ការដែលអាចទទួលយកបានក្នុងស្ថានភាពការងារ

ដេរេក ព្រីនស៍
Published: 1979
Last Updated: octubre de 2026
Read Time: 10
សម្ពាធក្នុងកន្លែងធ្វើការមិនមែនមានន័យថាអ្នកជឿបានចាកចេញពីព្រះហឫទ័យរបស់ព្រះឡើយ។ ការបម្រើដោយស្មោះត្រង់ ការគោរព និងភាពស្មោះសរ អាចនាំមកនូវការទទួលស្គាល់ ទោះបីជាជំនឿត្រូវប្រឈមនឹងការតទល់ក៏ដោយ។ ជីវិតរបស់យ៉ូសែប ដានីយ៉ែល និងបទពិសោធន៍យោធារបស់លោក Derek Prince បង្ហាញថា ជីវិតដែលពោរពេញដោយសុចរិតភាព សន្តិភាព និងសេចក្តីអំណរក្នុងព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វីដែលគាប់ព្រះហឫទ័យព្រះ និងទទួលបានការពេញចិត្តពីមនុស្សជុំវិញខ្លួន។
Transcript
រីករាយណាស់ដែលបានជួបលោកអ្នកជាថ្មី ដើម្បីចែកចាយប្រាប់លោកអ្នកអំពីសេចក្តីពិត ដែលជីវិតបានបង្រៀនដល់ខ្ញុំ ជាសេចក្តីពិតដែលបានធ្វើឲ្យមានភាពខុសប្លែកគ្នារវាងជោគជ័យ និងបរាជ័យនៅក្នុងជីវិតរបស់ខ្ញុំ ហើយក៏អាចកើតឡើងនៅក្នុងជីវិតរបស់លោកអ្នកដូចគ្នា។
វគ្គមុន ខ្ញុំបានចែកចាយប្រាប់អំពីស្ថានភាពដែលយើងត្រូវការ ការចង្អុលបង្ហាញពីព្រះ។ ថ្ងៃនេះ ខ្ញុំនឹងចែកចាយអំពីបញ្ហាជាក់លាក់មួយដែលប្រឈម ជាពិសេសជាមួយអស់អ្នកដែលនៅកន្លែងធ្វើការ គឺអស់អ្នកដែលនិយោជិក ជាអ្នកដែលគេជួលឲ្យធ្វើការ។ គោលសំខាន់របស់ខ្ញុំគឺ “របៀបស្វែងរកការទទួលយកបាន នៅក្នុងស្ថានភាពការងារ”។
គ្រិស្តបរិស័ទដែលមានចិត្តប្ដូរផ្ដាច់ភាគច្រើន ដែលសង្វាតចង់បានការរស់នៅដោយសេចក្តីសុចរិត ដើម្បីថ្វាយសិរីល្អដល់ព្រះ បានជួបប្រទះនូវកម្រិតស្ថានភាពមួយដែលប្រទាញប្រទង់ និងតានតឹងខ្លះ នៅកន្លែងដែលពួកគេធ្វើការ ឬនៅក្រោមសម្ពាធអ្នកមិនជឿ ហើយអាចថា អ្នកមិនជឿនោះ មានភាពចម្រុងចម្រាសនឹងជំនឿគ្រិស្តបរិស័ទ។ ក្នុងករណីខ្លះ នៅក្នុងស្ថានភាពបែបនោះ មានការប្រឆាំង ឬជាការធ្វើទុក្ខបៀតបៀនកើតឡើងទៀតផង។
តើព្រះគម្ពីរ មានការចង្អុលបង្ហាញសម្រាប់គ្រិស្តបរិស័ទ ដែលជួបនឹងស្ថានភាពបែបនេះឬទេ? ប្រាកដណាស់ នៅក្នុងព្រះគម្ពីរមានគ្រប់ទាំងចម្លើយ ហើយដែលខ្ញុំនិយាយ គឺខ្ញុំនិយាយដោយសំអាងលើបទពិសោធន៍ផ្ទាល់របស់ខ្ញុំ នៅក្នុងស្ថានភាពបែបនោះ។
សម្រាប់សេចក្តីសន្យាដំបូងរបស់យើង ដែលយើងនឹងមើលជាមួយគ្នានៅថ្ងៃនេះ ជាអ្វីដែលខ្ញុំហៅថាសេចក្តីសន្យាអវិជ្ជមាន ជាសេចក្តីសន្យាមួយ ដែលសន្យាអំពីអ្វីមួយ ដែលយើងអាចនឹងមិនជ្រើសរើសយកទេ ប្រសិនបើយើងមានជម្រើសណាផ្សេង។ ក៏ប៉ុន្ដែ នេះជាផ្នែកមួយនៃសេចក្តីសន្យាទាំងមូលនៃព្រះបន្ទូលរបស់ព្រះ ហើយយើងត្រូវតែយកចិត្តទុកដាក់ចំពោះសេចក្ដីនេះ។ ២ធីម៉ូថេ ៣:១២ ចែងអំពីសេចក្តីនេះថាៈ
១២ អស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវគេបៀតបៀន ដូច្នេះឯង។
នោះជាសេចក្តីសន្យាមួយ។ ប្រហែលជាលោកអ្នកគិតថា៖ “ទេ មិនពេញចិត្តនឹងសេចក្តីសន្យាបែបនេះ ទេ” ប៉ុន្តែ នេះផ្នែកមួយនៃមរតករួមរបស់យើង។
ចូរចាំថា មរតករបស់យើង គឺជាសេចក្តីសន្យាទាំងមូលរបស់ព្រះ ទាំងសេចក្តីសន្យាដែលយើងចូលចិត្ត ទាំងសេចក្តីសន្យាដែលយើងមិនចូលចិត្ត។ ផ្ទុយទៅវិញ ជាការសំខាន់ណាស់ ដែលត្រូវយល់ថា គ្រប់ទាំងសេចក្តីសន្យា ត្រូវដំណើរទៅព្រមជាមួយគ្នា លោកអ្នកមិនអាចបំបែកសេចក្ដីសន្យាមួយ ចេញពីមួយ ហើយនិយាយថា៖ “ទេ ខ្ញុំចូលចិត្តតែសេចក្តីសន្យាណាដែលសប្បាយៗ ខ្ញុំមិនចូលចិត្តនឹងសេចក្តីសន្យាដែលមិនសប្បាយនោះទេ”។ ការមើលឃើញសេចក្តីនេះ ជារឿងសំខាន់ណាស់ ព្រោះនៅពេលដែលយើងស្ថិតនៅក្នុងស្ថានភាពដែលយើងកំពុងរស់នៅដោយគោរពកោតខ្លាចព្រះពិតប្រាកដ ហើយយើងជួបការបៀតបៀន ដោយព្រោះការនោះ នោះវាធ្វើឲ្យយើងក្សាន្ដចិត្តជាខ្លាំង ដែលដឹងថា ការបៀបបៀនជាចំណែកនៃមរតករបស់យើង។ ព្រះជាអ្នកប្រទានឲ្យមានការនោះ ដ្បិតព្រះអង្គជ្រាបអំពីសេចក្តីនោះ លោកអ្នក្គ្មានអ្វីខុសទេ មែនមានន័យថា យើងមិនស្ថិតនៅក្នុងព្រះហឫទ័យរបស់ព្រះនោះទេ ដ្បិតភាពជាគ្រិស្តបរិស័ទ ត្រូវតែជួបរឿងបែបនោះឯង។ ដូច្នេះ អ្វីដែលខ្ញុំនិយាយទៅកាន់លោកអ្នកនៅថ្ងៃនេះ ខ្ញុំមិនមែនសន្យានឹងលោកអ្នកថា លោកអ្នកនឹងលែងជួបការបៀតបៀននោះឡើយ។ តាមពិត ដោយសម្អាងលើបទគម្ពីរដែលចែងយ៉ាងច្បាស់ ខ្ញុំអាចសន្យានឹងលោកអ្នកបានថា ប្រសិនបើលោកអ្នកពិតជាចង់រស់នៅជាជីវិតគោរពកោតខ្លាចព្រះ នៅក្នុងព្រះគ្រិស្តយេស៊ូ នោះនឹងមានពេលដែលលោកអ្នកជួបការបៀតបៀន ដោយព្រោះតែការនោះឯង។ ក៏ប៉ុន្ដែ ខ្ញុំជឿថា ព្រះពិតជាមានចម្លើយសម្រាប់ស្ថានភាពបែបនេះ ដើម្បីឲ្យព្រះអង្គអាចសម្រេចស្ថានភាពនោះ សម្រាប់ជាសិរីល្អរបស់ព្រះអង្គ ហើយក៏សម្រាប់ជាសេចក្តីល្អរបស់យើង។
ជាដំបូង ខ្ញុំគិតថា ខ្ញុំត្រូវតែដាក់ចេញជាខ្នាតមួយ ជាបទដ្ឋានមួយអំពីចរិយាសម្បត្តិសម្រាប់និយោជិក (គឺបុគ្គលិកបម្រើការងារយកប្រាក់ឈ្នួល) ដែលគម្ពីរសញ្ញាថ្មីបានចែង។ សូមយើងបើកទៅគម្ពីរអេភេសូរ ៦:៥-៧។ សេចក្ដីទាំងនេះ និយាយទៅកាន់ពួកបាវបម្រើ (ឬនៅក្នុងសង្គមយើងសព្វថ្ងៃនេះ យើងអាចហៅបានថា អ្នកបម្រើ បុគ្គលិកបម្រើការ ឬនិយោជិក ថ្វីបើទោះជាលក្ខខណ្ឌខ្លះរបស់បាវបម្រើពីជំនាន់មុន វាតឹងរឹងលើសជាងអស់អ្នកដែលជាបុគ្គលិកសម័យនេះក៏ដោយ)។ ប៉ុន្តែ នេះជាសេចក្ដីដែលគម្ពីរសញ្ញាថ្មី ថ្លែងទៅកាន់ពួកនិយោជិក ទៅកាន់ពួកអ្នកបម្រើ ទៅកាន់ពួកបាវបម្រើៈ
៥ អ្នកបម្រើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយរបស់ខ្លួនខាងសាច់ឈាម ដោយគោរពកោត ខ្លាច ហើយញាប់ញ័រ ទាំងមានចិត្តទៀងត្រង់ ដូចស្ដាប់បង្គាប់ព្រះគ្រីស្ទ ៦ មិនមែនបម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះឡើយ គឺត្រូវ បម្រើដូចជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫ័យរបស់ព្រះ ឲ្យអស់ពីចិត្ត។ ៧ ចូរបម្រើដោយស្ម័គ្រពីចិត្ត ដូចបម្រើព្រះអម្ចាស់ មិនមែនបម្រើមនុស្សឡើយ
ឥឡូវនេះ អ្វីពិតប្រាកដ ដែលទាមទារឲ្យយើងបង្ហាញនៅក្នុងចរិយាសម្បត្តិរបស់យើងចំពោះថៅកែរបស់យើង ចៅហ្វាយរបស់យើង គឺយើងត្រូវបង្ហាញការគោរព ភាពស្មោះត្រង់ និងការបម្រើអស់ពីចិត្ត។ គោលការណ៍នៅពីក្រោយការនេះ គឺថា នៅក្នុងស្ថានភាពដែលយើងបានទទួល ថៅកែរបស់យើង ចៅហ្វាយរបស់យើង ជាអ្នកតំណាងឲ្យព្រះដល់យើង នៅក្នុងស្ថានភាពរបស់យើងនោះ។ យើងត្រូវមើលឲ្យឃើញនៅក្នុងអ្នកនោះថា អ្នកនោះជាមនុស្សម្នាក់ដែលព្រះបានប្រទានមក សម្រាប់ស្ថានភាពជាក់ស្ដែងនោះ និងសម្រាប់ពេលវេលាជាក់ស្ដែង ដែលកើតឡើងចំពោះយើង ហើយឥរិយាបថ និងការឆ្លើយតបរបស់យើងចំពោះថៅកែរូបនោះ តាមពិតទៅ ជាកញ្ចក់ឆ្លុះឲ្យឃើញឥរិយាបថ និងការឆ្លើយតបពិតប្រាកដរបស់យើង នៅចំពោះព្រះជាម្ចាស់ផ្ទាល់។ ប្រសិនបើយើងបង្ហាញសេចក្តីមិនគោរពចំពោះថៅកែរបស់យើង ប្រសិនបើយើងរកឱកាសកេងបន្លំ ប្រសិនបើយើងធ្វើការមិនគ្រប់ម៉ោង ហើយធ្វើការចុងដៃចុងជើង នោះវាជាឥរិយាបថពិតប្រាកដរបស់យើង នៅចំពោះព្រះ ដ្បិតព្រះទ្រង់ទតមើលតាមរយៈស្ថានភាពបែបនេះឯង។ យើងប្រហែលជាមិនហ៊ានបង្ហាញឥរិយាបថនោះនៅចំពោះព្រះជាចំហទេ ប៉ុន្តែឥរិយាបថដែលយើងបង្ហាញចំពោះថៅកែ វាជាការបង្ហាញពីឥរិយាបថនៅក្នុងចិត្តរបស់យើងនៅចំពោះព្រះ។ កាលបើយើងដឹងបានពីរឿងនេះ នោះវានឹងធ្វើឲ្យយើងក្លាយជាប្រភេទនៃបុគ្គលិកដែលថៅកែសប្បាយចិត្តនឹងយើងជាប្រាកដ។
ការបន្ទាប់ដែលខ្ញុំត្រូវសង្កត់ធ្ងន់ពីរឿងនេះ គឺវាដើរអមយ៉ាងកៀកកិតនឹងអ្វីដែលខ្ញុំបានហៅថា សារសំខាន់នៃភាពស្មោះត្រង់ ឬភាពដែលគួរឲ្យទុកចិត្តបាន។ សុភាសិត ២០:៦ ចែងថាៈ
៦ មនុស្សស្ទើរតែទាំងអស់ សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួន តើអ្នកណានឹងរកមនុស្សទៀងត្រង់ សូម្បីតែម្នាក់បាន។
នោះជារឿងពិត ប្រមាណជា ៣០០០ឆ្នាំមុន។ ខ្ញុំអាចនិយាយបានថា សព្វថ្ងៃនេះ សេចក្តីនោះវាកាន់តែពិត លើសជាងជំនាន់នោះទៀត។ ខ្លួនខ្ញុំនេះក៏ជានិយោជកម្នាក់ដែរ (នេះជាប្រសាសន៍របស់លោក ដេរេកព្រិនស័)។ ខ្ញុំមានមិត្តភក្តិច្រើនជាអ្នកជំនួញ។ ខ្ញុំបានជួបរឿងនោះជាច្រើនដង ដូច្នេះ ខ្ញុំអាចសួរសំណួរដែលពិតប្រាកដនៅថ្ងៃនេះបានថាៈ «តើអ្នកណាអាចរកមនុស្សដែលគួរឲ្យទុកចិត្តម្នាក់បានឬទេ?» គ្រប់ទីកន្លែងទាំងអស់ មនុស្សដែលគួរឲ្យទុកចិត្តបាន មិនងាយនឹងរកបានទេ។ ផ្នត់គំនិតក្នុងសង្គមទាំងមូលបច្ចុប្បន្ននេះ ទោរទៅរកភាពគ្មានវិន័យ និងគ្មានការទទួលខុសត្រូវ ដូច្នេះហើយបានជាកាន់តែពិបាកទៅៗ ក្នុងការស្វែងរកបុគ្គលិកដែលគួរឲ្យទុកចិត្តបានពិតប្រាកដ ពិបាកណាស់។ ចិត្តជឿជាក់របស់ខ្ញុំគឺថា បុគ្គលិកណាក៏ដោយ ក្នុងស្ថានភាពណាក៏ដោយ ដែលអាចបញ្ជាក់បានយ៉ាងពិតប្រាកដថាខ្លួនគួរឲ្យទុកចិត្តបាន គឺនឹងទទួលបានការវាយតម្លៃ និងការសរសើរពីនិយោជករបស់ខ្លួនយ៉ាងសក្តិសម។ ដើម្បីបញ្ជាក់ថាអ្នកនោះគួរឲ្យទុកចិត្តបាន អ្នកនោះត្រូវចំណាយពេលវេលាយូរ ប៉ុន្តែនៅពេលដែលគាត់ធ្វើដូច្នេះបាន គាត់នឹងទទួលបានការឲ្យតម្លៃ។ ជាថ្មីម្ដងទៀត សុភាសិត ២៨:២០ ចែងអំពីសេចក្តីនេះថាៈ
២០ មនុស្សស្មោះត្រង់នឹងបានពរជាបរិបូរ តែអ្នកណាដែលប្រញាប់ប្រញាល់ឲ្យបានជាអ្នកមាន នោះនឹងមិនរួចចាកពីទោសឡើយ។
ដូច្នេះ ប្រសិនបើលោកអ្នកជាមនុស្សស្មោះត្រង់ម្នាក់នៅកន្លែងដែលលោកអ្នកធ្វើការ ទាំងមានឥរិយាបថល្អចំពោះថៅកែរបស់លោកអ្នក នោះព្រះទ្រង់មានព្រះបន្ទូលថា អ្នកនឹងបានពរ។ ទោះបើថៅកែ ចៅហ្វាយ ប្រធានរបស់លោកអ្នកមិនឲ្យពរលោកអ្នកក៏ដោយ ក៏គង់តែព្រះទ្រង់ទតឃើញសេចក្តីស្មោះត្រង់នោះ តាមផ្លូវរបស់ព្រះអង្គផ្ទាល់ដែរ ហើយពេលនោះ លោកអ្នកនឹងបានពរ។
យើងបានមើលទៅឯសេចក្តីសន្យាអវិជ្ជមានដែលចែងថា “អស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិ ដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវគេបៀតបៀនដូច្នេះឯង”។ យើងបានពិនិត្យមើលអំពីបទដ្ឋានខ្លះដែលព្រះគម្ពីរ បានដាក់ចេញសម្រាប់ពួកនិយោជិក ដែលពាក្យសាមញ្ញគឺ គឺបុគ្គល អ្នកបម្រើការ ឬអ្នកធ្វើការដែលទទួលប្រាក់ឈ្នួល។ ឥឡូវនេះ ខ្ញុំនឹងបែរទៅមើលសេចក្តីសន្យាវិជ្ជមានវិញម្ដង ហើយសេចក្តីសន្យាមួយនេះ ខ្ញុំបានជួបពិតៗ នៅក្នុងបទពិសោធន៍របស់ខ្ញុំផ្ទាល់។ សេចក្តីសន្យានេះ ចែងនៅក្នុងរ៉ូម ១៤:១៧-១៨:
ដ្បិតព្រះរាជ្យរបស់ព្រះមិនមែនជារឿងស៊ីផឹកនោះទេ គឺជាសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរ នៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។ អ្នកណាដែលបម្រើព្រះគ្រីស្ទតាមរបៀបនេះ អ្នកនោះបានជាទីគាប់ព្រះហឫទ័យដល់ព្រះ ហើយមនុស្សក៏គោរពរាប់អានដែរ។
សូមកត់សម្គាល់អ្វីដែលជារាជ្យរបស់ព្រះ។ រាជ្យរបស់ព្រះ មិនមែនជាបណ្ដុំវិន័យ ដែលតម្រូវឲ្យលោកអ្នកត្រូវបរិភោគអ្វី ឬផឹកអ្វី ឬកន្លែងណាដែលលោកអ្នកចូលរួមសប្បាយនោះទេ ក៏មិនមែនជាប្រភេទនៃវិន័យតឹងរឹងខាងសាសនានោះដែរ។ ព្រះរាជ្យរបស់ព្រះ មិនមែនជារឿងបែបនោះទេ។ តាមពិត ខ្ញុំរកឃើញថា ក្រឹត្យវិន័យខាងសាសនា ច្រើនតែបង្វែរមនុស្សដែលមិនមែនជាគ្រិស្ទបរិស័ទឲ្យដើរចេញ។ បែបនោះ មិនទាក់ទាញចិត្តពួកគេសោះ តែជាការដែលច្រានគេទៅវិញ។ ប៉ុន្ដែ ជីវិតពិតរបស់គ្រិស្តបរិស័ទ គឺជារឿងសេចក្តីសុចរិត សេចក្ដីសុខសាន្ត និងអំណរនៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។ បើគ្មានព្រះវិញ្ញាណបរិសុទ្ធទេ នោះមិនអាចកើតឡើងបានឡើយ។
បន្ទាប់មក សូមកត់សម្គាល់អំពីអ្វីដែលលោកប៉ូលមានប្រសាសន៍អំពីមនុស្សដែលកំពុងបម្រើព្រះ ដោយសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។ អ្នកនោះកំពុងតែគាប់ព្រះហឫទ័យព្រះ ហើយទទួលការបានការរាប់អានពីមនុស្សគ្រប់គ្នា។ អាចនិយាយបានថា មនុស្សនឹងទទួលស្គាល់គុណភាពជីវិតរបស់អ្នកនោះ ហើយបើទោះជាមានការមិនពេញចិត្ត ក៏ពួកគេរាប់អានអ្នកនោះដែរ។ ឥឡូវនេះ ខ្ញុំអាចនិយាយយ៉ាងពិតប្រាកដថា ខ្ញុំបានជួបការនេះនៅក្នុងបទពិសោធន៍របស់ខ្ញុំដោយផ្ទាល់។
នៅក្នុងសង្គ្រាមលោកលើកទី២ ខ្ញុំជាទាហានម្នាក់នៅក្នុងកងទ័ពអង់គ្លេស (នេះជាប្រសាសន៍របស់លោក ដេរេកព្រិនស៍) ហើយក្រោយពេលដែលខ្ញុំបាននៅក្នុងជួរទ័ពមិនដល់មួយឆ្នាំផង ខ្ញុំបានជួបបទពិសោធន៍មួយដ៏អស្ចារ្យ គឺខ្ញុំបានប្រែចិត្តមកទទួលជឿព្រះយេស៊ូគ្រិស្ទ។ ជីវិតរបស់ខ្ញុំទាំងមូលបានផ្លាស់ប្រែយ៉ាងអស្ចារ្យភ្លាម ហើយជារៀងរហូត។ ពួកទាហានដែលជាគូកនរបស់ខ្ញុំ គេយល់មិនដល់អំពីការផ្លាស់ប្រែ ដែលពួកគេបានឃើញនៅក្នុងខ្ញុំទេ។ មុនដំបូងពួកគេនិយាយថា៖ “គាត់ហ្នឹងស៊ប់នឹងសាសនាហើយ”។ ពេលនោះ ខ្ញុំក៏កែសម្ដីគេថា៖ “ទេ មិនមែនជារឿងសាសនាទេ គឺព្រះបានសង្គ្រោះខ្ញុំមែន” ប៉ុន្តែ ពួកគេអត់យល់ ហើយគេក៏មិនចូលចិត្ត។ តែទោះជាយ៉ាងនោះក៏ដោយ ព្រះទ្រង់ប្រទានព្រះគុណដល់ខ្ញុំ ឲ្យខ្ញុំរស់នៅក្នុងជីវិតបែបនោះ ដែលស្របគ្នាទៅនឹងអ្វីដែលខ្ញុំបាននិយាយ អំពីបទពិសោធន៍របស់ខ្ញុំ។ ខ្ញុំបានកត់សម្គាល់ថា មួយរយៈក្រោយមក ខ្ញុំក៏ចាប់ផ្ដើមទទួលបានការគោរពស្រឡាញ់ពីអ្នកទាំងនោះ។ ការមួយដែលខ្ញុំបានរកឃើញ គឺកុំបង្ខូចជំនឿរបស់លោកអ្នក នៅពេលលោកអ្នកចាប់ផ្ដើមជួបស្ថានភាពថ្មីណាមួយបែបនោះឡើយ។ ឧទាហរណ៍ ប្រសិនបើខ្ញុំរើទៅទីតាំងថ្មីណាមួយ នៅយប់ដំបូង ខ្ញុំនឹងលុតជង្គង់នៅក្បែរគ្រែរបស់ខ្ញុំ ហើយពោលពាក្យអធិស្ឋាន។ មិនមែនដោយព្រោះតែខ្ញុំគិតថា ការអធិស្ឋានដោយលុតជង្គង់មានសារៈសំខាន់នោះទេ ប៉ុន្តែគឺដោយព្រោះខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នានៅក្នុងបន្ទាយនោះដឹងថា តើខ្ញុំពឹងអាងលើអំណាចអ្វី។ ទោះជាដំបូង មានការមិនស្រួលចិត្ត និងមានការស្ទាក់ស្ទើក៏ដោយ ក៏នៅទីបំផុត ខ្ញុំឃើញថា ទាហានទាំងនោះបានគោរពខ្ញុំ។ ក្រោយមកទៀត នៅពេលដែលយើងបានជួបស្ថានភាពគ្រោះថ្នាក់នៅវាលខ្សាច់អាហ្វ្រិកខាងជើង គឺនៅពេលមួយ កងអនុសេនាធំរបស់យើងត្រូវបានកាត់ផ្ដាច់ នៅខាងក្រោយខ្សែត្រៀមរបស់សត្រូវ (ដែលរឿងបែបនេះងាយនឹងកើតឡើងនៅក្នុងសង្គ្រាមលើវាលខ្សាច់) ទាហានខ្លះដែលតែងតែពោលពាក្យប្រមាថដល់ព្រះ បានចូលមកជួបខ្ញុំដោយសម្ងាត់ ហើយគេនិយាយថា៖ “លោកកាប៉ូរ៉ាល់ព្រីនស៍ ខ្ញុំអរណាស់ដែលមានលោកនៅជាមួយពួកយើង។ នេះអាចនិយាយបានថា គេមានទំនុកចិត្ត ទុកដូចជាខ្ញុំនេះជាប្រភេទនៃគោលនយោបាយការធានារ៉ាប់រងដល់គេ ព្រោះគេដឹងថា ព្រះទ្រង់គង់ជាមួយខ្ញុំ ហើយបើព្រះទ្រង់គង់ជាមួយខ្ញុំមែន នោះច្បាស់ជាមានអ្វីម្យ៉ាងប៉ះពាល់ដល់គេ ហើយប្រាកដណាស់ ការនោះកើតឡើងគួរឲ្យកត់សម្គាល់មែន។ កងអនុសេនាធំរបស់យើង មានកំណត់ត្រាមួយដែលគួរឲ្យកត់សម្គាល់ អំពីសុវត្ថិភាព និងការការពារ នៅអំឡុងពេលដែលខ្ញុំនៅជាមួយពួកគេ នៅវាលខ្សាច់នោះ។ សូមថ្វាយព្រះពរដល់ព្រះ។
ដូច្នេះ មានគំរូមួយអំពីរបៀបដែលបម្រើព្រះតាមរបៀបត្រឹមត្រូវ អាចធ្វើឲ្យលោកអ្នកទទួលបានការគោរពរាប់អាន និងការកោតសរសើរពីមនុស្ស ទោះជាពួកគេមិនចង់ចូលរួមនៅក្នុងជំនឿរបស់លោកអ្នកក៏ដោយ។ នៅក្នុងព្រះគម្ពីរក៏មានកន្លែងផ្សេងទៀតបានបញ្ជាក់ប្រាប់ពីសេចក្តីនេះដែរ។ ដូចជានៅក្នុងសុភាសិត ៣:១ និងខ៤ ព្រះទ្រង់មានព្រះបន្ទូលថាៈ
១ កូនអើយ ចូរកុំភ្លេចឱវាទយើងឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្ដាំរបស់យើងទាំងប៉ុន្មាន ៤ យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ និងបំណងល្អចំពោះព្រះ ហើយមនុស្សផង
ប្រសិនបើយើងព្រមដើរដោយស្ដាប់បង្គាប់តាមបទបញ្ជារបស់ព្រះ នោះមានសេចក្តីសន្យាថា លោកអ្នកនឹងបានប្រកបដោយគុណនៅចំពោះព្រះ ហើយនៅចំពោះមនុស្ស។ មានន័យថា ព្រះទ្រង់សព្វព្រះហឫទ័យ ហើយមនុស្សក៏រាប់អានលោកអ្នកទៀតផង។
មានគំរូដ៏គួរឲ្យកត់សម្គាល់ខ្លះៗ អំពីមនុស្សដែលបានបញ្ជាក់បង្ហាញពីការនោះ នៅក្នុងប្រវត្តិសាស្ត្រនៃព្រះគម្ពីរ។ លោកយ៉ូសែប បាននៅក្នុងគុក ប៉ុន្តែបទគម្ពីរចែងថាៈ "ព្រះអម្ចាស់ធ្វើឲ្យឆ្មាំគុគ អាណិតមេត្តាដល់គាត់”។ ដានីយែ៉លត្រូវជាប់ជាឈ្លើយនៅបាប៊ីឡូន ប៉ុន្តែព្រះគម្ពីរចែងថាៈ “ព្រះទ្រង់ប្រោសប្រទានឲ្យដានីយែ៉លបានប្រកបដោយគុណ និងសេចក្ដីស្រឡាញ់របស់ចៅហ្វាយនោះ”។ អាចនិយាយបានថា មិនថាលោកអ្នកនៅកន្លែងណានោះទេ ប្រសិនបើលោកអ្នកដើរជាមួយព្រះបានត្រឹមត្រូវ ហើយគាប់ព្រះហឫទ័យព្រះអង្គ នោះព្រះនឹងប្រោសប្រទានឲ្យលោកអ្នកបានប្រកបដោយគុណនៅចំពោះមនុស្ស។
ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះបានដល់ទីបញ្ចប់ហើយ។ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមម៉ោងពេលដដែល។ វគ្គក្រោយ ខ្ញុំនឹងជម្រាបជូនលោកអ្នកអំពីសេចក្តីសន្យាខ្លះនៅក្នុងព្រះបន្ទូលរបស់ព្រះ ដែលទាក់ទងទៅនឹងការជ្រើសរើសមួយដ៏សំខាន់ ដែលបុរស ឬស្ដ្រី ត្រូវជ្រើសរើស គឺការជ្រើសរើសដៃគូជីវិត ជាប្ដី ឬជាប្រពន្ធ។
Código: RP-R025-103-KHM










