វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មីម្តងទៀតនៅថ្ងៃនេះ ដើម្បីបន្តរកឲ្យឃើញមរតកមហាសាល ដែលព្រះបានប្រទានដល់យើង នៅក្នុងសេចក្ដីសន្យានៃព្រះបន្ទូលរបស់ព្រះអង្គ ។

បញ្ហាដែលខ្ញុំនឹងបកស្រាយជូននៅថ្ងៃនេះ គឺជាគ្រឹះសំខាន់ដែលទាក់ទងនឹងជីវិតខាងវិញ្ញាណរបស់យើង ទាំងមូល នោះគឺបញ្ហាអំពើបាប ។ ពេលយើងប្រឈមមុខនឹងការដែលយើងបានប្រព្រឹត្តអំពើបាប តើធ្វើ ដូចម្ដេចដើម្បីឲ្យយើងអាចប្រាកដបានថា ព្រះទ្រង់នឹងអត់ទោសយើង?

ជាដំបូង សូមយើងទាំងអស់គ្នាហ៊ានប្រឈមមុខនឹងការពិតនៃអំពើបាប ។ ព្រះគម្ពីរទាំងមូលចែងយ៉ាង ច្បាស់អំពីការនេះ ។ គ្មានអ្នកណាម្នាក់ដែលឥតមានបាបនោះទេ ។ ការនេះ គឺពិតសម្រាប់មនុស្សគ្រប់ជាតិសាសន៍ គ្រប់ជំនឿ និងគ្រប់សណ្ឋាន ។ អំពើបាបជាការមួយដែលយើងទាំងអស់គ្នាសុទ្ធតែមានដូចគ្នា ។ នៅក្នុង ១ពង្សាវតាក្សត្រ ៨:៤៦ ព្រះបាទសាឡូម៉ូនបានថ្លែងថា:

៤....(ដ្បិតគ្មានមនុស្សណាមួយដែលមិនធ្វើបាបឡើយ)...

នៅក្នុងអេសាយ ៥៣:៦ ហោរាអេសាយថ្លែងថា:

៦ យើងទាំងអស់គ្នាបានវង្វេងដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន...

សូមកត់សម្គាល់ពីការបញ្ជាក់លើពាក្យ “យើងទាំងអស់គ្នា” និងពាក្យ “រៀងខ្លួន” ។

យើងទាំងអស់គ្នាបានវង្វេង ហើយយើងទាំងអស់គ្នាបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ។ សូមកត់សម្គាល់ខ្លឹមសារនៃការវង្វេង ។ នេះមិនមែនទាល់តែយើងទាំងអស់គ្នាប្រព្រឹត្តអំពើបាបយ៉ាងយង់ឃ្នង ដូចជាការសម្លាប់មនុស្ស ឬផិតក្បត់នោះទេ ប៉ុន្តែយើងបានប្រព្រឹត្តអំពើបាបមួយ ដែលយើងទាំងអស់គ្នាមាន ដូចគ្នា គឺយើងមានចិត្តរឹងរូស យើងមានចិត្តអាត្មានិយម យើងមិនស្ដាប់បង្គាប់ព្រះ យើងបែរចេញពីផ្លូវរបស់ ព្រះអង្គទៅតាមផ្លូវរបស់យើងរៀងខ្លួន ដែលមិនមែនជាផ្លូវរបស់ព្រះ ។

បន្ទាប់មក នៅក្នុងសញ្ញាថ្មី លោកប៉ុលបានថ្លែងនៅក្នុងគម្ពីររ៉ូម ៣:២៣ ថា

២៣ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ...

ជាថ្មីម្តងទៀត លោកអ្នកឃើញរឿងសំខាន់នៃអំពើបាបហើយ មិនមែនទាល់តែជាឧក្រិដ្ឋកម្មសាហាវយង់ឃ្នងនោះទេ ផ្ទុយទៅវិញ អំពើបាបជាការដែលខ្វះមិនដល់សិរីល្អនៃព្រះ ។ យើងត្រូវយល់អំពីនិស្ស័យពិត និង រឿងសំខាន់នៃអំពើបាប ។ ខ្ញុំសូមជូននិយមន័យអំពើបាបថា ជាការបរាជ័យសម្រាប់ការដែលយើងត្រូវឆ្លើយតប ។ វាជាការបរាជ័យក្នុងការរស់នៅតាមក្រឹត្យវិន័យរបស់ព្រះ ជាការបរាជ័យក្នុងការសម្រេចគោលបំណង ដែលព្រះបានបង្កើតយើងមក ជាការបរាជ័យក្នុងការរស់នៅតាមលក្ខខណ្ឌរបស់ព្រះសម្រាប់យើង ។ ព្រះទ្រង់ បានបង្កើតយើងមក ដើម្បីឲ្យយើងមានឯកសិទ្ធិដ៏អស្ចារ្យ ក្នុងការរស់នៅសម្រាប់សិរីល្អរបស់ព្រះអង្គ ថ្វាយសិរីល្អដល់ព្រះអង្គ ដែលទ្រង់ជាព្រះអាទិកររបស់យើង។ នៅពេលដែលយើងមានបាប យើងប្លន់យកសិរីល្អរបស់ ព្រះ ហើយយើងក៏បរាជ័យ ក្នុងការបំពេញតួនាទីដែលព្រះបានបង្កើតយើងមក ។

ដូច្នេះ ខ្ញុំគិតថា លោកអ្នកអាចយល់បានយ៉ាងសាមញ្ញអំពីអំពើបាប អំពើបាបជាការបរាជ័យក្នុងការ បំពេញតួនាទីដែលព្រះបានបង្កើតយើងមក ។ ប៉ុន្តែ យើងត្រូវយល់ថែមទៀតថា អំពើបាបជាការបរាជ័យ ក្នុងការដែលយើងត្រូវឆ្លើយចំពោះព្រះ ។ យើងមិនអាចដោះសារឲ្យខ្លួនយើងបាន ដោយគ្រាន់តែនិយាយថា ខ្ញុំ មិនអាចធ្វើបាន នោះឡើយ ។ យើងមានការទទួលខុសត្រូវសម្រាប់អំពើបាបរបស់យើង ។

ឥឡូវនេះ សូមយើងមើលទៅឯរោគវិនិច្ឆ័យរបស់អំពើបាប ។ ប្រាកដហើយ រោគវិនិច្ឆ័យ ជាពាក្យវេជ្ជ សាស្ត្រ ដែលមានន័យថា នៅពេលដែលលោកអ្នកមានដំងឺណាមួយ វេជ្ជបណ្ឌិតត្រូវធ្វើរោគវិនិច្ឆ័យដំងឺនោះជា មុនសិន បន្ទាប់មក ទើបប្រាប់លោកអ្នកថា ជំងឺរបស់លោកអ្នកបង្កហេតុអ្វីខ្លះតាមក្រោយ។ ឥឡូវនេះ រោគវិនិច្ឆ័យនៃអំពើបាបនៅក្នុងព្រះគម្ពីរ គឺមានលក្ខណៈច្បាស់បំផុត ។ ព្រះគម្ពីរបង្ហាញច្បាស់អំពីម៉្លលហេតុ ដែលបង្កឲ្យមានជំងឺនេះ ។ នៅក្នុងរ៉ូម ៦:២៣ លោកប៉ុលថ្លែងថា:

២៣ ឈ្នួលនៃអំពើបាបជាសេចក្តីស្លាប់...

និយាយបានម្យ៉ាងទៀតថា ឈ្នួលរបស់យើង ជាអ្វីដែលយើងរកបានពីអ្វីដែលយើងធ្វើ ហើយអ្វីដែលយើង រកបានទាំងអស់ពីអំពើបាបដែលយើងបានប្រព្រឹត្ត គឺជាសេចក្តីស្លាប់ ។ ការនេះច្បាស់ណាស់ មានបញ្ជាក់ធ្ងន់ សាមញ្ញ ហើយមិនអាចប្រកែកបាន ហើយនោះជាច្បាប់ ។

បន្ទាប់មក ជាថ្មីម្តងទៀត នៅក្នុងគម្ពីរយ៉ាកុប ១:១៣–១៥ លោកយ៉ាកុបថ្លែងថា:

១៣ ពេលអ្នកណាម្នាក់ជួបសេចក្តីល្បួង មិនត្រូវពោលថា «ព្រះទ្រង់ល្បួងខ្ញុំ»ឡើយ ដ្បិតអំពើអាក្រក់ពុំ អាចនឹងល្បួងព្រះបានឡើយ ហើយព្រះអង្គក៏មិនដែលល្បួងអ្នកណាដែរ។ ១៤ ប៉ុន្តែ ដែលគ្រប់គ្នាជួបសេចក្តីល្បួង នោះគឺដោយសារតែបំណងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយ លួងលោមប៉ុណ្ណោះ (RKOV)

លោកអ្នកឃើញហើយថា លោកយ៉ាកុបបិទទ្វារយ៉ាងប្រុងប្រយ័ត្ន មិនឲ្យយើងទម្លាក់កំហុសលើព្រះ សម្រាប់ការដែលយើងប្រព្រឹត្តខុស ។ លោកថ្លែងថា៖ "អំពើអាក្រក់ពុំអាចនឹងល្បួងព្រះបានឡើយ ហើយ ព្រះអង្គក៏មិនដែលល្បួងអ្នកណាឲ្យធ្វើអាក្រក់ដែរ តែដែលយើងកើតមានសេចក្ដីល្បួង៏ នោះគឺដោយសារតែ សេចក្តីប៉ងប្រាថ្នារបស់យើង ជាសេចក្តីប៉ងប្រាថ្នាដ៏អាក្រក់របស់យើងដែលនាំប្រទាញ ហើយលួងលោមយើងឲ្យ ប្រព្រឹត្តអំពើបាប ។ បន្ទាប់មក ចូលដល់ការធ្វើរោគវិនិច្ឆ័យ នៅក្នុងខ១៥នៃជំពូកនេះ ។ លោកយ៉ាកុបបន្តថ្លែងថា៖

រួចកាលណាចំណង់ប្រាថ្នាជាប់មានជាផ្ទៃ នោះសម្រាលចេញមកជាអំពើបាប ហើយកាលណាអំពើបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់ ។ (RKOV)

ដូច្នេះ មានការធ្វើរោគវិនិច្ឆ័យតាមលំដាប់ ។ សេចក្តីប៉ងប្រាថ្នា (ដែលជាសេចក្តីប៉ងប្រាថ្នាអាក្រក់) ដែលយើងបានបណ្ដោយតាមវា ដែលបង្កើតជាអំពើបាប ហើយនៅពេលដែលយើងបន្តនៅក្នុងអំពើបាបនោះ វា បង្កើតជាសេចក្តីស្លាប់ ។ ខ្ញុំសូមទូន្មានលោកអ្នកដោយស្មោះត្រង់បំផុតថា សេចក្តីស្លាប់ មិនមែនគ្រាន់តែជាការ អស់ជីវិតខាងសាច់ឈាមនេះប៉ុណ្ណោះទេ វាជាស្ថានភាពនៃការបែកចេញ និងការដាច់ចេញពីព្រះរហូតអស់កល្ប ជានិច្ច ប្រសិនបើយើងឈានដល់ចំណុចនោះ ហើយបកក្រោយមិនបានទេ។ នោះហើយជារោគវិនិច្ឆ័យ។ សេចក្តីប៉ងប្រាថ្នា (ដែលជាសេចក្តីប៉ងប្រាថ្នាអាក្រក់) បង្កើតជាអំពើបាប ហើយអំពើបាប ប្រសិនបើបណ្តោយ ខ្លួនឲ្យចេះតែប្រព្រឹត្ត មិនព្រមងាកចេញ នោះបង្កើតចេញជាសេចក្តីស្លាប់ ។

ឥឡូវនេះ សូមយើងមើលទៅឯបន្ទុកនៃអំពើបាបបន្តិច ។ សេចក្តីនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុង ទំនុកតម្កើង ដោយព្រះបាទដាវីឌ ជាបុរសម្នាក់ដែលមានសេចក្ដីសុចរិតនៅក្នុងចិត្ត ប៉ុន្តែស្ដេចដឹងអំពីអ្វីដែលជា ការដួលចុះ និងជាអំពើបាបដ៏គួរឲ្យសោកសៅ ហើយស្ដេចក៏បានប្រែចិត្ត ព្រមទាំងបានងាកបែរមករកសេចក្ដី មេត្តាករុណារបស់ព្រះវិញ ។ នេះជាអ្វីដែលព្រះបាទដាវីឌថ្លែងនៅក្នុងទំនុកតម្កើង ៣២:៣–៥

៣ ពេលទូលបង្គំចេះតែនៅស្ងៀម ឆ្អឹងទូលបង្គំបានខ្សោះទៅ ដោយសារទូលបង្គំស្រែកថ្ងូរជារៀងរាល់ថ្ងៃ។ ៤ ដ្បិតព្រះហស្តព្រះអង្គបានសង្កត់លើទូលបង្គំយ៉ាងធ្ងន់ ទាំងយប់ទាំងថ្ងៃ កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួត ដោយកម្ដៅនៅរដូវប្រាំង។ ៥ ទូលបង្គំបានសារភាពអំពើបាបរបស់ទូលបង្គំ នៅចំពោះព្រះអង្គ ឥតលាក់លៀមអំពើទុច្ចរិតរបស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ទូលបង្គំនឹងលន់តួអំពើរំលង របស់ទូលបង្គំចំពោះព្រះយេហូវ៉ា» ហើយព្រះអង្គក៏បានអត់ទោសអំពើបាបឲ្យទូលបង្គំ។

អរគុណព្រះជាម្ចាស់ សម្រាប់ប្រយោគចុងក្រោយដែលចែងថា "ហើយព្រះអង្គក៏បានអត់ទោសអំពើ បាបឲ្យទូលបង្គំ។” ប៉ុន្តែ សូមកត់សម្គាល់អ្វីដែលព្រះបាទដាវីឌបានឆ្លងកាត់ មុននឹងស្ដេចសារភាពអំពើ បាបរបស់ខ្លួន ។ ស្ដេចថ្លែងថា៖ "ឆ្អឹងទូលបង្គំបានខ្សោះទៅ ដោយសារទូលបង្គំស្រែកថ្ងូរជារៀងរាល់ថ្ងៃ... កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួត ដោយកម្ដៅនៅរដូវប្រាំង។” អំពើបាប បង្កើតចេញជាឥទ្ធិពល មួយមកលើរូបកាយរបស់ស្ដេចទាំងមូល ។ ជាថ្មីម្ដងទៀត ព្រះបាទដាវីឌថ្លែងអំពីសេចក្ដីនេះ នៅក្នុង ទំនុកតម្កើងមួយទៀត គឺទំនុកតម្កើង ៣៨:៣–៤:

៣ គ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះឡើយ ដោយព្រោះសេចក្ដីក្រោធរបស់ព្រះអង្គ ក៏គ្មាន សេចក្តីសុខនៅក្នុងឆ្អឹងទូលបង្គំដែរ ដោយព្រោះអំពើបាបរបស់ទូលបង្គំ ។ ៤ ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំ បានឡើងលិចក្បាលទូលបង្គំហើយ ក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំ មិនបាន។

តើលោកអ្នកមានអារម្មណ៍បែបនោះឬទេឥឡូវនេះ? តើអំពើបាបរបស់លោកអ្នក និងទោសកំហុសរបស់ លោកអ្នក ជាបន្ទុកមួយដ៏ធ្ងន់ដែលសង្កត់លោកអ្នកឬទេ? មើល៍ ខ្ញុំមានដំណឹងល្អមួយសម្រាប់លោកអ្នក ។ មាន ផ្លូវមួយដែលលោកអ្នកអាចទទួលបានការរំដោះឲ្យរួចពីបន្ទុកនៃទោសកំហុសនោះ ហើយមានសេរីភាព រួចផុតពី បន្ទុកនោះ ជារៀងរហូត ។

យើងបានពិចារណាអំពីការពិតនៃអំពើបាប រោគវិនិច្ឆ័យនៃអំពើបាប និងបន្ទុករបស់អំពើបាប ។ ឥឡូវនេះ សូមយើងងាកទៅកាន់ដំណឹងល្អ ។ សូមយើងបើកទៅកាន់សេចក្ដីសន្យារបស់ព្រះ អំពីការអត់ទោស ។ ខ្ញុំនឹង មើលទៅឯសេចក្តីសន្យាសំខាន់ៗពីរប៉ុណ្ណោះ មួយចេញពីសញ្ញាចាស់ និងមួយទៀត ចេញពីសញ្ញាថ្មី ។ សុភាសិត ២៨:១៣ ចែងដូច្នេះថា:

១៣ អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ ។ (RKOV)

លោកអ្នកឃើញហើយ បទគម្ពីរនេះផ្ទុយគ្នាទាំងស្រុងទៅនឹងសេចក្តីសន្យាដែលព្រះទ្រង់បានប្រទានដល់ លោកយ៉ូស្វេ ដែលយើងបានមើលជាមួយគ្នានៅវគ្គមុន គឺដែលព្រះមានបន្ទូលថា៖ «បើអ្នកប្រព្រឹត្តតាមសេចក្ដី ដែលប្រាប់អ្នក នោះអ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រើន ហើយអ្នកនឹងមានជោគជ័យ។» ។ ប៉ុន្តែឧបសគ្គមួយដែល ជៀសមិនផុត ដែលរារាំងមិនឲ្យមានសេចក្ដីចម្រើនពិតប្រាកដ គឺអំពើបាប ហើយប្រសិនបើយើងបន្ដនៅ តែប្រព្រឹត្តអំពើបាប មិនព្រមលន់តួ និងមិនបោះបង់អំពើបាបនោះ នោះ អ្នកណាដែលគ្របបាំងការរំលងរបស់ ខ្លួន នោះនឹងមិនចម្រើនឡើងទេ” ។ សូមចាំក្នុងគំនិតថា ការនេះសំខាន់ណាស់ គឺ “អ្នកណាដែលលន់តួ ហើយលះ បង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណា" ។

ដូច្នេះ មានសេចក្តីសន្យាអំពីសេចក្តីមេត្តាករុណាមកពីព្រះ ប្រសិនបើយើងធ្វើការពីរ ។ តើការទាំងពីរនោះជាអ្វី? ទីមួយគឺលន់តួ ទីពីរគឺបោះបង់ ។ ព្រះទ្រង់ទាមទារឲ្យយើងទទួលស្គាល់អំពើបាបដែលយើង បានប្រព្រឹត្ត ដោយស្មោះត្រង់នៅចំពោះព្រះអង្គ ។

ខ្ញុំបានជួបមនុស្សខ្លះដែលមានចំណាប់អារម្មណ៍តាមបែបម៉្យាងថា ប្រសិនបើគេមិនបានទូលប្រាប់ព្រះ អំពើបាបរបស់គេទេ នោះព្រះក៏មិនបានដឹងនោះដែរ! ប្រាកដហើយ ចំណាប់អារម្មណ៍បែបនេះ ស្ដាប់គួរឲ្យអស់សំណើច ។ ព្រះទ្រង់មិនសុំឲ្យយើងលន់តួ ដោយយល់ដល់ព្រះអង្គនោះទេ គឺដោយយល់ដល់ខ្លួនយើងវិញទេតើ ព្រោះ នៅពេលដែលយើងលន់តួអំពើបាប នៅពេលដែលយើងលាតត្រដាងវាជាចំហដោយស្មោះត្រង់ និង ដោយបន្ទាបខ្លួននៅចំពោះព្រះ នោះយើងបើកផ្លូវឲ្យព្រះទ្រង់ដោះស្រាយអំពើបាបរបស់យើង ហើយរំដោះ យើងឲ្យរួចពីអំពើបាបនោះ ។ ផ្ទុយទៅវិញ ដរាប័ណាយើងតោងអំពើបាបជាប់ ហើយព្យាយាមគ្របបាំង លាក់ វាទុក នោះគ្មានផ្លូវណាដែលព្រះអាចជួយយើង ឬដោះស្រាយអំពើបាបរបស់យើងបានឡើយ ។

ទីពីរ យើងត្រូវលះបង់ចោលអំពើបាប។ យើងត្រូវព្រលែងវាចេញ។ យើងត្រូវបែរចេញពីវា។ យើង ត្រូវសម្រេចចិត្តថា យើងមិនចង់បន្តរស់នៅតាមរបៀបនោះ ហើយប្រព្រឹត្តអំពើបាបនោះតទៅទៀតឡើយ ។ នេះជាការសម្រេចចិត្តចេញពីឆន្ទៈ ហើយឆន្ទៈនោះ ចូលទៅក្នុងរបត់នេះជាមួយព្រះ ។ ប្រសិនបើយើងមិនធ្វើ ការសម្រេចចិត្តច្បាស់លាស់ ទៅតាមកម្រិតដែលព្រះបានកំណត់សម្រាប់យើង នោះយើងមិនអាចប្រទះបាន សេចក្តីមេត្តាករុណារបស់ព្រះឡើយ ។

សេចក្តីសន្យាមួយទៀតនៅក្នុងសញ្ញាថ្មី គឺនៅក្នុងគម្ពីរសំបុត្រទីមួយរបស់លោកយ៉ូហាន ជំពូក១ ខ៩:

ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។

សូមកត់សម្ភាល់ជាថ្មីម្តងទៀតថា ព្រះទ្រង់ទាមទារឲ្យយើងលន់តួអំពើបាបរបស់យើង ។ នៅពេលដែល យើងបំពេញលក្ខខណ្ឌនោះបាន បទគម្ពីរនេះប្រាប់យើងអំពីការពីរ ។ បទគម្ពីរនេះប្រាប់យើងថា ព្រះទ្រង់ស្មោះ ត្រង់ ហើយសុចរិត ។ យើងត្រូវពិនិត្យមើលការពីរយ៉ាងនេះទាំងអស់គ្នា ។ ការទាំងពីរភ្ជាប់មកជាមួយគ្នា ។ ព្រះទ្រង់ស្មោះត្រង់នឹងអត់ទោសឲ្យយើង ព្រោះព្រះអង្គបានសន្យាថានឹងអត់ទោសឲ្យយើង ហើយព្រះមិនដែល ដកយកសេចក្តីសន្យារបស់ព្រះអង្គវិញទេ ប្រសិនបើយើងបំពេញលក្ខខណ្ឌរបស់ព្រះអង្គ ។ ព្រះអង្គក៏សុចរិតនឹង អត់ទោសឲ្យយើងដែរ ព្រោះព្រះអង្គបានដាក់ទោសសម្រាប់អំពើបាបរបស់យើងទាំងអស់គ្នា នៅលើអង្គព្រះ យេស៊ូរួចហើយ ។ កាលព្រះយេស៊ូបានជាប់ព្យួរនៅលើឈើឆ្កាង ហើយបានសុគតនៅទីនោះ គឺព្រះអង្គបានបង់ថ្លៃជាបរិបូរ និងជាចុងក្រោយ សម្រាប់អំពើបាបរបស់មនុស្សជាតិទាំងមូល ។ ដូច្នេះហើយ ប្រសិនបើយើងបំពេញ លក្ខខណ្ឌរបស់ព្រះបាន គឺប្រសិនបើយើងលន់តួ ហើយប្រែចិត្តបែរមករកព្រះវិញ នោះព្រះទ្រង់អាចនឹងអត់ ទោសឲ្យយើងទាំងស្រុង និងជាចុងក្រោយ ព្រះអង្គនឹងសម្អាតយើងពីគ្រប់ទាំងអំពើទុច្ចរិត ។

ដូច្នេះ តើយើងត្រូវធ្វើដូចម្ដេច? ឥឡូវនេះ ខ្ញុំសូមសង្ខេបមេរៀននេះជូនលោកអ្នកឲ្យសាមញ្ញ និងឲ្យ ច្បាស់ ។ យើងត្រូវធ្វើការបី ។ យើងត្រូវលន់តួអំពើបាបរបស់យើង យើងត្រូវបោះបង់អំពើបាបរបស់យើង បន្ទាប់មក ដោយជំនឿ យើងត្រូវទទួលយកការអត់ទោសរបស់ព្រះ ។ យើងត្រូវជឿថា ព្រះទ្រង់នឹងធ្វើអ្វីដែល ព្រះអង្គបានសន្យា ។ ខ្ញុំសូមនិយាយម្ដងទៀតថា លន់តួ បោះបង់ ទទួលយកការអត់ទោសរបស់ព្រះ ។

ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះដល់ទីបញ្ចប់ហើយ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ ។ វគ្គ ក្រោយ ខ្ញុំនឹងដោះស្រាយបញ្ហាដ៏សំខាន់មួយទៀតនៅក្នុងជីវិត គឺ "របៀបក្លាយជាកូនរបស់ព្រះ" ។