ចេញពីបណ្តាសា មកឯព្រះពរ

ដេរេក ព្រីនស៍
Published: 1980
Last Updated: noviembre de 2026
Read Time: 10
ព្រះគ្រីស្ទបានលោះអ្នកជឿពីបណ្តាសានៃការរំលងក្រិត្យវិន័យ ដោយទ្រង់បានទទួលរងនូវផលវិបាកទាំងនោះនៅលើឈើឆ្កាង។ លោក ដេរេក ព្រីនស៍ បានបកស្រាយអំពីការផ្លាស់ប្តូរនេះតាមរយៈគម្ពីរកាឡាទី និងចោទិយកថា ដោយបង្ហាញថាការស្តាប់បង្គាប់របស់ព្រះគ្រីស្ទបានបើកផ្លូវទៅកាន់ពរជ័យរបស់លោកអ័ប្រាហាំ និងសេចក្តីសន្យានៃព្រះវិញ្ញាណបរិសុទ្ធ។
Transcript
វិសេសណាស់ដែលបានជួបជាមួយលោកអ្នកម្តងទៀតនៅថ្ងៃនេះ។ វគ្គនេះ ខ្ញុំនឹងចែកចាយជាមួយលោក អ្នកអំពីកូនសោសំខាន់ក្នុងការរស់នៅជាជីវិតមានជោគជ័យ ដែលព្រះ បានដាក់ក្នុងដៃរបស់ខ្ញុំអស់រយៈ ពេលជា ច្រើនឆ្នាំ តាមរយៈ បទពិសោធន៍ផ្ទាល់ខ្លួន និងតាមរយៈកិច្ចការបម្រើព្រះអង្គ។
ការចែកចាយរបស់ខ្ញុំនៅថ្ងៃនេះ ខ្ញុំនឹងបន្តជាមួយនឹងគោលសំខាន់ ដែលខ្ញុំបានជ្រើសរើសសម្រាប់រដូវ កាលអ៊ីស្ទើរ គឺរដូវកាលដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញនេះ ហើយដូចអ្វីដែលខ្ញុំបានលើកឡើងពីសប្ដាហ៍ មុនហើយ នោះគឺ៖ ការទទួលយកអត្តសញ្ញាណ។ ខ្ញុំជឿថា ការនេះនឹងជួយលោកអ្នកឲ្យយល់កាន់តែច្បាស់ថែមទៀត នូវសារៈសំខាន់នៃការសុគតរបស់ព្រះយេស៊ូវ ហើយចូលកាន់តែពេញលេញ ទៅកាន់គ្រប់ការដែលព្រះអង្គ សម្រេចបានសម្រាប់យើង ដោយការសុគតរបស់ព្រះយេស៊ូវ។
ប៉ុន្តែដំបូង ខ្ញុំសូមថ្លែងអំណរគុណចំពោះអស់លោកអ្នកដែលបានចំណាយពេលសរសេរមកខ្ញុំ។ នៅចុង បញ្ចប់នៃពេលវេលារបស់យើងនេះ យើងនឹងជម្រាបជូនលោកអ្នកពីអាសយដ្ឋានសំបុត្រ ដែលលោកអ្នកអាចសរសេរផ្ញើមកយើងខ្ញុំ។ សំណេររបស់លោកអ្នក មានន័យណាស់សម្រាប់យើងខ្ញុំ ក្នុងការដែលយើងខ្ញុំបានឮថា ព័ន្ធកិច្ចតាមវិទ្យុនេះ បានជាជំនួយដល់លោកអ្នក ហើយជាព្រះពរដល់លោកអ្នក ក្នុងការរស់នៅជាជីវិតគ្រីស្ទបរិស័ទ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តលោកអ្នកឲ្យសរសេរផ្ញើមកយើងខ្ញុំដោយរីករាយ ទោះជាសំណេររបស់លោកអ្នកខ្លី ហើយជារឿងផ្ទាល់ខ្លួនក៏ដោយ។
ឥឡូវនេះ យើងចូលមកកាន់គោលសំខាន់របស់យើងវិញ គឺ ការទទួលយកអត្តសញ្ញាណ។ ដើម្បីស្គាល់ នរណាម្នាក់បាន មានន័យថា លោកអ្នកដាក់ខ្លួនរួមជាមួយអ្នកនោះ។ គោលគំនិតអំពីអត្តសញ្ញាណនេះ គឺជាកូនសោសំខាន់ក្នុងការយល់ដឹងពិតប្រាកដអំពីរាជសារអ៊ីស្ទើរ ឬរាជសារអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះ យេស៊ូវគ្រីស្ទ។ មានផ្ទៃសងខាងពីរ អំពីដំណើរការនៃការទទួលយកអត្តសញ្ញាណ ដែលប្រៀបដូចជាកាក់ ដែល មានផ្ទៃសងខាងពីរ។
នៅផ្ទៃម្ខាង ព្រះយេស៊ូវបានដាក់ព្រះអង្គទ្រង់ផ្ទាល់ជាមួយយើង មកគង់នៅជាមួយមនុស្សមានបាប ជា ជាមួយនឹងមនុស្សជាតិទាំងអស់ដែលបានធ្លាក់ចុះទៅក្នុងអំពើបាប។ ផ្ទៃម្ខាងទៀត យើងមានការអញ្ជើញឲ្យ ដាក់ខ្លួនរួមជាមួយព្រះយេស៊ូវ ក្នុងគ្រប់ការទាំងអស់ដែលកើតឡើងក្រោយការសុគតរបស់ព្រះអង្គ រួមមានៈ ការ បញ្ចុះក្នុងផ្នូរ ការរស់ពីសុគតឡើងវិញ ហើយរួមទាំងការយាងឡើងទៅឯបល្ល័ង្កនៅស្ថានសួគ៌របស់ព្រះទៀតផង។
ខគម្ពីរគន្លឹះដែលបើកបង្ហាញដល់យើង សម្រាប់គោលសំខាន់អំពីការទទួលយកអត្តសញ្ញាណនេះ គឺអេសាយ ៥៣ ខ៦ ដែលខគម្ពីរនេះ ប្រាប់ឲ្យដឹងមុនជាលក្ខណៈទំនាយ អំពីការសុគតរបស់ព្រះយេស៊ូវ សម្រាប់អំពើបាបរបស់មនុស្ស។
យើងទាំងអស់គ្នាបានវង្វេងចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិត របស់យើងទាំងអស់គ្នាទៅលើព្រះអង្គ (គឺទៅលើព្រះយេស៊ូវ)។ (RKOV)
ដូច្នេះ ពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ព្រះទ្រង់បានធ្វើ ដើម្បីប្រមូលការបះបោររបស់មនុស្ស ជាតិទាំងអស់ ដែលធ្លាក់ទៅក្នុងអំពើបាប ទម្លាក់លើអង្គទ្រង់ គឺមិនត្រឹមតែការបះបោរប៉ុណ្ណោះទេ តែគ្រប់ទាំង ផលអាក្រក់ដែលចេញពីការបោះបោរនោះផងដែរ គឺទាំងអស់នោះ បានធ្លាក់ទៅលើព្រះយេស៊ូវ។ ព្រះទ្រង់បាន ប្រមូលការទាំងនោះ ដាក់លើអង្គព្រះយេស៊ូវ រួមទាំងការបះបោររបស់មនុស្សជំនាន់មុនរហូតមក។ តាមរយៈ ការទម្លាយដែនកំណត់នៃពេលវេលា គ្រប់ការទាំងអស់នោះបានទម្លាក់ទៅលើព្រះយេស៊ូវ ហើយព្រះអង្គបាន សុគត ជាតំណាងរបស់យើងផ្ទាល់។ ព្រះអង្គសុគតជំនួសសេចក្តីស្លាប់របស់យើង ដើម្បីរំដោះយើងចេញពីការ បះបោរ និងពីគ្រប់ទាំងផលវិបាកដ៏អាក្រក់ ដែលចេញពីការបះបោរនោះ។ ដូច្នេះ នៅក្នុងកិច្ចការមួយនេះ ដែលព្រះទ្រង់បានតម្រូវទុកជាមុន គឺគ្រប់ទាំងសេចក្តីអាក្រក់ដែលត្រូវធ្លាក់មកលើយើង បានធ្លាក់ទៅលើព្រះ យេស៊ូវ ដើម្បីឲ្យគ្រប់ទាំងការល្អ ដែលនៅអស់កល្បសម្រាប់ព្រះយេស៊ូវ បានកើតឡើងដល់យើង។ នោះហើយ ជាការដោះដូរដ៏សំខាន់បំផុត។ សេចក្តីអាក្រក់ ដែលត្រូវធ្លាក់មកលើយើង បានធ្លាក់ទៅលើព្រះយេស៊ូវ ដើម្បីឲ្យ ការល្អ ដែលជារបស់ព្រះយេស៊ូវ អាចកើតឡើងដល់យើង។ ខ្ញុំចង់ឲ្យលោកអ្នកបន្តគិតអំពីការដោះដូរ ដែល ព្រះបានតម្រូវនេះ។
ក្នុងការចែកចាយរបស់ខ្ញុំចុងក្រោយកាលពីវគ្គមុន ខ្ញុំបានជម្រាបជូនខ្លះមកហើយអំពីការដោះដូរ ដែល ព្រះទ្រង់បានរៀបចំទុកជាមុន ហើយការនេះបានសម្រេចតាមរយៈការសុគតរបស់ព្រះយេស៊ូវ។ ខ្ញុំបានលើក ឡើងនូវចំណុចពិសេសពីរ។ ទីមួយគឺ ព្រះយេស៊ូវបានទទួលទោស ដើម្បីឲ្យយើងទទួលបានការអត់ទោស ហើយ ឲ្យយើងមានសេចក្តីសុខសាន្ត។ ទោសដោយព្រោះតែអំពើបាបរបស់យើង បានធ្លាក់លើព្រះយេស៊ូវ ដើម្បីឲ្យ យើងអាចទទួលបានការអត់ទោស ហើយមានសេចក្តីសុខសាន្ត ឬមានសន្តិភាពជាមួយព្រះ។ ទីពីរ ព្រះយេស៊ូវ ត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងមានសេចក្តីសុចរិតរបស់ព្រះអង្គ។ ការដោះដូរនេះ គឺរវាងអំពើបាប និងសេចក្តីសុចរិត។
ថ្ងៃនេះ យើងនឹងមើលទៅចំណុចមួយទៀតអំពីការដោះដូរ គឺ៖ ពីបណ្តាសា ទៅកាន់ព្រះពរ។ ព្រះយេស៊ូវត្រឡប់ជាត្រូវបណ្តាសា ដើម្បីឲ្យយើងបានទទួលព្រះពរ។ សេចក្តីនេះត្រូវបានបង្ហាញឲ្យឃើញយ៉ាង ច្បាស់នៅក្នុងកាឡាទី ជំពូក៣។ លោកប៉ូលថ្លែងថា៖
រីឯអស់អ្នកដែលអាងលើការប្រព្រឹត្តតាមក្រឹត្យវិន័យ គេត្រូវបណ្តាសាហើយ ដ្បិតមានសេចក្តីចែងទុកមកជា «ត្រូវបណ្តាសាហើយអស់អ្នកដែលមិនកាន់ខ្ជាប់ និងប្រព្រឹត្តតាមគ្រប់ទាំងសេចក្តីដែលចែងទុកក្នុងគម្ពីរក្រឹត្យ វិន័យ»។ (RKOV)
អាចនិយាយបានម្យ៉ាងទៀតថា ប្រសិនបើលោកអ្នកពឹងផ្អែកលើការកាន់តាមក្រឹត្យវិន័យ ដើម្បីឲ្យលោក អ្នកបានសុចរិត នោះលោកអ្នកត្រូវកាន់តាមក្រឹត្យវិន័យទាំងមូល គ្រប់ពេលពេលវេលាទាំងអស់ ប៉ុន្តែប្រសិនបើ លោកអ្នកថ្លោះឆ្លោយក្នុងប្រការណាមួយ ក្នុងពេលណាមួយ នោះលោកអ្នកនឹងស្ថិតនៅក្រោមបណ្តាសា ដោយ ព្រោះតែលោកអ្នកមិនបានកាន់ខ្ជាប់តាមក្រឹត្យវិន័យនោះ។ បន្ទាប់មក បន្តនៅក្នុងខ ១៣ និង ១៤ ថា៖
ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្តាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្តាសាជំនួសយើង (ដ្បិតមានសេចក្តីចែងទុកមកជា «ត្រូវបណ្តាសាហើយអ្នកណាដែលត្រូវគេព្យួរនៅលើឈើ» ១៤ ដើម្បីឲ្យពរ របស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវបានទៅដល់សាសន៍ដទៃ ហើយឲ្យយើងអាចទទួលព្រះវិញ្ញាណជា សេចក្តីសន្យាដោយសារជំនឿ។ (RKOV)
នោះជាសេចក្តីដែលបានបញ្ជាក់យ៉ាងច្បាស់។ គ្រប់ទាំងបណ្តាសានៃការប្រព្រឹត្តល្មើសនឹងក្រឹត្យវិន័យ បានធ្លាក់លើព្រះយេស៊ូវ ដើម្បីឲ្យគ្រប់ទាំងព្រះពរនៃការស្តាប់បង្គាប់តាមក្រឹត្យវិន័យ បានកើតមានដល់យើង។
យើងបានឃើញហើយអំពីការដោះដូរ រវាងអំពើបាប និងសេចក្តីសុចរិត។ ២កូរិនថូស ៥:២១ ចែងថា៖
ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យ យើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។ (RKOV)
មានដំណើរការណ៍មួយដែលសមហេតុផលកើតឡើង ដោយព្រោះព្រះគ្រីស្ទបានត្រឡប់ជាតួបាប ដែលជារឿងជៀសមិនផុត នោះព្រះអង្គត្រូវទទួលបណ្តាសា។ តាំងតែពីការចាប់ផ្តើមប្រវត្តិសាស្ត្ររបស់មនុស្ស ជាតិមក អំពើបាបជាប់មានជាមួយនឹងបណ្តាសា គឺតាំងពីមុនរហូតមក ហើយរហូតតទៅមុខទៀត។ កំណត់ត្រា អំពីការធ្លាក់ចុះទៅក្នុងអំពើបាប និងការបះបោររបស់មនុស្ស គឺនៅក្នុងគម្ពីរលោកុប្បត្តិ ជំពូក៣ ហើយពេល ដែលយើងសិក្សាពីការឆ្លើយតបរបស់ព្រះ និងការជំនុំជម្រះរបស់ព្រះ យើងឃើញថា ពាក្យបណ្តាសា បានលេច ឡើងជាលើកដំបូងបង្អស់ នៅក្នុងព្រះគម្ពីរ។ ដំបូងបង្អស់ គឺនៅក្នុងលោកុប្បត្តិ ៣:១៤:
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅពស់ថា៖ «ដោយព្រោះឯងបានធ្វើដូច្នេះ ក្នុងបំណោមសត្វ ស្រុក និងសត្វព្រៃទាំងអស់ ឯងជាសត្វត្រូវបណ្តាសាហើយ»។ (RKOV)
ហើយបន្តិចក្រោយមក នៅក្នុងបរិបទដដែលនេះ ព្រះទ្រង់មានបន្ទូលទៅអ័ដាម ក្នុងខ១៧ថា៖
ព្រះអង្គមានព្រះបន្ទូលទៅអ័ដាមថា៖ «ដោយព្រោះអ្នកបានស្តាប់តាមពាក្យ ប្រពន្ធរបស់អ្នក ហើយបរិ ភោគផ្លែឈើ ដែលយើងបានហាមអ្នកថា មិនត្រូវបរិភោគផ្លែឈើនោះឡើយ នោះដីនឹងត្រូវបណ្តាសា ដោយសារអ្នក អ្នកនឹងរកស៊ីពីដីដោយនឿយហត់ អស់មួយជីវិត។ (RKOV)
សត្វពស់ត្រូវបណ្តាសា បន្ទាប់មក ដីត្រូវបណ្តាសា ហើយនៅជំពូកបន្ទាប់ ក្រោយពីកាអ៊ីនបាន សម្លាប់អេបិល យើងអានឃើញនៅក្នុងលោកុប្បត្តិ ៤:១០ និងខ១១ ថា៖
ពេលនោះ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកបានប្រព្រឹត្តអ្វីដូច្នេះ? សូរសម្រែកឈាមប្អូនរបស់អ្នក បានលាន់ឮពីដី ឡើងមកដល់យើង។ ឥឡូវនេះ អ្នកគ្រូវបានដីដាក់បណ្តាសាហើយ ដោយសារដីបានស្រូប យកឈាមប្អូនរបស់អ្នកពីដៃរបស់អ្នក។ (RKOV)
ដូច្នេះ លោកអ្នកឃើញហើយថា បណ្តាសា ដំបូងធ្លាក់មកលើសត្វពស់ ដែលជាអ្នកបង្កើតការល្បង ហើយបន្ទាប់មក បណ្តាសាធ្លាក់មកលើដី ដែលជាកេរមរតករបស់អ័ដាម បន្ទាប់មកទៀត ក្នុងជំនាន់មនុស្ស បន្ទាប់ បណ្តាសាបានធ្លាក់មកកូនប្រុសរបស់អ័ដាមផ្ទាល់។ ដូច្នេះ សូមចាំក្នុងគំនិតថា កន្លែងណាមានអំពើបាប ចូលមក នោះបណ្តាសាក៏ចូលមកតាមក្រោយដែរ។
យើងត្រូវដឹងឲ្យបានច្បាស់ប្រាកដ អំពីអ្វីដែលរួមបញ្ចូលនៅក្នុងបណ្តាសា ដោយព្រោះតែបានល្មើសនឹង ក្រឹត្យវិន័យ ហើយមានជំពូកមួយនៅក្នុងព្រះគម្ពីរ ដែលប្រាប់យើងយ៉ាងច្បាស់លាស់ ហើយយ៉ាងពេញលេញ។ សេចក្តីនោះគឺនៅក្នុងគម្ពីរចោទិយកថា។ សូមកត់ចំណាំ ដើម្បីពិនិត្យមើលដោយខ្លនឯង នៅពេល លោកអ្នកមានឲ្យឱិកាស។ សូមអានសេចក្តីនោះដោយយកចិត្តទុកដាក់។ ឥឡូវនេះ ខ្ញុំគ្រាន់តែជ្រើសយកខខ្លះ ចេញពីកំណត់ត្រានោះប៉ុណ្ណោះ។ កំណត់ត្រានោះចែងអំពីគ្រប់ទាំងព្រះពរ សម្រាប់ការដែល ប្រព្រឹត្តតាមក្រឹត្យវិន័យ ហើយបន្ទាប់មក គ្រប់ទាំងបណ្តាសា ដោយព្រោះតែការប្រព្រឹត្តល្មើសនឹងក្រឹត្យវិន័យ។ សូមយើងមើលដោយសង្ខេប អំពព្រះពរជាមុន។ ចោទិយកថា ២៨ ខ១ ដល់ខ៦៖
១ បើសិនជាខំប្រឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត និងប្រព្រឹត្តតាមអស់ទាំងបញ្ញត្តទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងលើកឯងឡើងជាខ្ពស់ លើសជាងអស់ទាំងសាសន៍នៅផែនដីទាំងប៉ុន្មាន ២ រួចអស់ទាំងពរទាំងនេះនឹងបានផ្សាយមកលើឯង ហើយរត់មករកឯងផង គឺបើឯងនឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ៣ ឯងនឹងមានពរនៅក្នុងក្រុង ហើយនិងមានពរនៅស្រែចម្ការដែរ ៤ ផលដែលកើតពីពោះឯងមក ព្រមទាំងផលកើតពីដីឯង និងផលកើតពីសត្វឯង គឺជាសេចក្ដីចម្រើនរបស់គោ និងកូនទាំងប៉ុន្មានរបស់ចៀមឯង នោះនឹងមានពរគ្រប់ទាំងអស់ ៥ ឯកំប្រោង និងស្បៀងអាហាររបស់ឯង នោះនឹងមានពរដែរ ៦ ឯងនឹងមានពរក្នុងកាលដែលឯងចូលមក ហើយនិងមានពរក្នុងកាលដែលចេញទៅផង។
ព្រះពរទាំងនេះ តឺជាព្រះពរសរុប។ ព្រះពរទាំងនេះ គ្របដណ្តប់គ្រប់ផ្នែកទាំងអស់នៃជីវិតមនុស្ស ដែលស្តាប់បង្គាប់។ បន្តទៅមុខបន្តិចទៀត យើងនឹងចាប់ផ្ដើមឃើញអំពីបណ្តាសា។ នៅក្នុងគម្ពីរចោទិយកថា ជំពូក២៨ដដែលនេះ ពីខ១៥ ដល់ខ២២ ខ្ញុំសូមបង្ហាញជូនលោកអ្នក ដោយជ្រើសរើសតែផ្នែកមួយប៉ុណ្ណោះ។ ខ្ញុំសូមណែនាំលោកអ្នកឲ្យសិក្សាពីសេចក្តីនេះ ឲ្យបានពេញលេញថែមទៀត សម្រាប់ខ្លួនលោកអ្នកផ្ទាល់។ ចោទិយកថា ជំពូក ២៨ ខ១៥ និង ខបន្តបន្ទាប់ទៀតចែងថា៖
15 ប៉ុន្តែ បើឯងមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង ហើយមិនប្រយ័ត និងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីបញ្ញត្ត និងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះទេ នោះអស់ទាំងសេចក្ដីបណ្តាសាទាំងនេះនឹងផ្សាយមកលើឯង ហើយរត់មករកឯងផង 16 គឺឯងនឹងត្រូវបណ្តាសានៅក្នុងទីក្រុង ហើយនៅស្រែចម្ការដែរ 17 ឯកំប្រោង និងស្បៀងអាហាររបស់ឯង នោះនឹងត្រូវបណ្តាសាវិញ 18 ផលដែលកើតពីពោះ និងផលកើតពីដីឯង ហើយនិងសេចក្ដីចម្រើនរបស់ហ្វូងគោ និងកូនទាំងប៉ុន្មានរបស់ហ្វូងចៀមឯង នោះនឹងត្រូវបណ្តាសាទាំងអស់ 19 ឯងនឹងត្រូវបណ្តាសា ក្នុងកាលដែលឯងចូលមក ហើយនិងត្រូវបណ្តាសា ក្នុងកាលដែលឯងចេញទៅផង។ 20 ព្រះយេហូវ៉ាទ្រង់នឹងចាត់សេចក្ដីបណ្តាសា និងសេចក្ដីបាក់បប ហើយសេចក្ដីបន្ទោសមកលើឯង ក្នុងគ្រប់ការអ្វីដែលឯងដាក់ដៃធ្វើ ដរាបដល់ត្រូវបំផ្លាញចេញ ហើយវិនាសអស់ទៅជាឆាប់ផង ដោយព្រោះអំពើអាក្រក់របស់ឯង ដែលបានលះបង់ចោលអញ 21 ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យជំងឺអាសន្នរោគនៅជាប់នឹងឯង ដរាបដល់ឯងរោយរៀវបាត់ចេញពីស្រុកដែលឯងចូលទៅចាប់យកនោះអស់ទៅ 22 ព្រះយេហូវ៉ាទ្រង់នឹងវាយឯងដោយជំងឺរីងរៃ និងគ្រុនរងា ហើយដោយកើតហើមពិស និងក្តៅខ្លួនដូចភ្លើង ដោយដាវ និងស្រូវស្កក ហើយក្រាផង សេចក្ដីវេទនាទាំងនោះនឹងដេញតាមឯង ទាល់តែវិនាសបាត់អស់រលីងទៅ។
ឥឡូវនេះ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានធ្វើការសិក្សាយ៉ាងប្រុងប្រយ័ត្នអំពីគ្រប់ទាំងបណ្តាសា ហើយខ្ញុំសង្ខេបបណ្តាសាទាំងនោះនៅក្រោមឈ្មោះខ្លះ ដែលខ្ញុំនឹងជម្រាបជូនលោកអ្នក។ ខ្ញុំចង់និយាយថា នេះជាការសរុបសេចក្តីអំពីបណ្តាសាទាំងនេះ គឺ៖ ភាពអាម៉ាស ជំងឺផ្លូវកាយ និងផ្លូវចិត្ត គ្រួសារបែកបាក់ ភាពក្រីក្រ ភាពចាញ់ ការគាបសង្កត់ បរាជ័យ និងគ្មានព្រះគុណរបស់ព្រះ។ ទាំងអស់នេះគឺជាបណ្ដាសាដែលកើតមានឡើងដោយសារការបំពានលើក្រឹត្យវិន័យរបស់ព្រះ។ សូមឱ្យខ្ញុំអានបញ្ជីនេះម្ដងទៀត៖ ភាពអាម៉ាស ជំងឺផ្លូវកាយ និងផ្លូវចិត្ត គ្រួសារបែកបាក់ ភាពក្រីក្រ ភាពចាញ់ ការគាបសង្កត់ បរាជ័យ និងគ្មានព្រះគុណរបស់ព្រះ។
ឥឡូវនេះ យោងទៅតាមកំណត់ត្រានេះ គឺការសរុបសេចក្តីនេះ ខ្ញុំសូមសួរជាសំណួរដល់លោកអ្នក។ ប្រសិនបើអ្នកជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទ តើអាចទេថា អ្នកកំពុងតែរងទុក្ខវេទនាក្រោមបណ្ដាសា ជំនួសឱ្យការរស់នៅក្នុងព្រះពររបស់ព្រះ? តើវាអាចជារឿងដែលលោកអ្នកមិនយល់ដឹងពីអ្វីដែលព្រះគ្រីស្តបានសម្រេច សម្រាប់លោកអ្នកនៅលើឈើឆ្កាង នៅពេលដែលព្រះអង្គបានប្រោសលោះលោកអ្នក ឲ្យរួចផុតពីគ្រប់ទាំងបណ្តាសា នៃការល្មើសនឹងក្រឹត្យវិន័យ ហើយបើកផ្លូវឲ្យលោកអ្នកចូលទៅក្នុងគ្រប់ទាំងព្រះពរនៃការស្តាប់បង្គាប់ឬ? ខ្ញុំសូមជូនយោបល់លោកអ្នកថា លោកអ្នកត្រូវសញ្ជឹងគិត ហើយសួរខ្លួនឯងនូវសំណួរនេះថា តើខ្ញុំត្រូវទ្រាំរងទុក្ខ វេទនាក្រោមបណ្តាសារ នៅពេលដែលខ្ញុំគួរតែរីករាយនឹងព្រះពរឬ?
ឥឡូវនេះ យើងអស់ពេលសម្រាប់យើងហើយនៅថ្ងៃនេះ។ ខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីម្តងទៀតនៅវគ្គក្រោយ តាមពេលវេលា និងម៉ោងដដែល។ វគ្គក្រោយ ខ្ញុំនឹងពន្យល់ឲ្យកាន់តែពេញលេញថែមទៀត អំពីការដោះដូរ ពីបណ្តាសា មកឯព្រះពរ។

Descargar transcripción
Una copia gratuita de esta transcripción está disponible para descargar, imprimir y compartir para uso personal o de la iglesia.
Descargar PDFCódigo: RP-R072-101-KHM










