកអ្នកឃើញហើយ ភាពសំខាន់នៃការបន្ទាបខ្លួន គឺឲ្យយើងទទួលស្គាល់ថា យើងត្រូវការព្រះគុណរបស់ព្រះ។ ព្រះទ្រង់មិនដែលបង្ហូរព្រះគុណរបស់ព្រះអង្គ ទៅលើអស់អ្នកដែលមើលមិនឃើញថាខ្លួនឯងត្រូវការព្រះគុណនោះទេ។
មានគំរូដ៏ល្អមួយអំពីការនេះ នៅក្នុងទំនុកសរសើរ ដែលម៉ារាជាស្ត្រីព្រហ្មចារី បានច្រៀងថ្វាយព្រះអម្ចាស់ បន្ទាប់ពីទេវតាបានប្រកាសប្រាប់ថា នាងនឹងក្លាយជាមាតារបស់ព្រះមេស្ស៊ី ជាព្រះរាជបុត្រានៃព្រះ។ ជាទូទៅ ទំនុកដ៏ពិរោះនោះ ត្រូវបានគេស្គាល់ភ្លាមថា ជាទំនុកសរសើរ ឬទំនុកតម្កើងរបស់នាងម៉ារា។ យើងរកឃើញពាក្យនេះ នៅក្នុងគម្ពីរ លូកា ១:៤៦-៤៨៖
នាងម៉ារាពោលឡើងថា៖ «ព្រលឹងខ្ញុំលើកតម្កើងព្រះអម្ចាស់ វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះ ជាព្រះសង្គ្រោះរបស់ខ្ញុំ ដ្បិតព្រះអង្គបានទតមើលសណ្ឋានទន់ទាបរបស់អ្នកបម្រើព្រះអង្គ មើលចុះ ពីនេះទៅមុខ មនុស្សគ្រប់ជំនាន់នឹងហៅខ្ញុំថា ជាអ្នកមានពរ»។ (RKOV)
សូមកត់សម្គាល់អំពីអ្វីដែលបានធ្វើឲ្យព្រះអម្ចាស់ជ្រើសរើសនាងព្រហ្មចារីម៉ារា នៅក្នុងចំណោមស្ត្រីទាំងអស់ សម្រាប់កិត្តិយសដ៏វិសេសវិសាលនេះ។ នោះគឺជាចរិតបន្ទាបខ្លួនរបស់នាង។ នៅពេលដែលទេវតាបានលេចមកដំបូង ហើយពោលទៅកាន់នាងថា៖ «ជម្រាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ»។ នេះជាពាក្យតែមួយ។ ដូច្នេះ ព្រះគុណដ៏ខ្ពង់ខ្ពស់របស់ព្រះ បានប្រោសប្រទានមកលើនាងព្រហ្មចារីម៉ារា ដោយព្រោះតែចរិតបន្ទាបខ្លួនរបស់នាង។
បន្តិចក្រោយមក នៅក្នុងទំនុករបស់ម៉ារាដដែលនេះ បានបន្តថាៈ
ទ្រង់ (នេះគឺព្រះជាម្ចាស់) បានសម្ដែងឫទ្ធិ ដោយព្រះហស្ដរបស់ព្រះអង្គ ព្រមទាំងកម្ចាត់កម្ចាយមនុស្សអំណួត ដោយសារគំនិតដែលនៅក្នុងចិត្តរបស់គេ។ ទ្រង់បានទម្លាក់ស្ដេចចេញពីបល្ល័ង្ក ហើយលើកមនុស្សរាបសាឡើង។ ទ្រង់បានចម្អែតមនុស្សឃ្លានដោយរបស់ល្អ តែបានបណ្ដេញពួកអ្នកមានឲ្យចេញទៅដោយដៃទទេ។ (RKOV)
(ពាក្យរាបសារ ឬពាក្យបន្ទាបខ្លួន គឺជាពាក្យតែមួយ) ដូច្នេះ សូមកត់សម្គាល់ម្ដងទៀត ពីការសង្កត់ធ្ងន់ទៅលើមនុស្សបន្ទាបខ្លួន និងមនុស្សឃ្លាន នេះគឺជាអស់អ្នកដែលដឹងថាខ្លួនត្រូវការព្រះ។ ម្យ៉ាងវិញទៀត ព្រះច្រានចោលមនុស្សអួតអាង និងអ្នកមានដែលអាត្មានិយម គឺជាអស់អ្នកគ្រប់គ្រាន់តែខ្លួនឯង ជាពួកអ្នកដែលមិនដឹងថាខ្លួនត្រូវការព្រះ តាមដែលខ្លួនយល់ឃើញ។
ចិត្តអំណួត ជារនាំងដែលរាំងព្រះគុណរបស់ព្រះ ពីជីវិតរបស់មនុស្សជាច្រើន ដែលជាញឹកញាប់ ក្នុងរូបភាពដែលគិតថាខ្លួនឯងសុចរិត។ ខ្ញុំចង់ចែកចាយរឿងប្រៀបប្រដូចមួយប្រាប់លោកអ្នក ជារឿងដែលព្រះយេស៊ូទ្រង់តំណាលអំពីគ្រោះថ្នាក់នៃភាពសុចរិតដោយខ្លួនឯង និងរបៀបដែលការនោះរាំងព្រះគុណរបស់ព្រះពីជីវិតរបស់យើង។ រឿងប្រៀបប្រដូចនោះ និយាយអំពីអ្នកខាងគណៈផារិស៊ី និងអ្នកទារពន្ធ ដែលចែងនៅក្នុងគម្ពីរលូកា ១៨:៩-១៤៖
ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយទៀត ទៅកាន់អ្នកខ្លះដែលទុកចិត្តខ្លួនគេថាសុចរិត ហើយបែរជាមើលងាយអ្នកដទៃ ថា...
សូមកត់សម្គាល់ បញ្ហានោះគឺ ការទុកចិត្តថាខ្លួនគេសុចរិត។ ព្រះអង្គបានបន្តថាៈ
«មានបុរសពីរនាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ ម្នាក់ជាផារិស៊ី ម្នាក់ទៀតជាអ្នកយកពន្ធ។ អ្នកផារិស៊ីក៏ឈរឡើងអធិស្ឋានតែម្នាក់ឯងដូច្នេះថា “ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយផិតក្បត់ ឬដូចជាអ្នកទារពន្ធនេះទេ។ ទូលបង្គំតមក្នុងមួយអាទិត្យពីរដង ហើយក៏ថ្វាយមួយភាគក្នុងដប់ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំរកបាន”។ ឯអ្នកទារពន្ធ គាត់ឈរនៅឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា “ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាមនុស្សបាបផង”»។
ពាក្យក្រិកដែលចែងថា៖ «ព្រះអើយ សូមទ្រង់មេត្តាដល់ទូលបង្គំ ដែលជាមនុស្សមានបាបនេះផង» អាចនិយាយបានម្យ៉ាងទៀតថា ទូលបង្គំនេះហើយជាអ្នកដែលត្រូវការសេចក្ដីមេត្តាករុណា។ គាត់មិនបានសម្លឹងមើលអ្នកផ្សេងទៀតនៅជុំវិញខ្លួនទេ គាត់ក៏មិនបានប្រៀបធៀបខ្លួនទៅនឹងអ្នកផ្សេងដែរ គាត់បានសម្លឹងទៅព្រះតែប៉ុណ្ណោះ ដែលតាមពិត គាត់មិនទាំងហ៊ានងើបភ្នែកខាងសាច់ឈាមរបស់គាត់មើលទៅព្រះផង ប៉ុន្តែខាងក្នុងវិញ គាត់បានគិតដល់ព្រះ សេចក្ដីសុចរិតរបស់ព្រះ សេចក្ដីបរិសុទ្ធរបស់ព្រះអង្គ សេចក្ដីយុត្តិធម៌របស់ព្រះអង្គ ហើយគាត់បានទូលថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំជាមនុស្សមានបាប ទូលបង្គំមិនអាងលើសេចក្ដីសុចរិតរបស់ទូលបង្គំ លើអំពើល្អរបស់ទូលបង្គំទេ ទូលបង្គំជាអ្នកដែលត្រូវការព្រះអង្គ»។ បន្ទាប់មក ខ១៤ ព្រះយេស៊ូទ្រង់មានព្រះបន្ទូលថាៈ
«ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាងអ្នកមួយនោះ ដ្បិតអស់អ្នកណាដែលលើកតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអស់អ្នកណាដែលបន្ទាបខ្លួន នោះនឹងត្រូវបានលើកតម្កើងវិញ»។ (RKOV)
សូមកត់សម្គាល់ម្ដងទៀតអំពីការសង្កត់ធ្ងន់ចុងក្រោយ។ តើគន្លឹះសំខាន់ជាអ្វី? គន្លឹះសំខាន់គឺការដែលយើងបន្ទាបខ្លួន។ តើអ្វីដែលបានរារាំងអ្នកខាងគណៈផារិស៊ី មិនឲ្យធ្វើដូច្នោះ? គឺជាការដែលគិតថាខ្លួនឯងសុចរិត។ គាត់បានធ្វើការជាច្រើន ជាអ្វីដែលគាត់គិតថាជាសេចក្ដីល្អ និងជាសេចក្ដីសុចរិតរបស់គាត់ ហើយគ្រប់ទាំងការដែលគាត់បានធ្វើ សុទ្ធតែជាការល្អ និងធ្វើឲ្យគាត់គិតថា គាត់គ្រាន់បើជាងអ្នកដទៃ។ ការគិតថាខ្លួនឯងសុចរិត ជារនាំងដែលបានរាំងព្រះគុណរបស់ព្រះពីជីវិតរបស់គាត់។ អ្នកទារពន្ធ គ្មានរនាំងបែបនោះទេ គាត់បានបើកចំហត្រង់ៗ ហើយបានទទួលយកព្រះគុណរបស់ព្រះ គឺព្រះរាប់គាត់ជាសុចរិត ព្រះបានលើកលែងឲ្យគាត់ ហើយព្រះបានទទួលគាត់។
ដូច្នេះ ខ្ញុំសូមដាស់តឿនលោកអ្នកថា សូមរក្សាចិត្តឲ្យអស់ពីព្យាយាម កុំឲ្យមានរនាំង ដោយសារការដែលគិតថាខ្លួនឯងសុចរិតនោះឡើយ។ កុំចូលមកឯព្រះ ដោយសំអាងលើអំពើល្អរបស់លោកអ្នក កុំសំអាងសេចក្ដីសុចរិតរបស់លោកអ្នកនោះឡើយ ដ្បិតបើយ៉ាងនោះ ព្រះនឹងមិនទទួលលោកអ្នកឡើយ។
ខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីនៅថ្ងៃវគ្គក្រោយ តាមពេលវេលា និងម៉ោងដដែល ហើយវគ្គក្រោយ ខ្ញុំនឹងបន្តគោលសំខាន់នេះ ស្តីអំពីរបៀបទទួលព្រះគុណរបស់ព្រះ។
Código: RP-R076-101-KHM










