វិសេសណាស់ដែលយើងបានជួបគ្នាជាថ្មីម្តងទៀតនៅថ្ងៃនេះ ។ យើងនឹងបន្តជាមួយគ្នាមួយតំណាក់ទៀត ឆ្លងកាត់ទឹកដីនៃសេចក្តីសន្យារបស់ព្រះ ។

ម្សិលម៉ិញ ខ្ញុំបានបកស្រាយជូននូវសំណួរមួយថា “តើធ្វើដូចម្ដេចដើម្បីឲ្យបានត្រឡប់ជាកូនព្រះ?” ថ្ងៃ នេះ ខ្ញុំនឹងបកស្រាយជូននូវបញ្ហាមួយទៀត ក្នុងចំណោមបញ្ហាដែលមនុស្សជួបប្រទះច្រើនជាងគេបំផុតក្នុងជំនាន់ របស់យើង គឺជំងឺផ្លូវចិត្ត ។ ខ្ញុំនឹងចែកចាយប្រាប់លោកអ្នកអំពីរបៀបទទួលការរំដោះឲ្យរួច ពីប្រភេទនៃជំងឺ បែបផ្លូវចិត្តនោះ ។

យើងត្រូវយល់ថា នៅក្នុងវប្បធម៌ និងអរិយធម៌ជំនាន់យើងនេះ យើងទទួលរងសម្ពាធផ្សេងៗជាច្រើន ហើយជានិច្ចកាល សម្ពាធទាំងនោះ ហាក់ដូចជាកើនឡើង មិនដែលថយចុះសោះ។ សម្ពាធទាំងនោះ មាន ច្រើនរហូតដល់រកឈ្មោះដាក់មិនអស់ ប៉ុន្តែ ខ្ញុំសូមលើកយកសម្ពាធខ្លះមកធ្វើជាឧទាហរណ៍ជូនលោកអ្នក ។

ទម្រង់សម្ពាធជាទូទៅមួយ គឺជាសម្ពាធក្រុមមនុស្សរបស់យើងផ្ទាល់ គឺកម្រិតក្នុងវ័យរបស់យើង កម្រិតសង្គមមនុស្សរបស់យើងផ្ទាល់ គឺជាសម្ពាធឲ្យសម្របខ្លួនតាម គឺធ្វើឲ្យដូចអ្នកឯទៀតៗនៅក្នុងក្រុម ។ សម្ពាធបែបនេះ ត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ នៅពេលក្មេងៗរៀននៅសាលាជាមួយគ្នា ។ ក្មេងមាន សម្ពាធមួយ ដែលបង្ខំឲ្យធ្វើអ្វីៗដែលក្មេងដទៃទៀតទាំងអស់កំពុងធ្វើ ។ ឧទាហរណ៍ ក្មេងម្នាក់អាចមានសម្ពាធ បង្ខំឲ្យជក់គ្រឿងសប្បាយ ព្រោះក្មេងដទៃទៀតទាំងអស់គេសុទ្ធតែជក់គ្រឿងនោះ ។ ឬថា ត្រូវតែចេះប្រើពាក្យជេរប្រទេច ឬពាក្យស្មោកគ្រោក ព្រោះក្មេងឯទៀតៗ អ្នកណាក៏គេចេះជេរប្រទេចដែរ ហើយដែលមិន ធ្វើដូចគេ នោះធ្វើឲ្យអ្នកខុសគេតែម្នាក់ឯង ។ ឬថា សម្ពាធមួយទៀតដែលជាទូទៅគឺ ត្រូវតែចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស ខុសគេតែម្នាក់ឯង ។ មើលចុះ គ្រួសារមួយដែលនៅទល់មុខយើង គឺមានរថយន្តថ្មី យើង ត្រូវតែមានរថយន្តថ្មីនឹងគេ ផ្ទះគេមានអាងហែលទឹក ហេតុអ្វីក៏យើងគ្មាននឹងគេ ។ សម្ពាធបែបនេះ មានមិនចេះអស់មិនចេះហើយ ដើម្បីឲ្យបានដូចអ្នកដទៃ និងឲ្យបានស្មើនឹងអ្នកដទៃ ហើយជាញឹកញាប់ ក្នុងរបៀបមួយ ដែលផ្ទុយទៅនឹងលក្ខណៈខាងក្នុងរបស់យើង និងបុគ្គលិកលក្ខណៈពិតប្រាកដផ្ទាល់របស់យើង ។

មានសម្ពាធជាក់ស្តែងមួយទៀត គឺសម្ពាធខាងសេដ្ឋកិច្ច ជាសម្ពាធខំរកឲ្យបានគ្រប់គ្រាន់ដើម្បីបំពេញតាម សេចក្តីប៉ងប្រាថ្នាខាងសម្ភារៈ និងដើម្បីផ្គត់ផ្គង់ឲ្យមានសុវត្ថិភាពខ្លះសម្រាប់វ័យចាស់ ព្រមទាំងធ្វើអ្វីៗដែល មនុស្សធ្វើ ហើយការភាគច្រើននៅក្នុងលំដាប់នោះ គឺគន្លឹះសំខាន់ដើម្បីឲ្យអាចធ្វើការទាំងនេះបាន គឺមានលុយ ។ ដូច្នេះ មានសម្ពាធជាប់ជាបន្តដើម្បីឲ្យបានលុយ ។ ជាទូទៅ មិនថាមនុស្សរកលុយច្រើនប៉ុនណាទេ គឺហាក់ដូច ជានៅតែមិនដែលគ្រប់សោះ ។

បន្ទាប់មក មានសម្ពាធជាទូទៅខ្លះទៀត ។ សម្ពាធដែលចង់រស់ ឧទាហរណ៍ ដូចជាការប្រយទ្ធប្រឆាំងនឹង ជំងឺ ។ មនុស្សជាច្រើនមានលក្ខខណ្ឌរោគវិនិច្ឆ័យដែលមានរយៈពេលខ្លី ឬវែង ដែលបង្ហាញអំពីសេចក្តីស្លាប់នៅ ខាងមុខ ។ ដូច្នេះ លោកអ្នកអាចជាម្នាក់ ក្នុងចំណោមអស់អ្នកដែលកំពុងតយុទ្ធនឹងជំងឺមួយ ដែលរោគវិនិច្ឆ័យ បានបង្ហាញថា ជំងឺនោះនឹងយកជីវិតលោកអ្នក អាចក្នុងរយៈពេលពីរបីខែ ឬអាចក្នុងរយៈពេលពីរបីឆ្នាំ ។ ដូច្នេះ លោកអ្នកហាក់ដូចជាមានសាលក្រមនៃសេចក្តីស្លាប់ ព្យួរនៅពីលើលោកអ្នកជានិច្ច ដែលនេះ ជាទម្រង់មួយនៃសម្ពាធ ។

ឥឡូវនេះ ជាញឹកញាប់ ទាក់ទងជាមួយនឹងសម្ពាធបែបនេះ មានសំឡេងមួយដែលនិយាយមកកាន់គំនិត លោកអ្នក។ ជួនកាល វាចេញមកជាសំឡេងឮ ប៉ុន្តែជាច្រើនដង វាគ្រាន់តែជាសំឡេងនៅខាងក្នុង តែអ្វីៗ ដែលសំឡេងនោះចេញមក អាចបង្កើតចេញជាសាលក្រមដែលច្បាស់ ហើយពិតប្រាកដ ។ ឥឡូវនេះ យើងត្រូវ យល់ថា កន្លែងណាមានសំឡេង កន្លែងនោះមានម្នាក់ដែលនៅខាងក្រោយសំឡេងនោះ ។ នៅក្នុងពិភពលោក នេះ មិនដែលមានសំឡេងណាចេញមកគ្មានអ្នកនិយាយនោះទេ ។ វត្តមាននៃសំឡេង បង្ហាញថាមានវត្តមាន របស់អ្នកនិយាយ ។

ជាច្រើនដង សំឡេងដែលយើងឮនៅក្នុងស្ថានភាពបែបនេះ វាចោទប្រកាន់យើង ឬវាធ្វើឲ្យយើងវេទនា តាមរបៀបណាមួយ ។ ប្រសិនបើសំឡេងដែលចូលមកកាន់គំនិតរបស់យើង ជាសំឡេងចោទប្រកាន់ ឬធ្វើឲ្យ យើងឈឺ នោះយើងដឹងប្រាកដពីការមួយ គឺ: នៅពីក្រោយសំឡេងនោះ មានម្នាក់ ហើយម្នាក់នោះ គឺអារក្សសា តាំង ។ សូមលោកអ្នកចាំក្នុងគំនិតថា សាតាំង ជាមារ វាជាមេចោទប្រកាន់ និងជាអ្នកធ្វើឲ្យយើងឈឺចាប់ ។ នៅ ពេលលោកអ្នកមានសំឡេងចោទប្រកាន់ ដែលរំខាននៅក្នុងគំនិត នៅក្នុងជីវិតរបស់លោកអ្នក ដាក់សម្ពាធ លោកអ្នក ជំរុញលោកអ្នក ចាក់ដោតលោកអ្នក នោះលោកអ្នកដឹងដោយឥតសង្ស័យថា អារក្សកំពុងធ្វើការ នៅក្នុងជីវិតរបស់លោកអ្នកហើយ ។

ខ្ញុំសូមជូនឧទាហរណ៍ដល់លោកអ្នក អំពីទម្រង់ទូទៅនៃការចោទប្រកាន់ និងការរំខានដែលអារក្សនាំមក ទាស់នឹងគំនិតរបស់មនុស្ស ហើយឧទាហរណ៍នីមួយៗដែលខ្ញុំបានជម្រាបជូនលោកអ្នក គឺខ្ញុំបានជួបប្រទះជាច្រើន ដង នៅក្នុងការប្រឹក្សាយោបល់ជាមួយមនុស្សដែលស្ថិតនៅក្រោមសម្ពាធផ្លូវចិត្ត ហើយជួបប្រទះនឹងវិបត្តិផ្លូវចិត្ត ។

ការចោទប្រកាន់ជាទូទៅមួយគឺ ព្រះមិនស្រឡាញ់អ្នកទេ ។ លោកអ្នកមានអារម្មណ៍ឯកោ ហើយកណ្ដោចកណ្ដែង ។ មនុស្សផ្សេងទៀតហាក់ដូចជាអាចទាក់ទងជាមួយព្រះបាន ព្រះហាក់ដូចជាមានផែនការសម្រាប់ ជីវិតមនុស្សឯទៀត តែសម្រាប់លោកអ្នកវិញ ហាក់ដូចជាខុសគេតែម្នាក់ឯង ។

ឬថា “អ្នកឯងបរាជ័យតែរហូតហ្នឹង!” ។ ប្រហែលជាសំឡេងនោះ មិនមែនចូលមកកាន់លោកអ្នក តាម រយៈគំនិតរបស់លោកអ្នកផ្ទាល់ប៉ុណ្ណោះទេ គឺវាអាចមកកាន់លោកអ្នកតាមរយៈមនុស្សម្នាក់ផ្សេងទៀតផង ។ អាចតាមរយៈឪពុកម្ដាយរបស់លោកអ្នក ឬតាមរយៈ ដៃគូជីវិតរបស់លោកអ្នក ។ “អ្នកឯងបរាជ័យតែរហូតហ្នឹង !” “ឯងបរាជ័យច្រើនដងណាស់មកហើយ ហើយមើលទៅហាក់ដូចជាគ្មានជម្រើសអ្វីនៅក្នុងជីវិតសោះ មានតែ បរាជ័យរហូត" ។ សំឡេងនេះកំពុងប្រាប់លោកអ្នកថា លោកអ្នកនឹងបរាជ័យជានិច្ច ។

ឬថា "ឯងវង្វេងស្មារតីហើយ" ។ នៅក្នុងវគ្គប្រឹក្សាយោបល់ ខ្ញុំភ្ញាក់ផ្អើលដែលឃើញមនុស្សច្រើនណាស់ មានសំឡេងដែលនិយាយមកកាន់គេថា "ឯងវង្វេងស្មារតីហើយ" ។ ជាទូទៅ ពាក្យនេះនិយាយអំពីអ្វីមួយដូច្នេះថា "ឯងដឹងហើយតើថា មីងរបស់ឯងបានស្លាប់នៅក្នុងមន្ទីរពេទ្យវិកលចរិត ហើយជីដូនរបស់ឯងក៏កំពុងតែមានអាការៈប្លែក ហើយបន្ទាប់មក តើមានអ្នកណាទៀតក្រៅពីឯងនោះ!” ។ ខ្ញុំ គិតថា ពាក្យបែបនេះ អាចជាពាក្យដែលធ្វើឲ្យមានការឈឺចាប់បំផុត ។

បន្ទាប់មក មានការរំខានដែលទាក់ទងជាមួយនឹងការឈឺចាប់ខាងរូបកាយ គឺជារោគសញ្ញានៃជំងឺ ដូចជា គំនិតឲ្យគិតថា "ការឈឺចាប់បែបហ្នឹង ច្បាស់ជាមកពីជំងឺមហារីក" ។ លោកអ្នកមានការឈឺចាប់ត្រង់ម្ដុំណាមួយ នៅក្នុងពោះ ប្រហែលជាលោកអ្នកមានរោគសញ្ញាផ្សេងៗទៀត ដូចជាការហូរឈាម ហើយលោកអ្នកភ័យពេក មិនហ៊ានទៅជួបវេជ្ជបណ្ឌិត មិនហ៊ានទៅឆ្លុះមើល ឬទៅពិនិត្យមើល ប៉ុន្តែ ទាំងថ្ងៃទាំងយប់ គំនិតបែបនេះ បានបង្កើតជារូបរាងឡើងឥតឈប់ឈរ នៅក្នុងគំនិតលោកអ្នក ហើយលោកអ្នកនៅតែពិចារណាថា៖ “គ្មានអ្វីក្រៅតែ ជំងឺមហារីកទេ គឺជំងឺមហារីកហើយដែលធ្វើឲ្យឈឺចាប់អញ្ចឹង” ។ តាមពិតទៅ លោកអ្នកប្រហែលជាមានជំងឺ បន្តិចបន្តួចមែន ប៉ុន្តែលោកអ្នកទទួលយកការរំខាន ហើយភ័យពេក មិនហ៊ានប្រឈមមុខនឹងការផ្ចាញ់ផ្ចាលរបស់ អារក្សរំខាននោះ ។

ឥឡូវនេះ មានសេចក្តីពណ៌នាមួយនៅក្នុងព្រះគម្ពីរ អំពីបុរសម្នាក់ដែលទទួលរងប្រភេទនៃការរំខានបែប នោះ ហើយគាត់បានសង្ខេបរឿងនោះច្បាស់ៗ ដោយពាក្យពីរបីម៉ាត់ ដែលខ្ញុំចង់ចែកចាយប្រាប់លោកអ្នក ។ បុរសម្នាក់នោះគឺលោកយ៉ូប ហើយពាក្យទាំងនេះ មានចែងនៅក្នុងគម្ពីរយ៉ូប ៣:២៥–២៦។ សូមស្ដាប់អ្វីដែល លោកយ៉ូបពណ៌នា:

២៥ ដ្បិត​សេចក្ដី​ដែល​ខ្ញុំ​ខ្លាច នោះ​បាន​កើត​ដល់​ខ្ញុំ សេចក្ដី​ដែល​នាំ​ឲ្យ​ខ្ញុំ​ភ័យ នោះ​ក៏​មក​ដល់​ខ្ញុំ​ហើយ ២៦ ខ្ញុំ​គ្មាន​សេចក្ដី​សុខ គ្មាន​សេចក្ដី​ក្សេម‌ក្សាន្ត ក៏​គ្មាន​សេចក្ដី​សម្រាក​ឡើយ គឺ​មាន​តែ​សេចក្ដី​ទុក្ខ​ប៉ុណ្ណោះ។

នោះជារឿងពិតនៃមនុស្សជាច្រើនឥតគណនានៅក្នុងអរិយធម៌សម័យកាលរបស់យើងសព្វថ្ងៃ ។ “សេចក្ដី ដែលខ្ញុំខ្លាច នោះបានកើតដល់ខ្ញុំ" ។ លោកអ្នកឃើញទេ សេចក្តីភ័យខ្លាចរបស់លោកអ្នក អាចបើកទ្វារចំហឲ្យ ការដែលលោកអ្នកបានខ្លាចនោះឯង ។ ប្រហែលជាការមួយ ក្នុងចំណោមការដែលធ្វើឲ្យមនុស្សខ្លះកើតជំងឺ មហារីក គឺជាការភ័យខ្លាចនឹងជំងឺមហារីក ។ ប្រាកដហើយ កត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលធ្វើឲ្យ មនុស្សបាត់បង់ស្មារតី គឺគេភ័យខ្លាចបាត់បង់ស្មារតី ។ ដូច្នេះ អារក្សវាប្រើការភ័យខ្លាចជាមធ្យោបាយដើម្បីនាំ យកបញ្ហាផ្សេងៗទៀត មកដាក់លើលោកអ្នកជាបន្តបន្ទាប់ តាមរយៈការភ័យខ្លាច ។ “ដ្បិតសេចក្តីដែលខ្ញុំខ្លាច នោះបានកើតដល់ខ្ញុំ សេចក្តីដែលនាំឲ្យខ្ញុំភ័យ នោះក៏មកដល់ខ្ញុំហើយ ខ្ញុំគ្មានសេចក្តីសុខ គ្មានសេចក្តីក្សេមក្សាន្ត គ្មានសេចក្តីសម្រាកឡើយ គឺមានតែសេចក្តីទុក្ខប៉ុណ្ណោះ” ។ តើនេះជាស្ថានភាពរបស់លោកអ្នកឬទេ? តើស្ថាន ភាពនេះនិយាយអំពីលោកអ្នកឬទេ? ខ្ញុំចង់ឲ្យលោកអ្នកដឹងថា មានថ្នាំបន្សាប ។

ជាដំបូង យើងត្រូវស្គាល់ទ្វារដែលសាតាំងប្រើ ដើម្បីចូលមកក្នុងជីវិតរបស់យើង ។ មានទ្វារច្រើនប្រភេទ ប៉ុន្តែ ខ្ញុំគ្រាន់តែណែនាំប្រាប់លោកអ្នកឲ្យស្គាល់ទ្វារពីរ ដែលមនុស្សជួបប្រទះច្រើនជាងគេ ហើយខ្ញុំបានឃើញជា ច្រើនដងនៅក្នុងវគ្គប្រឹក្សាយោបល់ ។ ទ្វារទីមួយដែលសាតាំងប្រើ គឺការអន់ចិត្ត និងការមិនព្រមអត់ទោស នៅក្នុងខ្លួនរបស់យើង ។ យើងអន់ចិត្ត ហើយមិនព្រមអត់ទោសឲ្យអ្នកដទៃ ជាធម្មតា គឺជាអ្នកដែលជិតស្និទ្ធនឹង យើងបំផុត ។ អាចជាឪពុកម្ដាយ អាចជាប្ដីប្រពន្ធ កូនៗ អ្នកជិតខាង ឬអ្នកបម្រើព្រះនៅក្នុងក្រុមជំនុំ ប៉ុន្ដែជា ធម្មតា គឺជាមនុស្សដែលយើងជិតស្និទ្ធបំផុត ។ បន្ទាប់មក ទ្វារមួយទៀតដែលសាតាំងប្រើជាញឹកញាប់ គឺការ បះបោរ គឺឥរិយាបថនៃបះបោរចំពោះព្រះ ។ ជួនកាល ក៏បះបោរចំពោះសង្គម ចំពោះសិទ្ធិអំណាចរបស់មនុស្ស ប៉ុន្តែ រឿងសំខាន់នោះ វាគឺជាការបះបោរចំពោះព្រះ ជាការបដិសេធមិនព្រមចុះចូលចំពោះអំណាច គ្រប់គ្រងដ៏សុចរិតរបស់ព្រះ ។

ឥឡូវនេះ ថ្នាំបន្សាបដំបូង គឺត្រូវបិទទ្វារនោះ។ ប្រសិនបើទ្វារនោះជាការអន់ចិត្ត និងការមិនព្រម អត់ទោស នោះលោកអ្នកត្រូវតែអត់ទោសចំពោះអ្នកដែលលោកអ្នកអន់ចិត្ត ។ យើងត្រូវតែដាក់ចុះនូវការអន់ ចិត្តនោះ ចិត្តជូរល្វីងនោះ និងចិត្តស្អប់នោះ ។ សូមស្ដាប់សេចក្តីដែលព្រះយេស៊ូមានបន្ទូលនៅក្នុងសេចក្តី អធិស្ឋានរបស់ព្រះអម្ចាស់ គឺនៅក្នុងម៉ាថាយ ៦.១២ – ១៥

សូមអត់ទោសកំហុសរបស់យើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំ ដែរ។

យើងគ្មានសិទ្ធិសុំឲ្យព្រះទ្រង់អត់ទោសយើង លើសពីរង្វាស់ដែលយើងបានអត់ទោសឲ្យអ្នកដទៃនោះ ឡើយ ។ នោះហើយជារង្វាស់ដែលព្រះនឹងអត់ទោសឲ្យយើង ។ ព្រះយេស៊ូវពន្យល់អំពីសេចក្ដីនោះថា:

ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះអំពើរំលង ដែលមនុស្សបានប្រព្រឹត្តនឹងអ្នក ព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះវរបិតារបស់អ្នក ទ្រង់ក៏នឹងមិនអត់ទោស ចំពោះអំពើ រំលងឲ្យអ្នករាល់គ្នាដែរ។ (RKOV)

ដូច្នេះ បើយើងចង់បានការអត់ទោសពីព្រះ យើងត្រូវតែអត់ទោសឲ្យអ្នកដទៃ ។ ព្រះបានដាក់ចុះ លក្ខខណ្ឌបែបនេះ ហើយព្រះអង្គនឹងមិនកែប្រែលក្ខខណ្ឌនេះឡើយ។ សូមចាំថា ការអត់ទោស មិនមែនជា អារម្មណ៍មួយនោះទេ តែជាការសម្រេចចិត្ត ។ ក្នុងន័យម៉្យាង ការអត់ទោស គឺជាការហែកចោលនូវពាក្យ «អ្នក ឯងជំពាក់ខ្ញុំ» គឺនរណាម្នាក់ជំពាក់លោកអ្នក ។ លោកអ្នកមានក្រដាសបំណុលនៅក្នុងដៃរបស់លោកអ្នក ប៉ុន្តែព្រះក៏ មានចំណុលដែលលោកអ្នកជំពាក់ជាច្រើននៅក្នុងព្រះហស្តរបស់ព្រះអង្គដែរ ។ ព្រះទ្រង់មានបន្ទូលថា៖ “លើក លែងបំណុលដែលគេជំពាក់អ្នកនោះទៅ នោះយើងលើកលែងបំណុលដែលអ្នកជំពាក់យើងនោះដែរ” ។ ដូច្នេះ ការបិទទ្វារ គឺអត់ទោសឲ្យអ្នកដទៃ ។

ប៉ុន្តែ ប្រសិនបើបញ្ហារបស់លោកអ្នកជាការបះបោរ ហើយជាពិសេសការបះបោរទាស់នឹងព្រះ នោះរបៀបបិទទ្វារ គឺចុះចូលចំពោះព្រះ ។ ជាថ្មីម្តងទៀតហើយ នេះជាការសម្រេចចិត្តដែលចេញពីឆន្ទៈរបស់លោកអ្នក ។ សូមស្ដាប់អ្វីដែលលោកយ៉ាកុបមានប្រសាសន៍ នៅក្នុងគម្ពីរយ៉ាកុបជំពូក៤ ខ៧:

៧ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ (KHOV)

លោកអ្នកឃើញទេ លោកអ្នកមិនអាចតតាំងនឹងអារក្សបានទេ ដរាបណាលោកអ្នកកំពុងតតាំងនឹងព្រះ ព្រោះមានតែព្រះមួយប៉ុណ្ណោះ ដែលអាចប្រទានឲ្យលោកអ្នកមានជំនឿ កម្លាំង និងព្រះគុណ ដែលលោកអ្នក ត្រូវការដើម្បីតយុទ្ធនឹងអារក្សបាន ។ ដូច្នេះ ប្រសិនបើអារក្សកំពុងធ្វើទុក្ខលោកអ្នក ការទីមួយដែលលោកអ្នក ត្រូវធ្វើ គឺចុះចូលចំពោះព្រះ ។ ចូរទម្លាក់ចុះការបះបោររបស់លោកអ្នកចំពោះព្រះ ហើយទូលព្រះអង្គថា៖ “ព្រះជាម្ចាស់ ទូលបង្គំចុះចូលនឹងព្រះអង្គហើយ ព្រះអង្គជាព្រះដែលបង្កើតទូលបង្គំ ព្រះអង្គកំពុងគ្រប់គ្រង ពិភពទាំងមូល ហើយទូលបង្គំសូមចុះចូលចំពោះអំណាចគ្រប់គ្រងដ៏សុចរិតរបស់ព្រះអង្គ ចំពោះដំណោះស្រាយ របស់ព្រះអង្គនៅក្នុងជីវិតទូលបង្គំ ហើយទូលបង្គំនឹងធ្វើអ្វីដែលព្រះអង្គទាមទារឲ្យទូលបង្គំធ្វើ" ។ ពេលនោះ លោកអ្នកនឹងមានសិទ្ធិទទួលយកដាវនៃព្រះវិញ្ញាណ ដែលជាព្រះបន្ទូលរបស់ព្រះ ហើយដេញអារក្សចេញពីជីវិត របស់លោកអ្នក ដូចដែលព្រះយេស៊ូបានធ្វើ នៅពេលដែលអារក្សបានចូលមកផ្ចាញ់ព្រះអង្គនោះដែរ ។ ព្រះអង្គ ឆ្លើយនឹងវារាល់ពេលថា "មានសេចក្តីចែងទុកមកថា...មានសេចក្តីចែងទុកមកថា...មានសេចក្តីចែងទុកមកថា..." ។ ព្រះយេស៊ូបានចុះចូលចំពោះព្រះ ដូច្នេះហើយបានជាព្រះអង្គអាចតយុទ្ធនឹងអារក្សបាន ។ ប្រសិន បើលោកអ្នកចុះចូលចំពោះព្រះ ដូចដែលព្រះយេស៊ូបានចុះចូលចំពោះព្រះ នោះលោកអ្នកនឹងមានសិទ្ធិតយុទ្ធនឹង អារក្ស ។ លោកអ្នកមានសិទ្ធិនឹងនិយាយទៅកាន់សំឡេងទាំងនោះថា៖ "យើងនឹងមិនស្ដាប់ឯងទៀតឡើយ ។ សាតាំង ចេញពីជីវិតរបស់យើង! យើងចុះចូលចំពោះព្រះតែប៉ុណ្ណោះ យើងជាកម្មសិទ្ធិរបស់ព្រះ ឯងគ្មានអំណាច អ្វីលើយើងឡើយ! ការសុគតរបស់ព្រះយេស៊ូនៅលើឈើឆ្កាង បានដោះស្រាយគ្រប់ទាំងអំណាចរបស់ឯង មកលើ ជីវិតយើងរួចហើយ ។ ឥឡូវនេះ យើងតយុទ្ធនឹងឯង ហើយបង្គាប់ឯងឲ្យចេញពីជីវិតរបស់យើង” ។

ឥឡូវនេះ ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះចូលដល់ទីបញ្ចប់ហើយ ។ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីម្តង ទៀតនៅវគ្គក្រោយ ហើយវគ្គក្រោយ ខ្ញុំនឹងបកស្រាយជូនពីគោលសំខាន់មួយ ដែលបន្តពីគោលសំខាន់របស់ យើងនៅថ្ងៃនេះ ។ គោលសំខាន់នោះ គឺរបៀបរីករាយនឹងចិត្តដែលសុខសាន្តពិតប្រាកដ ។