វិសេសណាស់ដែលបានជួបជាមួយលោកអ្នកម្តងទៀតនៅថ្ងៃនេះ ដើម្បីចែកចាយជាមួយលោកអ្នកចេញពីសេចក្តីពិត ដែលបានធ្វើឲ្យមានការខុសគ្នា រវាងជ័យជម្នះ និងបរាជ័យនៅក្នុងជីវិតរបស់ខ្ញុំ ហើយក៏អាចកើតឡើងដូចគ្នានៅក្នុងជីវិតលោកអ្នក។

ដំបូង ខ្ញុំសូមអរគុណលោកអ្នកដែលបានសរសេរផ្ញើមកខ្ញុំ។ នៅចុងបញ្ចប់ការចែកចាយនេះ យើងនឹងជម្រាបជូនអំពីអាស័យដ្ឋាន ដើម្បីឲ្យលោកអ្នកអាចសរសេរមកយើងខ្ញុំ។ សូមកុំស្ទាក់ស្ទើរនឹងចែកចាយអំពីសេចក្តីត្រូវការរបស់លោកអ្នកជាមួយយើងខ្ញុំ ទោះជារឿងផ្ទាល់ខ្លួន ឬសំណូមពរអធិស្ឋាន ឬសំណួរផ្សេងៗរបស់លោកអ្នក។

ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ខ្ញុំបានចែករំលែកជាមួយអ្នកអំពីប្រធានបទ «ដើរឆ្លងកាត់ទឹកដីនៃសេចក្តីសន្យារបស់ព្រះ»។ នៅក្នុងសប្តាហ៍នេះ ខ្ញុំនឹងបន្តចែករំលែកអំពីប្រធានបទដដែលនេះ។

នៅក្នុងសញ្ញាចាស់ ក្រោមការដឹកនាំរបស់លោកយ៉ូស្វេ ព្រះបាននាំប្រជារាស្រ្តរបស់ព្រះអង្គ ចូលទៅក្នុងទឹកដីដែលព្រះបានសន្យា តែនៅក្នុងសញ្ញាថ្មី ក្រោមការដឹកនាំរបស់ព្រះយេស៊ូ ព្រះទ្រង់នាំប្រជារាស្រ្តរបស់ព្រះអង្គ ចូលទៅក្នុងទឹកដីនៃសេចក្តីសន្យា។ ដូច្នេះ ក្នុងសញ្ញាចាស់ គឺទឹកដីដែលព្រះបានដីសន្យា (promised Land) ឯសញ្ញាថ្មីគឺ ទឹកដីនៃសេចក្តីសន្យារបស់ព្រះ (Land of promised)។ ក្នុងសញ្ញាចាស់ ព្រះបានប្រទានឲ្យលោកយ៉ូស្វេ នូវផ្លូវដ៏ជាក់លាក់មួយ ដើម្បីចូលកាន់កាប់ទឹកដីដែលព្រះបានសន្យាជាមរតក។ ការនោះមានលក្ខណៈ ពីមួយជំហានទៅមួយជំហាន ពីតំណាក់កាលមួយទៅតំណាក់កាលមួយ ពីផ្នែកមួយទៅផ្នែកមួយ។ ព្រឹត្តិការណ៍នេះ សង្ខេបនៅក្នុង គម្ពីរយ៉ូស្វេ ១:៣ ដែលព្រះទ្រង់មានបន្ទូលថាៈ

អស់​ទាំង​ទី​កន្លែង​ណា​ដែល​ឯង​ដាក់​ជើង​ជាន់ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​រាល់​គ្នា ដូច​ជា​អញ​បាន​ប្រាប់​ម៉ូសេ​ហើយ

ការនេះដូចគ្នា សម្រាប់យើងនៅក្នុងសញ្ញាថ្មី។ របៀបដែលយើងចូលទៅចាប់យកមរតករបស់យើង គឺដូចគ្នាយ៉ាងពិតប្រាកដ។ គឺពីសេចក្តីសន្យាមួយ ទៅសេចក្តីសន្យាមួយ ពីតំណាក់កាលមួយទៅតំណាក់មួយ ពីផ្នែកមួយទៅផ្នែកមួយ។ នៅពេលដែលយើងដាក់ជើងជាន់ទៅលើសេចក្តីសន្យាថ្មីនីមួយៗរបស់ព្រះ នោះយើងទទួលបានមរតករបស់យើង កាន់តែច្រើនឡើងៗ។

ការចែកចាយរបស់ខ្ញុំនៅសប្ដាហ៍នេះ ខ្ញុំនឹងផ្តោតទៅលើផ្នែកសំខាន់ពីរ នៃការទទួលមរតករបស់យើង គឺផ្នែកនៃសេចក្ដីចម្រុងចម្រើន និងការប្រោសឲ្យជា។ វគ្គមុន យើងបានមើលជាមួយគ្នារួចហើយទៅឯសេចក្តីសន្យាខាងការយល់ដឹង អំពីភាពចម្រុងចម្រើន និងភាពជោគជ័យ ដែលព្រះបានប្រទានដល់លោកយ៉ូស្វេ នៅក្នុងគម្ពីរយ៉ូស្វេ ១:៨

8 មិនត្រូវឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់អ្នកឡើយ ត្រូវសញ្ជឹងគិតទាំងថ្ងៃទាំងយប់ ដើម្បីឲ្យអ្នកបានប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរនេះ។ ដ្បិតយ៉ាងនេះ អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន ហើយអ្នកនឹងមានជោគជ័យ។ (RKOV)

សូមកត់សម្គាល់សេចក្តីសន្យានេះ «អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន ហើយអ្នកនឹងមានជោគជ័យ។» យើងបានសង្ខេបលក្ខខណ្ឌដ៏សំខាន់បី ដែលលោកយ៉ូស្វេត្រូវបំពេញៈ ទីមួយ សញ្ជឹងគិត ព្រះបន្ទូលរបស់ព្រះ ទីពីរ ប្រកាស ព្រះបន្ទូលរបស់ព្រះ និងទីបី ធ្វើតាមព្រះបន្ទូលរបស់ព្រះ។ ប្រាកដហើយ សេចក្តីសន្យានៅក្នុងគម្ពីរយ៉ូស្វេ ១:៨ គឺមានភាពវិជ្ជមាន ហើយពេញលេញ។ ទោះជាយ៉ាងនោះក៏ដោយ សេចក្តីសន្យានេះ សន្យាចំពោះបុគ្គលម្នាក់ នៅក្នុងស្ថានភាពដ៏ពិសេសមួយ។

ថ្ងៃនេះ យើងនឹងមើលមកកាន់សេចក្តីសន្យាមួយអំពីសេចក្តីចម្រុងចម្រើន ដែលពិតជាមានលក្ខណៈទូទៅហើយរាប់បញ្ចូលគ្រប់ទាំងអស់ នៅក្នុងការអនុវត្តន៍សេចក្ដីសន្យានេះ។ សេចក្តីសន្យានេះ អាចប្រកាសយកបានដោយមនុស្សគ្រប់គ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា ជាអ្នកដែលព្រមបំពេញតាមលក្ខខណ្ឌ ដូចដែលបានបញ្ជាក់ប្រាប់យ៉ាងច្បាស់។ ខ្ញុំនឹងនិយាយសេចក្ដីនេះម្ដងទៀត។ សេចក្ដីសន្យាដែលយើងនឹងមើលជាមួយគ្នានៅថ្ងៃនេះ ពិតជាមានលក្ខណៈទូទៅ ហើយរាប់បញ្ចូលគ្រប់ទាំងអស់។ សេចក្តីសន្យានេះ អាចប្រកាសយកបានដោយមនុស្សគ្រប់គ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា ជាអ្នកដែលព្រមបំពេញតាមលក្ខខណ្ឌ ដូចដែលបានបញ្ជាក់ប្រាប់យ៉ាងច្បាស់។

យើងនឹងបើកទៅខដំបូង នៃកណ្ឌគម្ពីរទំនុកតម្កើង គឺទំនុកតម្កើង ១:១-៣។ រឿងសំខាន់ កណ្ឌគម្ពីរទំនុកតម្កើង គឺជាកណ្ឌគម្ពីរមួយអំពីការសរសើរតម្កើង និងអរព្រះគុណដល់ព្រះ សម្រាប់ព្រះពរនៃការដែលមានទំនាក់ទំនងជាមួយព្រះអង្គ ហើយស្គាល់ព្រះអង្គ ព្រមទាំងដើរក្នុងផ្លូវរបស់ព្រះអង្គ។ ហើយព្រះពរនេះ ត្រូវបានប្រកាសចេញយ៉ាងច្បាស់បំផុត តាំងពីដើមដំបូងនៃគម្ពីរទំនុកតម្កើង។ ទំនុកតម្កើង ១:១-៣

១ មានពរ​ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំបូន្មាន របស់​មនុស្ស​អាក្រក់ ក៏​មិន​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​មាន​បាប ឬ​អង្គុយ​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​ដែល​មើល‌ងាយ អ្នក​នោះ​ត្រេក‌អរ​តែ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រឹត្យ‌វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ  អ្នក​នោះ​នឹង​ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោន ឡើយ ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចម្រើន​ឡើង​ទាំង​អស់។

ឥឡូវនេះ សូមមើលទៅសេចក្តីសន្យានេះ។ សេចក្តីសន្យាទាំងនេះ មានបួនផ្នែក។ ផ្នែកទីមួយ: មនុស្សដែលបំពេញតាមលក្ខខណ្ឌទាំងនេះ នឹងដូចជាដើមឈើ ដែលដុះយ៉ាងរឹងមាំនៅក្បែមាត់ទឹក។ «ដុះយ៉ាងរឹងមាំ» សម្តែងឲ្យឃើញពីដើមឈើ ដែលឬសរបស់វាចាក់ចូលយ៉ាងជ្រៅទៅក្នុងដី ដែលមិនអាចរង្គើរ មិនដួលរលំដោយសារខ្យល់ ឬព្យុះបានឡើយ។ ដូច្នេះ រូបភាពដំបូងដែលយើងមាន ឬផ្នែកដំបូងនៃរូបភាព គឺជាមនុស្សដែលរឹងមាំ នៅជាប់ ហើយឥតរង្គើរ។ អ្នកនោះមិនរង្គើរដោយសារស្ថានភាព ឬកាលៈទេសៈអ្វីដែលកើតឡើងនោះឡើយ។ អ្នកនោះចាក់ឫសយ៉ាងជ្រៅ ដែលស្ថានភាពបក់បោកផ្សេងៗមិនអាចធ្វើឲ្យគេរង្គើរបានឡើយ។

បន្ទាប់មក សេចក្ដីនេះក៏បញ្ជាក់ផងដែរថា ឬសរបស់អ្នកនោះបានចាក់ទៅក្បែរមាត់ទឹក ឫសរបស់អ្នកនោះស្រូបយកសារធាតុទឹក ដែលប្រាកដហើយ សារធាតុចិញ្ចឹមដែលស្រូបពីទឹកនោះ បានផ្តល់ជីវិត និងសុខភាពដល់ដើមឈើនោះទាំងមូល។ អ្នកនោះមិនពឹងផ្អែកតែទៅលើភ្លៀង ដែលធ្លាក់មិនទៀងទាត់នោះឡើយ តែអ្នកនោះបានដាំជាប់នៅមួយកន្លែង និងនៅក្នុងទំនាក់ទំនងមួយ ជាមួយផ្លូវទឹកហូរដែលមិនចេះរីងស្ងួត។ ដូច្នេះ អ្នកនោះស្រូបយកការផ្គាត់ផ្គង់ទឹក ចេញពីដងទន្លេ ដែលមិនចេះប្រែប្រួលដោយសារធាតុអាកាសឡើយ។

បន្ទាប់មក ផ្នែកទីពីរនៃរូបភាពនោះគឺថា អ្នកនោះបង្កើតផលផ្លែតាមរដូវកាល គឺអ្នកនោះជាមនុស្សដែលមានផលផ្លែ។ ព្រះជាម្ចាស់ទាមទារឲ្យយើងគ្រប់គ្នាមានផលផ្លែចេញពីជីវិត។ ព្រះអង្គមានព្រះបន្ទូលនៅក្នុងសញ្ញាថ្មីថា «គ្រប់ទាំងដើមឈើដែលមិនបង្កើតផលផ្លែ នោះនឹងត្រូវកាត់ចោល ហើយបោះចោលទៅក្នុងភ្លើង។» នេះហើយជាអាថ៌កំបាំងនៃការបង្កើតផលផ្លែ អាថ៌កំបាំងនៃការឆ្លើយតបតាមលក្ខខណ្ឌរបស់ព្រះ ដោយរីករាយនឹងការប្រកបដោយគុណ និងព្រះពររបស់ព្រះ។

ទីបី បទគម្ពីរចែងថា ស្លឹករបស់អ្នកនោះមិនដែលស្រពោនឡើយ។ ស្លឹកគឺជាផ្នែករបស់ដើម ដែលបង្ហាញឲ្យមនុស្សលោកឃើញច្រើនជាងគេ។ ដូច្នេះ ខ្ញុំគិតថា រូបភាពនេះចង្អុលបង្ហាញថា មនុស្សបែបនោះតំណាងឲ្យរូបភាពនៃការចម្រុងចម្រើន។ លោកអ្នកមើលទៅអ្នកនោះ ហើយលោកអ្នកដឹងថា អ្នកនោះកំពុងតែចម្រើនលូតលាស់ឡើង។ ភាពចម្រើនលូតលាស់នោះ គេអាចមើលឃើញនៅក្នុងភ្នែករបស់គាត់ នៅក្នុងដំណើររបស់គាត់ នៅក្នុងសម្លៀកបំពាក់របស់គាត់ ហើយក្នុងអ្វីៗទាំងអស់ សុទ្ធតែជាបរិយាកាសប្រកបដោយសុខមាលភាព។

ហើយជាចុងក្រោយ សេចក្តីសន្យាដែលយើងចង់បានជាងគេបំផុតគឺ: អ្វីៗដែលអ្នកនោះធ្វើ នោះនឹងចម្រើនឡើងទាំងអស់។ ការអ្វីដែលអ្នកនោះធ្វើ អ្នកនោះចម្រើនឡើង គឺអ្នកនោះមិនដែលស្គាល់បរាជ័យ អ្នកនោះមិនដែលស្គាល់ការខកបំណងឡើយ។ អ្នកនោះរស់នៅស្របជាមួយនឹងព្រះបន្ទូល និងគោលបំណងរបស់ព្រះទាំងស្រុង ដល់ម្លេ៉ះបានជាអ្វីៗដែលអ្នកនោះធ្វើ គឺសម្រេចបានទាំងមានព្រះពររបស់ព្រះជាប់ជានិច្ច។ នេះជារូបភាពដ៏ល្អ ជាសេចក្តីសន្យាដ៏ល្អ ដែលយើងគ្រប់រូបប្រាថ្នាចង់បាន។

យើងបានមើលទៅឯសេចក្តីសន្យានោះរួចហើយ។ ហើយប្រាកដណាស់ យើងបានមើលទៅលក្ខខណ្ឌទាំងនោះ។ មានលក្ខខណ្ឌប្រាំដែលបានបញ្ជាក់ប្រាប់យើង គឺមានបី អវិជ្ជមាន និងពីរ វិជ្ជមាន។

ជាដំបូង យើងនឹងមើលទៅលក្ខខណ្ឌអវិជ្ជមាន។ ទីមួយ គឺអ្នកនោះមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់។ អ្នកនោះមិនទទួលយកដំបូន្មានពីប្រភពដែលខុស។ តើយើងនឹងកំណត់និយមន័យដូចម្ដេចអំពី«ដំបូន្មានរបស់មនុស្សអាក្រក់»? ខ្ញុំនឹងផ្តល់ជូនលោកអ្នកនូវពាក្យ ឬឃ្លាខ្លះៗដែលងាយនឹងជាប់ជំពាក់ជាមួយនឹងដំបូន្មានរបស់មនុស្សអាក្រក់។ ដំបូង វាអាចជារឿង «គំរោះគំរើយ»។ អាចនិយាយបែបម្យ៉ាងទៀតថា ជាដំបូន្មានដែលនាំយើងឲ្យប្រព្រឹត្តចំពោះអ្នកដទៃតាមរបៀបខុស។ តែដំបូន្មាន និងសេចក្ដីបង្រៀនដែលចេញព្រះគម្ពីរ គឺឲ្យយើងប្រព្រឹត្តចំពោះអ្នកដទៃ ដូចអ្វីដែលយើងចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះយើង។ គឺបើយើងចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះយើងយ៉ាងណា ព្រះគម្ពីរប្រាប់យើងថា ចូរប្រព្រឹត្តចំពោះអ្នកដទៃយ៉ាងនោះចុះ។

ទីពីរ ដំបូន្មានរបស់មនុស្សអាក្រក់ ជាញឺកញាប់គឺ «មិនស្មោះត្រង់» ដែលនាំឲ្យមានការប្រព្រឹត្តិដោយចិត្តមិនទៀងត្រង់។ អាចជាការបន្លំលើពន្ធប្រាក់ចំណូល ឬតាមរបៀបខ្លះមិនមានភាពស្មោះត្រង់ក្នុងការប្រើប្រាស់លុយកាក់ និងកំណត់ត្រាផ្សេងៗ។ នោះអាចជារឿងមួយដែលងាយនឹងកើតឡើងយ៉ាងច្បាស់។

ទីបី ដំបូន្មានរបស់មនុស្សអាក្រក់ ជាញឹកញាប់ ជា «រឿងអសីលធម៌» ដែលនាំឲ្យយើងប្រព្រឹត្តផ្ទុយនឹងច្បាប់របស់ព្រះ ក្នុងផ្នែកសីលធម៌។

ទីបួន ដំបូន្មានរបស់មនុស្សអាក្រក់គឺ «មានបំណងចិត្តខុស» គឺមិនយកព្រះជាសំខាន់ ឬមិនមានព្រះជាចំណុចកណ្ដាល មិនស្របជាមួយព្រះ។

ហើយទីប្រាំ ដែលពិតជាកើតឡើងចេញពីការនោះ គឺដំបូន្មានរបស់មនុស្សអាក្រក់មិនស្របជាមួយនឹងគោលការណ៍របស់ព្រះ គឺវាផ្ទុយនឹងគោលការណ៍ដែលគ្រប់គ្រងពិភពលោក។ ដូច្នេះ ទីបំផុត ចៀសមិនផុតពីការបរាជ័យ។

បន្ទាប់មកទៀត លក្ខខណ្ឌ អវិជ្ជមានទីពីរគឺ: មនុស្សបែបនោះ មិនឈរក្នុងផ្លូវរបស់មនុស្សមានបាប។ នេះចង្អុលបង្ហាញពីរបៀបរស់នៅមួយផ្សេង និងការប្រកបមួយផ្សេង។ អ្នកនោះមិន «សេពគប់មនុស្ស» ខុសកន្លែង។ អ្នកនោះមិនទទួលយកការជំរុញចិត្តឲ្យចូលទៅក្នុងបារ នៅក្នុងកន្លែងសុីផឹក ឬនៅកន្លែងដែលមនុស្សអាក្រក់តែងជួបជុំគ្នាបង្ករឿង។ អ្នកនោះមានរបៀបរស់នៅប្លែកពីគេ ហើយមិត្តភកក្ដិរបស់គាត់ក៏រស់នៅប្លែកពីគេ គឺគូកនរបស់គាត់ទាំងអស់ សុទ្ធតែជាមនុស្សប្លែកពីគេ។

ទីបីគឺ អ្នកនោះមិនអង្គុយជាមួយមនុស្សដែលមើលងាយ។ ពាក្យ «អង្គុយជាមួយមនុស្សដែលមើលងាយ» សម្រាប់ខ្ញុំគឺ ចង្អុលបង្ហាញពីឥរិយាបថនៃការចំអកឡកឡឺយ។ នេះជារូបភាពនៃសេចក្តីងងឹត និងជីវិតដែលរស់នៅដោយបង្អាប់គេបង្អាប់ឯង ដែលរឿងនេះកើតឡើងញឹកញាប់បំផុតនៅក្នុងពិភពជំនួញសព្វថ្ងៃ ហើយខ្ញុំជឿថា នេះជាផ្លូវមួយដែលទីបំផុតនឹងនាំឲ្យខកចិត្ត ហើយបរាជ័យ។

សូមកត់សម្គាល់ថា ក្នុងលក្ខខណ្ឌអវិជ្ជមានទាំងបីនេះ មានដំណើរការនៃការថយចុះបន្តិចម្តងៗ។ មនុស្សបែបនេះ ចាប់ផ្តើមដោយការដើរ បន្ទាប់មកគាត់ឈរ ហើយនៅទីបំផុត គាត់អង្គុយ។ និយាយម្យ៉ាងទៀត ស្ថានភាព និងជំហររបស់គាត់កាន់តែអាក្រក់ទៅៗ នៅពេលដំណើរការនេះបន្ត។

ឥឡូវនេះ យើងមកពិនិត្យមើលលក្ខខណ្ឌវិជ្ជមាន។ លក្ខខណ្ឌទាំងនេះមានពីរយ៉ាង។ ជាដំបូង មនុស្សបែបនេះរីករាយនឹងក្រឹត្យវិន័យរបស់ព្រះអម្ចាស់។ គាត់ស្វែងរកសេចក្តីរីករាយនៅក្នុងព្រះបន្ទូលរបស់ព្រះ និងនៅក្នុងការបើកសម្ដែងអំពីសេចក្ដីពិតរបស់ព្រះ។យើងចាំបាច់ត្រូវយល់អំពីអត្ថន័យនៃពាក្យ «ក្រឹត្យវិន័យ» ដែលជាពាក្យភាសាហេព្រើរ «តូរ៉ា (Torah)»។ ជាការពិត ពាក្យនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនជ្វីហ្វរហូតមកដល់សព្វថ្ងៃ។

ពេលខ្លះ យើងគិតថា «ថូរ៉ា» ឬក្រិត្យវិន័យ គឺគ្រាន់តែជាសៀវភៅវិន័យ ប៉ុន្តែមិនមែនដូច្នោះទេ។ឬសគល់អត្ថន័យរបស់ពាក្យនេះ គឺ «ច្បាប់ដែលបង្ហាញផ្លូវ»។ គម្ពីរ «ថូរ៉ា» គឺជាសេចក្តីបើកសម្តែងរបស់ព្រះដែលបង្ហាញយើង ពីផ្លូវដែលយើងត្រូវរស់នៅ ប្រសិនបើយើ់ងប្រាថ្នាចង់បានការប្រកបដោយគុណរបស់ព្រះនិងព្រះពររបស់ព្រះ។ ដូច្នេះ មនុស្សបែបនោះ សញ្ជឹងគិតក្នុងសេចក្ដីនោះ ត្រេកអរក្នុងសេចក្តីនោះ ហើយជាលទ្ធផលដែលចេញពីការត្រេកអរក្នុងសេចក្ដីនោះ គាត់សញ្ជឹងគិតក្នុងសេចក្ដីនោះ គំនិតរបស់គាត់ផ្ដោតតែពីរឿងនោះគ្រប់ពេលវេលា។ ហើយក្នុងការសញ្ជឹងគិតនោះ អ្នកនោះប្រៀបបាននឹងដើមឈើដែលស្រូបយកទឹកពីទន្លេដែលហូរក្បែរនោះ។ អ្នកនោះស្រូបយកជីវិតថ្មី កម្លាំងថ្មី និងការជំរុញចិត្តថ្មី។ ខ្ញុំមិនអាចបញ្ជក់ឲ្យបានច្រើនពេកទេអំពីសារៈសំខាន់នៃការសញ្ជឹងគិតដែលត្រឹមត្រូវ។ ខ្ញុំជឿថា ការបែបនេះពិតជាកូនសោរសំខាន់ដែលធ្វើឲ្យមានភាពចម្រុងចម្រើនពិតប្រាកដ។ លោកអ្នកមិនអាចគិតខុស ហើយរស់នៅត្រឹមត្រូវបានឡើយ។ ហើយលោកអ្នកក៏មិនអាចរស់នៅត្រឹមត្រូវ ហើយគិតខុសនោះដែរ។ និយាយបានម្យ៉ាងទៀតថា គំនិតរបស់លោកអ្នកគិតទៅទិសណា ជីវិតរបស់លោកអ្នកនឹងដើរឆ្ពោះទៅទិសនោះឯង ឬថា ការគិតរបស់លោកអ្នក នឹងកំណត់ទិសដៅនៃជីវិតរបស់លោកអ្នក។ នោះហើយជារូបភាពនៃមនុស្សដែលដូចជាដើមឈើដែលដុះក្បែរមាត់ទឹក។ អ្វីៗដែលអ្នកនោះធ្វើ គឺចម្រើនឡើងទាំងអស់។

ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះ ចូលដល់ចុងបញ្ចប់ហើយ ប៉ុន្តែខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីម្តងទៀតនៅវគ្គក្រោយ។ ហើយវគ្គក្រោយ ខ្ញុំនឹងបន្តគោលសំខាន់អំពីការចម្រុងចម្រើននេះបន្តទៀត។ ខ្ញុំនឹងពន្យល់លោកអ្នកងំពីរបៀបដ៏ពិសេស និងជាក់លាក់មួយ ដើម្បីឲ្យមានការចម្រុងចម្រើន។