របៀបរីករាយនឹងចិត្តសុខសាន្តពិតប្រាកដ

ដេរេក ព្រីនស៍
Published: 1979
Last Updated: septiembre de 2026
Read Time: 9
សេចក្ដីសុខសាន្តក្នុងចិត្តចាប់ផ្ដើមពីការមានសន្តិភាពជាមួយព្រះជាម្ចាស់ តាមរយៈជំនឿលើព្រះយេស៊ូវគ្រីស្ទ។ លោក Derek Prince បង្រៀនថា សេចក្ដីសុខសាន្តរបស់ព្រះនឹងការពារចិត្តគំនិតរបស់អ្នកជឿ នៅពេលដែលពួកគេលះបង់ការខ្វល់ខ្វាយ អធិស្ឋានដោយអំណរគុណ និងផ្ដោតលើអ្វីដែលពិត បរិសុទ្ធ និងគួរឱ្យសរសើរ។
Transcript
យើងបានជួបគ្នាជាថ្មីម្តងទៀតហើយនៅថ្ងៃនេះ ហើយខ្ញុំនឹងចែកចាយជាមួយលោកអ្នកអំពីគន្លឹះសំខាន់ ខ្លះសម្រាប់ការរស់នៅប្រកបជោគជ័យ ដែលព្រះបានដាក់នៅក្នុងដៃខ្ញុំ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនជាច្រើន ឆ្នាំ និងតាមរយៈកិច្ចការបម្រើព្រះអង្គ ។
ម្សិលម៉ិញ ខ្ញុំបានដោះស្រាយបញ្ហាជំងឺផ្លូវចិត្ត ។ ខ្ញុំបានពន្យល់អំពីរបៀបដែលទទួលបានការដោះខ្លួនឲ្យរួច ពីប្រភេទនៃវិបត្តិបែបនោះ ។ ប្រធានបទរបស់ខ្ញុំនៅថ្ងៃនេះ ជាធម្មតាគឺបន្តពីប្រធានបទមុន ហើយប្រធានបទ នេះគឺ "របៀបរីករាយនឹងចិត្តសុខសាន្តពិតប្រាកដ" ។ ប្រធានបទទាំងពីរនេះ គឺស៊ីគ្នា ដូចជាកាក់ដែលមានផ្នែកសងខាង ម្ខាងអវិជ្ជមាន និងម្ខាងទៀតវិជ្ជមាន ។ របៀបទទួលការដោះលែងចេញពីជំងឺផ្លូវចិត្ត គឺជាផ្នែក អវិជ្ជមាន ឯរបៀបរីករាយនឹងចិត្តសុខសាន្តពិតប្រាកដ គឺជាផ្នែកវិជ្ជមាន ។ សូមចាំនៅក្នុងគំនិតថា យើងត្រូវការ ទាំងភាពវិជ្ជមាន ទាំងភាពអវិជ្ជមាន ។
មានប្រភេទនៃលក្ខខណ្ឌមួយសម្រាប់គំនិតដែលនៅទំនេរស្អាត ហើយជាញឹកញាប់បំផុត ប្រសិនបើយើង នៅតែទុកឲ្យនៅទំនេរស្អាតយូរពេក នោះអំណាចនៃវិញ្ញាណអាក្រក់វានឹងប្រជ្រៀតចូលមក ហើយក៏ចូលមក គ្រប់គ្រងលើគំនិតរបស់យើងវិញ ។ ដូច្នេះ ផ្នែកដ៏សំខាន់មួយដើម្បីការពារយើង គឺត្រូវឲ្យគំនិតរបស់យើងហ៊ុមព័ទ្ធ ដោយសេចក្តីសុខសាន្តរបស់ព្រះ ។ នេះជាអ្វីដែលសញ្ញាថ្មីបង្រៀនយើងយ៉ាងច្បាស់ ។
ជាដំបូង យើងត្រូវដឹងថា យើងមានសន្តិភាព (គឺយើងមានសេចក្តីសុខសាន្ត) ជាមួយព្រះហើយ ។ គ្មានសេចក្តីសុខសាន្តណាដែលពិតប្រាកដ ឬស្ថិតស្ថេរនោះទេ ដរាបណាគ្មានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះដ៏មាន ព្រះចេស្តាចំផុត ។ បទគម្ពីរចែងនៅក្នុងទំនាយរបស់លោកអេសាយថា: គ្មានសេចក្តីសុខសោះដល់មនុស្ស អាក្រក់” ។ សម្រាប់អស់អ្នកដែលបះបោរ ឬប្រឆាំងនឹងព្រះ សម្រាប់អស់អ្នកដែលរស់នៅជាជីវិតមិនចុះចូលនឹង ក្រឹត្យវិន័យ និងលក្ខខណ្ឌរបស់ព្រះ គឺគ្មានសេចក្តីសុខសាន្ត គ្មានផ្លូវណាឲ្យមនុស្សបែបនោះ អាចមានសេចក្តីសុខ សាន្តបានឡើយ ។ ដូច្នេះហើយ មុនដំបូងយើងត្រូវឲ្យប្រាកដថា យើងបានជាមេត្រីជាមួយព្រះ ។ លោកប៉ុលថ្លែងនៅក្នុងគម្ពីររ៉ូម ៥:១ ថា៖
១ ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិតដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹង ព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ
នៅក្នុងខ១១ លោកថ្លែងថា តាមរយៈព្រះយេស៊ូ យើងបានទទួលបានភាពជាមេត្រី ឬជានាជាមួយព្រះវិញ ហើយ ។ ពាក្យ “ជាមេត្រី” ចង្អុលបង្ហាញថា ត្រូវការឲ្យមានការផ្សះផ្សាឲ្យបានជានានឹងគ្នាឡើងវិញ ។ តាម រយៈជីវិតរបស់យើងដែលមាននិស្ស័យខាងសាច់ឈាម និងអំពើបាប នោះឈ្មោះថា យើងកំពុងមានចម្បាំង ជាមួយនឹងព្រះដ៏មានគ្រប់ព្រះចេស្តា ។ យើងមិនបានចុះចូលនឹងបញ្ញត្តិ និងលក្ខខណ្ឌរបស់ព្រះអង្គ ហើយយើង មិនរស់នៅជាជីវិតដែលថ្វាយសិរីល្អដល់ព្រះ ដូច្នេះហើយ យើងត្រូវតែប្រែចិត្ត ហើយយើងត្រូវទទួលយកការផ្សះផ្សាដែលព្រះបានប្រទានមកយើង តាមរយៈព្រះយេស៊ូ ដើម្បីឲ្យយើងបានជានានាជាមួយព្រះអង្គ ។ ព្រោះ នៅលើឈើឆ្កាង ព្រះយេស៊ូបានទទួលយកអំពើបាប និងការបះបោររបស់យើង គឺទោសនៃអំពើបាបទាំងនោះ របស់យើង បានធ្លាក់លើព្រះអង្គ ហើយព្រះអង្គបានបង់ថ្លៃដោយពេញថ្លៃ និងជាការបង់ថ្លៃទោសចុងក្រោយ បំផុត សម្រាប់អំពើបាបរបស់យើង តាមរយៈការសុគតរបស់ព្រះអង្គ ។ ដូច្នេះ យើងបានជាមេត្រីនឹងព្រះហើយ តាមរយៈការសុគតរបស់ព្រះយេស៊ូ ។
ដើម្បីឲ្យជាមេត្រីនឹងព្រះ និងដើម្បីទទួលបានសេចក្តីសន្យានៃការអត់ទោសមកពីព្រះ លោកប៉ុលថ្លែងថា យើងរាល់គ្នាបានរាប់ជាសុចរិត ដោយសារជំនឿ ហើយយ៉ាងនោះឯងដែលយើងមានសេចក្ដីសុខសាន្តជាមួយព្រះ នៅពេលនេះ តាមរយៈព្រះអម្ចាស់យេស៊ូគ្រីស្ទនៃយើង។ ពាក្យ "រាប់ជាសុចរិត" ជាពាក្យមួយដ៏សំខាន់។ ពាក្យនេះ អាចបកប្រែថា “យើងត្រូវបានរាប់ថាជាមនុស្សសុចរិត” ។ ដោយព្រោះយើងជឿដល់ព្រះយេស៊ូ និង ការសុគតរបស់ព្រះអង្គជំនួសយើង សេចក្ដីសុចរិតរបស់ព្រះអង្គបានបញ្ចូលមកក្នុងយើង ឬរាប់បញ្ចូលមកក្នុង យើង ដោយសំអាងលើជំនឿរបស់យើង ។ និយមន័យនៃពាក្យ«រាប់ជាសុចរិត» ដែលខ្ញុំផ្ទាល់ចូលចិត្តបំផុតនោះ គឺ «ដូចជាខ្ញុំមិនដែលបានធ្វើបាបសោះ» ។ នេះជារឿងវិសេសបំផុត ចុះសម្រាប់លោកអ្នកវិញ? នៅពេល ដែលព្រះរាប់ខ្ញុំជាសុចរិត ដោយសារសេចក្តីសុចរិតរបស់ព្រះយេស៊ូ នោះខ្ញុំជាមនុស្សសុចរិតហើយ ។ នេះមិន មែនដោយសារសេចក្តីសុចរិតរបស់ខ្ញុំផ្ទាល់ទេ តែគឺដោយសារសេចក្តីសុចរិតរបស់ព្រះអង្គវិញ ។ សូមចាំក្នុងគំនិតថា សេចក្តីសុចរិតរបស់ព្រះយេស៊ូ គ្មានបាបសោះ ហើយគ្មានទោសសោះ ។ មូលហេតុតែមួយគត់ ដែលព្រះអង្គ បង់ថ្លៃការជាប់ទោស គឺថា ព្រះអង្គបានបង់ថ្លៃនោះជំនួសយើង ព្រោះព្រះអង្គគ្មានទោសដែលត្រូវបង់ថ្លៃសម្រាប់ អង្គទ្រង់ទេ ។ ដូច្នេះ សូមគិតពីពាក្យ រាប់ជាសុចរិត ។ សូមប្រាប់ខ្លួនឯងថា៖ “ព្រះបានរាប់ខ្ញុំជាសុចរិត ទុក ដូចជាខ្ញុំមិនដែលធ្វើបាបសោះ ។ ខ្ញុំមានសេចក្តីសុខសាន្តជាមួយព្រះហើយ ព្រះទ្រង់មិនប្រកាន់ទោសខ្ញុំទៀតទេ ខ្ញុំបានទទួលការលើកលែងទោសរួចហើយ” ។
នេះជាគ្រឹះដ៏សំខាន់សម្រាប់សេចក្តីសុខសាន្តផ្លូវចិត្ត ។ កាលបើយើងដឹងសេចក្តីនេះ គឺដែលយើងមានព្រះ កាន់ខាងយើង នោះនឹងធ្វើអ្វីៗទាំងអស់ក្នុងជីវិតរបស់យើង មិននៅដដែលទៀតឡើយ ។
លោកប៉ុលបន្តនៅក្នុងគម្ពីររ៉ូម ៨:៣១–៣២ ដោយនិយាយជំនួសពួកយើងដែលបានទទួលការផ្សះផ្សា និងជាអ្នកដែលជឿថា យោងតាមបទគម្ពីរ យើងបានរាប់ជាសុចរិតហើយ ។ លោកប៉ុលថ្លែងថា:
៣១ ដូច្នេះ តើយើងត្រូវនិយាយដូចម្ដេចពីសេចក្ដីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណា អាចទាស់នឹងយើងបាន? [នោះជាសំណួរមួយដ៏ល្អ តើនរណាអាចទាស់នឹងយើងបាន បើព្រះទ្រង់កាន់ខាងយើងហើយនោះ? អ្នកខ្លះ សម្ដែងចេញបែបនេះថា: មនុស្សម្នាក់បូកជាមួយនឹងព្រះ គឺបានចំនួនភាគច្រើន ក្នុងគ្រប់ស្ថានភាពទាំងអស់ ។ លោកប៉ុលបន្តថា:] ៣២ ព្រះអង្គដែលមិនបានសំចៃទុកព្រះរាជបុត្រាព្រះអង្គផ្ទាល់ គឺបានលះបង់ព្រះរាជបុត្រាសម្រាប់យើង រាល់គ្នា តើទ្រង់មិនប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះរាជបុត្រាព្រះអង្គដែរទេឬ? (RKOV)
ដូច្នេះ ដោយព្រោះព្រះទ្រង់ព្រមប្រទានព្រះយេស៊ូ ដែលជាសម្បត្តិដ៏មានតម្លៃបំផុតរបស់ព្រះអង្គ គឺជា ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គមកយើង នោះយើងដឹងថា សេចក្តីស្រឡាញ់បែបនោះ នឹងមិនបង្ខាំងអ្វីដែល ល្អសម្រាប់យើង ឬអ្វីដែលយើងត្រូវការនោះឡើយ ។ បើព្រះទ្រង់ព្រមលះបង់ព្រះយេស៊ូសម្រាប់យើងទៅហើយ នោះព្រះអង្គក៏មិនបង្ខាំងអ្វីដែលល្អសម្រាប់យើងនោះដែរ ។ ព្រះកាន់ខាងយើង ។ ព្រះអង្គសម្រាប់យើង ។ ទ្រព្យសម្បត្តិនៅស្ថានសុគ៌ គឺទុកសម្រាប់យើងតែប៉ុណ្ណោះ ។ នោះហើយជាគ្រឹះនៃចិត្តសុខសាន្ត ។ នៅពេលដែល យើងយល់ច្បាស់ដោយជំនឿថា យើងបានជាមេត្រីជាមួយព្រះហើយ យើងបានរាប់ជាសុចរិតហើយ យើងបាន រាប់ជាសុចរិតដោយនូវសេចក្តីសុចរិតរបស់ព្រះយេស៊ូហើយ នោះយើងអាចនិយាយបានថា៖ “បានរាប់ជា សុចរិត ទុកដូចជាមិនដែលបានធ្វើបាបសោះ” ពេលនោះ យើងអាចទទួលបានការផ្គត់ផ្គង់ដ៏ពេញលេញជាបរិបូរ របស់ព្រះ សម្រាប់សេចក្តីសុខសាន្តនៅក្នុងចិត្តរបស់យើង ។
ការផ្គត់ផ្គង់នេះបានបញ្ជាក់យ៉ាងច្បាស់ ដូចនៅកន្លែងឯទៀតៗដែលខ្ញុំដឹងដោយសារលោកប៉ុល នៅក្នុង គម្ពីរភីលីព ៤:៦–៨ ។ លោកប៉ុលថ្លែងដូច្នេះថា:
៦ កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំង អស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង ។ ៧ យ៉ាងនោះ សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយ និងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
សូមកត់សម្គាល់ឃ្លាដ៏សំខាន់នេះ «សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយ ការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ» ។ សេចក្តីនេះស្របគ្នានឹងអ្វីដែលខ្ញុំបាន និយាយអំពីគ្រោះថ្នាក់នៃភាពនៅទំនេរស្អាត ។ លោកអ្នកមិនអាចទុកឲ្យគំនិតរបស់លោកអ្នកនៅទំនេរស្អាតបាន ទេ ព្រោះប្រសិនបើលោកអ្នកធ្វើបែបនោះមែន នោះឥទ្ធិពលនៃសម្ពាធអាក្រក់នឹងចូលមក ។ លោកអ្នកត្រូវតែ បំពេញគំនិតដោយសេចក្តីសុខសាន្តរបស់ព្រះ ហើយសេចក្តីសុខសាន្តរបស់ព្រះ នឹងយាមការពារគំនិតរបស់លោក អ្នក ។ ពាក្យក្រិកមានន័យថា “ដាក់ទ័ពការពារគំនិតរបស់អ្នក” ហ៊ុមព័ទ្ធគំនិតរបស់លោកអ្នក ដើម្បីកុំឲ្យសម្ពាធ វិញ្ញាណអាក្រក់ ឬឥទ្ធិពលដែលនាំឲ្យឈឺចាប់ អាចរកផ្លូវចូលមកក្នុងគំនិតរបស់យើងបាន ។ បន្ទាប់មក លោកប៉ុលបន្តនៅក្នុងខបន្ទាប់ថា:
៨ មួយទៀត បងប្អូនអើយ ឯសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែល សុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើ មានគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ
មែន យើងបានមើលទៅឯសេចក្តីសន្យាដ៏ល្អនោះរួចហើយគឺ “សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើស ពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ” ។ ប៉ុន្តែ សូមចាំថា ដើម្បីនឹងប្រកាសយកសេចក្តីសន្យានេះបាន យើងត្រូវបំពេញលក្ខខណ្ឌទាំងនេះសិន ។ ដូច្នេះ ឥឡូវនេះសូមយើង មើលទៅកាន់លក្ខខណ្ឌទាំងនោះ ។ លក្ខខណ្ឌទីមួយ គឺលះបង់ភាពខ្វល់ខ្វាយពោលទៅ គឺ “កុំខ្វល់ខ្វាយអ្វីឡើយ” ។ រាល់ពេលដែលសេចក្តីខ្វល់ខ្វាយចូលមកកាន់គំនិតលោកអ្នក ត្រូវប្រកែកនឹងវា ហើយឆ្លើយទៅវាថា “ខ្ញុំជា មនុស្សដែលព្រះរាប់ជាសុចរិតហើយ គឺទុកដូចជាមិនដែលបានធ្វើបាបសោះ ។ ព្រះទ្រង់មិនប្រកាន់ទោសទាស់នឹងខ្ញុំទេ ។ ខ្ញុំមានសន្តិភាពជាមួយព្រះហើយ ។ ព្រះកាន់ខាងខ្ញុំ ។ ធនធានទាំងអស់របស់ព្រះ គឺសម្រាប់ខ្ញុំជានិច្ច ។ ខ្ញុំមិនព្រមខ្វល់ព្រួយទៀតទេ» ។ គ្មានហេតុអ្វីដែលយើងត្រូវខ្វល់ព្រួយទេ នៅពេលដែលយើងជឿច្បាស់បែប នោះ ។ ដូច្នេះ លក្ខខណ្ឌទីមួយគឺ បោះបង់ភាពខ្វល់ខ្វាយ ។
លក្ខខណ្ឌទីពីរគឺ ទូលដល់ព្រះក្នុងគ្រប់ការទាំងអស់ ។ លោកអ្នកប្រហែលនៅចាំបទបម្រៀងទំនុកតម្កើងមួយណា ដែលច្រៀងថា
យើងខ្ញុំតែងតែខានមានសុខសាន្ត ហើយមានចិត្តព្រួយកង្វល់បារម្ភ គឺពីព្រោះតែភ្លេចអធិស្ឋាន សូមពរពីព្រះអង្គឧត្តម ។
ជាច្រើនដង យើងគ្មានសេចក្តីសុខក្នុងចិត្ត គឺដោយសារតែយើងមិនអធិស្ឋាន ។ យើងជួបបញ្ហា ឬស្ថាន ភាពណាមួយ យើងព្យាយាមដោះស្រាយរឿងនោះតាមកម្លាំងធនធានរបស់យើងដោយគ្មានការអធិស្ឋាន ហើយ យើងមិនបែរទៅរកព្រះដើម្បីសុំប្រាជ្ញារបស់ព្រះអង្គ និងធនធានរបស់ព្រះអង្គដែលមានសម្រាប់យើង នៅពេល ណាដែលយើងអធិស្ឋាន ។
លក្ខខណ្ឌទីបីគឺ អរព្រះគុណជានិច្ច ។ ចំណុចនេះមានសារសំខាន់ខ្លាំងណាស់ ។ ត្រឹមតែអធិស្ឋានមិនទាន់ គ្រប់គ្រាន់ទេ យើងត្រូវអធិស្ឋានទៅព្រះ ទាំងអរព្រះគុណ ។ ជាទូទៅ ចិត្តអរព្រះគុណ ជាចិត្តសុខសាន្ត ប៉ុន្តែ មនុស្សអកតញ្ញា ពិតជាមិនអាចស្គាល់ការពិត និងសេចក្តីសុខសាន្តដ៏ស្ថិតស្ថេរបានទេ ។ ការរមិលគុណ ផ្ទុយគ្នាទាំងស្រុងទៅនឹងនិស្ស័យរបស់ព្រះ ។
លក្ខខណ្ឌទីបួនគឺ គិតអំពីសេចក្តីដែលត្រឹមត្រូវ ។ លោកប៉ុលប្រាប់យើងអំពីអ្វីដែលជាសេចក្តីត្រឹមត្រូវ ។ ខ្ញុំ សូមចូលទៅកាន់បញ្ជីរបស់គាត់ម្តងទៀតគឺ សេចក្តីណាដែលពិត ។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ ដែលព្រោះតែ ការខ្លះវាជារឿងពិតនោះ គឺយើងមិនត្រូវគិតអំពីរឿងបែបនោះទេ ។ យើងមិនត្រូវគិតអំពីកំហុសរបស់មនុស្ស ភាពបរាជ័យ ទោះបើរឿងនោះអាចជាការពិតក៏ដោយ ផ្ទុយទៅវិញ ក្នុងចំណោមការពិតទាំងអស់នោះ ត្រូវ គិតអំពីគុណសម្បត្តិពិតជាច្រើន ជាសេចក្តីណាដែលគួរសរសើរ សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ និងសេចក្តីណាដែលមានឈ្មោះល្អ ហើយប្រសិនបើមានភាពឧត្តម ប្រសិនបើ មានអ្វីមួយសក្តិសមនឹងសរសើរ ចូរឲ្យគំនិតរបស់លោកអ្នកពិចារណាអំពីសេចក្តីទាំងនេះចុះ ។ លោកអ្នកមាន អំណាចនឹងផ្តោតគំនិតលោកអ្នកទៅលើអ្វីដែលលោកអ្នកចង់ ។ លោកអ្នកអាចផ្តោតគំនិតទៅលើការអាក្រក់ និងការអវិជ្ជមាន ហើយលោកអ្នកក៏អាចផ្តោតគំនិតទៅលើការល្អ និងការដែលស្អាងឡើង ។
បន្ទាប់មក ប្រសិនបើលោកអ្នកនៅតែមានបញ្ហា ចូរទូលសុំអន្តរាគមន៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមចាំថា លោកអ្នកអាចទូលសុំឲ្យព្រះអង្គជួយលោកអ្នក ។ ខ្ញុំសូមលើកឧទាហរណ៍ពន្យល់ពីការនេះ មុននឹងបញ្ចប់ ជា ឧទាហរណ៍ដ៏សាមញ្ញអំពីធម្មជាតិ ។ នៅក្នុងប្រទេសជាច្រើន (ជាពិសេស ខ្ញុំគិតអំពីប្រទេសអេស៊ីព្វ) មានបក្សី ពីរប្រភេទ គឺមួយប្រភេទស៊ីសាច់រលួយ និងមួយប្រភេទទៀតស៊ីសាច់ស្រស់ ។ បក្សីពីរប្រភេទនេះ រកអ្វីដែលវា ត្រូវការតែប៉ុណ្ណោះ ដូចគ្នានឹងការពិតអំពីគំនិតរបស់យើងដែរ ។ យើងអាចចិញ្ចឹមគំនិតរបស់យើងដោយចំណី រលួយ ឬក៏យើងអាចចិញ្ចឹមគំនិតរបស់យើង ដោយចំណីស្រស់ ។ យើងនឹងរកអ្វីដែលយើងត្រូវការតែប៉ុណ្ណោះ ។ ប៉ុន្តែប្រសិនបើលោកអ្នករកភាពវិជ្ជមាន សេចក្តីល្អ ការស្អាងជំនឿ ការស្អាងចិត្ត នោះលោកអ្នកនឹងរកបាន ។
យើងចូលដល់ទីបញ្ចប់ហើយ ហើយខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីម្តងទៀតនៅវគ្គក្រោយ ។ វគ្គក្រោយ ខ្ញុំ នឹងបន្តជាមួយគោលសំខាន់ដដែលនេះ គឺ "ការរស់នៅលើទឹកដីនៃសេចក្តីសន្យារបស់ព្រះ" ។ នៅក្នុងគម្ពីរយ៉ូស្វេ ១៣:១ ព្រះអម្ចាស់បានរំឭកលោកយ៉ូស្វេថា៖ "...នៅសល់ស្រុកច្រើនណាស់ដែលត្រូវចាប់យក" ។ នេះដូចគ្នាដែរ សម្រាប់យើងសព្វថ្ងៃ នៅពេលដែលយើងរុករកសម្បត្តិដ៏វិសេសៗ នៅក្នុងទឹកដីនៃសេចក្តីសន្យារបស់ព្រះ ។ សេចក្តីសន្យាដែលខ្ញុំនឹងបង្ហាញជូននៅវគ្គក្រោយ ទាក់ទងនឹងប្រាជ្ញា នៅក្នុងទម្រង់ជាក់ស្តែងជាច្រើន រួមមាន ការរកដៃគូជីវិតត្រឹមត្រូវ និងការដោះស្រាយបញ្ហារបស់កូនៗ ។
Código: RP-R024-105-KHM










